ទិចនិកក្លាយជា Bad Boy សំណព្វចិត្តរបស់នារី

,

មនុស្ស​ស្រី​ភាគ​ច្រើន​ ចូល​ចិត្ត​និយាយ​ថា​ខ្លួន​ត្រូវ​ការ​បុរស​ល្អ​គ្រប់​ដប់​ ប៉ុន្តែ​ភាគច្រើន​ពួក​នាង​បែរ​ជា​ចូល​ចិត្ត​សេពគប់​ជាមួយ​នឹង​មនុស្ស​ប្រុស​ដែល​ ចូល​ចិត្ត​ធ្វើ​អោយ​ពួក​នាង​ខូច​ចិត្ត​ទៅ​វិញ។ មនុស្ស​ប្រុស​ប្រភេទ​ ដែល​មនុស្ស​ស្រី​ចូល​ចិត្ត​ហៅ​ជា​ភាសា​អង់គ្លេស​ថា Bad boy។ មិន​ទាំង​អស់​ទេ ដែល​ថា​មនុស្ស​ប្រុស​ប្រភេទ​ Bad boy ​ជា​មនុស្ស​ពូកែ​ធ្វើ​អោយ​មនុស្ស​ស្រី​ខូច​ចិត្ត​នោះ ប៉ុន្តែ​គ្រាន់​តែ​ពួក​គេ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ខ្ពស់​ ហើយ​មាន​មន្ដ​ស្នេហ៍​ទាក់​ទាញ​ខ្លាំង​ ដែល​ធ្វើ​អោយ​មនុស្ស​ផ្ទុយ​ភេទ​ចាប់​អារម្មណ៍​ច្រើន​ប៉ុណ្ណោះ។

Bad boy នៅ​ទី​នេះ​មិន​មែន​សំដៅ​លើ​បុរស​ ដែល​ប្រើ​កម្លាំង​បាយ​វាយ​ធ្វើ​បាប​នរណា​ទេ តែ​ជា​មនុស្ស​ប្រុស​ប្រភេទ​ទុក​ខ្លួន​ឯង និង​ស្រលាញ់​ខ្លួន​ឯង​ជា​ធំ នឹង​ហ៊ាន​និយាយ​បដិសេធ​មនុស្ស​ស្រី ឬ​ធ្វើ​រឿង​ទាំង​ឡាយ​ណា​ដែល​ពួក​គេ​គិត​ថា​គ្មាន​ប្រយោជន៍​ដល់​ខ្លួន។ ថ្វី​ត្បិត​តែ​បែប​នេះ​ក្ដី ប៉ុន្តែ​មនុស្ស​ស្រី​គឺ​ចូល​ចិត្ត​អត្តចរិត​បែប​នេះ​បំផុតហើយ។

តោះ​កុំ​អោយ​ខាត​ពេល​យូរ​ យើងសូម​ធ្វើ​ការ​បង្ហាញ​ជូន​នូវ​បុគ្គលិក​លក្ខណៈ ១៤​ចំណុច​ដើម្បី​អោយ​រូប​អ្នក​ផ្ទាល់​ ​មាន​លទ្ធភាព​ក្លាយ​ខ្លួន​ទៅ​ជា​ Bad boy ម្នាក់ នឹង​ជា​ទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ផ្ទុយ​ភេទ​បាន​ដូច​គ្នា​ដែរ៖

១) កុំ​ព្យាយាម​តែង​ខ្លួន​ ឬ​ធ្វើ​ខ្លួន​អោយ​ដូច​ជា​ Bad boy

កុំ​កាត់​សក់​ម៉ូដ​ប្លែកៗ ទិញ​អាវស្បែក​ធំៗ​យក​មកពាក់ ហើយ​សាក់​នៅ​លើ​ខ្លួន​ ហើយ​គិត​ថា​ខ្លួន​ឯង​ជា​ Bad boy អោយ​សោះ។ ដូច​អ្វី​ដែល​ ចំណេះ លើក​ឡើង​ពី​ខាង​លើ​មក​អញ្ចឹង Bad boy នៅ​ទី​នេះ​គឺ​ចង់​សំដៅ​ទៅ​លើ​អត្តចរិត និង​ផ្នត់​គំនិត​របស់​បុរស​ម្នាក់ ហើយ​មិន​មែន​ជា​រូប​រាង​ខាង​ក្រៅ​នោះ​ទេ។

