១៥​ ចំណុច​ អ្នក​ក្រ​និង​មនុស្ស​បរាជ័យ​ចូល​ចិត្ត​ធ្វើ ហើយ​មនុស្ស​ជោគជ័យ​និង​សេដ្ឋី​មិន​ធ្វើ (វគ្គ២)

,

) ពួកគេគ្មានប្រាក់សន្សំមិនបានរៀបចំប្រាក់ទុកបម្រុងខ្លះទាល់តែសោះ

ភាព​ខុស​គ្នា​មួយ​ រវាង​អ្នក​មាន​និង​អ្នក​ក្រ​នោះ​គឺ អ្នក​ក្រ​មិន​បាន​ត្រៀម​លក្ខណៈ​ទុក​ជាមុន​សម្រាប់​អនាគត​នោះ​ទេ។ ប្រិយមិត្ត​ត្រូវ​តែ​ដឹង​ថា ការ​ដែល​មាន​ប្រាក់​ទុក​បម្រុង​ខ្លះ ​គឺ​ជា​ផ្នែក​មួយ​ដែល​អនុញ្ញាតិ​អោយ​អ្នក រីក​ចម្រើន​ទៅ​មុខ​បន្ត​ទៅ​ទៀត​បាន។ ជា​ឧទាហរណ៍ ប្រសិន​បើ​ជីវិត​របស់​អ្នក​ជួប​នឹង​បញ្ហា ដូច​ជា​ជំងឺ​ដង្កាត់​ ការ​បាត់​បង់​ការ​ងារ ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ប្រសិន​បើ​ប្រិយមិត្ត​មាន​ប្រាក់​ដែល​ទុក​បម្រុង នោះ​អ្វី​ៗ​គ្រប់​យ៉ាង​គឺ​អាច​ដោះ​ស្រាយ​បាន​ដោយ​យក​ប្រាក់​ទាំង​នោះ​ទៅ​ប្រើប្រាស់ ប៉ុន្តែ​ប្រសិន​បើ​ប្រិយមិត្ត​គ្មាន​ប្រាក់​ទុក​សម្រាប់​បម្រុង​វិញ ហើយ​ស្ថាន​ភាព​គឺ​បន្ទាន់​ថែម​ទៀត​នោះ តើ​ប្រិយមិត្ត​ត្រូវ​ធ្វើ​បែប​ណា? អ្វី​ដែល​ប្រិយមិត្ត​អាច​ធ្វើ​បាន​នោះ គឺ​ធ្វើ​ការ​ដាក់​លក់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ឬ​ត្រូវ​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ និង​អ្នក​ចង​ការ​ទាំង​បង្ខំ​ចិត្ត។

នេះ​ហើយ​ជា​ភាព​ខុស​គ្នា សម្រាប់​អ្នក​មាន​នៅ​ពេល​ដែល​បញ្ហា​បាន​រំលង​ផុត​ទៅ ពួក​គេ​នៅ​តែ​អាច​បន្ត​ជីវិត​រស់​នៅ​របស់​ខ្លួន​បាន​ជា​ធម្មតា​ ហើយ​អ្វី​ដែល​ពួក​គេ​បាត់​បង់​នោះ​គឺ​គ្រាន់​តែ​ជា​ប្រាក់​សន្សំ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​អ្នក​ក្រីក្រ​វិញ ជីវភាព​រស់​នៅ​របស់​ពួក​គេ​គឺ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ពេលវេលា​នឹង​ប្រាក់​ដែល​ពួក​គេ​រក​បាន ត្រូវ​បង់​រំលស់​សង​ទៅ​អ្នក​ដែល​ពួក​គេ​ជំពាក់​វិញ​ទាំង​ដើម​ទាំង​ការ។

