សួស្ដីប្រិយមិត្តទាំងអស់គ្នា ថ្ងៃនេះយើងមានអត្ថបទដ៏ល្អមួយពាក់ព័ន្ធជាមួយនឹងការសេពគប់ និងរបៀបត្រួតពិនិត្យមនុស្សចំនួន ៧ប្រភេទដែលប្រិយមិត្តគួរតែព្យាយាមនៅអោយឆ្ងាយ ហើយកាត់បន្ថយការចំណាយពេលជាមួយនឹងពួកគេ ប្រសិនបើប្រិយមិត្តចង់ទទួលបាននូវភាពជោគជ័យ នៅក្នុងជីវិត។
ចំពោះមូលហេតុដែលយើង គប្បីជៀសវាងការសេពគប់ជាមួយនឹងមនុស្សប្រភេទទាំងអស់នេះ គឺដោយសារតែពួកគេនឹងធ្វើអោយប៉ះពាល់ យ៉ាងខ្លាំងដល់អារម្មណ៍ ផ្លូវចិត្ត ហើយនិងផ្នត់គំនិតរបស់យើង។ ហើយប្រសិនបើប្រិយមិត្ត គឺជាមនុស្សដែលចង់ទទួលបានភាពជោគជ័យ និងសុភមង្គល នៅក្នុងជីវិតរស់នៅរបស់ខ្លួន ប្រិយមិត្តគួរតែធ្វើការសម្រេចចិត្តជាដាច់ខាត ក្នុងការជៀសវាងសេពគប់មនុស្សប្រភេទទាំងអស់នេះ។
ដូច្នេះ ប្រសិនបើប្រិយមិត្តបានត្រៀមខ្លួនរួចរាល់ហើយនោះ មកតាមដានទាំងអស់គ្នានូវ "មនុស្សអវិជ្ជមាន ៧ប្រភេទ ដែលប្រិយមិត្តដាច់ខាត គួរតែជៀសវាងសេពគប់ជាមួយ" ខាងក្រោម៖
១) មនុស្សចូលចិត្តនិយាយដើមគេ
ដោយមិនចាំបាច់ និយាយរៀបរាប់ច្រើន មនុស្សប្រភេទនេះ ប្រហែលជាមានប្រិយមិត្តខ្លះបានដឹងហើយថា ពួកគេចូលចិត្តបំផុត គឺយករឿងរបស់អ្នកដទៃមកជជែកវែកញែក ហើយធ្វើការរិះគន់ និងទិះទៀន នៅពីក្រោយខ្នង ដោយមិនអោយអ្នកនោះដឹងខ្លួន។ ចំណុចសំខាន់មួយដែលប្រិយមិត្ត គួរតែដឹងនោះគឺ បើសិនជាមនុស្សប្រភេទនេះយករឿងរ៉ាវអាថ៍កំបាំង របស់អ្នកដទៃមកប្រាប់ដល់ប្រិយមិត្ត តើប្រិយមិត្តហ៊ានប្រាកដនៅក្នុងចិត្តដែរទេ ថាពួកគេនឹងមិនយករឿងអាថ៍កំបាំងរបស់ប្រិយមិត្ត ទៅវែកញែកប្រាប់អ្នកដទៃផ្សេងទៀតដែរនោះ?
