Brian Tracy៖ កំហុសវិជ្ជមាន៤យ៉ាងក្នុងជីវិត ដែលលោកអ្នកគួរតែត្រេកអរក្នុងការធ្វើវា

,

សួស្ដី​ប្រិយមិត្ត ចំណេះ ទាំង​អស់​គ្នា។ ក្នុង​អត្ថបទ​នេះ ចំណេះ សូម​ធ្វើ​ការ​បង្ហាញ​ជូន​ពី "កំហុស​៤យ៉ាង​ក្នុង​ជីវិត ដែល​ប្រិយមិត្ត​គួរ​តែ​រីករាយ​ ដែល​បាន​សម្រេច​ចិត្ត​ធ្វើ​វា" ដែល​ជា​អត្ថបទ​ដក​ស្រង់​ចេញ​ពី បទ​បង្ហាញ​ផ្ទាល់​របស់​គ្រូបណ្ដុះបណ្ដាល​ផ្នត់​គំនិត ដ៏​ល្បី​ល្បាញ​គឺ​លោក Brian Tracy ដូច​តទៅ។

លោក Brian Tracy

ចំណុច​ដែល​ប្រិយមិត្ត​គួរ​តែ​ចង​ចាំ​នោះ​គឺ ជីវិត​របស់​មនុស្ស​ម្នាក់ៗ​គឺ​មិន​មែន​រស់​នៅ​ដើម្បី គេចវេស​ចេញ​ពី​បញ្ហា​នោះ​ទេ ប៉ុន្តែ​ជីវិត​រស់​នៅ​ដែល​មាន​ន័យ និង​ពិត​ប្រាកដ​មួយ​នោះ​គឺ​ជា​ការរស់​នៅ​ដោយ​ធ្វើ​ការ​រៀន​សូត្រ​ ពី​កំហុស​ឆ្គង​ឬ​បញ្ហា​ទាំង​អស់​នោះ។ ហើយ​ប្រសិន​បើ​នៅ​ក្នុង​ជីវិត គឺ​មិន​ដែល​ជួប​នឹង​បញ្ហា ឬ​ឧបសគ្គ​សោះ​នោះ អញ្ចឹង​ជីវិត​រស់​នៅ​របស់​យើង​គឺ​មិន​អាច​រីកចម្រើន ហើយ​ក៏​មិន​អាច​មាន​ភាព​លូតលាស់​ទៅ​មុខ​បាន​នោះ​ទេ។ ហើយ​អ្វី​ដែល​ប្រិយមិត្ត​ត្រូវ​ដឹង​ផង​ដែរ​នោះ​គឺ មនុស្ស​ជោគជ័យ​រូប​ណា​ក៏​ដោយ ដែល​នៅ​លើ​លោក​នេះ គឺ​មិន​អាច​មាន​លទ្ធភាព​ទទួល​បាន​អ្វី​ៗ ដែល​ពួក​គេ​មាន​ដូច​សព្វថ្ងៃ​នេះ​បាន​នោះ​ទេ ប្រសិន​បើ​ជីវិត​របស់​ពួក​គេ​មិន​ជួប​នឹង​បញ្ហា ទាល់​តែ​សោះ​នោះ។

ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ មក​តាម​ដាន​ជាមួយ​នឹង ចំណេះ ខាង​ក្រោម​ទាំង​អស់​គ្នា​នូវ "កំហុស​៤យ៉ាង​ក្នុង​ជីវិត ដែល​ប្រិយមិត្ត​គួរ​តែ​រីករាយ​ ដែល​បាន​សម្រេច​ចិត្ត​ធ្វើ​វា"៖

១) ជ្រើសរើស​ធ្វើការ​ងារ​ដែល​អ្នក​មិន​ស្រលាញ់ ឬ​មិន​ចង់​ធ្វើ

មនុស្ស​ម្នាក់​ណា​ក៏​ដោយ នៅ​ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​ប្រើ​ជីវិត​ចូល​ប្រឡូក​នៅ​ក្នុង​សង្គម និង​ជា​ពិសេស​សង្គម​ការ​ងារ ពួក​គេ​ម្នាក់​ៗ​តែង​តែ​មាន​ក្ដី​ស្រមៃ​ជាក់​លាក់​មួយ​ ចំពោះ​ការ​ងារ​ដែល​ពួក​គេ​ចង់​បាន និង​ចង់​ធ្វើ។

