មេរៀន​ជោគជ័យ​ ១៧​ចំណុច ពី​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates

,

ប្រិយមិត្តទាំង​អស់​ប្រាកដជាស្គាល់យ៉ាងច្បាស់នូវបុគ្គល​ម្នាក់​នេះ​ តើ​ពិត​មែន​ទេ? គាត់គឺ​ជា​មហាសេដ្ឋី​ដែល​មាន​ជាង​គេ​បំផុត​នៅ​លើ​លោក ក្រោយ​ពេល​ដែល​រូប​លោក​បាន​ចាប់​ផ្ដើម​បង្កើត​ក្រុមហ៊ុន Microsoft នៅ​ក្នុង​ឆ្នាំ​១៩៧៥។ Microsoft គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​ ដែល​បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្ដិការ​របស់​កុំព្យូទ័រ​ដ៏​ល្បីល្បាញ​ នោះ​គឺ​ Microsoft Windows។ ក្រុមហ៊ុន​ Microsoft ក៏​ជា​អ្នក​បង្កើត​ម៉ាស៊ីន Xbox ដែល​ជា​ម៉ាស៊ីន​លេង​ហ្គេម​ដ៏​ពេញ​និយម​របស់​មនុស្ស​ទូទៅ​នៅ​លើ​ពិភពលោក​ផង​ដែរ។

ក្រុមហ៊ុន Microsoft

​មេរៀន​ជោគជ័យ​ ១៧​ចំណុច ​ដែល​ត្រូវ​បាន​ចែក​ចាយ​ដោយ​បុគ្គល​ដ៏​មាន​ឥទ្ធិពល​រូប​នេះ មាន​ដូច​ខាង​ក្រោមនេះ៖

១) បើ​ចង់​ចាប់​ផ្ដើម ត្រូវ​ចាប់​ផ្ដើម​អោយ​បាន​លឿន​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន

មេរៀន​ជោគជ័យ​ទី​មួយ​របស់​លោក​ Bill Gates ដែល​ប្រិយមិត្ត​ត្រូវ​ចង​ចាំ​ទុក​នោះ​គឺ ប្រសិន​បើ​ប្រិយមិត្ត​ចង់​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ណាមួយ ប្រិយមិត្ត​គប្បី​ត្រូវ​ចាប់​ផ្ដើម​វា​អោយ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​ Bill Gates ចាប់​ផ្ដើម​ធ្វើ​ការ​ជាមួយ​នឹង​ម៉ាស៊ីន​កុំព្យូទ័រ​ដំបូង​នៅ​ពេល​ដែល​គាត់​មាន​អាយុ ត្រឹម​១៣​ឆ្នាំ​ប៉ុណ្ណោះ។ ហើយ​ការ​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ណា​មួយ​ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត​របស់​អ្នក​នោះ វា​អាច​ធ្វើ​អោយ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ចូល​ចិត្ត​ធ្វើ​រឿង​ទាំង​នោះ។ ការ​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​អោយ​បាន​លឿន មិន​ត្រឹម​តែ​អាច​ធ្វើ​អោយ​អ្នក​ជោគជ័យ​មុន​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​ជា​កត្តា​ដែល​មិន​ងាយ​ធ្វើ​អោយ​អ្នក​បោះ​បង់​ផង​ដែរ។

ចំណុច​មួយ​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ នៅ​ពេល​ដែល​អ្នក​នៅ​ក្មេង ពាក្យ​សំដី​របស់​អ្នក​ដទៃ​និង​មិន​សូវ​មាន​ផល​ប៉ះពាល់ ដល់​ការ​សម្រេច​ក្ដី​ស្រមៃ​ និង​គោល​ដៅ​របស់​អ្នក​នោះ​ទេ។

២) ស្វែង​រក​ និង​ធ្វើ​ជា​ដៃ​គូ​ជាមួយ​នឹង​អ្នក​ដទៃ (ជា​មនុស្ស​ដែល​វិជ្ជមាន)

សម្រាប់​លោក Bill Gates គាត់​គឺ​ចូល​ចិត្ត​បំផុត​នៅ​ក្នុង​ការ​ចាប់​ដៃ​គូ​ជាមួយ​នឹង​មនុស្ស​ជោគជ័យ​ដទៃ​ទៀត ហើយ​គឺ​ជា​មនុស្ស​ដែល​ខ្លួន​គាត់​គិត​ថា​ មាន​សមត្ថភាព​ខ្ពស់​ជាង​គាត់ ហើយ​គាត់​អាច​យក​ធ្វើ​ជា​គម្រូ​បាន។