ប្រសិនបើប្រិយមិត្ត បានពិនិត្យឃើញថាខ្លួនកំពុងតែស្ថិតនៅក្នុងកិច្ចសន្ទនាមួយ ដែលមនុស្សនៅក្នុងក្រុមសន្ទនានេះ ចាប់ផ្ដើមនិយាយដើម ហើយវាយប្រហារនរណាម្នាក់ដែលគ្មានវត្តមាននៅទីនេះហើយនោះ ប្រិយមិត្តគួរតែព្យាយាមធ្វើការហាមឃាត់ពួកគេ ហើយប្រសិនបើពួកគេមិនយកចិត្តទុកដាក់ នឹងការហាមឃាត់របស់ប្រិយមិត្តទេ ប្រិយមិត្តអាចដើរចេញពីកិច្ចសន្ទនា ដែលឥតប្រយោជន៍ និងមិនបានផ្ដល់ជាតម្លៃមួយនេះបាន។
ត្រូវចាំថាមនុស្សដែលចូលចិត្តនិយាយដើមអ្នកដទៃ ចូលចិត្តចាប់ផ្ដើមដោយការនិយាយដល់ឈ្មោះមនុស្សដែលពួកគេស្គាល់ (អាចជាមិត្តភក្ដ អ្នករួមការងារ ឬថ្នាក់ដឹកនាំ ដែលរូបអ្នកក៏បានស្គាល់ដែរ) ហើយចាប់ផ្ដើមបន្ថែមនូវ ចំណុចអវិជ្ជមានចូលទៅក្នុងនោះ។ អ្វីដែលអ្នកអាចធ្វើបាន គឺប្រាប់អោយពួកគេឈប់ ពីព្រោះអ្នកមិនចង់ចំណាយពេលស្ដាប់រឿងទាំងនេះនោះទេ។ ប្រសិនបើអ្នកគឺកំពុងតែស្ថិតក្នុងកិច្ចសន្ទនា ដែលមានមនុស្សច្រើន អ្នកអាចចាកចេញពីកិច្ចសន្ទនានេះ ហើយត្រលប់ទៅធ្វើកិច្ចការដែលផ្ដល់ជាប្រយោជន៍ សម្រាប់អ្នកវិញទើបជាការប្រសើរ។ ពីព្រោះថាប្រសិនបើអ្នកនៅតែបន្តធ្វើការសន្ទនាជាមួយនឹងពួកគេ លទ្ធផលបន្ទាប់នោះគឺ អ្នកប្រហែលជានឹងយករឿងអាថ៍កំបាំងមួយនេះ ទៅនិយាយបន្តដល់អ្នកដទៃ ឬអ្នកអាចមានអារម្មណ៍មិនល្អជាមួយនឹងមនុស្សដែល ត្រូវបានគេនិយាយដើមនោះ ទាំងដែលពីមុនមក អ្នកទាំងពីរគឺគ្មានបញ្ហាជាមួយនឹងគ្នាសោះ។
ជាដំណោះស្រាយដែលល្អបំផុត ប្រិយមិត្តគួរតែព្យាយាមធ្វើការពន្យល់ប្រាប់ដល់មនុស្ស ដែលចូលចិត្តនិយាយដើមអ្នកដទៃនោះថា ការនិយាយដើម និងរិះគន់អ្នកដទៃពីក្រោយខ្នង គឺជារឿងដែលមិនល្អទាល់តែសោះ ហើយវាពិតជាមិនអាចជួយអ្វីដល់នរណាម្នាក់បានឡើយ សូម្បីតែមនុស្សដែលត្រូវបានពួកគេលើកយកមកនិយាយនោះក៏ដោយ។
២) មនុស្សពូកែច្រណែនអ្នកដទៃ
មនុស្សមួយប្រភេទនេះ គឺជាមនុស្សដែលចូលចិត្ត ធ្វើការរារាំង និងធ្វើការរិះគន់នូវរាល់គំនិតដែលអ្នកលើកឡើងមកនិយាយ។ តាមពិតទៅមនុស្សប្រភេទនេះ គឺមានអារម្មណ៍ល្អ ហើយចូលចិត្តអ្នកទៅវិញទេ គ្រាន់តែពួកគេមិនបានដឹងថា ត្រូវបញ្ចេញអារម្មណ៍នោះ មកខាងក្រៅតាមរបៀបណាតែប៉ុណ្ណោះ។
