គោលការណ៍​ទាំង ៧​ នាំ​​អ្នកទៅកាន់ភាពជោគជ័យ និង​ សុភមង្គលក្នុងជីវិត

,

ជីវិត​សម​ហេតុ​សម​ផល ឬ​ជីវិត​សាមញ្ញៗ​ធម្មតា​ អ្នក​ណាៗ​ក៏​អាច​ទទួល​បាន​ដែរ។ ជីវិត​បែប​ធម្មតា ការងារ​ធម្មតា ទំនាក់​ទំនង​បែប​ធម្មតា មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​អាច​មាន​លទ្ធភាព​ទទួល​វា​បាន​ទាំង​អស់។ ក៏ប៉ុន្តែ​ប្រសិន​បើ​រូប​អ្នក ចង់​ទទួល​បាន​នូវ​ជីវិត​ដែល​អស្ចារ្យ និង​ពោរពេញ​ទៅ​ដោយ​ភាព​លេច​ធ្លោ អ្នក​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ ​ដឹក​នាំ​ជីវិត​រស់​នៅ​ខ្លួន​មួយ​ ដែល​ប្រកប​ទៅ​ដោយ​ភាព​អស្ចារ្យ​ដូច​គ្នា​ដែរ។ ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ ត្រូវ​ធ្វើ​នូវ​កិច្ចការ​ទាំង​ឡាយ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ចង់​ធ្វើ ប្ដេជ្ញា​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ទៅ​តាម​មនុស្ស​ជោគជ័យ ប៉ុន្តែ​មិន​មែន​គិត​និង​ធ្វើ​តាម​មនុស្ស​បរាជ័យ​នោះ​ទេ។

កញ្ញា ណាណា

ខាងក្រោម​នេះ​គឺ​ជា​គោលការណ៍​ ៧​ចំណុច ដែល​ប្រិយមិត្ត​គួរ​តែ​យក​មក​អនុវត្តន៍​អោយ​បាន​ខ្ជាប់​ខ្ជួន​ ដើម្បី​ទទួល​បាន​នូវ​ជីវិត ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សម្បូរបែប ជោគជ័យ និង​សុភមង្គល៖

១) ​អ្នក​នឹង​សាបសូន្យ​ចេញ​ពី​ពិភពលោក​នេះ នៅ​ថ្ងៃ​ណា​មួយ

គោលការណ៍​ទី​មួយ​ ដែល​ប្រិយមិត្ត​គួរ​តែ​កត់​ចំណាំ​ទុក​នោះ​គឺ មនុស្ស​ណា​ក៏​ដោយ​ គ្មាន​ជីវិត​អមតៈ​នោះ​ទេ ហើយ​នៅ​ថ្ងៃ​ណាមួយ​នា​ពេល​អនាគត ជីវិត​រស់​នៅ​នឹង​ត្រូវ​សាប​សូន្យ​ទៅ។ ជីវិត​អាច​បញ្ចប់​ក្នុង​រយៈពេល​៥០​ឆ្នាំ​ទៅ​មុខ ​៥០​សប្ដាហ៍​ក្រោយ​ អាទិត្យ​ក្រោយ ឬ​អាច​បញ្ចប់​ទៅ​នៅ​ត្រឹម​ថ្ងៃ​នេះ​ក៏​អាច​ថា​បាន គ្មាន​នរណា​ម្នាក់​អាច​ទាយ​ដឹង​មុន​បាន​នោះ​ទេ។ ទោះ​បី​ជា​បែប​នេះ​ក្ដី​ ជំនួស​អោយ​ការ​រស់​នៅ​ដែល​ភ័យ​ខ្លាច​នូវ​ថ្ងៃ​សាបសូន្យ​នៃ​ជីវិត មនុស្ស​យើង​ម្នាក់​ៗ​គួរ​តែ​ធ្វើ​ការ​រស់​នៅ ហើយ​ធ្វើ​ការ​ទទួល​ស្គាល់​ថា​ជីវិត​របស់​ពួក​យើង​គឺ​ខ្លី​សម្បើម​ណាស់ វា​មាន​រយៈពេល​ខ្លី ហើយ​រឹត​តែ​មិន​អាច​ទាយ​ទុក​មុន​បាន​ថែម​ទៀត។

