១៥​ ចំណុច​ អ្នក​ក្រ​និង​មនុស្ស​បរាជ័យ​ចូល​ចិត្ត​ធ្វើ ហើយ​មនុស្ស​ជោគជ័យ​និង​សេដ្ឋី​មិន​ធ្វើ (វគ្គ១)

,

សួស្ដី​ប្រិយមិត្ត ទាំង​អស់​គ្នា! សហការជាមួយ ចំណេះ ថ្ងៃ​នេះ​យើងមាន​អត្ថបទ​ដ៏​ល្អ​មួយ​ ចង់​ចែង​រំលែក​ទុក​ជា​គំនិត ផ្ដល់​ជូន​ទៅ​ដល់​ប្រិយមិត្ត និង​បុគ្គល​គ្រប់​រូប​ដែល​មាន​បំណង និង​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ។ អត្ថបទ​នេះ​នឹង​ធ្វើ​ការ​លើកឡើង​ពី រឿង​រ៉ាវ​ ១៥​ចំនុច នៃ​សកម្មភាព​របស់​អ្នក​ក្រ ឬ​មនុស្ស​បរាជ័យ​ចូល​ចិត្ត​ធ្វើ និង​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ មាន​ភាព​ខ្សត់​ខ្សោយ​ និង​ដុនដាប។

សូម​ធ្វើ​ការ​កត់​សម្គាល់​ទុក​ជាមុន​ថា យើងចង់​បង្ហាញ​នូវ​រឿងរ៉ាវ​ទាំង​នេះ​ទៅ​ដល់​ប្រិយមិត្ត ក្នុង​គោល​បំណង​អោយ​ប្រិយមិត្ត​ធ្វើ​ការ​ត្រិះរិះ​ពិចារណា ពី​បច្ចុប្បន្នភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន និង​បង្ហាញ​ពី​ចំណុច​អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​អាច​ធ្វើ​ទៅ​បាន ដើម្បី​កែ​លម្អ​ស្ថានការណ៍​អាក្រក់​ទាំង​នោះ អោយ​ក្លាយ​ទៅ​ជា​ល្អ​វិញ​បាន។

ចំណុច​ផ្សេង​ទៀត​ដែល​ប្រិយមិត្ត​ត្រូវ​ដឹង​ផង​ដែរ​នោះ​គឺ ចំណុច​ខ្លះ​ក៏​ជា​ករណី​លើក​លែង​ដែរ ពីព្រោះ​ពេល​ខ្លះ​មនុស្ស​គ្រប់​គ្នា​មិន​អាច​មាន​លទ្ធភាព គ្រប់​គ្រង​ស្ថានការណ៍​ដែល​កើតឡើង​ទាំង​អស់​បាន​នោះ​ទេ។ ក៏​ប៉ុន្តែ​ការ​ដែល​បាន​ដឹង​ពី​ចំណុច​អវិជ្ជមាន​ទាំង​អស់​នេះ អាច​ធ្វើ​អោយ​ប្រិយមិត្ត មាន​លទ្ធភាព​ធ្វើ​ការ​កែប្រែ​ និង​ត្រិះរិះ​ ហើយ​ជួន​កាល​នា​ពេល​អនាគត ​ប្រសិន​បើ​ប្រិយមិត្ត​អាច​ផ្លាស់​ប្ដូរ​ឥរិយាបថ​ទាំង​អស់​នេះ​បាន ប្រិយមិត្ត​អាច​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ដែល​ប្រិយមិត្ត បាន​កំណត់​ទុក​បាន​ថែម​ទៀត​ផង​ក៏​មិន​ដឹង។

តោះ​ បើ​សិន​ជា​ប្រិយមិត្ត​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ មក​តាម​ដាន​ខាង​ក្រោម​ទាំង​អស់​គ្នានូវ "រឿងរ៉ាវ ១៥ចំណុចអ្នកក្រនិងមនុស្សបរាជ័យចូលចិត្តធ្វើ ហើយជាអ្វីដែលមនុស្សជោគជ័យនិងសេដ្ឋីមិនធ្វើ"៖