គាត់​គឺ​មាន​ភាព​រីករាយ​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ ដែល​អស្ចារ្យ​និង​លេច​ធ្លោ​ជាង​គាត់​បែប​នេះ ពីព្រោះ​គាត់​បាន​ដឹង​យ៉ាង​ច្បាស់​ថា មនុស្ស​ទាំង​អស់​នោះ​នឹង​អាច​មាន​លទ្ធភាព​បង្ហាញ​ផ្លូវ​គាត់​ពី​ឱកាស​ថ្មីៗ​ ក៏​ដូច​ជា​បង្ហាត់​បង្រៀន​ដល់​គាត់​ នូវ​អ្វី​ដែល​គាត់​មិន​ធ្លាប់​ចេះ​ពី​មុន​មក​បាន។

៣) ពេល​អ្នក​ចាប់​ផ្ដើម​ភ្លាម អ្នក​មិន​អាច​ជោគជ័យ​បាន​ភ្លាម​នោះ​ទេ

ជា​ឧទាហរណ៍​៖ នៅ​ពេល​ដែល​អ្នក​រៀន​ចប់​ពី​សាលា​ភ្លាម​ អ្នក​មិន​អាច​មាន​លទ្ធភាព​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ដូច​អ្នក​មាន​បទពិសោធន៍​ដទៃ​ទៀត​បាន​នោះ​ទេ។ ទោះ​ជា​ការ​សិក្សា​របស់​អ្នក​ខ្ពស់​ដល់​កម្រិត​ណា​ក៏​ដោយ អ្នក​ចាំ​បាច់​ត្រូវ​ការ​បទពិសោធន៍​ដើម្បី​ លើក​ឋានៈ​ខ្លួន​ឯង​ពី​តូច​ទៅ​ធំ។ បើ​ទោះ​ជា​អ្នក​បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​គ្រប់​គ្រង​ពាណិជ្ជកម្ម​ក៏​ដោយ ក៏​ភ្លាមៗ​គ្មាន​ក្រុមហ៊ុន​ណា​ហ៊ាន​ជួល​អ្នក​ ទៅ​ធ្វើ​ជា​នាយក​ប្រតិបត្តិ​របស់​គេ​នោះ​ទេ។

ឋានៈ​ខ្ពស់​ទាំង​អស់​នោះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ប្រឹង​ប្រែង​ជាមុន​សិន​ មុន​នឹង​អ្នក​អាច​ទទួល​បាន​វា។ សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក៏​អញ្ចឹង មិន​អាច​ថា​ចាប់​ផ្ដើម​ភ្លាម​អ្នក​មាន​លទ្ធភាព​ទទួល​បាន​ជោគជ័យ​ភ្លាម​នោះ​ទេ អ្នក​ត្រូវ​ជួប​ផល​វិបាក​ ការ​បរាជ័យ និង​បញ្ហា​ផ្សេងៗ​ទៀត​ជាមុន​សិន​ ដែល​រឿង​ទាំង​អស់​នោះ នឹង​ក្លាយ​ទៅ​ជា​បទ​ពិសោធន៍​សម្រាប់​ ការ​ក្រោក​ឈរ​ឡើង​វិញ​ម្ដង​ទៀត​របស់​អ្នក​ដូច​គ្នា​ដែរ។

៤) បង្កើត​មុខ​ជំនួញ ដែល​ជា​របស់​ខ្លួន​អោយ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ

ចំណុច​នេះ​គឺ​ស្រដៀង​ទៅ​នឹង​ចំណុច​ទី​មួយ​ដែរ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​បាន​លឿន អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង ឬ​ប្រធាន​ក្រុមហ៊ុន​បាន​កាន់​តែ​លឿន​ដូច​គ្នា​ដែរ។ ការ​បើក​មុខ​ជំនួញ​ដែល​ជា​របស់​ខ្លួន​ឯង អាច​ធ្វើ​អោយ​អ្នក​មាន​លទ្ធភាព​ កំណត់​ជោគ​វាសនា ក៏​ដូច​ជា​ភាព​ជោគជ័យ​របស់​ខ្លួន​បាន​ពេញ​ទំហឹង ពី​ព្រោះ​អ្វី​ៗ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក​។