ក្រោយ​ពី​បាន​ដឹង​ថា​ជីវិត​រស់​នៅ របស់​យើង​គឺ​មាន​រយៈពេល​ខ្លី​បែប​នេះ​ហើយ ដូច្នេះ​យើង​ត្រូវ​រៀន​រស់​នៅ នឹង​ប្រើ​ប្រាស់​ពេល​វេលា​ដែល​នៅ​សេសសល់​ អោយ​មាន​តម្លៃ​បំផុត ចាប់​ពី​ថ្ងៃ​នេះ​តទៅ។ ជៀសវាង​ធ្វើ​រឿង​ទាំង​ឡាយ​ណា​ដែល​គ្មាន​ប្រយោជន៍ មិន​ផ្ដល់​គុណតម្លៃ​ដល់​ជីវិត​ ប៉ុន្តែ​គប្បី​ធ្វើ​រឿង​ណា​ដែល​ផ្ដល់​ជា​ប្រយោជន៍ និង​សុភមង្គល​ដល់​ជីវិត​រស់​នៅ​របស់​អ្នក​ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ អ្នក​គប្បី​ប្រឹង​ប្រែង​អោយ​អស់​ពី​លទ្ធភាព ធ្វើ​នូវ​កិច្ចការ​គ្រប់​យ៉ាង​ ដែល​អ្នក​កំពុង​តែ​ធ្វើ​នៅ​ថ្ងៃ​នេះ ហើយ​ស្វែង​រក​នូវ​គុណ​តម្លៃ​ដែល​មាន​ប្រយោជន៍​បំផុត ផ្ដល់​សម្រាប់​ខ្លួន​ឯង សម្រាប់​គ្រួសារ​ និង​មនុស្ស​ទូទៅ​ដែល​អ្នក​ប្រាស្រ័យ​ទាក់​ទង​ជាមួយ។

នេះ​ជា​ចំនុច​ដែល​ក្រឿន​រំលឹក​ដល់​អ្នក​ថា អ្នក​គប្បី​ធ្វើ​ការ​បន្សល់​ទុក​នូវ​កេរ្ដិ៍​ឈ្មោះ ​ដ៏​ល្អ​បំផុត​មួយ​របស់​ខ្លួន​ ទុក​អោយ​មនុស្ស​ជំនាន់​ក្រោយ។ ឧទាហរណ៍​ថា អ្នក​នឹង​ស្លាប់​សាបសូន្យ​ផុត​ពី​លោក​នេះ​នៅ​ថ្ងៃ​ស្អែក តើ​អ្នក​មាន​ធ្លាប់​សួរ​ខ្លួន​ឯង​ដែរ​ទេ​ថា តើ​អ្នក​នៅ​សល់​រឿង​អ្វី​ខ្លះ ​ដែល​មិន​ទាន់​បាន​ធ្វើ ឬ​និយាយ​ជាមួយ​នឹង​ មិត្ត​ភក្ដ ក្រុម​គ្រួសារ សាច់​ញាតិ ហើយ​នឹង​មនុស្ស​ដែល​អ្នក​ស្គាល់? តើ​ពួក​គេ​នឹង​និយាយ​អ្វី​ខ្លះ​ពី​អ្នក? ហើយ​តើ​អ្នក​អាច​ធ្វើ​អ្វី​បាន ដើម្បី​ធ្វើ​ការ​បន្សល់​ទុក​នូវ​កេរ្ដិ៍​តំណែល​ដ៏​ល្អ​បំផុត​មួយ ជា​វិជ្ជមាន ទុក​អោយ​មនុស្ស​ទាំង​អស់​នោះ​បាន? វា​ជា​ការ​ចាំបាច់ ដែល​អ្នក​ត្រូវ​រស់​នៅ​ហើយ​ប្រើ​ជីវិត​ប្រកប​ដោយ​ភាព​រីករាយ និង​គ្មាន​ទុក្ខ​កង្វល់ ពីព្រោះ​នៅ​ទី​បំផុត ទ្រព្យ​សម្បត្តិ​អ្វី​ក៏​ដោយ​សុទ្ធ​តែ​ត្រូវ​បាត់​បង់​ នឹង​មិន​អាច​យក​វា​ទៅ​ជាមួយ​បាន​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​បន្សល់​ទុក​បាន​ ក្រោយ​ពេល​ដែល​រូបរាង​កាយ​របស់​យើង​សាប​សូន្យ​ទៅ​នោះ គឺ​កេរ្ដិ៍​ឈ្មោះ និង​រឿងរ៉ាវ​ល្អៗ​ ​ដែល​ផ្ដល់​ជា​ប្រយោជន៍​ទុក​អោយ​មនុស្ស​ជំនាន់​ក្រោយ​បាន។

