បុគ្គលជោគជ័យរូបណា ដែលជាមនុស្សដែលមានទ្រព្យសម្បត្តិស្ដុកស្ដមបំផុតក្នុងទ្វីបអាស៊ី ប្រចាំឆ្នាំ២០១៧នេះ? តោះមកតាមដាន និងធ្វើការស្វែងយល់ពីបុគ្គលជោគជ័យទាំងអស់នោះខាងក្រោម៖
បញ្ជាក់៖ ទិន្នន័យទាំងឡាយដែលចុះផ្សាយក្នុងអត្ថបទមួយនេះ ត្រូវបានដកស្រង់ដោយផ្ទាល់ពី គេហទំព័រ Forbes នឹងគិតត្រឹមខែតុលាឆ្នាំ២០១៧។
១០) លោកស្រី Yang Huiyan (ទ្រព្យសម្បត្តិសរុប ២០,៤ ពាន់លានដុល្លា)
លោកស្រី Yang គឺជាសហគ្រិន និងជាអ្នកវិនិយោគសញ្ជាតិចិន ហើយក៏ជាអ្នកដែលមានភាគហ៊ុនច្រើនបំផុត ក្នុងក្រុមហ៊ុន Country Garden Holdings។ ឪពុករបស់លោកស្រី បានធ្វើការផ្ទេរនូវភាគហ៊ុនប្រមាណ ៧០% របស់ក្រុមហ៊ុនអោយមកលោកស្រី មុនពេលក្រុមហ៊ុនមួយនេះប្រកាសចូលទីផ្សារភាគហ៊ុន កាលពីឆ្នាំ២០០៧កន្លងទៅ។
លោកស្រី Yang គឺជាស្ដ្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេប្រចាំទ្វីបអាស៊ី និងជាបេក្ខភាពនារីតែមួយគត់ ដែលមានឈ្មោះនៅក្នុងបញ្ជីនេះ។ ទ្រព្យសម្បត្តិរបស់លោកស្រី ត្រូវបានប៉ានប្រមាណថាមានចំនួនប្រហែល ២០,៤ ពាន់លានដុល្លា នឹងមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
៩) លោក Wang Wei (ទ្រព្យសម្បត្តិសរុប ២១,១ ពាន់លានដុល្លា)
លោក Wang Wei គឺជាពាណិជ្ជករជនជាតិចិន និងជាអគ្គនាយកក្រុមហ៊ុន SF Express ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មដឹកជញ្ជូននៅក្នុងប្រទេសចិន។ បច្ចុប្បន្នលោក Wang រស់នៅក្នុងទីក្រុងហុងកុង ហើយត្រូវបានប៉ានស្មានថាមានទ្រព្យសម្បត្តិសរុបចំនួន ២១,១ ពាន់លានដុល្លា។
ចំណែកក្រុមហ៊ុន SF Express របស់លោកត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ហើយបច្ចុប្បន្នជាក្រុមហ៊ុនដឹកជញ្ជូនធំលំដាប់ទីពីរ នៅក្នុងប្រទេសចិន តាមពីក្រោយក្រុមហ៊ុន China Post។
៨) លោក Masayoshi Son (ទ្រព្យសម្បត្តិសរុប ២២,៦ ពាន់លានដុល្លា)
លោក Masayoshi Son គឺជាពាណិជ្ជករជនជាតិជប៉ុន ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SoftBank Mobile និងជាអគ្គនាយកសាជីវកម្ម Sprint Corporation។ លោកក៏ធ្លាប់មានបទពិសោធន៍ជួបនូវការបរាជ័យជាច្រើនផងដែរ ក្នុងនោះការបរាជ័យដ៏ធំបំផុតរបស់លោកគឺ ការខាតបង់ទ្រព្យសម្បត្តិសរុបប្រមាណ ៧០ពាន់លានដុល្លា ក្រោយវិបត្តិសេដ្ឋកិច្ចអ៊ីនធើណេត (Dot Com) កាលពីឆ្នាំ ២០០០ កន្លងមក។ ជាការពិត ការបាត់បង់ទ្រព្យសម្បត្តិដ៏មហាសាលរបស់លោកនេះ គឺជាប់ក្នុងកំណត់ត្រាដែលច្រើនជាងគេក្នុងប្រវត្តិសាស្ដ្រ។
បច្ចុប្បន្នលោក Masayoshi គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដមជាងគេនៅក្នុងប្រទេសជប៉ុន និងជាប់ចំណាត់ថ្នាក់លេខ៨ នៅក្នុងទ្វីបអាស៊ី។ ទ្រព្យសម្បត្តិសរុបរបស់លោកត្រូវបានប៉ានប្រមាណថា មានចំនួនស្មើនឹង ២២,៦ ពាន់លានដុល្លា។
៧) លោក Lee Shau-Kee (ទ្រព្យសម្បត្តិសរុប ២៨,៧ ពាន់លានដុល្លា)
