អ្នកត្រូវដឹងថា ខ្លួនអ្នកអាចឈានមកដល់ចំណុចនេះបាន មូលហេតុមួយផ្នែកនោះគឺ ដោយសារតែពាក្យសម្ដីដែលអ្នកនិយាយចេញមកខាងក្រៅ ពាក់ព័ន្ធនឹងខ្លួនឯង។ ពាក្យសម្ដីដែលហូរចេញមក ពីបបូរមាត់របស់មនុស្សម្នាក់ៗ គឺប្រៀបបីដូចជាគ្រាប់ពូជយ៉ាងដូច្នោះដែរ ពីព្រោះរាល់ពាក្យសម្ដីដែលនិយាយចេញមកក្រៅ គឺនឹងក្លាយទៅជាការពិត ដែលកើតមានឡើងនៅក្នុងជីវិតរបស់មនុស្សម្នាក់នោះ។ ដូច្នេះសូមចងចាំថា រាល់ពាក្យសម្ដីដែលអ្នកនិយាយចេញមក គប្បីជារឿងដែលវិជ្ជមាន ពីព្រោះវានឹងក្លាយទៅជាការពិត ហើយថ្ងៃណាមួយវាពិតជាអាចកើតឡើងប្រាកដមែន។ ហើយបើទោះជាអ្នក បានចាប់អារម្មណ៍ឬមួយក៏អត់ក៏ដោយ រាល់ពាក្យសម្ដីរបស់អ្នក វាគឺជាការព្យាករណ៍មួយ ដែលអ្នកបានជ្រើសរើសអោយជីវិតរបស់ខ្លួន ដោយអ្នកទាំងមិនបានដឹងខ្លួន។
កញ្ញា ស្រីរ័ត្ន
ដូចដែលបានរៀបរាប់ពីខាងលើមកហើយ ដូច្នេះអ្នកគួរតែប្រើចំណុចនេះដើម្បីជាប្រយោជន៍ ទៅដល់ការរស់នៅនិងជីវិតរបស់ខ្លួន ដោយឧស្សាហ៍និយាយប្រាប់ខ្លួនឯងជាវិជ្ជមានថា «អ្នកគឺជាមនុស្សដែលមានសំណាងបំផុត» «អ្នកគឺជាមនុស្សដែលក្លាហាន» «អ្នកគឺជាមនុស្សដែលស្អាត» «នៅថ្ងៃអនាគតអ្នកពិតជាអាចសម្រេចគោលដៅខ្លួនបាន» «អ្នកពិតជាអាចដោះស្រាយបំណុលនិងបញ្ហាហិរញ្ញវត្ថុរបស់ខ្លួនបាន» ជាដើម។ល។ រាល់ពាក្យសម្ដីទាំងអស់នេះ គឺមិនមែនដើម្បីតែលើកទឹកចិត្ត និងគិតជាវិជ្ជមានត្រឹមប៉ុណ្ណឹងទេ ក៏ប៉ុន្តែវាគឺបានបង្ហាញថា អ្នកកំពុងតែធ្វើការព្យាករណ៍ពីលទ្ធភាព និងជ័យជំនះរបស់ខ្លួនទៅលើរាល់គ្រប់បញ្ហាដែលបានកើតឡើងនៅក្នុងជីវិត បានជាមុនរួចទៅហើយ ហើយបើទោះជាបញ្ហាធំប៉ុណ្ណាក៏មិនអាចធ្វើអោយអ្នករង្គោះរង្គើបានដែរ។
ត្រូវចាំថា ជីវិតរបស់អ្នក គឺនឹងមានការផ្លាស់ប្ដូរទៅតាមពាក្យសម្ដីដែលអ្នកនិយាយចេញមកខាងក្រៅ ក៏ប៉ុន្តែសម្រាប់មនុស្សភាគច្រើន (ស្ទើរតែ៩០%នៅលើពិភពលោកនេះ) ពួកគេបែរជាចូលចិត្តនិយាយនូវពាក្យសម្ដីអវិជ្ជមាន ដែលបង្កជាផលប៉ះពាល់ដល់ជីវិត ហើយនិងការរស់នៅរបស់ខ្លួនទៅវិញ។ មនុស្សទាំង់អស់នោះចូលចិត្តនិយាយប្រយោគដូច្នេះថា «ជីវិតរបស់ខ្ញុំគ្មានក្ដីសុខសោះ» «ខ្ញុំមិនអាចហាត់ប្រាណដើម្បីសម្រកទំងន់បានសោះ» «មុខជំនួញរបស់ខ្ញុំហាក់មិនទៅមុខទាល់តែសោះ» «ក្រុមហ៊ុនដែលខ្ញុំធ្វើការអោយកំពុងមានបញ្ហា ខ្ញុំខ្លាចតែត្រូវបញ្ឈប់ពីការងារទេ» ជាដើម។ល។ អ្វីដែលពួកគេភ្លេចខ្លួនមិនបានចាប់អារម្មណ៍នោះគឺ ខ្លួនគឺកំពុងតែព្យាករណ៍ពីការបរាជ័យរួចជាស្រេចទុកមុនទៅហើយ។ អ្វីដែលពួកគេនិយាយ វាប្រៀបបីដូចជាការហៅរឿងអាក្រក់ៗទាំងអស់នោះ អោយចូលមកក្នុងជីវិតយ៉ាងអញ្ចឹងដែរ។