​ឧទាហរណ៍​ខាង​លើ​អាច​ថា​អវិជ្ជមាន​ខ្លាំង​ពេក បើ​អញ្ចឹង​សាក​គិត​ពី​ឧទាហរណ៍​ដែល​វិជ្ជមាន​វិញ​ម្ដង ឧបមា​ថា​មាន​ឱកាស​ក្នុង​ការ​វិនិយោគ​ ដែល​ល្អ​មួយ​បាន​ចូល​មក​ដល់ អាច​ថា​ជា​ការ​ចូល​ហ៊ុន​បើក​ក្រុមហ៊ុន ឬ​ជា​ឱកាស​ក្នុង​ការ​ទិញ​បាន​អចលនទ្រព្យ​មួយ​កន្លែង​ក្នុង​តម្លៃ​សមរម្យ។ ចំពោះ​ឧទាហរណ៍​ថ្មី​នេះ សម្រាប់​អ្នក​ដែល​មាន​ប្រាក់​សន្សំ​និង​បម្រុង​ទុក ពួក​គេ​អាច​មានលទ្ធភាព​ធ្វើ​ការ​ពង្រីក​នូវ​ឱកាស ក៏​ដូច​ជា​ជីវភាព​រស់​នៅ​របស់​ខ្លួន​បាន ខណៈ​សម្រាប់​អ្នក​ដែល​គ្មាន​ប្រាក់​សន្សំ​ទុក​វិញ ត្រូវ​ធ្វើ​ការ​បោះ​បង់​នូវ​ឱកាស​ដ៏​កម្រ​នេះ​ចោល ទាំង​សោក​ស្ដាយ។

ឧទាហរណ៍​ទាំង​ពីរ​ខាង​លើ​នេះ​ហើយ គឺ​ជា​មូល​ហេតុ​ដ៏​ច្បាស់​លាស់​មួយ​ដែល​បង្ហាញ​នូវ​ចំណុច​ដែល​ថា អ្នក​ដែល​មាន​គឺ​កាន់​តែ​មាន ចំណែក​ឯ​អ្នក​ដែល​ក្រ​គឺ​កាន់​តែ​ក្រ ហើយ​វា​គឺ​ពិត​ជា​មិន​មែន​កំហុស​របស់​នរណា​ម្នាក់​ទេ។

) ពួកគេចូលចិត្តចំណាយប្រាក់ ប្រើឥណទានទៅធ្វើរឿងឥតប្រយោជន៍ និងទិញរបស់ដែលខ្លួនមិនសូវត្រូវការចាំបាច់

ចំណុច​ខុស​គ្នា​ធំ​បំផុត​មួយ រវាង​អ្នក​មាន​ និង​អ្នក​ក្រ នោះ​គឺ​វិធី​នៅ​ក្នុង​ការ​ចំណាយ​ប្រាក់​របស់​ពួក​គេ។ ចំណុច​នេះ​ប្រិយមិត្ត​មួយ​ចំនួន ពិត​ជា​អាច​ប៉ានស្មាន​បាន​ត្រូវ​មុន​ថា ចំណេះ​ ចង់​និយាយ​ពី​អ្វី។

ត្រង់​នេះ​វា​គឺ​ពិត​ជា​ចំណុច​ធម្មតា​មួយ​បំផុត អ្នក​មាន​ៗ និង​មនុស្ស​ជោគជ័​យ​ម្នាក់​ណា​ក៏​ដឹង​ដែរ​ថា ប្រសិន​បើ​យើង​យក​ប្រាក់​ដែល​មាន ឬ​ប្រើ​ឥណទាន​ ហើយ​យក​ទៅ​ចំណាយ​ទៅ​លើ​អ្វី​មួយ​ដែល​មិន​បាន​ ចំណេញ​ប្រាក់​មក​អោយ​យើង​វិញ​ទេ នោះ​ជា​ការ​វិនិយោគ​មួយ​ ដែល​ខាត​បង់​ដ៏​ធ្ងន់​ធ្ងរ​បំផុត។