មនុស្សដែលច្រណែននឹងអ្នកភាគច្រើន គឺចូលចិត្តបន្ទាបតម្លៃរបស់អ្នក ដោយនិយាយថាអ្នកមិនសាកសម អ្នកជាមនុស្សបានតែមាត់ ឬល្អមិនទាន់គ្រប់គ្រាន់។ល។ ប៉ុន្តែអ្វីដែលអ្នកគួរតែយល់នោះគឺ តាមពិតទៅ មនុស្សប្រភេទនេះគឺគ្រាន់តែចង់ជួយអ្នកតែប៉ុណ្ណោះ។ សម្រាប់ខ្លួនរបស់ ចំណេះ ផ្ទាល់គឺតែងតែគិតថា ពាក្យសំដីរិះគន់ និងការទិះទៀនទាំងអស់នោះ គឺជាកម្លាំងជម្រុញទឹកចិត្តមួយប្រភេទ ហើយធ្វើអោយខ្លួនរបស់ ចំណេះ ផ្ទាល់ប្រឹងប្រែងធ្វើកិច្ចការអោយកាន់តែល្អជាងមុន ដើម្បីយកឈ្នះលើពាក្យសំដីអវិជ្ជមានទាំងអស់នោះ។ កុំអនុញ្ញាតិអោយការរិះគន់ និងពាក្យសំដីអវិជ្ជមានរបស់មនុស្សទាំងអស់នោះ មកបំផ្លាញដល់កម្លាំងចិត្ត និងបន្ទាបដល់តម្លៃរបស់ប្រិយមិត្តបានអោយសោះ ត្រូវចងចាំថា វាសនានិងជីវិតរបស់អ្នក គឺមានតែខ្លួនរបស់អ្នកតែប៉ុណ្ណោះដែលជាអ្នកសម្រេចនិងគូសវាស។
ប្រហែលអាចមានប្រិយមិត្តខ្លះ ចោទជាសំណួរឡើងមកថា៖ "តើមនុស្សដែលច្រណែន ហើយនិងស្អប់ខ្លួននោះ គឺសម្គាល់តាមរបៀបណា?" អនុញ្ញាតិអោយ ចំណេះ លើកជាឧទាហរណ៍សាមញ្ញមួយបង្ហាញជូនប្រិយមិត្ត។ ក្នុងករណីដែលប្រិយមិត្ត បានធ្វើការរៀបរាប់ពីឱកាស ដែលប្រិយមិត្តយល់ថាជាឱកាសដ៏ល្អ និងកម្រមួយ បង្ហាញប្រាប់ដល់មនុស្សណាម្នាក់នោះ ដោយមិនទាន់បានត្រួតពិនិត្យ និងស្វែងយល់អោយបានគ្រប់ជ្រុងជ្រោយផង ពួកគេព្យាយាមហាមឃាត់គំនិតរបស់អ្នក ដោយស្វ័យប្រវត្តតែម្ដង ឬជួនកាលពួកគេព្យាយាមគៀបសង្កត់ និងបន្ទាបបន្ថោកនូវគំនិតយោបល់ ដែលអ្នកបានរៀបរាប់ប្រាប់ពួកគេនោះ។ មនុស្សបែបនេះហើយ អាចជាមនុស្សដែលព្យាយាមរារាំងផ្លូវរបស់អ្នក ហើយត្រូវចាំថា មនុស្សប្រភេទនេះ តែងតែមានលេសគ្រប់បែបយ៉ាង ពន្យល់ដល់អ្នកថា គំនិតនិងសមត្ថភាពរបស់អ្នក គឺល្អមិនទាន់គ្រប់គ្រាន់រហូត។
៣) មនុស្សចូលចិត្តនិយាយច្រើនឥតខ្លឹមសារ