ខណៈ​ដែល​ប្រិយមិត្ត​ត្រូវ​តែ​បន្ត​នូវ​ក្ដី​ស្រមៃ​ទាំង​នោះ វា​ជា​ការ​ចាំ​បាច់​បំផុត​ដែល​អ្នក​ត្រូវ​ដឹង​ថា មុន​ពេល​ទទួល​បាន​អ្វី​ៗ​ទៅ​តាម​ការ​ស្រមៃ​នោះ អ្នក​ត្រូវ​ធ្វើ​ការ​ឆ្លង​កាត់​នូវ​ដំណាក់​កាល​មួយ​ចំនួន​ ដែល​មិន​អាច​រំលង​បាន ដូច​ជា​ការ​ធ្វើ​ការងារ​ដែល​អ្នក​មិន​សូវ​ពេញ​ចិត្ត ឬ​ខុស​ពី​ជំនាញ​របស់​ខ្លួន​ជា​ដើម។

ជា​ឧទាហរណ៍​ជាក់​ស្ដែង ពី​ជីវិត​របស់​មហាសេដ្ឋី Mark Cuban វិញ ការងារ​ដំបូង​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោក​នោះ​គឺ លោក​ធ្វើ​ការ​ជា​ភ្នាក់​ងារ​លក់ ថង់​ដាក់​សម្រាម​តាម​ផ្ទះ​មួយ​រូប។ ហើយ​សម្រាប់​មនុស្ស​ខ្លះ ការងារ​ប្រភេទ​នេះគឺ​ពិត​ជា​មិន​សាក​សម​នោះ​ទេ ជាមួយ​នឹង​មនុស្ស​ដែល​មាន​មហិច្ឆតា និង​ក្ដី​ស្រមៃ​ខ្ពស់​ដូច​ជា​លោក Mark Cuban។ ប៉ុន្តែ​សម្រាប់​លោក Mark វិញ​ ការ​ងារ​ដំបូង​នេះ គឺ​ជា​មេរៀន​ដ៏​មាន​តម្លៃ ហើយ​បាន​ជួយ​បង្រៀន​អោយ​គាត់ មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់ និង​វិធីសាស្ដ្រ​នៅ​ក្នុង​ការ​លក់​ដ៏​ជំនាញ ​ដែល​គាត់​ជ្រើស​យក​មក​ប្រើ​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​របស់​ខ្លួន នា​ពេល​ក្រោយ​មក​ទៀត។

ប្រិយមិត្ត​ពិនិត្យ​ឃើញ​ទេ​ថា ការ​ជ្រើសរើស​ធ្វើ​ការ​ងារ​អ្វី​ក៏​ដោយ ទោះ​ជា​យើង​ពេញ​ចិត្ត​ឬ​មិន​ពេញ​ចិត្ត វា​គឺ​មិន​មែន​ជា​កំហុស​ឆ្គង​នោះ​ទេ ប៉ុន្តែ​វា​នឹង​ក្លាយ​ទៅ​ជា​កំហុស​ក្នុង​ជីវិត​របស់​អ្នក ប្រសិន​បើ​រូប​អ្នក នៅ​តែ​បន្ត​ធ្វើ​កិច្ចការ​ដដែល​ៗ​នោះ ពេញ​មួយ​ជីវិត​ដោយ​មិន​ព្រម​ធ្វើ​ការ​ផ្លាស់​ប្ដូរ ហើយ​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន។ ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត សម្រេចចិត្ត​ធ្វើ​ជា​បុគ្គលិក​អោយ​ក្រុមហ៊ុន មួយ​ណា​ក៏​ដោយ ប្រិយមិត្ត​គប្បី​ធ្វើ​ការ​រៀន​សូត្រ​ពី​ការ​ងារ​ទាំង​អស់​នោះ​អោយ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ក៏​មិន​ត្រូវ​ធ្វើ​ការ​លះបង់​នូវ​មហិច្ឆតា និង​ការ​ងារ​ដែល​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​ចោល​ដូច​គ្នា​ដែរ។

២) ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​បាន​ទាក់​ទង​ជាមួយ​ ជាយូរ​មក​ហើយ

នៅ​ត្រង់​ចំណុច​នេះ មនុស្ស​រូប​ណា​ក៏​ដោយ នៅ​ពេល​ដែល​ពួក​គេ​បាន​សម្រេច​ចិត្ត បែក​គ្នា​ជាមួយ​នឹង​ដៃ​គូ ដែល​ខ្លួន​បាន​ទាក់​ទង​មក​ជាយូរ​មក​ហើយ​នោះ ពួក​គេ​តែង​តែ​មាន​អារម្មណ៍ សង្ស័យ និង​សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ ​មាន​អ្នក​ខ្លះ​លួច​សួរ​ខ្លួន​ឯង​ថា "តើ​ខ្ញុំ​បាន​បង្កើត​កំហុស​ដ៏​ធំ​មួយ​ ក្នុង​ជីវិត​ តើ​មែន​ដែរ​ឬទេ?" ហើយ​អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ខ្លួន​បាន​ធ្វើ​ការ​បោះបង់​ចោល​នូវ​ឱកាស​ដ៏​កម្រ​មួយ ក្នុង​ការ​ទទួល​បាន​ដៃគូ ឬ​មិត្ត​មួយ​រយ​ឆ្នាំ​នៅ​ក្នុង​ជីវិត​ ហើយ​អ្នក​នឹង​មិន​អាច​មាន​ឱកាស​ស្វែង​រក​បាន មនុស្ស​ល្អ​ដូច​ជា​អ្នក​ចាស់​ម្នាក់​នោះ​បាន​នោះ​ទេ។

ប៉ុន្តែ​អ្វី​ដែ​ល​ជា​ការ​ពិត​នោះ​គឺ ប្រសិន​បើ​កាលៈទេសៈ​ក្នុង​ជីវិត​របស់​អ្នក វា​ជា​កត្តា​ដែល​បង្ខំ​អោយ​អ្នក​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​លះបង់​ទំនាក់​ទំនង​មួយ​នោះ​ចោល នោះ​គឺ​មាន​ន័យ​ថា ទំនាក់​ទំនង​មួយ​នោះ ប្រហែល​មិន​មែន​ជា​ទំនាក់​ទំនង​ដែល​ល្អ​បំផុត​ដូច​ទៅ​នឹង​អ្វី ដែល​អ្នក​ធ្លាប់​បាន​គិត​នោះ​ទេ ទោះ​ស្ថិត​ចំពោះ​ស្ថានការណ៍​បែប​ណា​ក៏​ដោយ។ ត្រូវ​ចង​ចាំ​ថា ទំនាក់​ទំនង​ដែល​ល្អ​រវាង​មនុស្ស​ពីរ​នាក់ ពេល​ខ្លះ​គឺ​ពិត​ជា​អាច​មាន​ពេល​រីករាយ ហើយ​នឹង​ពេល​កើត​ទុក្ខ ប៉ុន្តែ​ប្រសិន​បើ​ក្នុង​ករណី​ដែល​មាន​ភាគី​ម្ខាង​ ​សម្រេច​ចិត្ត​បញ្ចប់​នូវ​ទំនាក់​ទំនង​មួយ​នោះ​មែន អញ្ចឹង​មាន​ន័យ​ថា ទំនាក់​ទំនង​នេះ​បាន​មក​ដល់​ទី​បញ្ចប់​ហើយ ហើយ​បើ​ទោះ​បី​ជា​ភាគី​ណាមួយ ចង់​ធ្វើ​ការ​អូសបន្លាយ​ ឬ​ពន្យា​ពេល​ក៏​ដោយ ក៏​វា​មិន​អាច​ផ្ដល់​ប្រយោជន៍​ដល់​នរណា​ម្នាក់​បាន​តទៅ​ទៀត​ដែរ។ លើស​ពី​នេះ​អ្វី​ដែល​អ្នក​ទទួល​បាន គឺ​មាន​តែ​ការ​ឈឺ​ចាប់ ហើយ​នឹង​ទុក្ខ​កង្វល់​តែ​ប៉ុណ្ណោះ។