ប្រិយមិត្ត​ត្រូវ​ចង​ចាំ​ថា ប្រសិន​បើ​ប្រិយមិត្ត​ចង់​ប្រើ​ឥណទាន​ (ការ​ខ្ចី ឬ​ចង​ការ​ប្រាក់)​ ប្រិយមិត្ត​ដាច់​ខាត​ត្រូវ​តែ​ប្រើ​ទៅ​លើ​ការ​វិនិយោគ​ (ដែល​ផ្ដល់​ជា​ប្រាក់​ត្រលប់​មក​វិញ) តែ​មួយ​មុខ​ប៉ុណ្ណោះ។ ប្រសិន​បើ​ប្រិយមិត្ត​ចង់​ប្រើ​ឥណទាន ទៅ​ទិញ​ទូរទស្សន៍​ស៊េរី​ទំនើប​ថ្មី​ ទៅ​ទិញ​ឡាន​ថ្មី ឬ​ទៅ​ទិញ​ទូរស័ព្ទ iPhone ថ្មីនោះ ដាច់​ខាត​ប្រិយមិត្ត​កុំ​សូម្បី​តែ​គិត។ ​បើ​ទោះ​បី​ជា​របស់​ថ្មី​ទាំង​នោះ​ អាច​អនុញ្ញាតិ​អោយ​ប្រិយមិត្ត​យក​មក​ប្រើ​ដើម្បី​បង្កើត​ប្រាក់​ត្រលប់​មក​វិញ​បាន ឧទាហរណ៍​ថា​ប្រិយមិត្ត​យក​រថយន្ដ​មក​រត់​តាក់ស៊ី ឬ​យក​ទូរស័ព្ទ​ iPhone មក​តេស្ដ​កម្មវិធី​ទូរស័ព្ទ​ថ្មី ដែល​ប្រិយមិត្ត​ទើប​បង្កើត​បាន ដើម្បី​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​ក្ដី អ្វី​ដែល​ប្រិយមិត្ត​គួរ​ធ្វើ​ គឺ​ខំ​ប្រឹង​ប្រែង​សន្សំ​ប្រាក់​អោយ​បាន​គ្រប់​គ្រាន់ ដើម្បី​ទិញ​របស់​ទាំង​នោះ​ ដោយ​មិន​ប្រើ​ឥណទាន​ទើប​ជា​ការ​ប្រសើរ។

១០) ពួកគេឆាប់មានកូនចៅ ហើយបើមានគឺមានក្នុងចំនួនច្រើន

ប្រិយមិត្ត​ដែល​មាន​គ្រួសារ ហើយ​និង​មាន​បុត្រ​រួច​ថែម​ទៀត​នោះ​ ប្រាកដ​ជា​អាច​ដឹង​យ៉ាង​ច្បាស់​ពី​ចំនុច​នេះ។ ​ប្រិយមិត្ត​ពិត​ជា​ដឹង​ហើយ​ថា ការ​ចំណាយ​ទៅ​លើ​ការ​ចិញ្ចឹម​កូន​ម្នាក់ៗ​ក្នុង​សម័យ​នេះ តើ​វា​ត្រូវ​ការ​ចំណាយ​ខ្លាំង​ប៉ុណ្ណា? នេះ​គឺ​គិត​ត្រឹម​ប្រទេស​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង ចុះ​ទម្រាំ​ការ​ចំណាយ​ក្នុង​ប្រទេស​ដែល​រីក​ចម្រើន​ខ្លាំង​ទៀត​នោះ?

ចំណុច​នេះ​ហើយ​ជា​ភាព​ខុស​គ្នា រវាង​អ្នក​មាន​និង​អ្នក​ក្រ។ សម្រាប់​អ្នក​ក្រ​ពួក​គេ​មិន​បាន​គិត​គូរ ឬ​កំណត់​គម្រោង​ការណ៍​អោយ​បាន​ច្បាស់​លាស់ ពី​ពេល​វេលា​ និង​ចំនួន​បុត្រ​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ នៅ​ពេល​ដែល​ពួក​គេ​ចង់​បាន គឺ​ចង់​បាន​ភ្លាម​ដោយ​មិន​បាន​រៀប​ចំ​ផែន​ការ ក៏​ដូច​ជា​ត្រៀម​ថវិកា​ខ្លះ​ទុក​ជា​មុន​នោះ​ទេ ហើយ​សម្រាប់​គូ​ស្វាមី​ភរិយា​ខ្លះ​ទៀត​មាន​កូន​ទាំង​ខ្លួន​នៅ​ក្មេង​ពេក ​ទាំង​ដែល​ខ្លួន​មិន​ទាន់​អាច​មាន​សមត្ថភាព​ទ្រទ្រង់​ជីវភាព​ខ្លួន​ឯង​អោយ​បាន​សមរម្យ​ផង។ នៅ​ពេល​ដែល​កូន​កើត​មក​ហើយ ជីវភាព​របស់​ពួក​គេ​នឹង​កាន់​តែ​ជួប​បញ្ហា ពី​ព្រោះ​បន្ទុក​ហើយ​នឹង​ការ​ចំណាយ​នៅ​ក្នុង​ក្រុម​គ្រួសារ​ត្រូវ​កើន​ឡើង​ទ្វេរ​ដង។

