សួស្ដីប្រិយមិត្តទាំងអស់គ្នា។ តើពេលនេះ ប្រិយមិត្តមានគ្រួសារ ឬក៏ជាមនុស្សនៅលីវ? ហើយប្រសិនបើប្រិយមិត្តមានគ្រួសាររួចហើយ តើប្រិយមិត្តមានបុត្រ ឬក៏មានគម្រោងយកបុត្រដែរឬទេ ក្នុងពេលនេះ? ទោះជាប្រិយមិត្ត ស្ថិតក្នុងដំណាក់កាលមួយណាក៏ដោយ ចំណេះ សូមធ្វើការចែករំលែក នូវអត្ថបទដ៏ល្អមួយនេះ ដែល ចំណេះ បានធ្វើការដកស្រង់ពី គេហទំព័រដ៏ល្បី Business Insider ដែលធ្វើការរៀបរាប់នូវ "អាកប្បកិរិយា និង ទម្លាប់ចិញ្ចឹមកូនខុសឆ្គង ៦ចំណុច របស់ឪពុកម្ដាយមួយចំនួន ដែលជាកត្តារារាំង ធ្វើអោយប៉ះពាល់ដល់ភាពជោគជ័យនៅក្នុងជីវិតរបស់ក្មេង" ដូចខាងក្រោម៖
១) ឪពុកម្ដាយដែលមានទម្លាប់ផ្ដាច់ការ
ឪពុកម្ដាយដែលមានទម្លាប់ចិញ្ចឹមកូន តាមរបៀបផ្ដាច់ការ គឺមាននិន្នាការមិនចូលចិត្តអោយកូនបានបញ្ចេញគំនិតផ្ទាល់ខ្លួន ឬអោយពួកគេមានឱកាសបាននិយាយពីមូលហេតុនៃសកម្មភាពណាមួយរបស់ខ្លួននោះទេ។ ទម្លាប់របស់ឪពុកម្ដាយប្រភេទនេះ គឺបង្គាប់បញ្ជាអោយកូន ដាច់ខាតត្រូវតែធ្វើតាមគំនិតរបស់ខ្លួន ដោយមិនព្រមពន្យល់ប្រាប់ដល់ក្មេងថា ហេតុអ្វីបានជាពួកគេត្រូវធ្វើបែបនោះទេ។
មានការសិក្សាស្រាវជ្រាវមួយបានបង្ហាញអោយឃើញថា នៅពេលដែលឪពុកម្ដាយប្រភេទនេះ ធ្វើការត្រួតពិនិត្យសៀវភៅលំហាត់របស់កូន វាបានធ្វើការរារាំងនិងប៉ះពាល់ជាខ្លាំង ដល់ការសិក្សារបស់ក្មេងនៅឯសាលា។
២) ឪពុកម្ដាយដែលអនុញ្ញាតិអោយកូនៗ មើលទូរទស្សន៍នៅពេលពួកគេមានវ័យក្មេងពេក
ករណីនេះគឺដូចគ្នា ទៅនឹងការអោយកូន ប្រើឧបករណ៍អេឡិចត្រូនិច (ដូចជាទូរស័ព្ទ Tablet ជាដើម។ល។) នៅពេលដែលពួកគេមានវ័យក្មេងខ្លាំងផងដែរ។ អ្នកស្រាវជ្រាវជាច្រើន បានធ្វើការលើកឡើងដូចៗគ្នាថា ក្មេងៗដែលមើលទូរទស្សន៍ច្រើន គឺមិនសូវមានពេល យកចិត្តទុកដាក់រៀនសូត្រ ឬធ្វើកិច្ចការសាលាអោយបានជាប់លាប់នោះទេ។
អ្វីដែលប្រិយមិត្តជាឪពុកម្ដាយគួរតែធ្វើនោះគឺ កម្រិតពេលវេលាសមរម្យណាមួយដើម្បីអោយកូនរបស់ខ្លួនមើលទូរទស្សន៍ ឬប្រើឧបករណ៍អេឡិចត្រូនិច បន្ទាប់ពីពួកគេបានធ្វើកិច្ចការសាលារួច ទើបជាការប្រសើរ។
៣) ឪពុកម្ដាយដែលចូលចិត្តស្រែកគំហ៊ក ឬប្រើពាក្យអសុរោះថាអោយកូនជាញឹកញាប់
ការស្រែកគំហ៊ក ជេរប្រមាថ ឬប្រើពាក្យអសុរោះថាអោយក្មេងជាញឹកញាប់ ឬសូម្បីតែនិយាយអោយពួកគេលឺ អាចបង្កទៅជាការជះឥទ្ធិពលអវិជ្ជមានជាច្រើន ទៅដល់ក្មេង។ ហើយសម្រាប់ក្មេង គឺវាធ្ងន់ធ្ងរជាការដាក់ទោស ដោយការវាយដំទៅទៀត។
៤) ឪពុកម្ដាយដែលរារាំងកូន ឬការពារកូនជ្រុលហួសហេតុខ្លាំងពេក
