គួរកុំធ្វើរឿងទាំងនេះ ពេលមានទំនាស់ជាមួយដៃគូរ

,

នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​មួម៉ៅ ឬ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​នឹង​ដៃគូ​របស់​ខ្លួន វា​គឺ​ពិត​ជា​ងាយ​ស្រួល​ខ្លាំង​បំផុត​ដែល​សកម្មភាព​របស់​អ្នក​មួយ​ចំនួន​ ​អាច​ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត​ត្រូវ​ឈឺចាប់​ខ្លាំង​ទាំង​ដែល​អ្នក​មិន​បាន​តាំង​ចិត្ត។ ហើយ​ពេល​ខ្លះ​ដោយ​សារ​តែ​ការ​អន់​ចិត្ត​ទាំង​នេះហើយ​ វា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ នឹង​អាច​ធ្វើ​អោយ​ស្នេហា​អ្នក​ទាំង​ពីរ​ត្រូវ​ប្រេះឆា​ថែម​ទៀត​ផង។

រូបភាព៖ LovePanky

សម្រាប់​អត្ថបទ​នេះ​ យើងសូម​លើក​យក​នូវ​គន្លឹះ​សុភមង្គល ៧​ចំនុច ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​ប្រិយមិត្ត​គប្បី​ជៀសវាង​ជា​ដាច់​ខាត នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​មាន​ទំនាស់​ជាមួយ​នឹង​គ្នា​៖

១) កុំ​យក​រឿង​រ៉ាវ​ទំនាស់​របស់​អ្នក​ទាំង​ពីរ​ ប្រាប់​ទៅ​សមាជិក​ក្រុម​គ្រួសារ​ដទៃ​ទៀត​របស់​ខ្លួន

ត្រូវ​ចាំ​ថា ទំនាស់​របស់​អ្នក​ទាំង​ពីរ គឺ​មាន​តែ​អ្នក​ទាំង​ពីរ​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បាន។ ហើយ​ការ​ដែល​យក​រឿង​ឈ្លោះ​ប្រកែក​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន ប្រាប់​ទៅ​សមាជិក​ដទៃ​ទៀត ជា​ពិសេស​ឪពុក​ម្ដាយ​បង្កើត​របស់​អ្នក​នោះ វា​នឹង​មិន​អាច​ជួយ​អ្វី​បាន​នោះ​ទេ ហើយ​ពេល​ខ្លះ វា​អាច​នឹង​បង្ក​ទៅ​ជា​រឿង​រ៉ាវ​កាន់​តែ​ធំដំ ដោយ​សារ​ចាស់​ៗ​កាន់​ជើង​កូន​រៀង​ៗខ្លួន​ថែម​ទៀត​ផង។ ហើយ​នា​ពេល​អនាគត ទោះ​បី​ជា​អ្នក​ទាំង​ពីរ​ត្រូវ​រ៉ូវ​គ្នា​វិញ​ក៏​ដោយ ប៉ុន្តែ​សូម​ចាំ​ថា សមាជិក​គ្រួសារ​របស់​អ្នក​គាត់​នឹង​មិន​ងាយ​បំភ្លេច​ទេ ហើយ​អាច​យក​រឿង​ទាំង​អស់​នោះ មក​វាយ​ប្រហារ​ដៃ​គូ​របស់​អ្នក​ ដែល​នេះ​ធ្វើ​អោយ​សាច់​ញាតិ​នឹង​ដៃ​គូ​របស់​អ្នក​មាន​ការ​អន់​ចិត្ត​នឹង​គ្នា​បាន​ថែម​ទៀត​ផង។

២) ជៀស​វាង​ការ​ប្រើ​ហិង្សា​ជា​ដាច់​ខាត

ទោះ​ជា​អ្នក​ទាំង​ពីរ​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ សូម​ចង​ចាំ​ថា​ទម្រាំ​អ្នក​ឈាន​មក​ដល់​ដំណាក់​កាល​នេះ អ្នក​ត្រូវ​ឆ្លង​កាត់​រឿងរ៉ាវ​ និង​ពេល​វេលា​យូរ​បែប​ណា​? តើ​អ្នក​ដាច់​ចិត្ត​ប្រើ​អំពើ​ហិង្សា​លើ​មនុស្ស​ដែល​អ្នក​ធ្លាប់​និយាយ​ថា​ ស្រលាញ់​ពេញៗ​មាត់​បាន​ដែរ​ឬ​ទេ? អ្វី​ដែល​អ្នក​ត្រូវ​កត់​ចំណាំ​នោះ​គឺ ប្រសិន​បើ​អ្នក​ប្រើ​អំពើ​ហិង្សា​លើ​ភាគី​ម្ខាង​ទៀត​ហើយ ទោះ​ជា​ពី​អតីត​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា ខ្លាំង​បែប​ណា​ក៏​ដោយ ក៏​ប្រហែល​ជា​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​នេះ​ដែរ។