លោក Lee Shau-Kee គឺជាសេដ្ឋីអចលនទ្រព្យប្រចាំទីក្រុងហុងកុង និងជាម្ចាស់ភាគហ៊ុនច្រើនបំផុតរបស់ក្រុមហ៊ុន Henderson Land Development។ HLD គឺជាបណ្ដុំនៃក្រុមហ៊ុនជាច្រើនច្របាច់បញ្ចូលគ្នា ដែលក្នុងនោះមានដូចជាក្រុមហ៊ុនសំណង់អគារ សណ្ឋាគារ ភោជនីយដ្ឋាន និងជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធើណេត។
លោក Lee បានកើតនឹងធំដឹងក្ដីនៅក្នុងគ្រួសារក្រីក្របំផុតមួយ នៅក្នុងប្រទេសចិន ហើយសូម្បីតែអាហារបរិភោគ ក៏គ្រួសារលោកមិនអាចផ្គត់ផ្គង់អោយលោកបានគ្រប់គ្រាន់ដែរ។ លោកធ្លាប់បាននិយាយថា សមាជិកនៅក្នុងក្រុមគ្រួសាររបស់លោក អាចមានឱកាសបរិភោគត្រី និងសាច់បានត្រឹមតែម្ដង ឬពីរដងប៉ុណ្ណោះក្នុងពេលមួយខែ។
សព្វថ្ងៃនេះទ្រព្យសម្បត្តិសរុបរបស់លោក Lee Shau-Kee ត្រូវបានប៉ានប្រមាណថាមានចំនួន ២៨,៧ ពាន់លានដុល្លា ដែលធ្វើអោយរូបលោកជាបុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដមបំផុត ក្នុងចំណោមសេដ្ឋីផ្សេងៗទៀត នៅក្នុងប្រទេសចិន។
៦) លោក Wang Jianlin (ទ្រព្យសម្បត្តិសរុប ២៩,៦ ពាន់លានដុល្លា)
លោក Wang Jianlin គឺជាកំពូលពាណិជ្ជករ អ្នកវិនិយោគ និងជាសប្បុរសជនមួយរូបផងដែរ។ គាត់ជាស្ថាបនិកក្រុមហ៊ុន Dalian Wanda Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យធំជាងគេនៅក្នុងប្រទេសចិន។ DWG ក៏ជាក្រុមហ៊ុនដែលមានរោងភាពយន្ដធំជាងគេបំផុតផងដែរ នៅក្នុងប្រទេសចិន។
លោក Wang ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពអស់រយៈពេល ១៦ឆ្នាំ ហើយនៅក្នុងឆ្នាំ ១៩៩២ លោកបានក្លាយជាអគ្គនាយកក្រុមហ៊ុន Dalian Wanda Group ដោយពេលនោះលោកមានវ័យត្រឹម ៣៧ឆ្នាំប៉ុណ្ណោះ។
ទ្រព្យសម្បត្តិសរុបរបស់លោក Wang ត្រូវបានប៉ានស្មានថាមានចំនួន ២៩,៦ ពាន់លានដុល្លា ក្នុងខណៈពេលចេញផ្សាយរបស់អត្ថបទនេះ។
៥) លោក Li-Ka Shing (ទ្រព្យសម្បត្តិសរុប ៣៣,៩ ពាន់លានដុល្លា)
លោក Li-Ka Shing គឺជាសេដ្ឋីដែលមានជាងគេបំផុតនៅក្នុងទីក្រុងហុងកុង និងជាបុគ្គលដែលមានទ្រព្យសម្បត្តិមហាសាលក្នុងចំណោមសេដ្ឋីល្បីៗដទៃទៀតនៅអាស៊ី ដែលទ្រព្យសម្បត្តិសរុបរបស់លោក ត្រូវបានប៉ាន់ប្រមាណថាមានចំនួនស្មើនឹង ៣៣,៩ ពាន់លានដុល្លា។
លោក Shing គឺជាពាណិជ្ជករ សប្បុរសជន និងជាវិនិយោគិនមួយរូបផងដែរ។ បច្ចុប្បន្នលោកមានតួនាទីជាអគ្គនាយកក្រុមហ៊ុន CK Hutchison Holdings ដែលជាក្រុមហ៊ុនវិនិយោគលើកំពង់ផែនាំមុខគេ ដែលអភិវឌ្ឍន៍និងដំណើរការនៅទូទាំងពិភពលោក។ លោកក៏ជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុនលក់ផលិតផលគ្រឿងសម្អាង នៅអាស៊ី និងអ៊ឺរ៉ុបផងដែរ។
៤) លោក Mukesh Ambani (ទ្រព្យសម្បត្តិសរុប ៣៤,៩ ពាន់លានដុល្លា)
លោក Mukesh Ambani គឺជាពាណិជ្ជករជនជាតិឥណ្ឌា ហើយបច្ចុប្បន្នលោកមានតួនាទីជាអគ្គនាយក និងជាម្ចាស់ភាគលាភភាគច្រើនរបស់ក្រុមហ៊ុន Reliance Industries Limited។ ក្រុមហ៊ុន RIL ត្រូវបានចុះផ្សាយនៅក្នុងបញ្ជីក្រុមហ៊ុនលំដាប់ជួរមុខទាំង ៥០០ នៅលើពិភពលោក និងជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់ជាងគេនៅលើទីផ្សារ នេះបើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនដទៃទៀត នៅក្នុងប្រទេសឥណ្ឌា។
