ក្រោយដំណើរការនៃការដាក់ដេញថ្លៃលើគម្រោងសាងសង់កំពង់ផែថ្មីនៅក្នុងខេត្តកំពតត្រូវបានបញ្ចប់ ពេលនេះកំពង់ផែថ្មីដែលនឹងផ្ដល់ជាទីតាំងសម្រាប់នាវាទេសចរណ៍មួយនេះ នឹងត្រូវបើកដំណើរការសាងសង់នាខែមីនាខាងមុខនេះហើយ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យនាយកដ្ឋានទេសចរណ៍ខេត្តកំពត។
គម្រោងកំពង់ផែថ្មីដែលស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត មួយនេះនឹងត្រូវធ្វើការសាងសង់ជាមួយនឹងថវិកាដែលជាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ហៅកាត់ ADB)។
បើតាមប្រសាសន៍របស់លោក សយ ស៊ីណុល ប្រធាននាយកដ្ឋានទេសចរណ៍ប្រចាំខេត្តកំពតបានលើកឡើងថា គម្រោងដ៏អស្ចារ្យមួយនេះ នឹងចាប់ដំណើរការនៅរយៈពេលពីរខែខាងមុខនេះហើយ ហើយត្រូវបានរំពឹងថានឹងអាចបញ្ចប់បាននៅចុងឆ្នាំ ២០១៩។ លោកស៊ីណុលបានបន្ថែមទៀតថា កំពង់ផែថ្មីនេះនឹងអាចមានលទ្ធភាពសម្រួលដល់ការចូលចតរបស់នាវាធំៗដែលអាចផ្ទុកមនុស្សបានចាប់ពី ២០០នាក់ទៅដល់៣០០នាក់ ដែលនឹងធ្វើការបម្រើជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ចំនួនប្រហែលមួយពាន់នាក់ជារៀងរាល់ថ្ងៃ នេះបើតាមការវិភាគរបស់អ្នកជំនាញ។ លោកក៏បានគូសបញ្ជាក់បន្ថែមទៀតថា វាក៏នឹងប្រើប្រាស់ដើម្បីការធ្វើដំណើរតាមបណ្ដោយឆ្នេរសមុទ្ររបស់កម្ពុជា ដែលនឹងជួយពង្រឹងលំហូរភ្ញៀវទេសចរណ៍អន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាតាមច្រកសមុទ្របានផងដែរ។
កំពង់ផែថ្មីនេះ ត្រូវបានរំពឹងថានឹងជួយបម្រើនិងផ្ដល់ជាសេវាកម្មដឹកជញ្ជូនទៅដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានប្រហែលជា ៣៦០.០០០នាក់ នៅពេលដែលវាសម្ភោធនៅក្នុងឆ្នាំ ២០១៩ ហើយចំនួននេះនឹងកើនឡើងរហូតដល់ ៤៤២.០០០នាក់នៅក្នុងឆ្នាំ ២០២២ នេះបើយោងតាមការវិភាគរបស់ធនាគារ ADB។
កំពង់ផែថ្មីនេះ នឹងធ្វើការរួមចំណែកជួយទៅដល់មុខរបរក៏ដូចជាពាណិជ្ជកម្មចំនួនប្រមាណជាង ៣៧៥កន្លែង ដោយរួមមានទាំងពាណិជ្ជកម្មខ្នាតតូចនិងខ្នាតធំ ដែលមានទីតាំងនៅក្នុងបរិវេណកំពង់ផែ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៧កន្លងទៅ ខេត្តកំពតបានបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ១,៦លាននាក់ ដោយរួមមានទាំងភ្ញៀវជាតិនិងអន្តរជាតិ នេះបើយោងទៅតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត៕
ប្រភព៖ ចំណេះ