) ពួកគេចូលចិត្តចំណាយពេលមើលទូរទស្សន៍ច្រើនបំផុត

សូម​កត់​ចំណាំ​ទុក​ថា ប្រសិន​បើ​ប្រិយមិត្ត​សង្កេត​ឃើញ​ថា ខ្លួន​ឯង​ហាក់​នៅ​សល់​ពេល​វេលា​យ៉ាង​ច្រើន​ដើម្បី​មើល​ទូរទស្សន៍នោះ អញ្ចឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ប្រិយមិត្ត​ប្រហែល​ជា​មិន​សូវ​ល្អ​នោះ​ទេ។ ចំណុច​នេះ​គឺ​ពិត​ជា​គួរ​អោយ​ភ្ញាក់​ផ្អើល​ខ្លាំង​ពិត​មែន ដែល​អ្នក​ក្រ​ ចំណាយ​ពេល​វេលា​ខ្ជះខ្ជាយ​ ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ទៅ​លើ​ការ​មើល​ទូរទស្សន៍​។ ការ​មើល​ទូរទស្សន៍​គឺ​ជា​ការ​រំខាន និង​ជា​ការ​ញៀន​ម៉្យាង ដែល​ហាក់​ស្រូប​ទាញ​អារម្មណ៍​របស់​យើង​យ៉ាង​អញ្ចឹង​ដែរ ហើយ​ប្រសិន​បើ​យើង​សង្កេត​ឃើញ​ថា ខ្លួន​ហាក់​ដឹង​ពី​ពត៌មាន​ស្នេហា ឬ​ទំនាក់​ទំនង​របស់​តារា​ៗ​ច្រើន​ ឬ​នៅ​រង​ចាំ​តាមដាន​ខ្សែ​ភាព​យន្ដ​ភាគ​ជារៀង​រាល់​ថ្ងៃ និង​រាល់​សប្ដាហ៍​ទៀត​នោះ នេះ​ជា​សញ្ញា​បញ្ជាក់​ថា ប្រិយមិត្ត​ប្រហែល​ជា​ចំណាយ​ពេល​លើ​ការ​ទស្សនា​ទូរទស្សន៍​ច្រើន​ជ្រុល​ពេក​ហើយ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ជីវិត​របស់​ប្រិយមិត្ត​មិន​អាច​ឈាន​ទៅ​មុខ​បាន។

សូម​អនុញ្ញាតិ​អោយ​យើង ធ្វើ​ការ​បកស្រាយ​បន្ថែម​ជូន​ប្រិយមិត្ត​បន្ត​ទៀត​ថា ពត៌មាន​ពី​ទំនាក់​ទំនង​ ឬ​រឿង​រ៉ាវ​ផ្ទៃ​ក្នុង​របស់​តារាៗ គឺ​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​ជីវិត​របស់​អ្នក​នោះ​ទេ។ ខុស​ពី​អ្នក​ក្រ​ដែល​ធ្វើ​ត្រឹម​ជា​អ្នក​ទស្សនា មនុស្ស​ជោគជ័យ​និង​សេដ្ឋី គឺ​មាន​គោល​ដៅ ​ផ្សព្វផ្សាយ​ពី​ខ្លួន​ឯង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​វិញ។ មក​ដល់​ត្រង់​នេះ ប្រហែល​មាន​ប្រិយមិត្ត​ខ្លះ​ចង់​លើក​ឡើង​ថា "ប៉ុន្តែកម្មវិធីទូរទស្សន៍ដែលខ្ញុំមើលគឺផ្ដល់ប្រយោជន៍​ ​វាជាកម្មវិធីកម្សាន្ដ ហើយអាចធ្វើអោយខ្លួនសប្បាយរីករាយនិងបំភ្លេចទុក្ខកង្វល់បាន"។ នេះ​ហើយ​គឺ​ជា​បញ្ហា កម្មវិធី​កម្សាន្ដ​ដែល​ធ្វើ​អោយ​ប្រិយមិត្ត​បំភ្លេច​ទុក្ខកង្វល់​ទាំង​នោះ​ហើយ ​ដែល​នឹង​ធ្វើ​អោយ​ប្រិយមិត្ត​មិន​ព្រម​ចំណាយ​ពេល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន​ទេ​ ប៉ុន្តែ​បែរ​ជា​យក​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ទៅ​ទស្សនា​ទូរទស្សន៍​ ហើយ​គេច​វេស​ពី​បញ្ហា​ទៅ​វិញ។