ក្រុមហ៊ុន Microsoft

៥) កុំ​ត្អូញត្អែរ​ពីបញ្ហា​របស់​អ្នក ត្រូវ​រៀន​សូត្រ​ពី​វា​វិញ

នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង​ចំពោះ​ខ្លួន​របស់​អ្នក កុំ​ព្យាយាម​ទំលាក់​កំហុស​ទៅ​អោយ​នរណា​ម្នាក់​អោយ​សោះ។ ត្រូវ​ចាំ​ថា​រាល់​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​អ្នក គឺ​ខ្លួន​អ្នក​ផ្ទាល់​ជា​អ្នក​បង្ករ ហើយ​មិន​មែន​ជា​កំហុស​របស់​អ្នក​ដទៃ​នោះ​ទេ។

ត្រូវ​ចាំ​ថា​រាល់​បញ្ហា​ទាំង​ឡាយ​ដែល​កើត​ឡើង​ គឺ​ជា​មេរៀន​ដ៏​មាន​តម្លៃ​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​វា​បាន។ ពីព្រោះ​ឥលូវ​នេះ អ្នក​បាន​ដឹង​ច្បាស់​ហើយ​ថា ស្ថិត​នៅ​ចំពោះ​មុខ​ស្ថានការណ៍​ដដែល​បែបនេះ​ទៀត អ្នក​គួរ​ឬ​មិន​គួរ​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​វា​អោយ​បាន​នា​ពេល​អនាគត។

៦) ធ្វើ​រឿង​អ្វី​ក៏​ដោយ អ្នក​ចាំ​បាច់​ត្រូវ​មាន​ការ​បេ្ដជ្ញា និង​ការ​តាំង​ចិត្ត​អោយ​បាន​ខ្ពស់

ចំណុច​នេះ​គឺ​ដូច​ទៅ​នឹង​ដំបូន្មាន​ ដែល​ផ្ដល់​ដោយ​សហគ្រិន​ស្ទើរ​តែ​ទាំង​អស់​ នៅ​លើ​ពិភពលោក។ វា​គឺ​ពិត​ជា​ចាំបាច់​បំផុត​ ដែល​អ្នក​ត្រូវ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ចំពោះ​អ្វី​ដែល​អ្នក​ស្រលាញ់  និង ត្រូវ​មាន​មហិច្ឆតា​ខ្ពស់​ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ។

ត្រូវ​ចាំ​ថា រាល់​មនុស្ស​ជោគជ័យ​ទាំង​ឡាយ​ ដែល​ធ្វើ​នូវ​កិច្ចការ​លំបាកៗ​ ប៉ុន្តែ​មើល​ទៅ​ហាក់​បី​ដូច​ជា​ស្រួល​នោះ គឺ​ដោយ​សារ​តែ​ពួក​គេ​ធ្វើ​នូវ​កិច្ចការ​ដែល​ពួក​គេ​ស្រលាញ់​និង​ចូល​ចិត្ត។ ប្រសិន​បើ​កិច្ច​ការ​ដែល​អ្នក​កំពុង​តែ​ធ្វើ ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ថា នឿយណាយ​និង​លំបាក​ខ្លាំង នោះ​ប្រហែល​មក​ពី​អ្នក​កំពុង​តែ​ធ្វើ​នូវ​កិច្ច​ការ​ដែល​អ្នក​មិន​បាន​ស្រលាញ់​ពិត​ប្រាកដ​នោះ​ទេ។

៧) ជីវិត​រស់​នៅ​គឺ​ជា​ទីកន្លែង​ដែល​ផ្ដល់​មេរៀន​ច្រើន​បំផុត​ដល់​រូប​អ្នក មិន​មែន​ជា​សាលា​ឬ​សាកលវិទ្យាល័យ​នោះ​ទេ

ទោះ​បី​ជា​អ្នក​រៀន​បាន​ច្រើន​ប៉ុណ្ណា និង អាន​សៀវភៅ​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​អ្វី​ដែល​អ្នក​ទទួល​បាន​ពី​សាលា​ មិន​អាច​ធ្វើ​អោយ​អ្នក​ត្រៀម​ខ្លួន​បាន​រួច​រាល់​ដើម្បី​ប្រឡូក​ក្នុង​ពិភពលោក​ដ៏​ធំ​មួយ​នេះ​បាន​ដែរ។

នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​នៅ​ក្នុង​ការ​ងារ អ្នក​មិន​អាច​ទៅ​អាន​សៀវភៅ​ដើម្បី​រក​ចម្លើយ​យក​មក​ដោះ​ស្រាយ​វា​នោះ​ទេ។ ប៉ុន្តែ​គឺ​ជា​មេរៀន​ និង​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​បាន​ទទួល​នៅ​ក្នុង​ជីវិត​ពី​អតីតកាល​ទៅ​វិញ​ទេ ដែល​អ្នក​អាច​យក​មក​ដោះ​ស្រាយ​បញ្ហា​នោះ​បាន។

៨) ត្រូវ​ធ្វើ​ល្អ​ដាក់​អ្នក​ងប់​ងល់​នឹង​ការ​សិក្សា

ជា​ការ​ពិត​កំឡុង​ពេល​ដែល​អ្នក​រៀន​នៅ​សាលា អ្នក​ប្រាកដ​ជា​មាន​មិត្ត​រួម​ថ្នាក់ ឬ​រួម​ជំនាន់​ដែល​ប្រឹង​ប្រែង​ខ្លាំង​ជាង​គេ ឆ្លាត​ហើយ​ពូកែ​ និង​មាន​គោល​បំណង​ខ្ពស់​ក្នុង​ការ​រៀន​អោយ​បាន​ជោគជ័យ។

ប្រសិន​បើ​ពេល​នៅ​រៀន អ្នក​ចូល​ចិត្ត​ធ្វើ​បាប​មនុស្ស​ប្រភេទ​នេះ នោះ​អ្នក​អាច​នឹង​មាន​បញ្ហា។ អ្នក​មិន​អាច​ដឹង​បាន​ទេ​ថា​នាពេល​អនាគត មនុស្ស​ដែល​អ្នក​ធ្វើ​បាប​ទាំង​នោះ អាច​មាន​លទ្ធភាព​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ ឬ​ក្លាយ​ជា​បុគ្គលិក​ជាន់​ខ្ពស់​ក្នុង​ស្ថាប័ន​ណាមួយ ដែល​អ្នក​បម្រុង​នឹង​ដាក់​ពាក្យ​ចូល​ធ្វើ​ការ។ សាក​គិត​ម្ដង​ទៀត​ទៅ​មើល៎ បើ​សិន​ជា​បែប​នោះ​មែន តើ​អ្នក​អាច​សម្ភាសន៍​ជាប់​ដែរ​ឬ​ទេ?

អនាគត​មិន​អាច​មើល​ឃើញ​បាន​មែន ក៏​ប៉ុន្តែ​សូម​ចាំ​ថា អ្នក​ដែល​ប្រឹង​ប្រែង​ខ្លាំង​ជាងគេ ក៏​មាន​លទ្ធភាព​ខ្លាំង​ជាង​គេ​ដែរ។ ដូច្នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ គឺ​គប្បី​ប្រព្រឹត្ត​ល្អ​ដាក់​មនុស្ស​គ្រប់​គ្នា ពីព្រោះ​ពិភពលោក​នេះ​គឺ​ពិត​ជា​តូច​ចង្អៀត​ខ្លាំង​ណាស់។

៩) អ្វី​ដែល​អ្នក​មើល​នៅ​លើ​ទូទរទស្សន៍​គឺ​មិន​ដូច​គ្នា​ទៅ​នឹង​ជីវិត​ពិត​នោះ​ទេ

សម្រាប់​ចំណុច​នេះ​ ចំណេះ សូម​ណែ​នាំ​ថា បើ​សិន​ជា​អាច​បាន ប្រិយមិត្ត​គួរ​តែ​បញ្ឈប់​ឬ​កាត់​បន្ថយ​ពេល​វេលា​ដែល​ចំណាយ ទៅ​លើ​ការ​មើល​ទូរទស្សន៍ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ ​ចំពោះ​សកម្មភាព​ខ្លះ​ដែល​អ្នក​បាន​ឃើញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​គឺ​ ពិត​ជា​មិន​ដូច​គ្នា​ទៅ​នឹង​ជីវិត​ពិត​នោះ​ទេ។