ផ្ទុយ​ពី​អ្នក​ក្រ សម្រាប់​អ្នក​មាន​វិញ ពួក​គេ​រង​ចាំ​ឱកាស​ល្អ នឹង​ប្រឹង​ប្រែង​អោយ​ជីវភាព​របស់​ខ្លួន ដំណើរ​ការ​ទៅ​មុខ​បាន​សមរម្យ​ជាមុន​សិន មុន​ពេល​ដែល​ពួក​គេ​គិត​គូរ​ពី​គម្រោង​យកកូន​ ពី​ព្រោះ​ពួក​គេ​ចង់​អោយ​អ្នក​ស្នង​ត្រកូល​របស់​ខ្លួន ទទួល​បាន​នូវ​បរិស្ថាន និង​លក្ខ័ណ្ឌ​រស់​នៅ​ដែល​ល្អ​បំផុត មុន​ពេល​ដែល​ពួក​គេ​ចាប់​កំណើត​មក​លើ​ផែន​ដី​នេះ។

១១) ពួកគេមិនសូវត្រួតពិនិត្យសុខភាពអោយបានញឹកញាប់នោះទេ

ពី​ចំណុច​ខាង​លើ យើងបាន​លើក​ឡើង​ពី​បញ្ហា​សុខភាព​ប្រាប់​ដល់​ប្រិយមិត្ត​ម្ដង​រួច​មក​ហើយ ថា​វា​ជាចំណុច​ដែល​ចាំបាច់ និង​សំខាន់​កម្រិត​ណា។

សម្រាប់​អ្នក​ក្រ ពួក​គេ​មិន​សូវ​ជា​ខ្វល់​ខ្វាយ​ពី​បញ្ហា​នេះ​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​ជួប​ពិគ្រោះ ជាមួយ​នឹង​វេជ្ជបណ្ឌិត ដើម្បី​តាម​ដាន​មើល​ពី​សុខភាព​រាង​កាយ​របស់​ខ្លួន​អោយ​បាន​ជាប់​លាប់​នោះ​ទេ។ ជា​ឧទាហរណ៍​មិន​ល្អ​មួយ ប្រសិន​បើប្រិយមិត្ត ជួប​ប្រទះ​នូវ​ជំងឺ​កាច​សាហាវ​ណា​មួយ ឧបមាថា​ជំងឺ​មហារីក ហើយ​ប្រសិន​បើ​អ្នក​ទៅ​ជួប​ពិគ្រោះ​ជំងឺ ក៏​ដូច​ជា​ធ្វើ​ការ​ត្រួត​ពិនិត្យ​រាង​កាយ​អោយ​បាន​ជាប់​លាប់​នោះ នោះ​លោក​អ្នក​អាច​មាន​លទ្ធភាព​ត្រួត​ពិនិត្យ​វា​ឃើញ​ នៅ​ពេល​ដែល​ជំងឺ​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង ហើយ​លោក​អ្នក​ អាច​មាន​លទ្ធភាព​ធ្វើ​ការ​ព្យាបាល​វា​បាន​ទាន់​ពេល​វេលា ហើយ​ថែម​ទាំង​ចំណាយ​ប្រាក់​ក្នុង​កម្រិត​ទាប​បាន​ថែម​ទៀត​ផង។

ប៉ុន្តែ​ផ្ទុយ​មក​វិញ ប្រសិន​បើ​ប្រិយមិត្ត​មាន​ការ​ធ្វេស​ប្រហេស​ ឬ​មិន​បាន​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​អោយ​បាន​ជា​ប្រចាំ​ទេ នោះ​ជំងឺ​នេះ​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ពេល​ដែល​វា​ឈាន​ដល់​ដំណាក់​កាល​អាក្រក់​រួច​ទៅ​ហើយ ដែល​វា​នឹង​ធ្វើ​អោយ​រូប​អ្នក​ ហើយ​នឹង​ក្រុម​គ្រួសារ​ត្រូវ​ចំណាយ​ទ្រព្យ​ធន លុយ​កាក់​យ៉ាង​មហា​សាល ដើម្បី​ព្យាបាល​វា​ ហើយ​ក្នុង​ករណី​ដែល​កាន់​តែ​អាក្រក់​ថែម​ទៀត​នោះ ទោះ​បី​ជា​ប្រិយមិត្ត​មាន​ប្រាក់​ច្រើន​រាប់​មិន​អស់​ក្ដី ក៏​ប្រហែល​ជា​មិន​អាច​ព្យាបាល​វា​បាន​ជា​សះស្បើយ​ថែម​ទៀត​ផង។