ចំណែក​អ្នក​ខ្លះ​ទៀត​មើល​កម្មវិធី​ពត៌មាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍ តែ​នេះ​ក៏​នៅ​តែ​មាន​ផល​ប៉ះពាល់​ដែរ ពី​ព្រោះ​ប៉ុស្ដិ៍​ទូរទស្សន៍​ភាគ​ច្រើន​គឺ​មាន​ភាព​លម្អៀង ហើយ​មិន​អព្យាក្រឹត​ ១០០% នោះ​ទេ ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ដឹង​ដំណឹង​ផ្សេងៗ​ ឬ​ពត៌មាន​នានា​នៅ​ជុំវិញ​ពិភពលោក ប្រិយមិត្ត​គួរ​ប្រើ​ប្រាស់​អ៊ីនធើណេត​ជំនួស​វិញ។ លោក​អ្នក​គួរ​តាម​ដាន​តែ​ដំណឹង​ណា​ដែល​មាន​ប្រយោជន៍​ និង​ជួយ​ដល់​ភាព​ជោគជ័យ​របស់​លោក​អ្នក​ដោយ​ចំណាយ​ពេល​សមរម្យ​ទៅ​គឺ​បាន​ហើយ បន្ទាប់​ពី​នោះ​ សូម​អ្នក​ត្រលប់​ទៅ​បន្ត​កិច្ចការ​ងារ​ របស់​អ្នក​បន្ត​ទៀត​វិញ ទើប​ជា​ការ​ប្រសើរ។

) ពួកគេចូលចិត្តបរិភោគអាហារFast food និងអាហារដែលមិនសូវផ្ដល់គុណប្រយោជន៍ចំពោះសុខភាព

ប្រិយមិត្ត​ត្រូវ​ដឹង​ថា សុខភាព គឺ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​សម្បើម​ណាស់ ប៉ុន្តែ​សម្រាប់​អ្នក​ក្រ និង​មនុស្ស​បរាជ័យ​វិញ ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍​ ឬ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ​នោះ​ទេ។ ​បើ​និយាយ​ពី​អាហារ​ដែល​ពួក​គេ​បរិភោគ​ទៀតសោត គឺ​ពួក​គេ​គិត​ថា​គ្រាន់​តែ​បរិភោគ​អោយ​តែ​ឆ្អែតៗ​ទៅ​គឺ​គ្រប់​គ្រាន់​ហើយ។

របប​អាហារ និង​ការ​បរិភោគ​របស់​ពួក​គេ គឺ​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ខួរ​ក្បាល ពី​ព្រោះ​អាហារ​ដែល​ពួក​គេ​បរិភោគ​ គឺ​មាន​ផ្ទុក​នូវ​សារធាតិ​ស្ករ ហើយ​និង​ជាតិ​ខ្លាញ់​យ៉ាង​ខ្លាំង​ក្លា ប៉ុន្តែ​មិន​សូវ​ផ្ដល់​នូវ​ជីវជាតិ​ចិញ្ចឹម​នោះ​ទេ។ បន្ថែម​ពី​នេះ​ទៅ​ទៀត អាហារ​ទាំង​អស់​នោះ​នឹង​ធ្វើ​អោយ​រូប​រាង​ ហើយ​និង​ថាមពល​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ​ ត្រូវ​រង​ផល​ប៉ះពាល់ ហើយ​ជា​លទ្ធផល​ពួក​គេ​មិន​អាច​បំពេញ​ការ​ងារ​ និង​ប្រើប្រាស់​នូវ​ទេពកោសល្យ​របស់​ខ្លួន​ អោយ​បាន​ខ្លាំងក្លា ១០០%​ នោះ​ទេ។

ត្រូវ​ចង​ចាំ​ថា​ប្រសិន​បើ​អ្នក​គ្មាន​សុខភាព​ល្អ​ទេ នោះ​គ្រប់​ផ្នែក​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​អ្នក​ក៏​រង​ផល​ប៉ះពាល់​ដែរ។ វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ជីវិត​ការ​ងារ​របស់​អ្នក​ក៏​ប៉ះពាល់ ហើយ​ជីវិត​ស្នេហា​ក៏​ប៉ះពាល់។