ដូច្នេះ​ចំពោះ​ចំណុច​ទី​មួយ​នេះ វា​គឺ​ពិត​ជា​មាន​ការ​ចាំ​បាច់​បំផុត​ក្នុង​ការ​រំលឹក​ប្រាប់​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​ថា មនុស្ស​ម្នាក់​ៗ​គឺ​គ្មាន​ជីវិត​ជា​អមតៈ ហើយ​ត្រូវ​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ ហើយ​ត្រូវ​ប្រើ​វា​ទុក​ជា​កត្តា​ជម្រុញ​អោយ​ខ្លួន​របស់​យើង​ប្រើ​ជីវិត​រស់​នៅ ពោរពេញ​ទៅ​ដោយ​តម្លៃ ហើយ​យក​ពេល​វេលា​ដែល​នៅ​សេសសល់​ ទៅ​ធ្វើ​កិច្ចការ​ណា​ដែល​ចាំ​បាច់​និង​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង ហើយ​និង​អ្នក​ដទៃ។

២) គ្មាន​រឿង​អ្វី ដែល​អ្នក​មិន​អាច​ធ្វើ​បាន​នោះ​ទេ

គោល​ការណ៍​ទី​ពីរ ដែល​ប្រិយមិត្ត​ត្រូវ​ចង​ចាំ​នោះ​គឺ កិច្ចការ​ណា​ក៏​ដោយ​ វត្ថុ​មាន​តម្លៃ​បែប​ណា​ ឬ​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​ជោគជ័យ​បែប​ណា​ក៏​ដោយ អ្នក​សុទ្ធ​តែ​អាច​មាន​លទ្ធភាព​ធ្វើ និង​ទទួល​បាន​ទាំង​អស់។ ​សូម​ប្រិយមិត្ត​ចង​ចាំ​ទុក​ថា កិច្ចការ​មហស្ចារ្យ​ណាមួយ​ ដែល​មាន​មនុស្ស​ណា​ម្នាក់​អាច​ធ្វើ​បាន រូប​អ្នក​ផ្ទាល់​ក៏​អាច​ធ្វើ​បាន​ដែរ។ វា​ប្រហែល​ជា​លំបាក ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​វា​មិន​អាច​ទៅ​រួច​នោះ​ទេ។ ហើយ​ប្រសិន​បើ​កិច្ចការ​ទាំង​អស់​សុទ្ធ​តែ​អាច​ទៅ​រួច ច្បាស់​ណាស់​ដែល​ថា​អ្នក​ក៏​អាច​ធ្វើកិច្ចការ​ដ៏​មហស្ចារ្យ​នោះ​ បាន​ដូច​គ្នា​ដែរ។

ដើម្បី​ធ្វើ​កិច្ចការ​ណា​មួយ​នោះ អោយ​សម្រេច​ទៅ​បាន​ អ្នក​ចាំ​បាច់​ត្រូវ​រៀប​ចំ​គម្រោង​ការណ៍​អោយ​បាន​ច្បាស់​លាស់ ធ្វើ​ការ​ស្វែង​យល់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​អនុញ្ញាតិ​អោយ​អ្នក អាច​សម្រេច​នូវ​គោល​ដៅ​ ហើយ​និង​រស់​នៅ​ក្នុង​ជីវិត​ដែល​អស្ចារ្យ​ដែល​ខ្លួន​តែង​តែ​ស្រមៃ​ចង់​បាន​នោះ​បាន។

៣) ប្រសិន​បើ​អ្នក​មិន​អាច​រីករាយ ក្នុង​ការ​ធ្វើ​កិច្ចការ​ណា​មួយ​ទេ មាន​ន័យ​ថា​កិច្ចការ​នោះ​គឺ​គ្មាន​តម្លៃ​សម្រាប់​អ្នក​ឡើយ

