មូលហេតុ​ ៦​ ការ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​​ជា​រឿង​វិជ្ជមាន​​​​​​សម្រាប់​អ្នក

,

"អ្នក​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ហើយ!"... ប្រយោគ​មួយ​ឃ្លា​នេះ គឺ​ពិត​ជា​គួរ​អោយ​ភ័យ​ខ្លាច ជា​ពិសេស​ប្រសិន​បើ​ការ​ងារ​ គឺ​ជា​ប្រភព​ចំណូល​ដ៏​ធំ​តែ​មួយ​សម្រាប់​អ្នក។

ទោះ​បី​ជា​បែប​ណា​ក្ដី នេះ​មិន​មែន​មាន​ន័យ​ថា​គ្រប់​យ៉ាង​ក្នុង​ជីវិត​របស់​អ្នក​ត្រូវ​បញ្ចប់​នោះ​ទេ ហើយ​ក៏​មិន​មែន​ជា​ថ្ងៃ​អវសាន្ដ​របស់​ពិភពលោក​ដែរ។ ការ​បាត់​បង់​ការងារ​គឺ​ប្រហែល​អាច​ជា​ឱកាស ដើម្បី​អោយ​អ្នក​ឈាន​ឆ្ពោះ​ទៅ​រក​ជំហាន​បន្ទាប់ នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក។ ហើយ​សូម​ចង​ចាំ​ថា បុគ្គល​ណា​ក៏​ដោយ​ក៏​ប្រហែល​ជា​ធ្លាប់​ជួប​បទពិសោធន៍​បែបនេះ យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ​នៅ​ក្នុង​ ជីវិត​ការ​ងារ​របស់​ខ្លួន។

ហើយ​ជម្រើស​បន្ទាប់​ ដែល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ គឺ​ជា​កត្តា​ដែល​នឹង​កំណត់​នូវ​វិថី​ជីវិត​មួយ ថា​តើ​អ្នក​នឹង​ក្លាយ​ទៅ​ជា​បែប​ណា​ នាពេល​អនាគត។ ជាធម្មតា​ជម្រើស​ទាំង​នោះ​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​ទីមួយ​ការ​ទទួល​បាន​ជោគជ័យ​ដែល​អ្នក​តែង​តែ​សុបិន្ដ និង​ទីពីរ​អ្នក​បណ្ដែត​បណ្ដោយ​អ្វី​ៗ​អោយ​ទៅ​តាម​យថាកម្ម ហើយ​ទទួល​យក​ភាព​បរាជ័យ​មក​ដាក់​ក្នុង​ជីវិត។

មូល​ហេតុ​អ្វី​បាន​ជា​ ចំណេះ ហ៊ាន​និយាយ​ថា ការ​បាត់​បង់​ការ​ងារ​គឺ​ជា​រឿង​ល្អ និង​វិជ្ជមាន​ទៅ​វិញ​នោះ?

បើ​និយាយ​អោយ​ខ្លី​ទៅ ជា​រៀង​រាល់​ថ្ងៃ​គឺ​តែង​តែ​មាន​មនុស្ស​ដែល​ត្រូវ​បណ្ដេញ​ចេញ និង​បាត់​បង់​ការងារ អ្នក​មិន​មែន​ជា​មនុស្ស​ដំបូង ឬ​ជា​មនុស្ស​ចុង​ក្រោយ​ចំពោះ​រឿង​នេះ​នោះ​ទេ ដូច្នេះ​កុំ​យក​ចិត្ត​ទុក​ដាក់​ពី​វា​ខ្លាំង​ពេក។ អ្វី​ដែល​សំខាន់​ជាង​នេះ​ គឺ​អ្នក​មាន​ឱកាស​ក្នុង​ការ​ទទួល​បាន​បទពិសោធន៍​ថ្មី​ ដែល​អ្នក​មិន​ធ្លាប់​បាន​ទទួល​ពី​អតីតកាល​ទៅវិញ។ ការ​សម្លឹង​មើល​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត​របស់​អ្នក។

ប្រតិកម្ម​ចំពោះ​ការ​បាត់​បង់​ការ​ងារ​ នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​ខ្លួន​អ្នក។ ហើយ​អ្វី​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​នោះ​គឺ ក្នុង​ខណៈ​ពេល​នេះ​វា​ប្រហែល​ជា​រឿង​ដែល​ល្អ​បំផុត​មួយ ដែល​អាច​កើត​ឡើង​ចំពោះ​អ្នក។