) ពួកគេចូលចិត្តទិញផលិតផលដែលបញ្ចុះតម្លៃ (ទាំងដែលខ្លួនឯងមិនសូវជាត្រូវការរបស់ទាំងនោះ)

របស់​ដែល​អ្នក​គួរ​តែ​ទិញ​នៅ​ពេល​ដែល​វា​ធ្លាក់​ថ្លៃ​នោះ​គឺ ប័ណ្ណភាគ​លាភ ឬ​ភាគហ៊ុន នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​ទៅ​វិញ​ទេ។ ខណៈ​ដែល​មនុស្ស​ក្រីក្រ​ព្យាយាម​បន្ថែម​ការ​ចំណាយ​របស់​ពួក​គេ អ្នក​ដែល​មាន​គំនិត​ជា​សេដ្ឋី​ប្រឹង​ប្រែង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ធ្វើ​យ៉ាង​ណា អោយ​ចំណូល​របស់​ពួក​គេ​កាន់​តែ​មាន​ការ​កើន​ឡើង។

សាក​គិត​ពី​ចំណុច​នេះ​អោយ​ស៊ី​ជម្រៅ​បន្តិច​ទៅ​មើល៎ សម្លៀក​បំពាក់​និង​ផលិតផល​ដែល​លក់​បញ្ចុះ​តម្លៃ​ទាំង​អស់​នោះ គឺ​ជា​ផលិតផល​ដែល​មនុស្ស​មាន​ប្រាក់​ទិញ​ ​គេ​មិន​ចង់​បាន​ឬ​មិន​ត្រូវ​ការ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ការ​ចូល​ចិត្ត​ទិញ​របស់​បញ្ចុះ​តម្លៃ​ទាំង​អស់​នោះ នឹង​ធ្វើ​អោយ​អ្នក​ មើល​ទៅ​ហាក់​បី​ដូច​ជា​មនុស្ស​ដែល​គ្មាន​លទ្ធភាព​ទិញ​វា​យក​មក​ប្រើ​ នៅ​ពេល​ដែល​វា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ពេញ​ប៉ុណ្ណោះ។

) នៅវ័យកុមារ និងវ័យសិក្សាពួកគេចូលចិត្តចំណាយពេលគេងច្រើនម៉ោងហើយយូរជាងមនុស្សជោគជ័យ

សម្រាប់​មនុស្ស​បរាជ័យ និង​អ្នក​ក្រីក្រ នៅ​វ័យ​ក្មេង​ ពួក​គេ​មាន​ទម្លាប់​ខ្ជិល​ច្រអូស​ជាង​មនុស្ស​ដែល​ប្រឹង​ប្រែង​ដទៃ​ទៀត។ បន្ទាប់​ពី​អាន​ចំនុច​នេះ​ហើយ ​សម្រាប់​អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​មួរម៉ៅ ក៏​ប៉ុន្តែ​ត្រូវ​ដឹង​ថា​បើ​យោង​ទៅ​លើ​ការ​សិក្សា និង​ស្ថិតិ​ផ្សេងៗ​នេះ​គឺ​ជា​ការ​ពិត។