ដូច្នេះ​វា​មិន​មែន​ជា​កំហុស​នោះ​ទេ ទោះ​ជា​អ្នក​ ឬ​ដៃ​គូ​របស់​អ្នក​ចង់​បញ្ចប់​នូវ​ទំនាក់​ទំនង​ដែល​មាន​ជាយូរ​ជា​មួយ​គ្នា​នោះ​មក​។ ហើយ​លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​បើ​ការ​សម្រេចចិត្ត​បែក​គ្នា​របស់​អ្នក​ទាំង​ពីរ គឺ​អាច​អនុញ្ញាតិ​អោយ​ភាគី​ទាំង​សង​ខាង អាច​បន្ត​ការ​រីក​ចម្រើន​ របស់​ខ្លួន​ទៅ​បាន នោះ​វា​រឹត​តែ​មិន​មែន​ជា​កំហុស។ បន្ទាប់​ពី​នោះ នៅ​ពេល​ដែល​អ្នក​អាច​ស្វែង​រក​ឃើញ​ដៃគូ​ដែល​ពិត​ប្រាកដ ដែល​អ្នក​អាច​មាន​លទ្ធភាព​រស់​នៅ​ជាមួយ​នឹង​គ្នា​ពេញ​មួយ​ជីវិត​បាន នោះ​ការ​លះបង់​អ្នក​ចាស់ ហើយ​នឹង​អតីតកាល​នានា កន្លង​មក វា​នឹង​ធ្វើ​អោយ​អ្នក​យល់​ឃើញ​ថា វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​បំផុត​មួយ នៅ​ក្នុង​ជីវិត​របស់​អ្នក។

៣) ផ្លាស់​ប្ដូរ​ទី​លំនៅ​ទៅ​កាន់​ទីកន្លែង​ថ្មី​ ឬ​ប្រទេស​ថ្មី

ការ​ផ្លាស់​ប្ដូរ​ទី​លំនៅ ទៅ​រស់​នៅ​ទី​កន្លែង​ថ្មី គឺ​ទាម​ទារ​នូវ​សេចក្ដី​ក្លាហាន​ខ្ពស់ ពីព្រោះ​សម្រាប់​មនុស្ស​ម្នាក់ គឺ​មាន​ន័យ​ថា​ពួក​គេ​នឹង​ត្រូវ​បាត់​បង់​មិត្ត​ភក្ដិ​ចាស់ៗ ចាក​ចេញ​ឆ្ងាយ​ពី​សាច់​ញាតិ ឬ​ក្រុម​គ្រួសារ ​ត្រូវ​ទៅ​រស់​នៅ​តែ​ម្នាក់​ឯង​ ពឹង​លើ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ទ្រទ្រង់​ជីវិត ហើយ​ជា​ការ​ពិត​វា​គឺ​ពិត​ជា​បទពិសោធន៍​ដែល​គួរ​អោយ​ភ័យ​ខ្លាច​មួយ​សម្រាប់​អ្នក​ដែល​ផ្លាស់​ប្ដូរ​ទី​កន្លែង​រស់​នៅ​ដំបូងៗ (ចំណុច​នេះ​ ចំណេះ ហ៊ាន​និយាយ​ថា វា​ដូច​គ្នា​ទៅ​នឹង​និស្សិត​កម្ពុជា​ភាគ​ច្រើន ដែល​ត្រូវ​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​នៅ​តាម​ខេត្ត ហើយ​ត្រូវ​ឡើង​មក​រៀន នៅ​ទីក្រុង​ភ្នំពេញ​យ៉ាង​ដូច្នោះ​ដែរ)។