ត្រូវ​ធ្វើ​ការ​ទទួល​ស្គាល់​ថា​ ការ​បាត់​បង់​ការ​ងារ​វា​មិន​មែន​បណ្ដាល​មក​ពី​កំហុស​របស់​អ្នក​តែ​មួយ​មុខ​ទេ ប៉ុន្តែ​វា​គឺ​បណ្ដាល​មក​ពី​កត្តា​ជាច្រើន ដែល​គ្មាន​អ្នកណា​អាច​គ្រប់​គ្រង​បាន។ ទោះ​បី​ជា​មក​ពី​មូល​ហេតុ​បែប​ណា​ក៏​ដោយ ចំណុច​ទាំង​៦ ខាង​ក្រោម​នេះ​ នឹង​បង្ហាញ​អ្នក​ថា េហតុអ្វី​ការ​បាត់​បង់​ការ​ងារ គឺ​ជា​រឿង​ល្អ​ដែល​កើត​ឡើង​ចំពោះ​អ្នក៖

១) វា​ជា​ឱកាស​សម្រាប់​អោយ​អ្នក​បន្ត​រីក​លូត​លាស់​ទៅ​មុខ​ទៀត

មនុស្ស​ភាគច្រើន​ គឺ​តែង​តែ​ចូល​ចិត្ត​ទុក​អោយ​ខ្លួន​ឯង​នៅ​ជាប់​គាំង​ត្រង់​ចំណុច​ណាមួយ ជាពិសេស​គឺ​រឿង​ការ​ងារ​នេះ​តែម្ដង! នៅ​ពេល​ដែល​ប្រាក់​បៀរវត្សន៍​គឺ​គ្រប់​គ្រាន់​សម្រាប់​អោយ​យើង ផ្គត់​ផ្គង់​លើ​ការ​ចំណាយ​ផ្សេងៗ​បាន នោះ​យើង​នឹង​មាន​អារម្មណ៍​ស្កប់ស្កល់ ហើយ​លះបង់​នូវ​មហិច្ឆតា​ក៏​ដូច​ជា​គោល​បំណង​ដែល​យើង​តែង​តែ​ចង់​បាន​នៅ​ក្នុង​ជីវិត។

សូម​ចង​ចាំ​ថា បើ​ទោះ​បី​ជា​ការ​ងារ​របស់​អ្នក គឺ​ជា​ប្រភព​ចំណូល​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ការ​ចំណាយ​ក្ដី ប៉ុន្តែ​វា​នឹង​ក្លាយ​ទៅ​ជា​អាវុធ​ដែល​ធ្វើ​អោយ​រាំង​ស្ទះ​ដល់​គោល​បំណង​ និង​ក្ដី​សុបិន្ដ​របស់​អ្នក​ទៅ​វិញ ហើយ​ការ​បាត់​បង់​ការ​ងារ​ គឺ​ជា​ការ​ក្រើន​រំលឹក​ដល់​រូប​យើង​ថា វា​គឺ​ដល់​ពេល​វេលា​ដែល​យើង​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ នឹង​បន្ត​ឈោង​ចាប់​ក្ដី​សុបិន្ដ​របស់​យើង​វិញ​ម្ដង​ហើយ។ ក៏​ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ភាគ​ធំ បែរ​ជា​មាន​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​ ឈាន​ដើរ​តាម​ជំហាន​បន្ទាប់​នេះ​ទៅវិញ។

ការ​ឈាន​ជើង​ចាក​ចេញ​ពី​ការងារ​ ដែល​ផ្ដល់​ភាព​សុខស្រួល និង​ប្រាក់​បៀរវត្សន៍​ជា​ប្រចាំ ហើយ​ដើរ​តាម​អនាគត​ដែល​មើល​មិន​ឃើញ គឺ​ជា​អ្វី​ដែល​មនុស្ស​ភាគច្រើន​ខ្លាច មិន​ហ៊ាន​ប្រថុយ។ ដូច្នេះ​មាន​តែ​ការ​បាត់​បង់​ការ​ងារ​ប៉ុណ្ណោះ ដែល​នឹង​ធ្វើ​អោយ​យើង​ហ៊ាន​ជាង​មុន ហើយ​ក៏​ជា​ឱកាស​ដែល​ល្អមួយ​ទៅ​វិញ បើ​សិន​ជា​យើង​គិត​អោយ​បាន​វែង​ឆ្ងាយ។