នៅ​ក្នុង​គោលការណ៍​ទី​បី​នេះ គឺ​មាន​ចំណុច​សំខាន់ៗ​ចំនួន​ពីរ ដែល​ប្រិយមិត្ត​គួរ​ចង​ចាំ៖ ទី​១ ប្រសិន​បើ​កិច្ចការ​ដែល​អ្នក​កំពុង​ធ្វើ​មិន​អាច​ធ្វើ​អោយ​អ្នក​រីករាយ និង​ ទី​២ វា​មិន​អាច​ធ្វើ​អោយ​អ្នក​រីកចម្រើន​បាន​ទេ​ ដូច្នេះ​ប្រហែល​ជា​ត្រូវ​ដល់​ពេល​ហើយ​ដែល​អ្នក ​ឈប់​ខ្ជះខ្ជាយ​ពេល​វេលា​ទៅ​ធ្វើ​រឿង​នោះ បន្ត​ទៅ​ទៀត។ សូម​ប្រិយមិត្ត​ទាំង​អស់​ចង​ចាំ​ថា ប្រសិន​បើ​កិច្ចការ​ដែល​អ្នក​កំពុង​តែ​ធ្វើ មិន​អាច​ធ្វើ​អោយ​អ្នក​អាច​ស្វែង​រក​ឃើញនូវ​សេចក្ដី​សុខ និង​សុភមង្គល​សម្រាប់​ខ្លួន​ឯង​បាន​ទេ ដូច្នេះ​ហើយ​កិច្ចការ​ទាំង​នោះ​គឺ​គ្មាន​តម្លៃ​ឡើយ។ សាក​សួរ​ខ្លួន​ឯង​ទៅ​មើល៎ តើ​អ្នកគួរ​បន្ត​ធ្វើ​វា​ត​ទៅ​ទៀត​ទេ បើ​វា​មិន​បាន​ធ្វើ​អោយ​អ្នក​រីករាយ​ផង​ហ្នឹង?

ហើយ​ប្រសិន​បើ​កិច្ចការ​ទាំង​នោះ​ មិន​អាច​ធ្វើ​អោយ​អ្នក​រីករាយ​ក្នុង​ការ​ធ្វើ​តាំង​ពី​ដំបូង​ទៅ​ហើយ តើ​វា​អាច​ធ្វើ​អោយ​អ្នក​រីករាយ​បាន​ទេ នៅ​ពេល​ដែល​អ្នក​បញ្ចប់​វា? ហើយ​តើ​អ្នក​មាន​ជំនឿ​ចិត្ត​ប៉ុន្មាន​ភាគ​រយ ក្នុង​ការ​បញ្ចប់​នូវ​កិច្ចការ​ដែល​ខ្លួន​ឯង​មិន​ទាំង​ចូល​ចិត្ត​ផង​នោះ? ចំលើយ​គឺ​អ្នក​ពិត​ជា​ងាយ​បោះ​បង់​វា​ចោល​ខ្លាំង​បំផុត។

ប្រិយមិត្ត​ត្រូវ​ដឹង​ថា មុន​នឹង​សម្រេច​កិច្ចការ​អស្ចារ្យ​ណាមួយ​ អោយ​ទាល់​តែ​បាន​ជោគជ័យ គឺ​ទាមទារ​នូវ​ការ​តាំង​ចិត្ត​ ការ​លះបង់ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្លា។ ដូច្នេះ​មាន​តែ​ការ​ជ្រើសរើស​ធ្វើ​នូវ​កិច្ចការ​ ដែល​ធ្វើ​អោយ​អ្នក​រីករាយ​ប៉ុណ្ណោះ ទើប​អាច​អនុញ្ញាតិ​អោយ​អ្នក អាច​ធ្វើការ​លះបង់ ដើម្បី​វា​រហូត​ដល់​ទី​បញ្ចប់​បាន។

រៀន​សួរ​ខ្លួន​ឯង​នូវ​សំណួរ​មួយ​ចំនួន​ថា "តើ​ការ​ងារ​ដែល​ខ្ញុំ​កំពុង​ធ្វើ អាច​ធ្វើ​អោយ​ខ្ញុំ​រីករាយ​បាន​ដែរ​ទេ?" ប្រសិន​បើ​ចម្លើយ​របស់​អ្នក​គឺ ទេ! សាក​សួរ​ខ្លួន​ឯង​បន្ត​ទៀតថា "តើ​ការ​លះបង់​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​នេះ អាច​ធ្វើ​អោយ​ខ្ញុំ​ទទួល​បាន​សុភមង្គល​នៅ​ពេល​អនាគត​បាន​ដែរ​ឬ​ទេ?" បើ​ចម្លើយ​របស់​អ្នក​នៅ​តែ ទេ ដដែល​នោះ ប្រហែល​ជា​ត្រូវ​ដល់​ពេល​ហើយ​អ្នក​គួរ​តែ​លះបង់​កិច្ចការ​ទាំង​នោះ​ចោល។