១២) ពួកគេចូលចិត្តចំណាយប្រាក់ មុនពេលទទួលបានចំណូល

គ្រោះ​ថ្នាក់​ធំ​បំផុត​មួយ​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​មនុស្ស​នោះ​គឺ ធ្វើ​ការ​ចំណាយ​ប្រាក់ មុន​ពេល​ដែល​ខ្លួន​ទទួល​បាន​នូវ​ចំណូល (អាច​ជា​ប្រាក់ខែ​ជាដើម។ល។)។ ប្រិយមិត្ត​ត្រូវ​ដឹង​ថា នៅ​វិនាទី​ដែល​ប្រិយមិត្ត​ចាប់​ផ្ដើម​ខ្ចី​ប្រាក់​ពី​អ្នក​ដទៃ​ ឬ ចាប់​ផ្ដើម​ចំណាយ ទៅ​លើ​របស់​អ្វី​មួយ ដោយ​ខ្លួន​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​នោះ នោះ​ជីវិត​របស់​ប្រិយមិត្ត​គឺ​កំពុង​តែ​ដាំ​ក្បាល​ចុះ​ក្រោម​ហើយ។ ប្រសិន​បើ​ប្រិយមិត្ត​គ្មាន​ប្រាក់ ក្នុង​ការ​ចំណាយ​ទេ ហើយ​របស់​ដែល​ប្រិយមិត្ត​ចង់​បាន​នោះ គឺ​មិន​មែន​ជា​តម្រូវ​ការ​ចាំបាច់​ទេ ចំណេះ សូម​ធ្វើ​ការ​ណែ​នាំ​អោយ​ប្រិយមិត្ត​ធ្វើ​ការ​រង​ចាំ​សិន សូម​ត្រលប់​ទៅ​បន្ត​កិច្ចការ​ងារ​របស់​ខ្លួន ដើម្បី​ទទួល​បាន​ចំណូល​សិន ហើយ​នៅពេល​ដែល​ប្រិយមិត្ត​មាន​ប្រាក់​គ្រប់​គ្រាន់ សឹម​ប្រិយមិត្ត​ទិញ​វា​យក​មក​ប្រើ ក៏​ប្រហែល​ជា​មិន​ទាន់​យឺត​ពេល​នោះ​ដែរ។

១៣) ពួកគេចូលចិត្តហ៊ុមព័ទ្ធខ្លួនឯង ដោយអ្នកក្រ និងមនុស្សអវិជ្ជមានដទៃទៀតដែលមានគំនិតដូចជាខ្លួនឯងដែរ

មាន​ពាក្យ​សំដី​មួយ​ឃ្លា ដែល​និយាយ​ថា "អ្នក​គឺ​ជា​មនុស្ស​កម្រិត​មធ្យម ក្នុង​ចំណោម​មិត្តភក្ដ​ជិតស្និទ ៥​នាក់​របស់​អ្នក"។ ប្រសិន​បើ​អ្នក​មាន​មិត្ត​ភក្ដជិតស្និទ ជា​មនុស្ស​បរាជ័យ គ្មាន​គំនិត​ចង់​ផ្លាស់​ប្ដូរ​រហូត​ដល់​ ៤​នាក់​នោះ អ្នក​ប្រហែល​ជា​ដឹង​ច្បាស់​ហើយ​ថា នរណា​ជា​មនុស្ស​បរាជ័យ​ទី​៥។

មនុស្ស​ក្រីក្រ និង​បរាជ័យ​ជាច្រើន​ គ្មាន​ទំនោរ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ដើម្បី​ធ្វើ​អោយ​ជីវភាព​រស់​នៅ របស់​ខ្លួន​មាន​កម្រិត​ប្រសើរ​ឡើង​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ពួក​គេ​ចូល​ចិត្ត​សេពគប់ និង​ចំណាយ​ពេល​ធ្វើ​រឿង​ឥត​ប្រយោជន៍​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន ដូច​ជា​ខ្លួន​ទៅវិញ។