២) វា​នឹង​ធ្វើ​អោយ​យើង​មាន​ភាព​ចាស់​ទុំ និង​រីកចម្រើន ខាង​ផ្នែក​វិជ្ជាជីវៈ

ការ​រីក​ចម្រើន​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ គឺ​ពិត​ជា​មាន​សារៈ​សំខាន់ ហើយ​អ្វី​ដែល​នឹង​ធ្វើ​អោយ​អ្នក​រីកចម្រើន​បន្ទាប់​ពី​ការ​បាត់​បង់​ការងារ​នោះ ​រួម​មាន​ដូច​ជា​ការ​សាកល្បង​ក្នុង​ការ​ងារ​ថ្មី។ ហើយ​វា​ក៏​ប្រហែល​ជា​ឱកាស​ ដែល​ធ្វើ​អោយ​អ្នក​មាន​លទ្ធភាព​បាន​កែប្រែ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ផង​ដែរ ពីព្រោះ​ប្រហែល​ជា​អ្នក​ខាន​កែប្រែ​វា​យូរ​គួរ​សម​ដែរ​ហើយ​មិនអញ្ចឹង។

ការ​ទទួល​បាន​ការ​ងារ ក៏​ប្រហែល​ជា​ធ្វើ​អោយ​យើង​ភ្លេច​ថា ប្រវត្តិរូប​សង្ខេប​របស់​យើង គឺ​ពិត​ជា​មាន​សារៈ​សំខាន់ ហើយ​ពិត​ជា​ត្រូវ​ការ​កែប្រែ​អោយ​បាន​យូរ​ៗ​ម្ដង តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

៣) វា​នឹង​ក្លាយ​ទៅ​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​ ដើម្បី​អោយ​យើង​រៀន​សូត្រ​បាន

ភាព​ជោគជ័យ​គឺ​វា​ល្អ​ហើយ ក៏​ប៉ុន្តែ​ត្រូវ​ដឹង​ថា ការ​បរាជ័យ​គឺ​អាច​អោយ​យើង​រីក​ចម្រើន​បាន។

ការ​ទទួល​បាន​ភាព​បរាជ័យ មិន​មែន​បញ្ជាក់​ថា​ជីវិត​អ្នក​ត្រូវ​ដើរ​ដល់​ទី​បញ្ចប់​នោះ​ទេ ក៏​ប៉ុន្តែ​វា​ជា​ឱកាស​ក្នុង​ការ​អនុញ្ញាតិ​អោយ​យើង​បាន​រៀន​សូត្រ​ពី​វា ដើម្បី​បន្ត​អភិវឌ្ឍន៍​ខ្លួន​ឯង​ទៅ​វិញ​នោះ​ទេ។ មាន​បុគ្គល​ជាច្រើន បាន​អនុញ្ញាតិ​អោយ​ភាព​បរាជ័យ និង​ការ​ភ័យ​ខ្លាច ធ្វើ​អោយ​ខ្លួន​ឯង​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ដែល​មិន​អាច​បន្ត​អភិវឌ្ឍន៍​ខ្លួន​បាន។

ក្រលេក​មើល​ទៅ​លោក Steve Jobs ជា​ឧទាហរណ៍​ជាក់​ស្ដែង ដែល​មាន​ពេល​មួយ​នោះ​នៅ​ក្នុង​ជីវិត​របស់​លោក លោក​ត្រូវ​បាន​គណៈគ្រប់​គ្រង​នៅ​ក្នុង​ក្រុមហ៊ុន ដែល​ខ្លួន​ខិត​ខំ​បង្កើត​ឡើង​ដោយ​ផ្ទាល់​ដៃ បណ្ដេញ​ចេញ​ពី​តំណែង និង​ទំនួល​ខុស​ត្រូវ​នៅ​ក្នុង​ក្រុមហ៊ុន Apple។ ពិត​ណាស់​គាត់​ពិត​ជា​បាន​ទទួល​ស្គាល់​ថា វា​គឺ​ជា​បទពិសោធន៍​ដ៏​សែន​ឈឺចាប់ ប៉ុន្តែ​ជំនួស​អោយ​ការ​អង្គុយ​កើត​ទុក្ខ គាត់​ជ្រើសរើស​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​បំផុត ពី​ការ​ត្រូវ​បណ្ដេញ​ចេញ​នេះ​វិញ។