មនុស្សដែលចូលចិត្តបបួលប្រិយមិត្តធ្វើកិច្ចការមិនបានផ្ដល់ជាតម្លៃ ដោយចំណាយពេលច្រើនឥតប្រយោជន៍ ក៏ជាមនុស្សមួយប្រភេទដែលប្រិយមិត្តគប្បីជៀសវាងដែរ។ ប្រិយមិត្តរបស់ ចំណេះ ទាំងអស់ប្រហែលជាបានដឹងហើយថា ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗនោះ គឺជាពេលវេលានេះឯង។
មនុស្សដែលចូលចិត្តចំណាយពេលច្រើនធ្វើរឿងឥតប្រយោជន៍ គឺមានច្រើនរបៀប និងច្រើនសណ្ឋាន ហើយវាគឺពិតជាប្រការដែលមានសារៈសំខាន់បំផុត ដែលប្រិយមិត្តត្រូវដឹងថា តើខ្លួនកំពុងតែចំណាយពេល ជាមួយនឹងមនុស្សអូសបន្លាយពេលប្រភេទមួយណា។ មនុស្សប្រភេទខ្លះ គឺចូលចិត្តចំណាយពេលនិយាយអូសបន្លាយឥតប្រយោជន៍ ហើយអ្វីដែលប្រិយមិត្តគួរធ្វើជាមួយនឹងមនុស្សរបៀបនេះ គឺអោយពួកគេលើកឡើងពីចំណុចសំខាន់តែម្ដង។ ចំណែកមនុស្សប្រភេទខ្លះទៀត ចូលចិត្តពិភាក្សាលើរឿងដែលជាប្រធានបទ ដែលគ្មានប្រយោជន៍ ដូចជាពត៌មានស្ដីទំនាក់ទំនងរបស់តារា ពត៌មានកីឡា ឬពត៌មានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលទោះបីជាដឹងក៏មិនបានផ្ដល់ជាតម្លៃអ្វីទាល់តែសោះ ហើយអ្វីដែលប្រិយមិត្តគួរធ្វើ គឺអោយពួកគេលើកឡើងពីចំណុចសំខាន់ ដែលពួកគេចង់និយាយ ដូច្នេះប្រិយមិត្តអាចមានលទ្ធភាពត្រលប់ទៅធ្វើកិច្ចការរបស់ខ្លួនបានជាបន្តទៀត។
មនុស្សដែលចូលចិត្តនិយាយ ដោយចំណាយពេលឥតប្រយោជន៍ភាគច្រើន គឺមិនបានដឹងថាខ្លួនចំណាយពេលច្រើន និងមិនចេះពីរបៀបគ្រប់គ្រងពេលវេលានោះទេ ដូច្នេះពេលខ្លះពួកគេគឺគ្មានចេតនា ឬមិនបានដឹងថា ខ្លួនគឺកំពុងតែបង្ហិនពេលវេលារបស់អ្នកនោះទេ។ អ្វីដែលប្រិយមិត្តគួរធ្វើ គឺបង្ហាញប្រាប់ពួកគេថា អ្នកគឺយល់ពីអ្វីដែលពួកគេចង់និយាយ ប៉ុន្តែអ្នកមានកិច្ចការសំខាន់ជាងនេះ ដែលត្រូវធ្វើ ហើយអ្នកនឹងត្រលប់មកស្ដាប់ពួកគេនៅពេលក្រោយ។
៤) មនុស្សចូលចិត្តចាយលុយក្នុងហោប៉ៅអ្នក