ប្រិយមិត្ត​ទាំង​អស់​ត្រូវ​ចង​ចាំ​ថា ប្រិយមិត្ត​គួរ​តែ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​ខ្លួន ជាមួយ​នឹង​ក្រុម​មនុស្ស​ដែល​លើក​ទឹក​ចិត្ត​ ហើយ​នឹងជម្រុញ​យើង​អោយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទៅ​កាន់​ចំណុច​វិជ្ជមាន​ប្រសើរ​ជា​ងមុន និង​ជា​មនុស្ស​ដែល​កំពុង​តែ​ធ្វើ​កិច្ចការ​ជោគជ័យ​ផ្ទាល់​ខ្លួន​របស់​គេ​ផង​ដែរ។ សូម​សម្លឹង​មើល​ភាព​ជោគជ័យ​របស់​ពួក​គេ ដោយ​ការ​គោរព​និង​ការ​កោត​សរសើរ ហើយ​ត្រូវ​យក​វា​មក​ប្រើ​ធ្វើ​ជា​កត្តា​ជម្រុញ​ និង​លើក​ទឹក​ចិត្ត​អោយ​ខ្លួន​យើង​ផ្ទាល់ ប្រឹង​ប្រែង​ដើម្បី​គោល​ដៅ​ និង​ភាព​ជោគជ័យ​របស់​យើង​ដូច​គ្នា​ដែរ។

ប្រសិន​បើ​ប្រិយមិត្ត​សង្កេត​ឃើញ​ថា ខ្លួន​ឯង​នៅ​តែ​បន្ត​សេព​គប់​ជាមួយ​នឹង​មិត្ត​ភក្ដ​ដដែល​ៗ កាល​ពី​នៅ​ក្មេង ហើយ​ពួក​គេ​គ្មាន​ទំនោរ​ក្នុង​ការ​ផ្លាស់​ប្ដូរ​អោយ​រីក​ចម្រើន​ទេ សូម​កុំ​មាន​ការ​ភ័យ​ខ្លាច នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​ជាមួយ​នឹង​ពួក​គេ ហើយ​ងាក​ទៅ​ធ្វើ​រឿង​ណា​ដែល​រីក​ចម្រើន​សម្រាប់​ខ្លួន​ឯង​វិញ ពីព្រោះ​ប្រសិន​បើ​ប្រិយមិត្ត​នៅ​តែ​បន្ត​ការ​សេពគប់​ជិតស្និទ​ជាមួយ​នឹង​ពួក​គេ​ទៀត នោះគំនិត​ថ្មីៗ និង​ទេពកោសល្យ​ដែល​ប្រិយមិត្ត​មាន​នៅ​ក្នុង​ខ្លួន ប្រហែល​ជា​ត្រូវ​ពួក​គេ​ធ្វើ​ការ​រិះគន់​ថា​ជា​រឿង​ឥត​បាន​ការ ហើយ​ទី​បំផុត​ប្រិយមិត្ត​មិន​អាច​សម្រេច​គោល​ដៅ​ដែល​ខ្លួន​ចង់​ធ្វើ​បាន​នោះ​ទេ។

១៤) សម្រាប់អ្នកក្រ ទោះជាពួកគេមានគំនិត ទេពកោសល្យពីធម្មជាតិក្ដីក៏ពួកគេមិនប្រឹងប្រែងប្រើវាអោយអស់លទ្ធភាពដែរ

មនុស្ស​ម្នាក់​ៗ​គឺ​មិន​មាន​លទ្ធភាព ធ្វើ​ការ​ជ្រើសរើស​ឪពុក​ម្ដាយ ឬ​ទីកន្លែង​ដែល​ខ្លួន​ត្រូវ​ចាប់​កំណើត​បាន​នោះ​ទេ ប៉ុន្តែ​រឿង​សំខាន់​ម៉្យាង​ដែល​អ្នក​អាច​ធ្វើ​ការ​ជ្រើសរើសនិង​គ្រប់​គ្រង​ដោយ​ដៃ​ទាំង​ពីរ​របស់​អ្នក​នោះ គឺ​ពេលវេលា​ដែល​អ្នក​យក​ទៅ​ធ្វើ​កិច្ចការ​ដើម្បី​សម្រេច​ នូវ​ក្ដី​សុបិន្ដ​របស់​ខ្លួន​បាន។