ត្រូវ​ដឹង​ថា មនុស្ស​ជោគជ័យ​និង​មាន​អនាគត​ជា​សេដ្ឋី គឺ​មាន​ទម្លាប់​បង្វឹក​ និង​បណ្ដុះ​បណ្ដាល​ខ្លួន​ឯង​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត​របស់​ខ្លួន ហើយ​ជានិច្ចកាល​នៅ​ពេល​ដែល​ពួក​គេ​មាន​វ័យ​ចំណាស់ ជីវភាព​របស់​ពួក​គេ​គឺ​តែង​តែ​ធូរធារ។ ផ្ទុយ​មក​វិញ​សម្រាប់​មនុស្ស​ដែល​តែង​តែ​មាន​ទម្លាប់​ក្រោក​ពី​គេង​យឺត មិន​ទម្លាប់​វិនិយោគ​នឹង​ផ្ដល់​ចំណេះ​ដឹង​អោយ​ខ្លួន​ឯង ឬ ចូល​ចិត្ត​ចំណាយ​ពេល​ធ្វើ​រឿង​ឥត​ប្រយោជន៍​ច្រើន នោះ​នៅ​ពេល​ណាមួយ​នៃ​អនាគត​ពួក​គេ​នឹង​ទទួល​អារម្មណ៍​ថា ខ្លួន​ឯង​គឺ​ដើរ​ពី​ក្រោយ​គេ​យ៉ាង​ដាច់​ឆ្ងាយ ហើយ​អ្នក​មិន​អាច​ផ្ដល់​តម្លៃ​អ្វី​ ឬ​សូម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​អ្នក​ដទៃ​បាន​នោះ​ទេ។

សូម​ចង​ចាំ​ពាក្យ​សម្ដី​មួយ​ឃ្លា​នេះ ដែល​គេ​និយាយ​ថា "បុគ្គល​ទាំង​ឡាយ​ណា​ដែល​មិន​សូវ​ប្រឹងប្រែង​ អភិវឌ្ឍន៍​ខ្លួន​ឯង​នៅ​វ័យ​ក្មេង ពួក​គេ​នឹង​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​ច្រើន​នៅ​ពេល​ដែល​ពួក​គេ​មាន​វ័យ​កាន់​តែ​ចាស់"។

) ពួកគេងប់ងល់ខ្លាំងជាមួយនឹងកីឡា

អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ លើក​លែង​តែ​អ្នក​គឺ​ជា​អត្ត​ពលិក ឬ​ជា​ម្ចាស់​ក្លិប​កីឡា​ណាមួយ​ បើ​មិន​អញ្ចឹង​ទេ អ្នក​គ្មាន​មូល​ហេតុ​ចាំ​បាច់​អ្វី​ដែល​ត្រូវ​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​អ្នក ទៅ​ទស្សនា​ការ​ប្រកួត​កីឡា​ទាល់​តែ​សោះ។ ចំនុច​មួយ​នេះ​គឺ​វា​ស្រដៀង​គ្នា នឹង​ចំនុច​ទី​មួយ​ដែរ ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ទស្សនា​ទូរទស្សន៍ ដើម្បី​គេច​វេស​ពី​ស្ថានភាព​ជាក់​ស្ដែង និង​ធ្វើ​ការ​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​របស់​ខ្លួន។

សាក​គិត​ឡើង​វិញ ប្រសិន​បើ​អ្នក​ជា​អ្នក​ចូល​ចិត្ត​ទស្សនា​ការ​ប្រកួត​កីឡា​ម្នាក់ អ្នក​គឺ​កំពុង​តែ​ធ្វើ​អោយ​ខ្លួន​ឯង​ស្ថិត​ក្នុង​ស្ថានភាព​ជា​អ្នក​ទស្សនា ជា​អ្នក​នៅ​ក្រៅ​សង្វៀន​ ឬ​ទីលាន​ប្រកួត ហើយ​បើ​និយាយ​អោយ​ងាយ​ស្ដាប់​ទៅ វត្តមាន​របស់​អ្នក​គឺ​មិន​បាន​ធ្វើ​អោយ​ជះឥទ្ធិពល​អ្វី​បន្តិច​សោះ​ ទៅ​ដល់​លទ្ធផល​នៃ​ការ​ប្រកួត​។ អាកប្បកិរិយា​បែប​នេះ​គឺ​ដក់​នៅ​ជាប់​ក្នុង​ជីវិត​ និង​ការ​រស់​នៅ​របស់​អ្នក ដែល​វា​នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា​ទស្សនិកជន​ ដែល​ចាំ​មើល​និង​បណ្ដែត​បណ្ដោយ​អោយ​ជីវិត​ខ្លួន​ឯង​ ដើរ​ទៅ​តាម​យថាកម្ម ជាជាង​ ធ្វើ​ខ្លួន​ជា​អត្តពលិក ដែល​ជា​ចលករ​ធ្វើ​អោយ​លទ្ធផល​នៃ​ជីវិត​របស់​ខ្លួន ប្រែប្រួល​នឹង​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ឯង។