ប្រិយមិត្ត​ត្រូវ​ដឹង​ថា​ ជីវិត​ពិត​គឺ​វា​លំបាក​ខ្លាំង​ណាស់ ហើយ​មនុស្ស​ដែល​ជោគជ័យ​ឬ​ជិត​ឈាន​ដល់​ចំណុច​ជោគជ័យ​ទាំង​ឡាយ មិន​ដែល​អង្គុយ​ស្ងៀម​ហើយ​និយាយ​គ្នា​លេង​សើច​សប្បាយ ដូច​ទៅ​នឹង​តួសម្ដែង​ដែល​អ្នក​បាន​ឃើញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នោះ​ដែរ។ ពួក​គេ​អាច​ជោគជ័យ​ទៅ​បាន នេះ​ក៏​ដោយ​សារ​តែ​ពួក​គេ​ខិត​ខំ​ប្រឹង​ប្រែង ធ្វើ​នូវ​កិច្ច​ការ​ដែល​ពួក​គេ​យល់​ថា​ ផ្ដល់​នូវ​ប្រយោជន៍ និង​អាច​ជួយ​អោយ​ពួក​គេ​ឈាន​ទៅ​ដល់​គោល​ដៅ​បាន។

១០) ត្រូវ​ចាំ​ថា ជីវិត​រស់​នៅ​ គឺ​គ្មាន​ភាព​យុត្តិធម៌​នោះ​ទេ

នេះ​គឺ​ជា​ការ​ពិត​ សូម​ចង​ចាំ​ថា សម្រាប់​ជីវិត​រស់​នៅ​គឺ​វា​ពិត​ជា​មិន​ងាយ​ស្រួល នឹង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​អ្នក​គ្រប់​ពេល​នោះ​ទេ។ សូម​ចាំ​ថា​ក្នុង​ករណី​ខ្លះ ទោះ​បី​ជា​អ្នក​ប្រឹង​ប្រែង និង​ខិតខំ​ខ្លាំង​បែប​ណា​ក្ដី គឺ​នៅ​តែ​មាន​ពេល​ដែល​ជីវិត​ត្រូវ​តែ​ដើរ​ជួប​បញ្ហា និង​ឧបសគ្គ​ដែល​ពេល​ខ្លះ​ អ្នក​មិន​អាច​គ្រប់​គ្រង​បាន​នោះ​ទេ។

ជីវិត​គឺ​ពិត​ជា​មិន​យុត្តិធម៌​នោះ​ទេ វា​គឺ​ជា​ការ​ធ្វើ​តេស្ដ ជា​ល្បែង និង​ជា​ហានិភ័យ​ដែល​អ្នក​ត្រូវ​ប្រឈម។ ប្រសិន​បើ​អ្នក​ជួប​នឹង​បញ្ហា​នៅ​ក្នុង​ជីវិត ហើយ​អ្នក​បែរ​ជា​បណ្ដែត​បណ្ដោយ​ទៅ​តាម​ព្រេង​វាសនា​នោះ អ្នក​ប្រហែល​ជា​មិន​សាក​សម​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ឡើយ។ ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ចំពោះ​បញ្ហា និង​ឧបសគ្គ​ទាំង​នោះ គឺ​ក្រោក​ឈរ​ឡើង​សារ​ជាថ្មី ហើយ​បន្ត​ដំណើរ​របស់​អ្នក​ត​ទៅ​មុខ​ទៀត រហូត​ទាល់​តែ​អ្នក​ស្វែង​រក​នូវ​ជ័យ​ជំនះ​របស់​ខ្លួន​អោយ​ទាល់​តែ​ឃើញ។

១១) ត្រៀម​លក្ខណៈ​អោយ​បាន​រួច​រាល់​ ដើម្បី​ទទួល​យក​ហានិភ័យ

ការ​ចាប់​ផ្ដើម​មុខ​ជំនួញ​មួយ គឺ​ប្រៀប​បី​ដូច​ជា​ការ​ភ្នាល់​យ៉ាង​ដូច្នោះ​ដែរ អ្នក​មិន​អាច​ដឹង​មុន​បាន​ទេ​ថា អ្នក​អាច​ឈ្នះ ឬ​ក៏​ចាញ់។ ទោះ​បី​ជា​បែប​ណា​ ភាព​ខុស​គ្នា​នោះ​គឺ សម្រាប់​អ្នក​ដែល​ចាប់​ផ្ដើម ពួក​គេ​អាច​ស្វែង​រក​យុទ្ធសាស្ដ្រ និង​រៀប​គម្រោង​អោយ​បាន​ល្អ ដើម្បី​កាត់​បន្ថយ​នូវ​ភាគ​រយ​នៃ​ការ​បរាជ័យ​បាន។