នេះ​សបញ្ជាក់​អោយ​ឃើញ​ថា ទស្សនវិស័យ​និង​ការ​ប្រកាន់​គំនិត​វិជ្ជមាន គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត​មនុស្ស​យើង។ សម្រាប់​លោក Steve Jobs មាន​ទស្សនវិស័យ​វែង​ឆ្ងាយ និង​បទពិសោធន៍​ដែល​គាត់​មាន ដូច្នេះ​នៅ​ពេល​ដែល​គាត់​ត្រលប់​មក​កាន់​ Apple វិញ គាត់​បាន​កែប្រែ​ក្រុមហ៊ុន​មួយ​នេះអោយ​ទៅ​ជា​ក្រុមហ៊ុន​ដែល​ជោគជ័យ​បំផុត ដូច​នាពេល​បច្ចុប្បន្ន​នេះ។

យោង​តាម​ឧទាហរណ៍​ខាង​លើ​នេះ​ហើយ អ្នក​មិន​គួរ​មាន​អារម្មណ៍​អស់​សង្ឃឹម និង​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​មិន​បាន​ការ​ ដោយ​សារ​តែ​ការ​បាត់​បង់​ការ​ងារ​ប៉ុណ្ណឹង​ទេ។ ជំនួស​អោយ​ការ​សោកសៅ អ្នក​គួរ​រៀន​សូត្រ​ពី​បទពិសោធន៍​មួយ​នេះ ហើយ​ពិត​ណាស់​ថា​វា​នឹង​អាច​ជួយ​អ្នក​នៅ​ក្នុង​ដំណើរ​ជីវិត​ដ៏​វែងឆ្ងាយ​នាពេល​អនាគត​បាន។

៤) វា​ជា​ឱកាស​ និង​ពេលវេលា​ដែល​អាច​អនុញ្ញាតិ​អោយ​អ្នក​វាយ​តម្លៃ​ខ្លួន​ឯង​បាន​សារ​ជាថ្មី

ការ​បាត់​បង់​ការ​ងារ គឺ​ជា​ពេល​វេលា​ដែល​ល្អ​បំផុត និង​ជា​ឱកាស​អនុញ្ញាតិ​អោយ​អ្នក បាន​ធ្វើ​ការ​វាយ​តម្លៃលើ​គោលដៅ និង​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​អ្នក​បាន​សារ​ជាថ្មី​ឡើង​វិញ។ ទោះ​បី​ជា​បែប​ណា​ ចំពោះ​ការ​វាយ​តម្លៃ​ខ្លួន​ឯង​នេះ ចំណេះ​ ស្នើ​អោយ​ប្រិយមិត្ត​គ្រប់​គ្នា​គួរ​តែ​ធ្វើ​វា​អោយ​បាន​ញឹកញាប់ ហើយ​មិន​គួរ​អោយ​បទពិសោធន៍​នៃ​ការ​បាត់​បង់​ការ​ងារ ​បង្ខំ​អោយ​អ្នក​ត្រូវ​ធ្វើ​វា​ឡើងវិញ​នោះ​ទេ។

​គិត​ពី​គោល​ដៅ​ដែល​អ្នក​បាន​កំណត់​ ទាំង​អាទិភាព ការ​បរាជ័យ និង​ភាពជោគជ័យ​ដែល​អ្នក​ទទួល​បាន​កាល​ពីមុន នឹង​អាច​ជួយ​តម្រង់​ផ្លូវ​អ្នក​អោយ​មាន​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​មួយ សម្រាប់​ដំណើរ​ថ្មី​ក្នុង​ជីវិត​របស់​អ្នក។ ទោះ​បី​ជា​មើល​ទៅ​ វា​ហាក់​បី​ដូច​ជា​អ្នក​ត្រូវ​ចាប់​ផ្ដើម​សារ​ជាថ្មី​ ប៉ុន្តែ​តាម​ពិត​ទៅ វា​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បន្ត​ដំណើរ​ ក្នុង​ដំណាក់​កាល​បន្ទាប់​នៃ​ជីវិត​របស់​អ្នក។