៤) ធ្វើ​អ្វី​ដែល​ជា​ខ្លួន​ឯង

គោលការណ៍​ទី​បួន ដែល​ប្រិយមិត្ត​ត្រូវ​ចង​ចាំ​នោះ​គឺ ធ្វើ​កិច្ចការ​ទាំង​ឡាយ​ណា​ដែល​អ្នក អាច​ធ្វើ​ជា​ម្ចាស់​ការ និង​បង្ហាញ​ភាព​ជា​ខ្លួន​ឯង​របស់​អ្នក​បាន។ វា​គឺ​ពិត​ជា​រឿង​ដ៏​សែន​សោក​សៅ​មួយ ដែល​មនុស្ស​ភាគ​ច្រើន​នៅ​លើ​ផែន​ដី​នេះ ធ្វើ​នូវ​កិច្ចការ និង​បន្ត​រស់នៅ​ក្នុង​ជីវិត​ដែល​ពួក​គេ​មិន​ចង់​បាន ហើយ​មិន​អាច​បង្ហាញ​ភាព​ជា​ខ្លួន​ឯង​បាន នេះ​ក៏​ដោយ​សារ​តែ​នៅ​ពេល​ដែល​ពួក​គេ​ព្យាយាម​ធ្វើ​នូវ​កិច្ចការ​ ​ដែល​ខុស​ប្លែក​ពី​គេ​ ឬ​មិន​ធ្លាប់​មាន​ណាមួយ​ភ្លាម ពួក​គេ​គឺ​ត្រូវ​បាន​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន ធ្វើ​ការ​រិះ​គន់​និង​ទិះតៀន។

ត្រូវ​ចង​ចាំ​ថា វិធី​តែ​មួយ​គត់​ដែល​ធ្វើ​អោយ​អ្នក​អាច​រស់​នៅ​ក្នុង​ជីវិត​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ សុភមង្គល​ ហើយ​នឹង​ជោគជ័យ​បាន​ នោះ​គឺ​អ្នក​ត្រូវ​ធ្វើ​នូវ​កិច្ចការ​ដែល​ខ្លួន​ចូលចិត្ត ហើយ​អាច​បង្ហាញ​នូវ​អ្វី​មួយ​ដែល​ជា​ខ្លួន​របស់​អ្នក​បាន។ អ្នក​គឺ​ពិត​ជា​មិន​អាច ទទួល​បាន​ភាព​រីករាយ​ និង​សុភមង្គល​នៅក្នុង​ជីវិត​រស់​នៅ​របស់​ខ្លួន​បាន​ទេ ប្រសិន​បើ​កិច្ចការ​ដែល​អ្នក​ធ្វើ គឺ​ដើម្បី​តែ​ផ្គាប់​ចិត្ត​អ្នក​ដទៃ ប្រកួត​ប្រជែង​ ឬ​ធ្វើ​ត្រាប់​តាម​នរណា​ម្នាក់​ទាំង​ស្រុង។ ត្រូវ​ចាំ​ថា មនុស្ស​ដែល​កើត​មក​នៅ​លើ​ផែន​ដី​នេះ គឺ​មាន​ភាព​ខុសៗ​គ្នា អ្នក​គឺ​អ្នក គ្មាន​នរណា​ម្នាក់​ដែល​អាច​មក​ធ្វើ​ជា​ខ្លួន​អ្នក​បាន​ទេ ហើយ​ចំណុច​នេះ​ហើយ គឺ​ជា​អំណោយ​ដ៏​ពិសេសពិសាល ដែល​អ្នក​មាន​នៅ​ក្នុង​ជីវិត​នេះ។ នៅពេល​ដែល​អ្នក​ដើរ​តាម​ផ្លូវ​ ដែល​អ្នក​គូស​វាស​ដោយ​ខ្លួន​ឯង ទោះ​បី​ជា​ផ្លូវ​នោះ​គឺ​ស្រប​ទៅ​តាម​ គំនិត​របស់​អ្នក​ដទៃ​ឬ​មួយ​ក៏​អត់​ក៏​ដោយ អោយ​តែ​វា​ជា​អ្វី​ដែល​ធ្វើ​អោយ​អ្នក​រីករាយ និង​អាច​បង្ហាញ​ភាព​ជា​ខ្លួន​ឯងបាន នោះ​ហើយ​ជា​សុភមង្គល ហើយ​និង​ភាព​ជោគជ័យ​ពិត​ប្រាកដ​ នៅ​ក្នុង​ជីវិត​រស់​នៅ។