ក្នុង​កំឡុង​ពេល​ដំបូងៗ ការ​ចាក​ចេញ​ពី​ផ្ទះ ហើយ​មក​រស់​នៅ​តែ​ម្នាក់​ឯង ទោះ​ដើម្បី​ការ​សិក្សា ឬ​ដើម្បី​ការ​ងារ​ក្ដី វា​ប្រៀប​បី​ដូច​ជា​កំហុស​ដ៏​ធំ​មួយ ដែល​អ្នក​បាន​ធ្វើ​នៅ​ក្នុង​ជីវិត ពីព្រោះ​អ្នក​មិន​បាន​ស្គាល់​ ឬ​អាច​ពឹង​ពាក់​នរណា​ម្នាក់​បាន​នោះ​ទេ លើក​លែង​តែ​ខ្លួន​ឯង។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​ប្រហែល​ជា​មិន​ទាន់​ស្គាល់​ភូមិសាស្ដ្រ​ថ្មី​នេះ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ដែរ។

មូល​ហេតុ​ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ​ហើយ ដែល​ធ្វើ​អោយ​ការ​រស់​នៅ​ទី​កន្លែង​ថ្មី ​អាច​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ឯកោ និង​ជា​ពេល​វេលា​ដែល​អ្នក​ពិបាក​សម្រប​ខ្លួន​បំផុត។ តែ​ទោះ​បី​ជា​បែប​ណា នៅ​ពេល​ដែល​អ្នក​រស់​នៅ​ទី​នោះ​យូរៗ​ទៅ នៅ​ពេល​ដែល​អ្នក​ស្គាល់​ភូមិសាស្ដ្រ​បាន​ច្បាស់ ហើយ​ថែម​ទាំង​មាន​មិត្ត​ភក្ដ​ថ្មី​ថែម​ទៀត​នោះ វា​នឹង​ធ្វើ​អោយ​អារម្មណ៍​ឯកោ​របស់​អ្នក​ត្រូវ​កាត់​បន្ថយ។ ត្រូវ​ចាំ​ថា​រាង​កាយ​របស់​មនុស្ស​យើង​គឺ​មាន​សមត្ថភាព​ពិសេស ដែល​អាច​ធ្វើ​ការ​សម្រប​បាន ទៅ​តាម​ទីកន្លែង និង​បរិយាកាស​ដែល​ខ្លួន​ស្ថិត​នៅ។ ដូច្នេះ​ប្រសិន​បើ​ពី​ដំបូង​អ្នក​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ ចំពោះ​ការ​សម្រេច​ចិត្ត​ចាក​ចេញ​មក​រស់​នៅ​ទី​កន្លែង​ថ្មី​ ចំណាយ​ពេល​យូរ​ទៅ​អ្នក​នឹង​អាច​ទទួល​អារម្មណ៍​ថា វា​នឹង​ធ្វើ​អោយ​អ្នក​រឹង​មាំ​ជាង​មុន ហើយ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​បំផុត​របស់​ខ្លួន។

៤) ចំណាយ​ពេលធ្វើ​កិច្ចការ ឬ​ដាក់​ទុន​វិនិយោគ ទៅ​លើ​អ្វី​មួយ​ដែល​មិន​ទទួល​បាន​លទ្ធផល​សោះ

ត្រូវ​ចាំ​ថា មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ​មួយ​រូប​ណា​ក៏​ដោយ គឺ​សុទ្ធ​តែ​សម្រេច​ចិត្ត​ធ្វើ​ការ​ប្រថុយ និង​យល់​ព្រម​ទទួល​យក​ហានិភ័យ​ពី​ការ​វិនិយោគផ្សេង​ៗ​របស់​ខ្លួន។ ពីព្រោះ​អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ មនុស្ស​ម្នាក់​មិន​អាច​សម្រេច​ក្ដី​សុបិន្ដ​ ឬ​គោល​ដៅ​ដែល​ខ្លួន​កំណត់​បាន​ទេ ប្រសិន​បើ​រូប​គេ មិន​សម្រេច​ចិត្ត​ធ្វើ​ការ​លះបង់ ពេល​វេលា លុយកាក់ ហើយ​នឹង​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំង​អស់​នោះ។