ចំណុច​សំខាន់​មួយ​ដែល​ យើងចង់​អោយ​ប្រិយមិត្ត​ចង​ចាំ​ហើយ​កត់​ត្រា​ទុក​នោះ​គឺ មិន​ថា​អ្នក​មាន​ អ្នក​ក្រ ឬ​មហាសេដ្ឋី​រូប​ណា​ក៏​ដោយ ពួក​គេ​ម្នាក់​ៗ​គឺ​មាន​រយៈពេល ២៤​ម៉ោង ក្នុង​មួយ​ថ្ងៃ​ដូច​ៗ​គ្នា។ អ្វី​ដែល​ខុស​គ្នា​នោះ គឺ​សកម្មភាព​ និង​អ្វី​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង​នេះ​ប៉ុណ្ណោះ។ ប្រសិន​បើ​ក្នុង​រយៈ​ពេល​ដ៏​មាន​តម្លៃ​នេះ ប្រិយមិត្ត​យក​វា​មក​ប្រើ​ដើម្បី​ធ្វើ​ការ​រៀន​សូត្រ អភិវឌ្ឍន៍​ខ្លួន​ឯង និង​ចំណាយ​ទៅ​លើ​ការ​ធ្វើ​កិច្ចការ​ដែល​ខ្លួន​ចូល​ចិត្ត​នោះ វា​នឹង​មិន​យូរ​ទេ​ដែល​ប្រិយមិត្ត​អាច​មាន​លទ្ធភាព​ ទទួល​បាន​នូវ​ភាព​ជោគជ័យ​ដែល​ខ្លួន​តែង​តែ​ស្រមៃ​ចង់​បាន។

មាន​គំនិត​មួយ​ឃ្លា​ ដែល​មនុស្ស​បរាជ័យ​ចូល​ចិត្ត​លើក​យក​មក​ធ្វើ​ជា​លេស ដោយ​បាន​លើក​ឡើង​ថា "ក្នុងចំណោមក្រុមហ៊ុន១០ ដែលត្រូវបានបង្កើតថ្មីគឺមាន ក្រុមហ៊ុនហើយដែលនឹងត្រូវដួលរលំទៅវិញ នៅក្នុងដំណាក់កាលឆ្នាំ ដំបូង"។ អញ្ចឹង​ ចំណេះ មាន​ពាក្យ​មួយ​ឃ្លា​ ​ដើម្បី​ធ្វើ​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​គំនិត​បរាជ័យ​មួយ​នេះ​វិញ "ចំណេះ ចង់សួរថាតើប្រិយមិត្តមានបានដឹងឬទេ ថាមានក្រុមហ៊ុនចំនួនប៉ុន្មានដែលដួលរលំ ដោយមិនទាន់ចាប់ដំណើរការ? ចំលើយនោះគឺដួលទាំងអស់ គ្មាននៅសល់សូម្បីតែមួយ"។ ហេតុ​ដូច​នេះ​ហើយ ប្រសិន​បើ​ប្រិយមិត្ត​មាន​គំនិត​ក្នុង​ការ​បើក​មុខ​ជំនួញ ឬ​មួយ​ក៏​ចេញ​រក​ស៊ី​ហើយ សូម​កុំ​មាន​ការ​ភ័យ​ខ្លាច ត្រូវ​ប្រឹង​ប្រែង​ធ្វើ​វា​អោយ​លេច​ចេញ​ជា​រូប​រាង​ឡើង ហើយ​បើ​ទោះ​ជា​បរាជ័យ​ក៏​ដោយ ក៏​បទពិសោធន៍​ដែល​ប្រិយមិត្ត​ទទួល​បាន នឹង​ក្លាយ​ទៅ​ជា​មេរៀន​យ៉ាង​មាន​តម្លៃ ដែល​អាច​ជួយ​ប្រិយមិត្ត​នៅ​ក្នុង​ការ​ចាប់​ផ្ដើម​សារ​ជា​ថ្មី​ម្ដង​ទៀត​បាន។

