គន្លឹះសំខាន់ៗក្នុងការសរសេរ​​ Cover Letter ឲ្យមាន​ប្រសិទ្ធិភាពក្នុងការស្នើរសុំ

,

លិខិត​អមមុខ ឬ​ Cover Letter គឺ​ជា​ឯកសារ​ដែល​លោក​អ្នក​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​នឹង​ប្រវត្តិ​រូប​សង្ខេប ដើម្បី​ដាក់​ពាក្យ​ស្វែង​រក​ការ​ងារ​ណាមួយ។ ដូច​ទៅ​នឹង​ឈ្មោះ​របស់​វា "លិខិត​អមមុខ" ដូច្នេះ​តាម​ធម្មតា​អ្នក​ត្រូវ​ដាក់​វា​ពី​ខាង​មុខ ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន ហើយ​ជា​ទូទៅ​គឺ​មាន​ប្រវែង​ត្រឹម​មួយ​ទំព័រ​ប៉ុណ្ណោះ។

ជាធម្មតា​អ្នក​អាច​សរសេរ​រៀប​រាប់​ពី​បទពិសោធន៍ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​គុណសម្បត្តិ​ផ្សេងៗ​របស់​ខ្លួន​ដាក់​នៅ​ក្នុង Cover Letter ដើម្បី​បង្ហាញ​ដល់​អ្នក​ជ្រើសរើស​បុគ្គលិក ក៏​ប៉ុន្តែ​ជា​ទូទៅ​គឺ​មាន​ធាតុ​ផ្សំ​សំខាន់ៗ​ ចំនួន​ ១០​ចំណុច ដែល​អ្នក​ចាំ​បាច់​គួរ​តែ​សរសេរ​ចូល​ទៅ​ក្នុង Cover Letter របស់​ខ្លួន ដើម្បី​ធ្វើ​អោយ​អ្នក​លេច​ធ្លោ​ជាង​បេក្ខជន​ដទៃ​ទៀត។ ដែល​ចំណុច​ទាំង​ ១០ នោះ​រួម​មាន៖

១) ពត៌មាន​ផ្ទាល់​ខ្លួន

ដើម្បី​ចាប់​ផ្ដើម​នូវ​ Cover Letter របស់​ខ្លួន អ្នក​គប្បី​សរសេរនូវ​ពត៌មាន​ផ្ទាល់​របស់​អ្នកដាក់​នៅ​លើ​ផ្ទៃ​ខាង​លើ​បំផុត​នៃ​ទំព័រ។ ចំណែក​ពត៌មាន​ដែល​អ្នក​គួរ​តែ​សរសេរ​ចូល​រួម​មាន៖

  • ឈ្មោះ​ពេញ​របស់​ខ្លួន
  • អាស័យដ្ឋាន
  • លេខទូរស័ព្ទ និង
  • អ៊ីម៊ែល

២) កាលបរិច្ឆេទ​នៃ​ការ​ដាក់​ពាក្យ

អ្នក​ចាំបាច់​ត្រូវ​សរសេរ​ចូល​នូវ​កាល​បរិច្ឆេទ​ជាក់​លាក់ នៃ​ពេល​វេលា​ដែល​អ្នក​ដាក់​ពាក្យ​ទៅ​កាន់​ក្រុមហ៊ុន ឬ​និយោជក។ ហើយ​ទម្រង់​កាល​បរិច្ឆេទ​ដែល​ត្រឹម​ត្រូវ​តាម​ភាសាអង់គ្លេ​ស​នោះ​គឺ ឧទាហរណ៍៖ October 30, 2017

៣) ពត៌មាន​និយោជក

បន្ទាប់​ពី​ចំណុច​ពីរ​ខាង​លើ អ្នក​គួរ​តែ​សរសេរ​នូវ​ពត៌មាន​របស់​និយោជក​ចូល​ផង​ដែរ។ ចំណែក​ពត៌មាន​ដែល​អ្នក​គួរ​សរសេរ​ចូល​រួម​មាន៖