ចំណុច​នេះ​គឺ​មិន​មែន​សំដៅ​តែ​លើ​មុខ​ជំនួញ តែ​មួយ​មុខ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​គឺ​គ្រប់​ផ្នែក​ទាំង​អស់​នៅ​ក្នុង​ជីវិត។ ពិភព​លោក​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​រឿង ដែល​មិន​ប្រាកដ​ ហើយ​មិន​អាច​ដឹង​មុន​បាន ពេល​ខ្លះ​អ្នក​ត្រូវ​ធ្វើ​ការ​លះបង់​កិច្ច​ការ​មួយ​ចំនួន ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​អ្នក​ចង់​បាន។ រឿង​មួយ​មុខ​ដែល​មនុស្ស​ជោគជ័យ​ចូល​ចិត្ត​ធ្វើ គឺ​ការ​មិន​ចុះ​ចាញ់ ហើយ​ត្រៀម​ខ្លួន​ចំពោះ​ហានិភ័យ​ដែល​នឹង​កើតឡើង ហើយ​បន្ត​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ​ត​ទៅ​មុខ​ទៀត។

១២) កុំ​ព្យាយាម​ដើរ​តាម​ផ្លូវ​កាត់​ទៅ​រក​ភាព​ជោគជ័យ

សូម​ចង​ចាំ​ថា គ្មាន​លទ្ធផល​ណាមួយ​ដែល​ងាយ​ស្រួល​នឹង​ទទួល​បាន​នោះ​ទេ នេះ​គឺ​រួម​ទាំង​ភាព​ជោគជ័យ​ផង​ដែរ។ តួ​យ៉ាង​ដូច​លោក Bill Gates និង​លោក Paul Allen ស្រាប់ ដែល​រួម​គ្នា​បង្កើត​ក្រុមហ៊ុន​ Microsoft ឡើង​ដោយ​គ្មាន​គ្រឹះ​រឹង​មាំ ប៉ុន្តែ​ដោយ​យោង​ទៅ​លើ​ភាព​អំណត់​អត់​ធ្មត់ និង​កិច្ច​ខំ​ប្រឹង​ប្រែង របស់​ពួក​គាត់​ទាំង​ពីរ​នាក់ ពួក​គាត់​អាច​មាន​លទ្ធភាព​យក​ឈ្នះ​លើ​បញ្ហា​លំបាក​នានា​បាន។

នេះ​ក៏​ជា​ឧទាហរណ៍​ដែល​បាន​បង្ហាញ​ថា ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ គ្មាន​នរណា​ម្នាក់​អាច​ដើរ​ផ្លូវ​កាត់​បាន​នោះ​ទេ។ ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ អ្នក​ចាំ​បាច់​ត្រូវ​ការ​ពេល​វេលា ក្នុង​ការ​សាង​សង់​អាណាចក្រ​របស់​ខ្លួន និង​ជា​ពិសេស​គឺ​ធ្វើ​ការ​លះបង់​ស្ទើរ​ពេញ​មួយជីវិត ដើម្បី​អោយ​អាណាចក្រ​នោះ​មាន​ស្ថិរភាព​ទៅ​បាន។

១៣) ត្រូវ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង

មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ខឹង​នឹង​ខ្លួន​ឯង ដោយ​សារ​តែ​ពួក​គេ​គិត​ថា ពួក​គេ​គឺ​ជា​មនុស្ស​ល្ងង់ មិន​មែន​ជា​កូន​អ្នក​មាន ឬ​ពោរពេញ​ដោយ​ទេពកោសល្យ​ដូច​អ្នក​ជោគជ័យ​ដទៃ​ទៀត។ ពេល​ខ្លះ​អ្នក​អាច​ខឹង​នឹង​ខ្លួន​ឯង ដោយ​សារ​តែ​អ្នក​គិត​ថា​អ្នក​មិន​អាច​ជោគជ័យ​ដូច​លោក Bill Gates បាន ក៏​ប៉ុន្តែ​ចំណុច​មួយ ដែល​អ្នក​គួរ​តែ​ចង​ចាំ​នោះ​គឺ មនុស្ស​យើង​ម្នាក់​ៗ​នៅ​លើ​ផែន​ដី​នេះ គឺ​កើត​មក​ដោយ​មាន​ភាព​ខុស​ប្លែក​គ្នា។