៥) អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​សុភមង្គល ហើយ​និង​ភាព​ជោគជ័យ គឺ​មាន​នៅ​ក្នុង​ខ្លួន​របស់​អ្នក​រួច​ជា​ស្រេច​ទៅ​ហើយ

គោលការណ៍​ទី​ប្រាំ ដែល​អ្នក​ត្រូវ​ចង​ចាំ​នោះ​គឺ សមត្ថភាព​និង​អ្វី​ៗ​ផ្សេង​ទៀត ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ធ្វើ​កិច្ចការ​ជោគជ័យ​ណាមួយ ឬ​ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​សុភមង្គល​នោះ ខ្លួន​របស់​អ្នក​មាន​គ្រប់​គ្រាន់​អស់​ទៅ​ហើយ។ នៅ​លើ​លោក​នេះ យើង​អាច​សម្លឹម​មើល​ឃើញ​មនុស្ស​ជា​ច្រើន​ជា​ឧទាហរណ៍ ដែល​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ និង​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដែល​ពួក​គេ​ត្រូវ​ការ ប៉ុន្តែ​ក្នុង​ខ្លួន​របស់​ពួក​គេ បែរ​ជា​ហាក់​គ្មាន​សេស​សល់​អ្វី​ទៅ​វិញ។

ត្រូវ​ចាំ​ថា របស់​របរហើយ​និង​ ទ្រព្យសម្បត្តិ​ដែល​នៅ​ក្រៅ​ខ្លួន គឺ​មិន​អាច​បំពេញ​នៅ​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត​របស់​មនុស្ស​ណា​ម្នាក់​បាន​នោះ​ទេ ហើយ​មនុស្ស​ដទៃ ឬ​សូម្បី​តែ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក ក៏​មិន​អាច​បំពេញ​ចន្លោះ​ប្រហោង​នោះ​បាន​ដែរ។ ដូច​ដែល​ ចំណេះ បាន​លើក​ឡើង​ពី​ខាង​លើ​រួច​ហើយ​ថា ដើម្បី​ជីវិត​រស់​នៅ​ដែល​ពោរពេញ​ដោយ​សុភមង្គល អ្នក​មិន​ចាំ​បាច់​ត្រូវ​ការ​របស់​ដែល​នៅ​ក្រៅ​ខ្លួន​នោះ​ទេ សេចក្ដី​សុខ និង​សុភមង្គល​ពិត​គឺ​ស្ថិត​នៅ​ក្នុង​ខ្លួន នៅ​លើ​ការ​គិត ហើយ​នឹង​ចិត្ត​គំនិត​របស់​យើង​ផ្ទាល់។ ហើយ​នៅ​ពេល​ដែល​អ្នក​មិន​ត្រូវ​ការ​របស់​ពី​ខាង​ក្រៅ​ខ្លួន ដើម្បី​យក​មក​បំពេញ​ជីវិត​រស់​នៅ​របស់​ខ្លួន អ្នក​គឺ​កំពុង​តែ​បើក​ឱកាស​អោយ​រឿង​រ៉ាវ​អស្ចារ្យ​ផ្សេង​ទៀត ធ្វើ​ដំណើរ​ចូល​មក​កាន់​ជីវិត​របស់​អ្នក​បាន​កាន់​តែ​ច្រើន។ ចុង​ក្រោយ​បើ​ទោះ​បី​ជា​រឿង​រ៉ាវ​ ទាំង​អស់​នោះ​មិន​បាន​ចូល​មក​ក្នុង​ជីវិត​អ្នក​ក៏​ដោយ ក៏​អ្នក​នៅ​តែ​អាច​រីករាយ​បាន អ្នក​នៅ​តែ​អាច​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​បាន។

៦) ហ៊ុំព័ទ្ធ​ខ្លួន​ឯង​ដោយ​មនុស្ស​ជោគជ័យ និង​មនុស្ស​ដែល​មើល​ពិភពលោក​នេះ​ ក្នុង​ផ្លូវ​វិជ្ជមាន