) ពួកគេមិនសូវមានអនាម័យ និងមិនសូវចូលចិត្តសំអាតខ្លួនប្រាណអោយបានញឹកញាប់នោះទេ

​បើ​តាម​ស្ដាប់​ពី​ដំបូង ចំណុច​នេះ​ហាក់​បី​ដូច​ជា ចំណុច​ដែល​គ្រាន់​តែ​ត្រូវ​បាន​ប្រឌិត​ឡើង​មក ក៏​ប៉ុន្តែ​តាម​ពិត​ទៅ​វា​គឺ​ជា​ការ​ពិត ហើយ​បើ​សិន​ជា​យើង​គិត​អោយ​បាន​ហ្មត់ចត់​ពី​វា នេះ​គឺ​ពិត​ជា​ចំណុច​ដែល​ត្រឹម​ត្រូវ​បំផុត។

ត្រូវ​ចាំ​ថា ការ​ងារ​ស្ទើរ​តែ​គ្រប់​ប្រភេទ​ ទំនាក់​ទំនង​ ​និង​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្សេងៗ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​សុទ្ធ​តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​ជួប​មុខ​ផ្ទាល់​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​តម្លៃ​ដ៏​ជោគជ័យ រវាង​ភាគី​ទាំង​សង​ខាង។ ដូច្នេះ​សាក​គិត​បន្តិច​ទៅ​មើល៎ ប្រសិន​បើ​រាង​កាយ​របស់​អ្នក​គ្មាន​អនាម័យ ឬ​មាន​ក្លិន​មិន​ល្អ តើ​អ្នក​អាច​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង និង​ប្រកប​ការ​ងារ​ទាំង​នោះ​ដែរ​ឬ​ទេ?

មនុស្ស​ទូទៅ​និង​មិន​សូវ​មាន​ជំនឿ​ចិត្ត ឬ​ចង់​ចំណាយ​ពេល​វេលា​ច្រើន​ជាមួយ​នឹង​មនុស្ស​ដែល​គ្មាន​អនាម័យ​នោះ​ទេ។ មូល​ហេតុ​បែប​នេះ​ហើយ ទើប​ជីវិត​របស់​មនុស្ស​ពួក​គេ​ត្រូវ​ជួប​ប្រទះ​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ ប្រសិន​បើ​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មិន​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​នឹង​អ្នក តើ​អ្នក​អាច​ស្រូប​ទាញ​អតិថិជន និង​ដៃគូ​បាន​ដោយ​របៀប​ណា​ទៅ?

គឺ​បែប​នេះ​ហើយ ត្រង់​ចំណុច​ទី​៦ ​នេះ​គឺ​ហាក់​បី​ដូច​ជា​គួរ​អោយ​អស់​សំណើច ប៉ុន្តែ​ជំហាន​ដំបូង​ក្នុង​ការ​ទទួល​បាន​ជោគជ័យ គឺ​ត្រូវ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​របស់​អ្នក​អោយ​បាន​ស្អាត​ល្អ។

) ពួកគេចូលចិត្តបន្ទោសអ្នកដទៃពីផលលំបាកផ្សេងៗដែលកើតឡើងក្នុងជីវិតរបស់ខ្លួន

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ ដែល​អ្នក​បាន​ស្គាល់​ នឹង​កំពុង​តែ​ធ្វើ​ការ​រអ៊ូ​រទាំ​ ឬ​បន្ទោស​អ្នក​ដទៃ​ ហើយ​មាន​លេស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ចំពោះ​ជីវិត​ដែល​បរាជ័យ​របស់​ពួក​គេ​?