មនុស្ស​ម្នាក់​ៗ​គឺ​មាន​សមត្ថភាព​ពិសេស​ផ្ទាល់​ខ្លួន ហើយ​អ្នក​ត្រូវ​ទទួល​ស្គាល់​ពី​ចំណុច​ដែល​សំខាន់​មួយ​នេះ មុន​ពេល​ដែល​អ្នក​អាច​ជោគជ័យ​បាន។

ហើយ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​យល់​ពី​តម្លៃ​របស់​ខ្លួន​ឯង និង​យល់​ច្បាស់​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ នោះ​វា​នឹង​ធ្វើ​អោយ​អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត ធ្វើ​នូវ​កិច្ច​ការ​ដែល​អ្នក​ពូកែ និង​ចូល​ចិត្ត ដើម្បី​ឈាន​ទៅ​រក​គោល​ដៅ​ដែល​អ្នក​បាន​កំណត់​ទុក​បាន។

១៤) ត្រូវ​ចេះ​បន្ទាប​ខ្លួន​គ្រប់​ពេល​វេលា

វា​គឺ​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​ នៅ​ពេល​ដែល​អ្នក​មាន​ក្ដី​ស្រមៃ​ក្នុង​ការ​ទទួល​បាន​នូវ​ភាព​ជោគជ័យ និង​លទ្ធផល​ជាច្រើន​ផ្សេង​ទៀត​ដែល​បាន​មក​ជាមួយ​នឹង​ភាព​ជោគជ័យ​នោះ ក៏​ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា ប្រសិន​បើ​អ្នក​អនុញ្ញាតិ​អោយ​វា​ក្លាយ​ទៅ​ជា រឿង​ដែល​ធ្វើ​អោយ​អ្នក​មាន​អំណួត ហើយ​គិត​ថា​អ្នក​ដទៃ​គឺ​មិន​ស្មើ​នឹង​ខ្លួន​ឯង​នោះ នេះ​គឺ​មិន​មែន​ជា​ភាព​ជោគជ័យ​ពិត​ប្រាកដ​នោះ​ទេ។

ជីវិត​គឺ​ប្រៀប​បី​ដូច​ជា​កង់​រទេះ គ្មាន​អ្វី​ដែល​ស្ថិត​ស្ថេរនិង​ជា​អមតៈ​នោះ​ទេ ថ្ងៃ​នេះ​អ្នក​អាច​ស្ថិត​នៅ​ទី​កំពូល​ ថ្ងៃ​ស្អែក​អ្នក​អាច​បាត់​បង់​អ្វី​ៗ​គ្រប់​បែប​យ៉ាង។ ដូច្នេះ​វា​គឺ​ពិត​ជា​ប្រសើរ​បំផុត​ ប្រសិន​បើ​អ្នក​ចេះ​ដាក់​ខ្លួន​ និង​កុំ​ភ្លេច​នូវ​អ្វី​ដែល​ជួយ​ធ្វើ​អោយ​អ្នក​បាន​មក​ដល់​ទីកំពូល​នេះ​បាន។

១៥) គិត​វិជ្ជមាន​ចំពោះ​បញ្ហា និង​ស្វែង​យល់​ពី​វា

សម្រាប់​លោក Bill Gates ផ្ទាល់​ ក៏​មាន​អតិថិជន​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​លោក​ដែរ ក៏​ប៉ុន្តែ​លោក​មិន​ដែល​គិត​ថា​រឿង​ទាំង​អស់​នោះ​គឺ​ជា​រឿង​អវិជ្ជមាន​នោះ​ទេ។ ជំនួស​មក​វិញ លោកទទួល​យក​ការ​រិះគន់​ និង​មតិ​ទិះ​ទៀន​របស់​អតិថិជន​ទាំង​អស់​នោះ យក​មក​សិក្សា​ស្វែង​យល់​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​យក​វា​មក​ប្រើ​ធ្វើ​ជា​ការ​កែ​ប្រែ​ដល់​ការ​ងារ​ និង​ផលិតផល​របស់​ក្រុមហ៊ុន​លោក។