២) ទុក​ខ្លួន​ឯង​ជា​សំខាន់

នេះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​ប្រុស​ប្រភេទ​នេះ មិន​ទុក​មិត្ត​ស្រី ឬ​ដៃ​គូ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត​នោះ​ទេ។ ពួក​គេ​នៅ​តែ​ទុក​មនុស្ស​ស្រី​របស់​ខ្លួន​សំខាន់ ប៉ុន្តែ​គឺ​បន្ទាប់​ពី​ខ្លួន​របស់​គេ​ជាមុន​សិន។ ហើយ​បើ​និយាយ​អោយ​ស្មោះ​ត្រង់​ទៅ នេះ​មិន​មែន​ជា​ចំណុច​អាក្រក់​នោះ​ទេ ពី​ព្រោះ​ថា​បើ​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​ស្រលាញ់​ខ្លួន​ឯង​ផង តើ​អ្នក​ទៅ​ស្រលាញ់​អ្នក​ដទៃ​បាន​យ៉ាង​ម៉េច​កើត​ទៅ? ដូច្នេះ​ចំណុច​មួយ​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ទៅ​ជា bad boy អ្នក​ចាំ​បាច់​ត្រូវ​ទុក​ផល​ប្រយោជន៍​របស់​ខ្លួន​ជា​ជម្រើស​ទី​មួយ។

៣) និយាយ​ពាក្យ​ពិត​ចេញ​ពី​ក្នុង​ចិត្ត

នេះ​គឺ​ជា​មូល​ហេតុ​ចម្បង​មួយ​ដែល​មនុស្ស​ស្រី​ភាគ​ច្រើន លង់​ស្រលាញ់ bad boy។ ជា​ការ​ពិត​ទៅ​ពួក​គេ​មិន​ខុស​ពី​មនុស្ស​ប្រុស​ដែល​សុភាព ហើយ​ចិត្ត​ល្អ​នោះ​ទេ គ្រាន់​តែ​មនុស្ស​ប្រុស​ប្រភេទ​នេះ​ នឹង​និយាយ​នូវ​អ្វី​ដែល​ពួក​គេ​គិត​ក្នុង​ចិត្ត​ដោយ​មិន​លាក់​លៀម។

មនុស្ស​ស្រី​ជា​ច្រើន​គិត​ថា នៅ​ពេល​ដែល​មនុស្ស​ប្រុស​ម្នាក់​ហ៊ាន​និយាយ​ពិត​ត្រង់​ៗ​នោះ គឺ​ជា​ភាព​ទាក់​ទាញ​ម៉្យាង ពី​ព្រោះ​វា​បាន​បង្ហាញ​ពី​ភាព​ជា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ​ និង​ក្លាហាន​របស់​ពួក​គេ។ ពួក​គេ​មិន​ខ្វល់​ពី​គំនិត​របស់​អ្នក​ដទៃ​ចំពោះ​សម្ដី​ទាំង​អស់​នោះ​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត ការ​និយាយ​ស្ដី​ត្រង់​ទៅ​ត្រង់​មក​គឺ​ជា​ការបង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ ដែល​ខុស​គ្នា​ពី​មនុស្ស​ប្រុស​សុភាព ឃើញ​ខុស​ហើយ​មិន​ហ៊ាន​និយាយ​ថា​ខុស​ទៀត ខ្លាច​អ្នក​ដទៃ​អន់​ចិត្ត។