អ្វី​ដែល​សំខាន់​លើស​ពី​នេះ​ទៅ​ទៀត​នោះ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គឺ​ជា​ទោស​ព្រហ្មទណ្ឌ ហើយ​អ្នក​អាច​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត​ផង ប្រសិន​បើ​ដៃ​គូ​ប្ដឹង​រូប​អ្នក​ទៅ​កាន់​តុលាការ។

៣) កុំ​ព្យាយាម​ចាប់​កំហុស​ ឬ​រំលឹក​ពី​អ្វី​ដែល​ដៃ​គូ​ធ្លាប់​បាន​ធ្វើ​ខុស​ពី​អតីតកាល​ឡើង​មក (គួរ​និយាយ​តែ​ពី​បញ្ហា​ដែល​មាន​នៅ​ចំពោះ​មុខ​ទៅ​ គឺ​បាន​ហើយ)

ប្រសិន​បើ​អ្នក​អន់​ចិត្ត​ជាមួយ​នឹង​ដៃ​គូ ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វី​មួយ អ្នក​គួរ​តែ​និយាយ​គ្នា​តែ​ពី​បញ្ហា​នោះ​ទៅ​បាន​ហើយ។ កុំ​ព្យាយាម​គាស់​កកាយ​គ្រប់​រឿង​រ៉ាវ ដែល​ជា​កំហុស​របស់​ដៃ​គូ​ តាំង​ពី​អតីតកាល​ឡើង​មក​អី ពី​ព្រោះ​ការ​ដែល​អ្នក​ធ្វើ​បែប​នេះ អ្នក​អាច​ធ្វើ​អោយ​បញ្ហា​តូចតាច ក្លាយ​ទៅ​ជា​ធំ​បាន។ លើស​ពី​នេះ​ទៅ​ទៀត​នោះ ​វា​អាច​ធ្វើ​អោយ​ដៃ​គូ​របស់​អ្នក​ ឆាប់​មាន​អារម្មណ៍​នឿយ​ណាយ ជាមួយ​នឹង​អ្នក​បាន​។

៤) ពេល​ឈ្លោះ​គ្នា ហាម​ដាច់​ខាត​និយាយ​ដល់​រឿង​លែងលះ ឬ​បែក​គ្នា

ទោះ​ជា​អ្នក​ខឹង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ការ​ដែល​និយាយ​ថា អ្នក​ចង់​ចែក​ផ្លូវ​ ឬ​ចង់​លែងលះ វា​គឺ​ជា​ការ​ប្រមាថ​ខ្លាំង​បំផុត​សម្រាប់​ដៃ​គូ​របស់​អ្នក​។ ពាក្យ​សម្ដី​ត្រឹម​តែ​ប៉ុន្មាន​ម៉ាត់​នេះ វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​អារម្មណ៍​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​ខ្លាំង​ក្លា​បំផុត។ ហើយ​សូម​ចាំ​ថា នៅ​ពេល​ដែល​អ្នក​ហ៊ាន​និយាយ​ពាក្យ​ទាំង​នេះ​ចេញ​មក​ហើយ ពេល​នោះ​ការ​ចែក​ផ្លូវ​គ្នា​ អាច​នឹង​កើត​ឡើង​តាម​មាត់​ដែល​អ្នក​និយាយ។ ប្រសិន​បើ​អ្នក​ស្រលាញ់​គ្នា​ ជៀសវាង​ដាច់​ខាត​ និយាយ​ពី​រឿង​ចែក​ផ្លូវ​ ឬ​លែង​លះ​គ្នា។