គោលការណ៍​ទី​ប្រាំមួយ ដែល​ប្រិយមិត្ត​ត្រូវ​ចង​ចាំ​នោះ​គឺ ពេលវេលា​របស់​អ្នក​គឹ​ពិត​ជា​មាន​តម្លៃ​ណាស់ ដូច្នេះ​អ្នក​គួរ​តែ​យក​វា​ទៅ​ប្រើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​ឯង ក្នុង​នោះ​ការ​សេពគប់​ជា​មួយ​នឹង​មនុស្ស​វិជ្ជមាន ដែល​មាន​គំនិត​សុទិដ្ឋនិយម ហើយ​អាច​ជួយ​ផ្ដល់​នូវ​គុណតម្លៃ​ដល់​អ្នក គឺ​ជា​រឿង​ចាំ​បាច់​និង​មាន​សារៈ​សំខាន់​បំផុត។ ជៀសវាង​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​នេះ ជា​មួយ​នឹង​មនុស្ស​ដែល​មិន​យល់​ពី​តម្លៃ​ ដែល​សម្លាប់​ក្ដីសុបិន្ដ និង​ក្ដី​ស្រមៃ​របស់​អ្នក វា​មិន​ត្រឹម​តែ​ធ្វើ​អោយ​អ្នក​យល់​ថា ខ្លួន​ឯង​គឺ​ជា​មនុស្ស​ដែល​មិន​បាន​ការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺ​ពិត​ជា​ជះ​ឥទ្ធិពល​អាក្រក់​បំផុត ដល់​ជីវិត​រស់​នៅ​របស់​អ្នក ហើយ​អ្នក​ពិត​ជា​មិន​អាច​ស្វែង​រក​ឃើញ​នូវ​ សុភមង្គល​បាន​នោះ​ទេ។

រឿង​ដែល​គួរ​អោយ​សោក​ស្ដាយ​បំផុត​នោះ គឺ​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ ដែល​មាន​គំនិត​ចង់​ទទួល​បាន​នូវ​ភាព​ជោគជ័យ រស់​នៅ​ក្នុង​សុភមង្គល​ពិត​ប្រាកដ ពោរពេញ​ទៅ​ដោយ​ជំនឿ​ចិត្ត និង​មាន​គំនិត​វិជ្ជមាន​ដូច​ជា​រូប​អ្នក ហើយ​ជួន​កាល​មនុស្ស​ទាំង​នោះ​ ពេល​ខ្លះ​អាច​ជា​សមាជិក​ក្រុមគ្រួសារ ហើយ​និង​មិត្ត​ភក្ដ​ជិតស្និទ្ធ​របស់​អ្នក​ថែម​ទៀត​ផង។ អ្នក​ខ្លះ​អាច​ផ្លាស់​ប្ដូរ​បាន ដោយ​ត្រូវ​ការ​ពេល​វេលា ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​គឺ​គ្មាន​គំនិត​នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​តែ​ម្ដង។ អ្វី​ដែល​អ្នក​គួរ​ធ្វើ គឺ​ទុក​អោយ​ពួក​គេ​ជា​អ្នក​សម្រេចចិត្ត​ ដើរ​លើ​ផ្លូវ​ដែល​ពួក​គេ​ជ្រើសរើស ខណៈ​ដែល​រូប​អ្នក​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន ធ្វើ​នូវ​កិច្ចការ​ដែល​អ្នក​ជឿថា​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​បំផុត​ប៉ុណ្ណោះ។

សម្រាប់​មនុស្ស​ដែល​មាន​ឆន្ទៈ និង​គំនិត​ដូច​ជា​អ្នក​វិញ ពួក​គេ​នឹង​មិន​ផ្ដល់​យោបល់ទាញ ឬ​ទប់​ស្កាត់​អ្នក​មិន​អោយ​ដើរ​លើ​ផ្លូវ​ជីវិត​ដែល​អ្នក​ជ្រើសរើស​ ដោយ​ខ្លួន​ឯង​ជា​ដាច់​ខាត។ សូម​កុំ​ព្យាយាម​ធ្វើ​តាម​អ្វី ដែល​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ធ្វើ នៅ​ពេល​ដែល​អ្នក​យល់​ថា កិច្ចការ​ទាំង​នោះ គឺ​មិន​សាកសម​សម្រាប់​ខ្លួន​អ្នក ត្រូវ​ជ្រើសរើស​ធ្វើ​តែ​កិច្ចការ​ណា​ដែល​ផ្ដល់​តម្លៃ ដល់​ខ្លួន​អ្នក​ប៉ុណ្ណោះ។

