លក្ខណៈទាំង ៥ របស់មនុស្សឆ្លាត

,

មនុស្សឆ្លាតគឺជាពពួកមនុស្សដែលមានគំនិតគិតគូរបានវែងឆ្ងាយ អាចមើលដឹងពីរឿងហេតុនានាដែលមនុស្សសាមញ្ញមើលរំលង។ ជាងនេះទៅទៀតពួកគេក៏ជាមនុស្សដែលស្គាល់កាលៈទេសៈ ចេះបត់បែន ចេះសម្របខ្លួនបានលឿនទៅនឹងស្ថានការ និងធ្វើការតាមសភាពជាក់ស្តែងបានយ៉ាងល្អផងដែរ។ មិនតែប៉ុណ្ណោះមនុស្សឆ្លាតជាមនុស្សដែលចេះដាក់ខ្លួន មិនក្រអឺតក្រទម​ មិនក្អេងក្អាង ឬអួតអាងពីសមត្ថភាពទ្បើយ  ប៉ុន្តែពួកគេក៏មិនអនុញាតិឲ្យអ្នកណាម្នាក់មកបំពាន ជាន់បំបាក់ ឬមើលងាយគេទ្បើយ។

អ្នកប្រាជ្ញម្នាក់នៅក្នុងរឿងសាមកុក ស៊ឺម៉ាអ៊ី បាននិយាយថា “អ្នកឆ្លាតគិតឆ្ងាយ មើលធ្លុះលទ្ធិផល”។ ស្របតាមន័យគឺគាត់ចង់បញ្ជាប់ប្រាប់ថា មនុស្សឆ្លាតគឺជាមនុស្សដែលស្គាល់យ៉ាងច្បាស់អំពីគតិ ហេតុផល និងលទ្ធិផល។

ទាក់ទងនឹងភាពជាមនុស្សឆ្លាតវៃនេះ ព្រះគុណម្ចាស់ គូ សុភាព ទ្រង់ក៏បានលើកហេតុផលមួយចំនួនមកបកស្រាយបញ្ជាក់ផងដែរ។ លោកគ្រូបានលើកទ្បើងចំនួន ៥ លក្ខណៈរបស់មនុស្សឆ្លាតដូចខាងក្រោមនេះ៖

១) ដឹងហេតុ

ដឹងហេតុនៅទីនេះមានន័យថាអ្នកត្រូវចេះត្រិះរិះពិចារណារកហេតុ ចំណងដើមទងឲ្យច្បាស់មុនឈានទៅរកការអាកាត់អំពីហេតុភេទណាមួយដែលបានកើតទ្បើង។ ឧទាហរណ៍ នៅពលយើងឃើញមិត្តភក្តិ ឬអ្នករួមការងាររបស់យើងម្នាក់ មានទឹកមុខក្រម៉ូវ មិនរីក មិនមាត់មិនកដូចសព្វដង យើងគិតក្នុងចិត្តថា ម៉េចក៏ថ្ងៃនេះម្នាក់ហ្នឹងលេងរឹកពារ ឬមានកំហឹងអីជាមួយពួកយើង។ ប៉ុន្តែជាការពិតគាត់អាចមានវិបត្តិក្នុងចិត្តអ្វីមួយដែលមិនចង់ឲ្យយើងដឹង ឬមានបញ្ហានៅក្នុងគ្រួសារជាដើម។

២) ដឹងផល

ដឹងផលនៅទីនេះគឺសំដៅលើការចេះវែកញែករកផលដែលនឹងកើតទ្បើងប្រសិនបើយើងធ្វើរឿងអ្វីមួយ។ ឧទាហរណ៍ នៅពេលអ្នកស្រែកជេរឬស្តីបន្ទោសឲ្យអ្នកនៅក្រោមបង្គាប់នៅពេលដែលគេធ្វើខុសដោយមិនបានសួរនាំរកមូលហេតុ នោះមានន័យថាអ្នកជាមេ ជាអ្នកដឹកនាំដែលមិនចេះស្វែងយល់និងលើកទឹកចិត្តបុគ្គលិក។ ជួនកាលអាចបណ្តាលមកពីបុគ្គលិកគាត់មានវិបត្តិផ្លូវចិត្ត ឬអារម្មណ៍ស្មុគស្មាញដែលនាំឲ្យមានការច្របូកច្របល់។

៣) ស្គាល់ខ្លួនឯង

ក្នុងន័យនេះ ស្គាល់ខ្លួនឯងមានន័យថា ការស្គាល់អំពីឋានៈ តួរនាទីរបស់ខ្លួនច្បាស់លាស់ ។ នៅពេលធ្វើអ្វីមួយត្រូវដឹងពីដែនកំណត់ ត្រូវដឹងពីសមត្ថភាពរបស់ខ្លួន កុំចង់បង្ហាញចង់ដំកើងពីខ្លួនឯងដោយជាន់គេជាន់ឯង មិនដឹងមេមិនដឹងកើយ ដណ្តើមកិច្ចការគេធ្វើ ធ្វើដូចចេះតែឯង គ្មានអ្នកណាចេះដល់ខ្លួន។

៤) ស្គាល់កាលៈទេសៈ

ស្គាល់កាលៈទេសៈ មានន័យថាការដឹងអំពីពេលត្រូវធ្វើ ពេលត្រូវនិយាយ កុំចេះតែធ្វើដោយគ្មានលំអាន គ្មានលំនាំ កុំចេះតែនិយាយដោយមិនដឹងវេលា មិនដឹងប្រធានបទ គ្មានក្បាលគ្មានកន្ទុយ កាត់គេកាត់ឯង និយាយហូរហែរហត់តែមាត់អត់ប្រយោជន៍។ កុំនិយាយឲ្យលើសពីឋានានុក្រមរបស់ខ្លួន ដោយចង់បង្ហាញថាខ្លួនអស្ចារ្យ ជាអ្នកមានចំណេះលើសគេ។

៥) ស្គាល់បុគ្គលដែលខ្លួនទាក់ទង

ការស្គាល់ពីបុគ្គលដែលខ្លួនទាក់ទងមានសារៈសំខាន់យ៉ាងខ្លាំងក្នុងជីវិតមនុស្ស ហើយក៏ជាលក្ខណៈរបស់មនុស្សឆ្លាតផងដែរ។ មនុស្សឆ្លាតគេតែងតែធ្វើការសិក្សាស្វែងយល់ឲ្យស្គាល់ច្បាស់ជាមុននូវបុគ្គលណាម្នាក់ដែលគេបម្រុងនឹងទៅប្រាស្រ័យទាក់ទងជាមួយ ជាពិសេសក្នុងទំនាក់ទំនងជាផ្លូវការដូចជា ការងារ ការរកស៊ី ឬការអប់រំជាដើម។

អត្ថបទដោយ៖ យឿន ស័រ

ឃ្លាំងគំនិត យល់ដឹង