ការ​វាយតម្លៃ​ឡើង​វិញ​នេះ​ផងដែរ ក៏​នឹង​ជួយ​អោយ​អ្នក​កំណត់​បាន​ច្បាស់​ថា អ្វី​ដែល​នឹង​ដំណើរ​ការ ឬ​មិន​ដំណើរ​ការ​នៅ​ក្នុង​ជីវិត​របស់​អ្នក។

៥) វា​ជា​ឱកាស​ធ្វើ​អោយ​អ្នក​ចេះ​បែង​ចែក នឹង​ស្វែងរក​ប្រភព​ចំណូល​ផ្សេង (ក្រៅ​តែ​ពី​ប្រាក់​បៀរវត្សន៍​តែ​មួយ​មុខ)

មាន​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយាយ​ថា "កុំ​ទុក​ពង​មាន់​របស់​អ្នក ក្នុង​កន្ត្រក​តែ​មួយ​" ប្រយោគ​មួយ​ឃ្លា​នេះ​គឺ​ត្រូវ​បាន​និយាយ​ជា​ទូទៅ និង​មាន​មូល​ហេតុ​របស់​វា។ ជា​ឧទាហរណ៍​ប្រសិន​បើ​អ្នក​ទុក​ពង​មាន់​ក្នុង​កន្ត្រក​តែ​មួយ ហើយ​បើ​វា​ធ្លាក់ នោះ​ពងមាន់​របស់​អ្នក នឹង​ខូចខាត​ទាំង​អស់។ នេះ​គឺ​វា​ប្រៀប​ដូច​ជា​ជីវិត​រស់​នៅ​របស់​យើង​យ៉ាង​ដូច្នោះ​ដែរ ពី​ព្រោះ​មនុស្ស​ភាគច្រើន​នៅ​ជាប់​គាំង​ជាមួយ​នឹង​ការ​ងារ​របស់​ខ្លួន គឺ​ដោយ​សារ​តែ​ពួក​គេ​គ្មាន​ប្រភព​ចំណូល​ណា​ផ្សេង ក្រៅ​ពី​ប្រាក់​បៀរវត្សន៍​ដែល​បាន​មក​ពី​ការ​ងារ​នោះ​ ហើយ​មិន​ចេះ​ស្វែង​រក​ប្រភព​ចំណូល​ផ្សេង​ទៀត វា​ប្រៀប​ដូច​ជា​យើង​មិន​ព្រម​ទុក​ពង​មាន់​ក្នុង​កន្ត្រក​អោយ​បាន​ច្រើន​អញ្ចឹង បើ​ពង​មាន់​ក្នុង​កន្ត្រក​មួយ​បែក​អស់​ នោះ​យើង​អាច​នៅ​សល់​ពង​មាន់​ក្នុង​កន្ត្រក​ផ្សេង​ទៀត​ដែរ។

គំនិត​សម្រាប់​ប្រិយមិត្ត​ទាំង​អស់​គ្នា ត្រូវ​រៀន​ស្វែង​រក​ប្រភព​ចំណូល​របស់​ខ្លួន​អោយ​បាន​ច្រើន ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​សុវត្ថិភាព ទោះ​បី​ជា​អ្នក​ត្រូវ​បាត់​បង់​ការ​ងារ​ក៏​ដោយ។

៦) វា​ជា​ឱកាស​អាច​អោយ​អ្នក​រៀន​រស់​នៅ​ដោយ​ពឹង​លើ​ខ្លួន​ឯង​

នៅ​ពេល​ដែល​អ្នក​បាត់​បង់​ការ​ងារ អ្នក​នឹង​ចេះ​គិត​បាន​កាន់​តែ​វែង​ឆ្ងាយ ហើយ​និង​ព្យាយាម​ដើម្បី​ការ​រស់​រាន​មាន​ជីវិត​បន្ត។ អ្នក​ចេះ​ដឹង​ពី​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​រៀន​ចេះ​របៀប​ការ​ពារ​ខ្លួនពី​បទពិសោធន៍​មួយ​នេះ។