ចំពោះ​ការ​លះបង់​ទាំង​អស់​ដែល​បាន​រៀប​រាប់​ពី​ខាង​លើ ភាគ​ច្រើន គឺ​មិន​សូវ​ទទួល​បាន​លទ្ធផល​ផ្លែ​ផ្កា​គួរ​ជា​ទី​ពេញ​ចិត្ត​នោះ​ទេ ហើយ​ពេល​ខ្លះ​វា​អាច​ធ្វើ​អោយ​មនុស្ស​ម្នាក់​ខក​បំណង បាក់​ទឹកចិត្ត ហើយ​ថែម​ទាំង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ចោល ដោយ​ឥត​ប្រយោជន៍​ថែម​ទៀត​ផង។ មាន​មនុស្ស​ភាគ​ច្រើន ដែល​សុខ​ចិត្ត​យល់​ព្រម​អោយ​ឧបសគ្គ​ទាំង​អស់​នេះ យក​ឈ្នះ​លើ​ខ្លួន​បាន ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​ជោគជ័យ​វិញ ទោះ​ជា​ជួប​នឹង​ឧបសគ្គ​ឬ​បញ្ហា​បែប​ណា ទោះ​ជា​ការ​វិនិយោគ​ដំបូង​របស់​ខ្លួន​ត្រូវ​បរាជ័យ ក៏​ពួក​គេ​នៅ​តែ​អាច​មាន​លទ្ធភាព​ក្រោក​ឈរ​ ហើយ​ចាប់​ផ្ដើម​ជា​ថ្មី​ម្ដង​ទៀត​បាន។

សូម​ប្រិយមិត្ត​ចង​ចាំ​ទុក​ថា ការ​ចំណាយ​ធនធាន ហើយ​និង​ពេល​វេលា​ធ្វើ​កិច្ចការ ឬ​ការ​វិនិយោគ ដែល​ទទួល​បរាជ័យ ហើយ​មិន​ទទួល​បានលទ្ធផល​អ្វី​នោះ គឺ​មិន​មែន​ជា​កំហុស​នៅ​ក្នុង​ជីវិត​ទេ ប៉ុន្តែ​វា​គឺ​ជា​ឱកាស​ដ៏​សែន​កម្រ​មួយ​ទៅ​វិញ ដែល​អនុញ្ញាតិ​អោយ​អ្នក​បាន​ធ្វើ​ការ​សិក្សា​រៀន​សូត្រ ទៅ​លើ​មុខ​វិជ្ជា​ដែល​អ្នក​មិន​ធ្លាប់​បាន​ជួប ហើយ​ដែល​អ្នក​មិន​ធ្លាប់​បាន​រៀន​នៅ​ឯ​សាលា​កាល​ពី​មុន​មក​បាន។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​អនុញ្ញាតិ អោយ​ការ​បរាជ័យ​ណាមួយ ធ្វើ​អោយ​អ្នក​មាន​ចិត្ត​ភ័យ​ខ្លាច មិន​ហ៊ាន​ក្រោក​ឈរ​សារ​ជាថ្មី​វិញ​នោះ នេះ​ទើប​ជា​កំហុស​ដ៏​ធំ​បំផុត ដែល​អ្នក​នឹង​មាន​ការ​សោកស្ដាយ​នា​ពេល​អនាគត។

នៅ​ទី​បំផុត​ប្រសិន​បើ​អ្នក​អាច​មាន​លទ្ធភាព​យក​ឈ្នះ​ នូវ​ភាព​ភ័យ​ខ្លាច​ ហើយ​នៅ​តែ​អាច​ក្រោក​ឈរ​បន្ត​ធ្វើ​កិច្ចការ​ដែល​អ្នក​តែង​តែ​ស្រមៃ ជា​បន្ត​ទៅ​ទៀត នោះ​អ្នក​ពិត​ជា​អាច​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ។ បន្ទាប់​ពី​អ្នក​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ហើយ នៅ​ពេល​ដែល​អ្នក​សម្លឹង​បក​ក្រោយ​វិញ អ្នក​នឹង​អរគុណ​ខ្លួន​ឯង ហើយ​នឹង​អរគុណ​ដល់​ការ​បរាជ័យ​ទាំង​ឡាយ​នៅ​ក្នុង​ជីវិត ដែល​បាន​បង្វឹក​អ្នក​អោយ​ក្លាយ​ទៅ​ជា​មនុស្ស​រឹង​មាំ និង​ជោគជ័យ​ដូច​សព្វថ្ងៃ​នេះ៕

ដៃគូផ្សព្វផ្សាយ៖ ចំណេះ

Brian Tracy