មនុស្សប្រភេទនេះ ភាគច្រើនអាចជាមិត្តភក្ដ ដែលអ្នកសេពគប់ជាមួយ ហើយនៅរៀងរាល់ពេលដែលត្រូវធ្វើការគិតបញ្ជីនោះ ពួកគេគឺតែងតែព្យាយាមគេចវេស ហើយអោយអ្នកជាអ្នកចេញជំនួសជានិច្ច។ ឬជួនកាលជាមិត្តភក្ដ ដែលចូលចិត្តទិញនេះ ទិញនោះ ដោយខ្ចីប្រាក់របស់អ្នកទៅទិញ ហើយធ្វើជាភ្លេច មិនព្រមសងត្រលប់មកអោយអ្នកវិញ។ និយាយជារួមទៅគឺជាមនុស្សដែលសេពគប់អ្នក ដើម្បីតែប្រយោជន៍ឬមើលអ្នកគ្រាន់តែជាសាច់ជ្រូកបីជាន់។
អនុញ្ញាតិអោយ ចំណេះ បង្ហាញនូវវិធីមួយដើម្បីត្រួតពិនិត្យមើលថា មិត្តភក្ដ ឬមនុស្សដែលអ្នកសេពគប់ជាមួយជាមនុស្សប្រភេទនេះ តាមរបៀបណា។ អ្វីដែលប្រិយមិត្តគួរធ្វើនោះគឺ កត់ត្រាការចំណាយផ្សេងៗរបស់ប្រិយមិត្តប្រចាំខែ (ក្នុងករណីដែលប្រិយមិត្ត មានគណនីធនាគារ ប្រិយមិត្តអាច បោះពុម្ភរបាយការណ៍ហិរញ្ញវត្ថុកាលពីខែមុន) ហើយត្រួតពិនិត្យមើល និងសួរខ្លួនឯងមួយសំណួរថា "តើប្រាក់របស់ខ្ញុំចំណាយទៅលើមនុស្សណាខ្លះ?" ហើយតើប្រាក់ទាំងនោះ ប្រិយមិត្តចំណាយដើម្បីជួយដល់ពួកគេ ឬជាការចំណាយដែលពួកគេស្នើសុំប្រិយមិត្ត។
ត្រូវចាំថា មនុស្សដែលចូលចិត្តចំណាយប្រាក់របស់អ្នក ចូលចិត្តស្នើសុំអ្នកអោយជួយដល់ពួកគេ ឬទិញរបស់របរណាដែលពួកគេផ្ទាល់មិនជាសូវត្រូវការផង។ ក្នុងករណីនេះ ប្រិយមិត្តប្រហែលជាដឹងហើយថា ខ្លួនគឺកំពុងតែមានទំនាក់ទំនង ឬសេពគប់ជាមួយនឹងមនុស្ស ដែលមើលឃើញតែប្រាក់ របស់អ្នកតែមួយមុខប៉ុណ្ណោះ។
៥) មនុស្សដែលស្ទាក់ស្ទើរ ឬប្រើអារម្មណ៍ជ្រុលហួសហេតុ
មនុស្សប្រភេទទីប្រាំ ដែលប្រិយមិត្តគួរតែជៀសវាងសេពគប់ជាមួយនោះ គឺប្រភេទមនុស្សដែលចូលចិត្តប្រើអារម្មណ៍ជ្រុល មនុស្សដែលក្នុងជីវិត និងការគិត គឺពោរពញទៅដោយបញ្ហាមួយរយជំពូក ហើយសម្លឹងមើលពិភពលោកដោយសុទិដ្ឋនិយម។
អ្វីដែលប្រិយមិត្តគួរតែដឹងនោះគឺ មនុស្សប្រភេទនេះគឺមានច្រើន និងសម្បូរខ្លាំងណាស់នៅលើផែនដីនេះ ហើយចំណុចសំខាន់ដែលប្រិយមិត្តត្រូវយល់នោះគឺ កុំអនុញ្ញាតិអោយបញ្ហា និងគំនិតអវិជ្ជមានរបស់ពួកគេ អាចមានលទ្ធភាពជ្រៀតចូលមកក្នុងខួរក្បាល និងជីវិតរស់នៅ របស់អ្នកបានអោយសោះ។ បើដូច្នេះ ចំណុចណាខ្លះ ដែលប្រិយមិត្តអាចសម្គាល់មើលដឹងថា មនុស្សណាម្នាក់គឺជាមនុស្សប្រភេទនេះ?