ដោយសារមូលហេតុនេះ ដែលបានជួយអោយលោក Mukesh បានជាប់ឈ្មោះនៅក្នុងបញ្ជីពាណិជ្ជករដែលមានទ្រព្យសម្បត្តិស្ដុកស្ដមបំផុតនៅអាស៊ី ដែលបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបចំនួនប្រមាណ ៣៥ ពាន់លានដុល្លា។
៣) លោក Ma Hueteng (ទ្រព្យសម្បត្តិសរុប ៣៧,៩ ពាន់លានដុល្លា)
លោក Ma Hueteng គឺជាសហគ្រិនផ្នែកពត៌មានវិទ្យាជនជាតិចិន។ លោកគឺជាស្ថាបនិក អគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនអ៊ីនធើណេតដ៏ធំបំផុត នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Tencent នេះក៏ជាក្រុមហ៊ុនដែលគ្រប់គ្រងសេវាកម្មផ្ញើរសារទូរស័ព្ទធំជាងគេ នៅក្នុងប្រទេសចិនផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Hueteng ត្រូវបានចុះផ្សាយពីរដងនៅលើក្នុងទស្សនាវដ្ដី Time ថាជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នលោកជាអ្នកដែលមានទ្រព្យសម្បត្តិស្ដុកស្ដមបំផុតទីបី ទាំងនៅក្នុងប្រទេសចិន ក៏ដូចជានៅអាស៊ី។
ទ្រព្យសម្បត្តិសរុបរបស់លោក ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៧,៩ ពាន់លានដុល្លា។
២) លោក Hui Ka Yan (ទ្រព្យសម្បត្តិសរុប ៣៨,១ ពាន់លានដុល្លា)
លោក Hui Ka Yan គឺជាពាណិជ្ជករសញ្ជាតិចិន អគ្គនាយក និងជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសចិន។ ជាធម្មតាលោកត្រូវបានគេស្គាល់ថាជា Donald Trump របស់ប្រទេសចិន។ លោកធ្លាប់ជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតទីមួយនៅអាស៊ី ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ៣៨,១ ពាន់លានដុល្លា រហូតទាល់តែថ្មីៗនេះ ត្រូវបានយកឈ្នះដោយបុគ្គលមួយរូប ដែលនៅលេខរៀងបន្ទាប់ខាងក្រោមនេះ។
១) លោក Jack Ma (ទ្រព្យសម្បត្តិសរុប ៣៨,២ ពាន់លានដុល្លា)
សេដ្ឋីដែលជោគជ័យ ហើយមានទ្រព្យសម្បត្តិមហាសាលជាងគេ និងជាមនុស្សដែលគួរយកគម្រូតាមនៅក្នុងបញ្ជីនេះ គឺមហាសេដ្ឋី Jack Ma។ លោក Jack Ma បានប្រឹងប្រែងធ្វើការ ហើយបានឡើងចំណាត់ថ្នាក់ក្នុងបញ្ជីនេះជាលំដាប់ ហើយបច្ចុប្បន្នលោកក៏ស្ថិតនៅទីកំពូលគេផងដែរ។
លោក Jack Ma គឺជាពាណិជ្ជករជនជាតិចិន និងជាស្ថាបនិករបស់ក្រុមហ៊ុន Alibaba Group។ គាត់ចាប់ផ្ដើមពីបុគ្គលដែលត្រូវក្រុមហ៊ុន KFC បដិសេធមិនផ្ដល់ការងារ ត្រូវបដិសេធដោយសាកលវិទ្យាល័យ Havard និងត្រូវបានបដិសេធពីឱកាសជាច្រើនទៀត ហើយចុងក្រោយដែលជម្រុញអោយរូបលោកចាប់ផ្ដើមបង្កើតក្រុមហ៊ុន ដែលមានតម្លៃថ្លៃបំផុតមួយនៅក្នុងប្រវត្តិសាស្ដ្រមនុស្សជាតិ។
បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Ma គឺត្រូវបានវាយតម្លៃថាមានចំនួន ៣៨,២ ពាន់លានដុល្លា។ ពិតជាមិនធម្មតា សម្រាប់មនុស្សម្នាក់ដែលត្រូវបានទាត់ចោលដោយ KFC ក្នុងប្រទេសចិន។
ដៃគូផ្សព្វផ្សាយ៖ ចំណេះ