សម្រាប់​មនុស្ស​ធម្មតា នៅពេល​ដែល​ពួក​គេ​ទទួល​បាន​មតិ​រិះគន់​ ពួក​គេ​បែរ​ជា​ធ្វើ​អោយ​មតិ​ទាំង​អស់​នោះ​ មក​រាំង​ស្ទះ​ដល់​ការ​ងារ និង​គោល​ដៅ​របស់​ខ្លួន​ទៅ​វិញ។ ប៉ុន្តែ​សូម​អ្នក​ព្យាយាម​គិត​ឡើង​វិញ ដោយ​សារ​តែ​មតិ​អវិជ្ជមាន​ទាំង​អស់​នេះ​ហើយ ដែល​អាច​ជួយ​អោយ​អ្នក​ធ្វើ​ការ​កែប្រែ អោយ​ផលិតផល​និង​សេវាកម្ម​របស់​ស្ថាប័ន​អ្នក​ មាន​ការ​រីកចម្រើន​ទៅ​វិញ​ទេ។ ត្រូវ​ព្យាយាម​ស្វែង​យល់​ពី​កំហុស​របស់​ខ្លួន ហើយ​យក​វា​មក​ធ្វើ​ជា​បទពិសោធន៍​សម្រាប់​អ្នក​វិញ ទើប​ជា​ការ​ប្រសើរ។

១៦) ទទួល​យក​នូវ​ការ​បរាជ័យ តែ​សូម​កុំ​បញ្ឈប់​ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត

នៅ​លើ​វិថី​ដែល​ឆ្ពោះ​ទៅ​រក​គោលដៅ និង​ក្ដី​សុបិន្ដ​របស់​អ្នក សូម​អ្នក​ធ្វើ​ការ​ចង​ចាំ​ទុក​ថា ភាព​បរាជ័យ គឺ​មាន​សារៈ​សំខាន់​ជាង​ភាព​ជោគជ័យ​ទៅ​ទៀត ពីព្រោះ​ទាល់​តែ​អ្នក​បរាជ័យ​ទើប​អ្នក​អាច​ជោគជ័យ​បាន។ ហើយ​មេរៀន​ និង​ចំណេះ​ដឹង​សំខាន់​ៗ ​ដែល​អ្នក​ទទួល​បាន​នៅ​ក្នុង​ជីវិត​ គឺ​អាច​ស្វែង​រក​មក​បាន​ពី​ភាព​បរាជ័យ​តែ​មួយ​មុខ​ប៉ុណ្ណោះ។

ជាការ​ពិត​នៅ​ពេល​ដែល​អ្នក​ជោគជ័យ​ អ្នក​ក៏​អាច​ទទួល​បាន​នូវ​មេរៀន ហើយ​នឹង​ចំណេះ​ដឹង​ដូច​គ្នា​ដែរ ក៏​ប៉ុន្តែ​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​ភាព​បរាជ័យ គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ជាង​អ្វី​ទាំង​អស់។ ត្រូវ​ប្រើ​មេរៀន​ដែល​ទទួល​បាន​ទាំង​នោះ យក​មក​ធ្វើ​ជា​អាវុធ ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​អ្នក​បន្ត​ទៅ​មុខ​ទៀត។

១៧) ចែក​រំលែក​ភាព​ជោគជ័យ​របស់​អ្នក​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត

នៅ​ពេល​ដែល​អ្នក​ទទួល​បាន​នូវ​ភាព​ជោគជ័យ អ្នក​ប្រាកដ​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ឆ្លង​កាត់​ នូវ​ការ​លំបាក​រាប់​រយ​ជំពូក។ ហើយ​ប្រសិន​បើ​អ្នក​ជា​សហគ្រិន​ដែល​ជោគជ័យ​ពិត​ប្រាកដ​មួយ​រូប អ្នក​ប្រាកដ​ជា​នឹង​ធ្វើ​ការ​ជួយ​ជ្រោមជ្រែង ក៏​ដូច​ជា​ធ្វើ​ការ​ចែក​រំលែក​នូវ​ចំណេះ​ដឹង និង​បទពិសោធន៍​របស់​អ្នក ទៅ​ដល់​សហគ្រិន​ជំនាន់​ថ្មី​ផ្សេង​ទៀត​ ដោយ​ផ្ដល់​ការ​លើក​ទឹកចិត្ត​ទៅ​ដល់​ពួក​គេ នឹង​ធ្វើ​អោយ​ពួក​គេ​កាន់​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​សម្រេច​ក្ដី​ស្រមៃ​របស់​ពួក​គេ​បាន​ដូច​គ្នា​ដែរ៕

ផ្តល់សិទ្ធិដោយ៖ ចំណេះ

Bill Gates