តាមពិត បើយើងពិនិត្យអោយដិតដល់ទៅ ឪពុកម្ដាយប្រភេទនេះ គឺស្រលាញ់កូនរបស់ខ្លួនខ្លាំងពេកប៉ុណ្ណោះ ប៉ុន្តែពួកគាត់ភ្លេចគិតថា ការរារាំងកូនមិនអោយបានស្គាល់ពិភពខាងក្រៅ នឹងធ្វើអោយក្មេងក្លាយទៅជាមនុស្សឆាប់ងាយរងគ្រោះ ពីព្រោះពួកគេមិនបានដឹងថា នៅពិភពខាងក្រៅពិតប្រាកដជាក់ស្ដែង អ្វីៗគឺមិនល្អទាំងអស់ ដូចនៅក្នុងសង្គមគ្រួសាររបស់ពួកគេនោះទេ។
ម៉្យាងការរារាំងក្មេងជ្រុលហួសហេតុបែបនេះ ក៏ជាកត្តាដែលធ្វើអោយក្មេងទទួលនូវអារម្មណ៍ តប់ប្រមល់ និងជំងឺបាក់ទឹកចិត្តក្នុងកម្រិតខ្ពស់បានថែមទៀតផង។ អ្នកស្រាវជ្រាវជាច្រើន បានរកឃើញថា ក្មេងដែលមានឪពុកម្ដាយ ស្រលាញ់ថ្នាក់ថ្នមហើយរារាំងពួកគេខ្លាំងនោះ គឺមាននិន្នាការពិបាកក្នុងការទទួលយកនូវគំនិតច្នៃប្រឌិតថ្មីៗ ហើយជាមនុស្សដែលស្ងៀមស្ងាត់ និងខ្សោយខាងទំនាក់ទំនង។
៥) ឪពុកម្ដាយដែលគ្មានក្ដីស្រលាញ់និងការថ្នាក់ថ្នមចំពោះគ្នា
ចំណុចនេះ បើនិយាយអោយងាយស្ដាប់ គឺចង់សំដៅទៅលើគូស្វាមីដែលមានបុត្រជាមួយគ្នា តែពួកគាត់ទាំងពីរ បានបាត់បង់នូវក្ដីស្រលាញ់ និងការយកចិត្តទុកដាក់អោយគ្នា ទៅវិញទៅមក។ ករណីនេះ គឺកើតមានឡើងច្រើនចំពោះ គូស្វាមីភរិយា នៅក្នុងសម័យបច្ចុប្បន្ននេះ មូលហេតុគឺអាចបណ្ដាលមកពីកត្តាជាច្រើន ប៉ុន្តែក្នុងនោះមូលហេតុសំខាន់មួយគឺអាចដោយសារតែពួកគាត់ ជាប់រវល់ការងារច្រើន ឬមានអារម្មណ៍ស្ដ្រេសពីកន្លែងធ្វើការ ដែលធ្វើអោយក្ដីស្រលាញ់ដែលធ្លាប់មាន ត្រូវបាត់បង់ម្ដងបន្តិចៗ។
ចំពោះឪពុកម្ដាយប្រភេទនេះ នឹងជះឥទ្ធិពលដល់ក្មេង ដែលនឹងធ្វើអោយពួកគេក្លាយទៅជា មនុស្សដែលមានបញ្ហាផ្នែកអាកប្បកិរិយា មនុស្សគ្មានសីលធម៌ មនុស្សអវិជ្ជមានឬទុទិដ្ឋិនិយម និងជាមនុស្សដែលពិបាកក្នុងការបង្ហាញអារម្មណ៍របស់ខ្លួន។
៦) ឪពុកម្ដាយដែលចូលចិត្តប្រើអំពើហិង្សា
នៅរៀងរាល់ពេលដែលកូនធ្វើអ្វីមួយខុស ឪពុកម្ដាយដែលចូលចិត្តដាក់ទោសកូន ដោយការវាយដំទោះតិចតួច ឬខ្លាំងក្ដី នឹងធ្វើអោយក្មេង ក្លាយទៅជាក្មេងដែលកាន់តែខូច ហើយជាក្មេងដែលកាន់តែមានបញ្ហា ឬចូលចិត្តធ្វើរឿងដដែលនោះ ដើម្បីផ្គើនឪពុកម្ដាយលើសដើម។
ការប្រើអំពើហិង្សានេះផងដែរ ក៏ជាមូលហេតុដែលបណ្ដាលអោយក្មេងៗ ងាយនឹងកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហើយក្លាយជាមនុស្សដែលមានបញ្ហាផ្នែកសតិបញ្ញាថែមទៀតផង។
បន្ទាប់ពីបានអាននូវចំណុចទាំង ៦ ដែលបានធ្វើការលើកឡើងខាងលើនេះរួចហើយ សង្ឃឹមថាប្រិយមិត្តដែលជា ឪពុកម្ដាយ ឬត្រៀមលក្ខណៈធ្វើជាឪពុកម្ដាយទាំងឡាយ យកទៅធ្វើការត្រិះរិះពិចារណា ដើម្បីចិញ្ចឹមបីបាច់កូនរបស់ខ្លួនអោយមានលទ្ធភាព ក្លាយទៅជាមនុស្សល្អ និងជាមនុស្សដែលជោគជ័យនៅក្នុងជីវិតរស់នៅរបស់ពួកគេបាន។
ដៃគូផ្សព្វផ្សាយ៖ ចំណេះ