៥) ពេល​ដែល​ឈ្លោះ​គ្នា អ្នក​មិន​ត្រូវ​ចាកចេញ​ពី​ផ្ទះ​នោះ​ទេ

ការ​ចាក​ចេញ​ពី​ផ្ទះ កំឡុង​ពេល​ដែល​អ្នក​ឈ្លោះ​គ្នា​ជា​មួយ​នឹង​ដៃ​គូ គឺ​ជា​ការ​បង្ហាញ​ប្រាប់​ភាគី​ម្ខាង​ទៀត​ថា អ្នក​គ្មាន​អារម្មណ៍​មាន​ក្ដី​សុខ​ក្នុង​ការ​រស់​នៅ​ជា​មួយ​នឹង​ពួក​គេ​បន្ត​ទៅ​ទៀត​នោះ​ទេ។ ម៉្យាង​ការ​ធ្វើ​បែប​នេះ នឹង​បង្ហាញ​ពី​ចរិត​គ្មាន​ភាព​ចាស់​ទុំ និង​គ្មាន​ទំនួល​ខុស​ត្រូវ​របស់​អ្នក​អោយ​ដៃ​គូ​បាន​ឃើញ។ អ្វី​ដែល​ល្អ​បំផុត​ដែល​អ្នក​គួរ​តែ​ធ្វើ​នោះ​គឺ ត្រូវ​រង​ចាំ​អោយ​អ្នក​ទាំង​ពីរ​ស្ងប់​អារម្មណ៍​រៀង​ខ្លួន​ ហើយ​សឹម​ជជែក​គ្នា​ពី​បញ្ហា​ទាំង​អស់​នោះ​ឡើង​វិញ ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ និង​មាន​ភាព​ទទួល​ខុស​ត្រូវ។

៦) ពេល​ដែល​ឈ្លោះ​គ្នា សូម​កុំ​គេង​បែក​គ្នា

ការ​ដែល​អ្នក​គេង​បែក​គ្នា ជា​សកម្មភាព​ដែល​បង្ហាញ​ថា អ្នក​មិន​ចង់​ត្រូវ​គ្នា​ជាមួយ​នឹង​ដៃ​គូ​វិញ​ទេ។ សកម្មភាព​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ចូល​គេ​ងជាមួយ​នឹង​គ្នា​នេះ អាច​ធ្វើ​អោយ​ភាព​តាន​តឹង​ត្រូវ​បាន​បន្ធូរ​បន្ថយ​ ហើយ​ក៏​អាច​ធ្វើ​អោយ​ជម្លោះ​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់​ផង​ដែរ។

៧) អ្នក​មិន​គួរ​ឈ្លោះ​គ្នា​នៅ​ទី​សាធារណៈ ឬ​អោយ​អ្នក​ដទៃ​បាន​ឃើញ​នោះ​ទេ

ប្រសិន​បើ​អ្នក​ទាំង​ពីរ​ឈ្លោះ​គ្នា​នៅ​ទី​សាធារណៈ ​វា​ជា​អាកប្បកិរិយា​ដែល​បង្ហាញ​ថា អ្នក​គ្មាន​ការ​គោរព​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជា​ពិសេស​អ្នក​គ្មាន​ការ​គោរព​ដល់​មនុស្ស​ដទៃ​ទៀត ដែល​នៅ​ជុំវិញ​អ្នក​ទាំង​ពីរ។ ម៉្យាង​ការ​ធ្វើ​បែប​នេះ​ ដូច​ជា​ពាក្យ​របស់​ខ្មែរ​យើង​ដែល​និយាយ​ថា "ហែក​ទ្រូង​អោយ​ក្អែក​ចឹក" ដែល​ស្មើ​នឹង​ការ​រៀប​រាប់​ចំណុច​ខ្សោយ​របស់​ខ្លួន​និង​ដៃ​គូ ប្រាប់​អោយ​អ្នក​ដទៃ​បាន​ដឹង​យ៉ាង​ដូច្នោះ​ដែរ។ ប្រសិន​បើ​អ្នក​មាន​រឿង​ដែល​ត្រូវ​និយាយ​គ្នា អ្នក​គួរ​តែ​និយាយ​គ្នា​នៅ​ផ្ទះ​របស់​ខ្លួន​ទើប​ជា​ការ​ប្រសើរ៕

ផ្តល់សិទ្ធិដោយ៖ ចំណេះ

ស្នេហា ទស្សនៈជីវិត