ពេល​ខ្លះ​យើង​អាច​និយាយ​បាន​ថា​រឿង​រ៉ាវ​មួយ​ចំនួន ខ្លួន​របស់​យើង​ផ្ទាល់​មិន​អាច​មាន​លទ្ធភាព​គ្រប់​គ្រង​វា​បាន​នោះ​ទេ ក៏​ប៉ុន្តែ​ត្រូវ​ចាំ​ថា ៩៩% នៃ​ហេតុការណ៍​ ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ប្រិយមិត្ត​ គឺ​វា​បណ្ដាល​មក​ពី​ការ​សម្រច​ចិត្ត​ និង​សកម្មភាព​ដែល​ប្រិយមិត្ត​ជា​អ្នក​ប្រព្រឹត្ត​ដោយ​ផ្ទាល់​ខ្លួន​ឯង។ ត្រូវ​ចាំ​ថា​មាន​តែ​ខ្លួន​យើង​ផ្ទាល់​ប៉ុណ្ណោះ ដែល​ជា​អ្នក​មាន​លទ្ធភាព​អាច​កំណត់​នូវ​ជោគ​វាសនា​របស់​ខ្លួន​បាន។ គឺ​ខ្លួន​របស់​យើង​ផ្ទាល់​ ដែល​ជា​អ្នក​កំណត់​នឹង​ជ្រើសរើស​យក​ទំនាក់​ទំនង​ផ្សេងៗ​នៅ​ក្នុង​ជីវិត គឺ​ខ្លួន​របស់​យើង​ផ្ទាល់ ដែល​ជា​អ្នក​កំណត់​នូវ​សុខភាព​របស់​ខ្លួន ថា​តើ​យើង​ចង់​មាន​សុខភាព​ល្អ​ ឬ​មិន​ល្អ​ ហើយ​ប្រសិន​បើ​ប្រិយមិត្ត​មិន​ចូល​ចិត្ត​នូវ​ចំណុច​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ខ្លួន​ឯង នោះ​គឺ​មាន​តែ​ប្រិយមិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ គ្មាន​នរណា​ម្នាក់​អាច​មក​ផ្លាស់​ប្ដូរ​អោយ​ប្រិយមិត្ត​បាន​នោះ​ទេ។

ភាព​ខុស​គ្នា​រវាង​អ្នក​មាន​និង​អ្នក​ក្រ​នោះ​គឺ នៅ​ពេល​ដែល​មាន​រឿង​មិន​ល្អ​ណា​មួយ​កើត​ឡើង អ្នក​ក្រ​ឬ​មនុស្ស​បរាជ័យ ចូល​ចិត្ត​ជ្រើស​រើស​យក​វិធី​ទួញ​សោក ​ចង់​អោយ​អ្នក​ដទៃ​អាណិត​អាសូរ ខណៈ​ដែល​អ្នក​មាន​ឬ​មនុស្ស​ជោគជ័យ ​សម្លឹង​មើល​ទៅ​លើ​រឿង​រ៉ាវ​មួយ​នេះ ហើយ​ធ្វើ​ការ​សិក្សា​ពី​វា ពួក​គេ​ចង់​ប្រាកដ​ក្នុង​ចិត្ត​ថា​តើ​មូល​ហេតុ​អ្វី​បាន​ជា​បញ្ហា​មួយ​នេះ​អាច​កើត​ឡើង​មក​បាន ហើយ​ចុង​ក្រោយ​ពួក​គេ​នឹង​ស្វែង​រក​នូវ​វិធីសាស្ដ្រ​ដើម្បី​ការ​ពារ​ខ្លួន​របស់​ពួក​គេ កុំ​អោយ​បញ្ហា​ដដែល​នេះ អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ពួក​គេ​បន្ត​ទៀត​នា​ពេល​អនាគត។

ប្រិយមិត្ត​ឃើញ​ទេ នេះ​ហើយ​ជា​ចំនុច​ខុស​គ្នា ខណៈ​ដែល​ភាគី​ម្ខាង​ជ្រើស​រើស​ផ្លូវ​ធ្វើ​ខ្លួន​ជា​ជន​រង​គ្រោះ ភាគី​ម្ខាង​ទៀត​និង​ប្រើប្រាស់​បញ្ហា​ដូច​គ្នា​នេះ មក​ធ្វើ​ជា​ចលករ​ដើម្បី​ជំរុញ​អោយ​ជីវិត​របស់​ពួក​គេ​កាន់​តែ​ជោគជ័យ​ទៅ​វិញ។

អានវគ្គបន្តរ...

ឃ្លាំងគំនិត យល់ដឹង អាជីវកម្ម