វា​នឹង​ក្លាយ​ទៅ​ជា​បទពិសោធន៍ អោយ​អ្នក​ចេះ​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​នឹង​មាន​លទ្ធភាព​រស់នៅ​ក្នុង​ពិភពលោក​ដែល​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង​មួយ​នេះ​បាន។

ភាព​ជោគជ័យ​អាច​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ស្កប់​ចិត្ត ប៉ុន្តែ​យូរ​ៗ​ទៅ​វា​នឹង​ធ្វើ​អោយ​អ្នក​ភ្លេច​ពី​ភាព​បរាជ័យ ហើយ​មិន​អាច​ត្រៀម​ខ្លួន​ទទួល​យក​ភាព​បរាជ័យ​បាន។ ត្រូវ​ចាំ​ថា​អ្នក​អាច​ជោគជ័យ​បាន លើក​លែង​តែ​អ្នក​ធ្លាប់​ភ្លក់​រសជាតិ​បរាជ័យ​ជា​មុន​សិន។ ការ​ប្រឈម​មុខ​នឹង​ជីវិត​របស់​អ្នក គឺ​ត្រូវ​ពឹង​ផ្អែក​លើ​គំនិត​បែប​នេះ ដែល​នឹង​ធ្វើ​អោយ​អ្នក​យល់​ដឹង​ថា​តើ​អ្វី​ដែល​សាកសម​សម្រាប់​អ្នក។ អ្វី​ដែល​ជា​ចំណុច​សំខាន់​នោះ​គឺ អ្វី​ដែល​ធ្លាប់​តែ​ដំណើរ​ការ​កាល​ពី​អតីត ប្រហែល​ជា​មិន​ដំណើរ​ការ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ទេ ដូច្នេះ​ទាមទារ​អោយ​អ្នក​ត្រូវ​ចេះ​បត់បែន​តាម​កាលៈ​ទេសៈ។

ជាចុងក្រោយ​សូម​ចង​ចាំ​ថា ជីវិត​គឺ​មិន​ដំណើរ​ការ​ទៅ​ដោយ​រលូន​នោះ​ទេ ​វា​មាន​ទាំង​ទុក្ខ និង​សុខ​នៅ​លាយ​ឡំ​គ្នា ហើយ​ក្នុង​លោក​អ្វី​ក៏​មិន​ដែល​ប្រាកដ​បាន​រហូត​ទៅ​ដែរ ការ​បាត់​បង់​ការ​ងារ​នឹង​ក្លាយ​ជា​បទពិសោធន៍​សម្រាប់​បង្រៀន​អ្នក​បាន។ ហើយ​ចំនុច​សំខាន់​ដែល​អាច​ជួយ​អ្នក​បាននោះ គឺ​ផ្នត់​គំនិត​របស់​អ្នក ដោយ​កែប្រែ​រឿង​អវិជ្ជមាន ទៅ​ជា​គំនិត​ដែល​វិជ្ជមាន។ ការ​បាត់​បង់ ឬ​ត្រូវ​បណ្ដេញ​ចេញ​ពី​ការងារ នឹង​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់ និង​ដូច​ត្រូវ​គេ​ក្បត់​ក្នុង​ពេល​ថ្មីៗ ប៉ុន្តែ​បន្ទាប់​ពី​នោះ​ ការ​សម្លឹង​មើល​ជីវិត​ដែល​នៅ​សល់​វែង​ឆ្ងាយ ពិត​ជា​អាច​ជួយ​អ្នក​អោយ​បន្ត​ដំណើរ​ទៅ​ទៀត ហើយ​បំភ្លេច​នូវ​បទពិសោធន៍​ដ៏​ឈឺ​ចាប់​នេះ​បាន។ ហើយ​បើ​សិន​ជា​អ្នក​គិត​អោយ​ស៊ី​ជម្រៅ​វិញ ការ​បាត់​បង់​ការ​ងារ​គឺ​ជា​រឿង​ល្អ​ទៅ​វិញ​នោះ​ទេ ពីព្រោះ​អ្នក​មាន​ឱកាស​ដ៏​កម្រ​មួយ ក្នុង​ការ​សាកល្បង​ធ្វើ​កិច្ចការ​ដែល​អ្នក​មិន​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក៕

ដៃគូរផ្សព្វផ្សាយ៖ ចំណេះ

ឃ្លាំងគំនិត ទស្សនៈជីវិត យល់ដឹង