  • ឈ្មោះ​ក្រុមហ៊ុន
  • អាស័យដ្ឋាន
  • លេខ​ទូរស័ព្ទ​ និង​
  • អ៊ីម៊ែល

៤) ប្រធាន​បទ​នៃ​លិខិត​របស់​អ្នក (១ បន្ទាត់​ប៉ុណ្ណោះ)៖ អ្នក​ត្រូវ​តែ​សរសេរ​ប្រាប់​និយោជក ពី​គោល​បំណង​នៃ​លិខិត​របស់​លោក​អ្នក ដោយ​បង្ហាញ​ពី​ឈ្មោះ​មុខ​តំណែង​ដែល​អ្នក​ចង់​ដាក់​ពាក្យ​ស្នើ​សុំ។ ជា​ឧទាហរណ៍៖ Apply for Project Manager។ល។

៥) ពាក្យ​គួរ​សម (​ភាសា​គាវរកិច្ច)

មុន​ពេល​ដែល​ប្រិយមិត្ត​ចាប់​ផ្ដើម​សរសេរ​ ​កថាខ័ណ្ឌ​ដំបូង​នៃ​សំបុត្រ​របស់​ខ្លួន ប្រិយមិត្ត​គប្បី​ប្រើ​ភាសា​គាវរកិច្ច ចំពោះ​អ្នក​អាន​សំបុត្រ​នោះ ជា​ឧទាហរណ៍៖ ជម្រាប​សួរ​លោក ឬ​លោក​ស្រី (ជា​ភាសា​ខ្មែរ) និង Dear Sir/Madam (ជា​ភាសា​អង់គ្លេស)។ ចំណាំ៖ ប្រសិន​បើ​ប្រិយមិត្ត​ស្គាល់​ឈ្មោះ និង​ភេទ​របស់​អ្នក​ដែល​ត្រូវ​ទទួល​សំបុត្រ​នោះ ប្រិយមិត្ត​អាច​សរសេរ​ឈ្មោះ និង​សម្ដែង​ភាព​គួរ​សម​ទៅ​តាម​ភេទ​របស់​គាត់ ដាក់​ចូល​ក្នុង​សំបុត្រ​បាន។

៦) កថាខ័ណ្ឌ​ដំបូង​ (សេចក្ដី​ផ្ដើម)

នៅ​ក្នុង​កថាខ័ណ្ឌ​ដំបូង​ ប្រិយមិត្ត​អាច​សរសេរ​ដោយ​បង្ហាញ​ពី​មុខ​តំណែង​ដែល​ប្រិយមិត្ត​ជ្រើស​រើស និង​ធ្វើ​ការ​ប្រាប់​ដល់​និយោជក​នូវ​ពេល​វេលា ក៏​ដូច​ជា​ទី​កន្លែង​ដែល​ប្រិយមិត្ត​ទទួល​បាន​ដំណឹង​នៃ​ការ​ជ្រើសរើស​បុគ្គលិក​នេះ​បាន។

៧) តួសេចក្ដី​ទី​មួយ៖ ប្រិយមិត្ត​អាច​ធ្វើ​ការ​រៀប​រាប់​ដោយ​សង្ខេប ​ពី​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​ខ្លួន​ដាក់​បញ្ចូល​បាន។

៨) តួ​សេចក្ដី​ទី​ពីរ៖ ធ្វើ​ការ​រៀប​រាប់​ដោយ​សង្ខេប ពី​បទពិសោធន៍​ការ​ងារ​ដែល​ទាក់​ទង​នឹង​មុខ​តំណែង​ដែល​ប្រិយមិត្ត​ចង់​ធ្វើ។

៩) បញ្ចប់​សេចក្ដី៖ ប្រិយមិត្ត​អាច​ធ្វើ​ការ​សង្កត់​ធ្ងន់​ទៅ​លើ ការ​តាំង​ចិត្ត​និង​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​មុខ​តំណែង​នោះ​បាន។

១០) ហត្ថលេខា​និង​ឈ្មោះ​ពេញ

ដើម្បី​បញ្ចប់​នូវ​លិខិត​ Cover Letter របស់​ខ្លួន​អោយ​បាន​ត្រឹម​ត្រូវ ប្រិយមិត្ត​គប្បី​សរសេរ​ឈ្មោះ​ពេញ​របស់​ខ្លួន​ ដាក់​នៅ​ខាង​ក្រោម​បំផុត​ចូល​ម្ដង​ទៀត ព្រម​ជាមួយ​នឹង​ហត្ថលេខ​ផង​ដែរ៕

ដៃគូផ្សព្វផ្សាយ៖ ចំណេះ

យល់ដឹង