១៥) ពួកគេជឿថាដើម្បីទទួលបានជោគជ័យ ពួកគេគឺត្រូវការជំនួយពីអ្នកដទៃជាចាំបាច់

ប្រសិន​បើ​ប្រិយមិត្ត​គឺ​ជា​អ្នក​តាម​ដាន​អត្ថបទ​នានា ដែល​បាន​ចុះ​ផ្សាយ​ នៅ​លើ​គេហទំព័រ​មួយ​នេះ យើងប្រហែល​ជា​ធ្លាប់​សរសេរ​ប្រាប់​ប្រិយមិត្ត​ច្រើន​ដង​ហើយ​ថា នៅ​លើ​លោក​នេះ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ អ្វីៗ​គឺ​ត្រូវ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង គ្មាន​នរណា​ម្នាក់​ដែល​មាន​ភារកិច្ច​នៅ​ចាំ​ជួយ​ដឹក​ដៃ​អ្នក អោយ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បាន​នោះ​ទេ។ ឪពុក​ម្ដាយ​របស់​អ្នក​ក៏​មិន​មែន ស្វាមី​ឬភរិយា​របស់​អ្នក​ក៏​មិន​មែន សាច់​ញាតិ​ ឬ​ក៏​មិត្ត​ភក្ដ​របស់​អ្នក គឺ​រឹត​តែ​មិន​មែន អ្វី​ៗ​គឺ​មាន​តែ​ខ្លួន​អ្នក​ផ្ទាល់​ប៉ុណ្ណោះ វាសនា​និង​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត គឺ​អ្នក​ជា​អ្នក​សម្រេច​ និង​ក្ដោប​ក្ដាប់​ដោយ​ខ្លួន​ឯង​ផ្ទាល់។

មនុស្ស​ជាច្រើន​កាល​ពី​នៅ​វ័យ​ក្មេង តែង​តែ​ស្រមៃ​ និង​ជឿជាក់​ថា ពួក​គេ​នឹង​ក្លាយ​ជា​មនុស្ស​ជោគជ័យ​នា​ពេល​អនាគត ក៏​ប៉ុន្តែ​អ្វី​ៗ​គឺ​មិន​មែន​ស្រស់​បំព្រង​ និង​ងាយ​ស្រួល​ដូច​អ្វី​ដែល​ពួក​គេ​ប៉ង​ប្រាថ្នា​ទេ។ ត្រូវ​ចង​ចាំ​ថា ពិភពលោក​របស់​យើង​នេះ ផ្ដល់​រង្វាន់​អោយ​ដល់​តែ​បុគ្គល​ណា​ដែល​ជា​មនុស្ស​ពូកែ​បំផុត​ប៉ុណ្ណោះ ហើយ​មនុស្ស​ដែល​ពូកែ​នោះ​គឺ​ជា​មនុស្ស​ដែល​មិន​ដែល​ចុះ​ចាញ់ មនុស្ស​ដែល​បន្ត​អភិវឌ្ឍន៍​ខ្លួន​ មនុស្ស​ដែល​ចេះ​បត់​បែន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ ​និង​ជា​មនុស្ស​ដែល​យល់​ច្បាស់​ថា នៅ​លើ​លោក​នេះ​ គ្មាន​នរណា​ម្នាក់​ដែល​អាច​ជួយ​ពួក​គេ​ដោះ​ស្រាយ​បញ្ហា​បាន​រហូត​នោះ​ទេ។ ពួក​គេ​គឺ​ជា​មនុស្ស​ដែល ហ៊ាន​ងើប​ប្រឈម​មុខ​នឹង​បញ្ហា​ដោយ​ពេញ​ទំហឹង និង​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ខ្លួន​ឯង ហើយ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​មួយ​នេះ ពួក​គេ​ក៏​នឹង​មិន​ដើរ​តែ​ម្នាក់​ឯង​ជារៀង​រហូត​ដែរ ពីព្រោះ​ពួក​គេ​នឹង​ជួប​មនុស្ស​ដែល​មាន​គំនិត​ដូច​ខ្លួន ហើយ​បន្ត​ដំណើរ​ជាមួយ​គ្នា​រហូត​ដល់​សម្រេច​គោល​ដៅ​បាន៕

ដៃគូផ្សព្វផ្សាយ៖ ចំណេះ

ឃ្លាំងគំនិត យល់ដឹង អាជីវកម្ម