សូមចងចាំថា «ពាក្យសម្ដី គឺប្រៀបបីដូចជាគ្រាប់ពូជរុក្ខជាតិយ៉ាងដូច្នោះដែរ» នៅពេលដែលអ្នកនិយាយ វាប្រៀបបីដូចជាអ្នកកំពុងតែធ្វើការសាបព្រួសគ្រាប់ពូជទាំងនោះដូចគ្នា ហើយនៅពេលណាមួយនាអនាគត អ្នកនឹងត្រូវបរិភោគនូវផ្លែឈើដែលអ្នកទទួលបានពីការសាបព្រួស គ្រាប់ពូជទាំងអស់នោះវិញជាក់ជាមិនខាន។ ដូច្នេះហើយ ចំណេះ សូមណែនាំអោយប្រិយមិត្តធ្វើការសាបព្រួសនូវគ្រាប់ពូជ ឬដាំដើមឈើទាំងឡាយណា ដែលប្រិយមិត្តចង់ទទួលទានតែប៉ុណ្ណោះ។ ជាឧទាហរណ៍ ប្រសិនបើប្រិយមិត្តចង់បរិភោគផ្លែប៉ោម ប្រិយមិត្តចាំបាច់ត្រូវធ្វើការដាំដើមប៉ោម ហើយបើប្រិយមិត្តចង់ញ៉ាំផ្លែក្រូចប្រិយមិត្តត្រូវដាំដើមក្រូចដូចគ្នាដែរ មិនមែនប្រិយមិត្តចង់ញ៉ាំក្រូច តែបែរជាទៅដាំដើមមៀន ឬដើមចេកទៅវិញនោះទេ។
យោងតាមឧទាហរណ៍ខាងលើនេះ បានបង្ហាញថានៅពេលដែលប្រិយមិត្តដាំដើមអ្វី នោះជាលទ្ធផលប្រិយមិត្តនឹងទទួលបានផ្លែឈើប្រភេទនោះមកញ៉ាំ ចំណុចនេះគឺដូចគ្នាទៅនឹងពាក្យសម្ដីដែលចេញពីមាត់របស់អ្នកអញ្ចឹង «រូបអ្នកគឺមិនអាចមានលទ្ធភាពរស់នៅ ក្នុងជីវិតដែលវិជ្ជមានបានទេ ប្រសិនបើអ្នកចូលចិត្តនិយាយតែពីរឿងដែលអវិជ្ជមាន និងគ្មានបានការច្រើន» «អ្នកគឺពិតជាមិនអាចទទួលបានជោគជ័យនៅក្នុងជីវិតឡើយ បើសិនជាអ្នកចូលចិត្តតែនិយាយពីការបរាជ័យ» ហើយ «អ្នកពិតជាមិនអាចទទួលបានភាពរីកចម្រើននោះទេ បើអ្វីដែលអ្នកចូលចិត្តនិយាយគឺការខ្វះខាតតែមួយមុខនោះ»។ ត្រូវចាំថាប្រសិនបើអ្នកចូលចិត្តនិយាយសម្ដីបរាជ័យ នោះជីវិតរបស់អ្នកនឹងបរាជ័យដូចគ្នាដែរ។
ដូច្នេះប្រសិនបើអ្នកមិនពេញចិត្ត ឬមើលឃើញពីចំណុចខ្វះខាតណាមួយនៅក្នុងជីវិតរបស់ខ្លួន ប្រហែលជាត្រូវដល់ពេលហើយ ដែលអ្នកត្រូវសាបព្រួស ឬដាំដើមឈើដែលបំពេញអោយចន្លោះខ្វះខាតទាំងនោះ។ ឧស្សាហ៍និយាយនូវពាក្យសម្ដីវិជ្ជមាន ចេញពីមាត់របស់អ្នកអោយបានច្រើន តាមដែលអាចធ្វើទៅបាន ហើយផ្លាស់ប្ដូរពីការសាបព្រួសគ្រាប់ពូជបរាជ័យ ជំនួសដោយការសាបព្រួសគ្រាប់ពូជជោគជ័យវិញ ដើម្បីធ្វើការផ្លាស់ប្ដូរជីវិតរស់នៅរបស់ខ្លួន អោយដើរទៅតាមផ្លូវជោគជ័យទាំងអស់គ្នា៕
ដៃគូផ្សព្វផ្សាយ៖ ចំណេះ