ត្រូវ​ចង​ចាំ​ថា ចំណុច​សំខាន់​បំផុត​ដើម្បី​ទទួល​បាន​ជីវិត​រស់​នៅ ដែល​ពោរពេញ​ទៅ​ដោយ​សុភមង្គល ហើយ​និង​ភាព​ជោគជ័យ គឺ​គប្បី​ជៀសវាង​ធ្វើ​ការ​សេពគប់​ជាមួយ​នឹង​មនុស្ស​អវិជ្ជមាន និង​ទុទិដ្ឋនិយម​។

៧) ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់​បាន

គោលការណ៍​ទី​ប្រាំពីរ៖ កិច្ចការ​ឬ​របស់​អ្វី​ក៏​ដោយ ​អោយ​តែ​អ្នក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ចង់​បាន​វា​ដោយ​ពិត​ប្រាកដ អ្នក​គឺ​ពិត​ជា​អាច​ទទួល​វា​បាន។ ប្រសិន​បើ​អ្នក​ចង់​ស្វែង​រក​ រឿង​ដែល​អវិជ្ជមាន​នៅ​លើ​លោក​នេះ អ្នក​គឺ​ពិត​ជា​អាច​រក​វា​ឃើញ ហើយ​ថែម​ទាំង​មាន​ច្រើន​ថែម​ទៀត​ផង។ ប្រសិន​បើ​អ្នក​ស្វែង​រក​នូវ ​ការ​ស្អប់ កំហឹង​ អំពើ​ហិង្សារ ហើយ​និង​រឿង​សោកសៅ​នានា អ្នក​គឺ​ពិត​ជា​អាច​ស្វែង​រក​វា​ឃើញ។

ប៉ុន្តែ​ការ​ពិត​ជាក់​ស្ដែង​មួយ​នោះ​គឺ ប្រសិន​បើ​អ្នក​ផ្ដោត​ការ​ស្វែង​រក​របស់​ខ្លួន ទៅ​លើ​រឿង​ដែល​វិជ្ជមាន​វិញ អ្នក​ក៏​អាច​ស្វែង​រក​ពួក​វា​ឃើញ​បាន​ដូច​គ្នា​ដែរ។ ប្រសិន​បើ​អ្នក​មាន​ចេតនា នៅ​ក្នុង​ការ​ស្វែង​រក​នូវ​រឿង​រ៉ាវ ដែល​អស្ចារ្យ ជោគជ័យ ហើយ​និង​វិជ្ជមាន​ លទ្ធផល​ដែល​អ្នក​ស្វែង​រក​បាន ក៏​ជា​រឿង​ដែល​ល្អ​ និង​វិជ្ជមាន​តែ​មួយ​មុខ​ដូច​គ្នា។ ហើយ​បើ​អ្នក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​គិត​ថា​ជីវិត​របស់​ខ្លួន គឺ​ពោរពេញ​ទៅ​ដោយ​ភាព​វិជ្ជមាន នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា ជីវិត​របស់​អ្នក​គឺ​ពិត​ជា​ពោរពេញ​ទៅ​ដោយ​ភាព​វិជ្ជមាន និង​សុភមង្គល​ពិត​ប្រាកដ​មែន។

ជីវិត​រស់​នៅ​គឺ​ពោរពេញ​ទៅ​ដោយ​បញ្ហា ហើយ​និង​ឧបសគ្គ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ត្រូវ​ផ្ដោត​ទៅ​លើ​រឿង​វិជ្ជមាន ឬ​មួយ​ក៏​ចំណុច​អវិជ្ជមាន។ ​បញ្ហា​ទាំង​អស់​ដែល​អ្នក​ឆ្លង​កាត់ វា​ពិត​ជា​អាច​ធ្វើ​អោយ​ជីវិត​របស់​អ្នក ដាំ​ក្បាល​ចុះ​ក្រោម​បាន ប្រសិន​បើ​អ្នក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំណុច​អវិជ្ជមាន​ ប៉ុន្តែ​វា​ក៏​អាច​ប្រែ​ក្លាយ និង​ជម្រុញ​អោយ​ជីវិត​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បាន​ដែរ​ ​ប្រសិន​បើ​អ្នក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំណុច​វិជ្ជមាន។

ដៃគូផ្សព្វផ្សាយ៖ ចំណេះ

ទស្សនៈជីវិត យល់ដឹង