មនុស្សដែលស្ទាក់ស្ទើរ និងជាមនុស្សប្រើអារម្មណ៍ជ្រុល យើងអាចសម្គាល់មើលបាន តាមរយៈអត្តចរិតផ្ទាល់ខ្លួនរបស់ពួកគេបាន ដោយពួកគេគឺជាមនុស្សដែល ទម្រើសខ្លាំងណាស់។ មនុស្សបែបនេះ សូម្បីតែសម្លៀកបំពាក់ ការសន្ទនា ឬមនុស្សដែលខ្លួនស្រលាញ់ ក៏ពួកគេត្រូវត្រួតពិនិត្យ និងជ្រើសរើស ទាល់តែគ្រប់លក្ខ័ណ្ឌដែរ ទើបពួកគេសម្រេចចិត្តថាជ្រើសយក។ និយាយអោយខ្លី ងាយស្រួលយល់ គឺជាមនុស្សដែលអ្វីៗ ត្រូវតែ Perfect ដូចទៅនឹងការគិតរបស់ពួកគេ។
តាមពិតទៅ មនុស្សប្រភេទនេះ អាចផ្ដល់ជាជំនួយផ្នែកគំនិត សម្រាប់ការរស់នៅរបស់ប្រិយមិត្តបាន ក៏ប៉ុន្តែប្រិយមិត្តមិនគួរចំណាយពេលជាមួយនឹង ពួកគេច្រើនខ្លាំងពេកនោះទេ ប្រសិនបើប្រិយមិត្តមានគោលដៅធំ នៅក្នុងជីវិតដែលអ្នកចង់សម្រេចអោយបាន។
៦) មនុស្សសំបូរលេសដោះសារ
មនុស្សប្រភេទនេះ ប្រិយមិត្តមិនគួរសេពគប់ជាមួយនោះទេ ព្រោះថាប្រសិនបើមានបញ្ហាមិនល្អណាមួយ ដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ ពួកគេនឹងព្យាយាមរកលេសដោះសារគ្រប់បែបយ៉ាង ហើយបន្ទោសទៅលើរឿងរ៉ាវ ឬព្រឹត្តិការណ៍ណាមួយ ទើបបានជាបណ្ដាលអោយជីវិតរបស់ពួកគេ ត្រូវជួបប្រទះនឹងរឿងបែបនេះ។ ទាំងដែលការពិតទៅ អ្វីៗដែលកើតឡើងនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ៩៩% គឺជាគំនិត និងសកម្មភាពដែលពួកគេគឺជាអ្នកជ្រើសរើសដោយខ្លួនឯង។
នៅពេលជួបប្រទះបញ្ហានៅក្នុងជីវិតរស់នៅ ដោយជំនួសអោយការស្វែងរកដំណោះស្រាយ ពួកគេបែរជាព្យាយាមបន្ទោសអ្នកដទៃ។ ហើយប្រសិនបើអ្នកចូលចិត្តចំណាយពេលជាមួយនឹងពួកគេ អ្នកនឹងមានទំនោរ គិតដូចជាពួកគេដែរ ហើយពួកគេនឹងផ្ដល់យោបល់អវិជ្ជមាន ប្រាប់ដល់អ្នកថា បញ្ហារបស់អ្នកគឺមិនមែនជាកំហុសរបស់អ្នកនោះទេ វាគឺដោយសារតែហេតុផលបែបនេះ ឬបែបនោះផ្សេងទៅវិញ។
នៅពេលដែលអ្នកដឹងខ្លួនថា ខ្លួនឯងគឺកំពុងតែសេពគប់ជាមួយនឹងមនុស្សប្រភេទនេះ អ្នកអាចធ្វើការណែនាំប្រាប់ពួកគេ អោយផ្លាស់ប្ដូរនូវការគិតរបៀបនេះចេញ ដោយជំនួសដោយការស្វែងរកដំណោះស្រាយដ៏សាកសមវិញ។ ប៉ុន្តែប្រសិនបើអ្នកសង្កេតឃើញថា ពួកគេគ្មានទំនោរនៅក្នុងការផ្លាស់ប្ដូរការគិតបែបនេះចេញទេ អ្នកគួរព្យាយាមកាត់បន្ថយការចំណាយពេលជាមួយនឹងពួកគេបាន។
ដៃគូផ្សព្វផ្សាយ៖ ចំណេះ