៤) មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង

ត្រូវ​ចាំ​ថា​ទំនុក​ចិត្ត​គឺ​សំខាន់​បំផុត ទោះ​ជា​អ្នក​ស្លៀក​ពាក់​យ៉ាប់​បែប​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ស្លៀក​សម្លៀក​បំពាក់​ទាំង​នោះ​ ប្រកប​ដោយ​ភាព​ជឿជាក់នោះ​គឺ​ជា​ភាព​ទាក់​ទាញ​ខ្លាំង​បំផុត​ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ស្រី។ ភាព​ជឿជាក់​និង​ទំនុក​ចិត្ត​គឺ​ជា​អ្វី​ដែល​ផុស ចេញ​មក​ពី​ក្នុង​ខ្លួន​របស់​មនុស្ស​ម្នាក់​ៗ វា​គឺ​ជា​ការ​ដែល​យើង​យល់​ពី​តម្លៃ និង​មាន​ក្ដី​ស្រលាញ់​ចំពោះ​ខ្លួន​ឯង ទាំង​ចំណុច​ល្អ និង​ចំណុច​មិន​ល្អ។ ដើម្បី​ទាក់​ទាញ​មនុស្ស​ផ្ទុយ​ភេទ អ្នក​ត្រូវ​រៀន​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។

៥) កិច្ចការ​ដែល​ bad boy ធ្វើ​គឺ​មាន​គោល​ដៅ​ និង​គោល​បំណង​ច្បាស់​លាស់

ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែល​មនុស្ស​ប្រុស​សុភាព​មាន​នោះ​គឺ ពួក​គេ​មិន​ប្រាកដ​ប្រជា​នៅ​ចំពោះ​មុខ​មនុស្ស​ផ្ទុយ​ភេទ។ ជា​ឧទាហរណ៍​ពួក​គេ​ចង់​និយាយ​ថា​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់ ប៉ុន្តែ​ពួក​គេ​បែរ​ជា​មិន​ហ៊ាន និង​មិន​ដឹង​គួរ​ធ្វើ​បែប​ណា ដែល​នេះ​គឺ​ផ្ទុយ​ស្រលះ​ពី bad boy។ សម្រាប់​មនុស្ស​ប្រុស​ប្រភេទ bad boy គឺ​វា​ទាក់​ទង​នឹង​ចំណុច​ទំនុកចិត្ត​ពី​ខាង​លើ ហើយ​បើ​ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ពួក​គេ​នឹង​ធ្វើ​រឿង​ដែល​ពួក​គេ​ចង់។ ទោះ​ជា​ពេល​ខ្លះ​រឿង​ដែល​ពួក​គេ​ធ្វើ​គឺ​អចេតនា​ក៏ដោយ ក៏​ពួក​គេ​នឹង​ប្រែ​វា​អោយ​ដូច​ទៅ​ជា​រឿង​ដែល​ពួក​គេ​ចង់​ធ្វើ។

៦) ពួក​គេ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ការ

ប្រសិន​បើ​ពួក​គេ​ចាប់​អារម្មណ៍​នឹង​នារី​ណា​ម្នាក់ ពួក​គេ​នឹង​ប្រាប់​ហើយ​តាម​ទាក់​ទង​នាង។ គ្មាន​ការ​ជជែក​ជាមួយ​មិត្ត​ភក្ដ ឬ​អង្គុយ​បេះ​ផ្កា​ហើយ​រាប់​ថា គេ​ស្រលាញ់ ឬ​មិន​ស្រលាញ់​ខ្លួន​នោះ​ទេ។ ទោះ​ជា​ពេល​ខ្លះ​ពួក​គេ​ត្រូវ​មនុស្ស​ស្រី​បដិសេធ​ក៏​ដោយ ប៉ុន្តែ​នេះ​មិន​មែន​ជា​ឧបសគ្គ​ក្នុង​ការ​រារាំង​ពួក​គេ​មិន​អោយ​ចាប់​ផ្ដើម​ម្ដង​ទៀត ឬ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ទាក់​ទង​មនុស្ស​ស្រី​ផ្សេង​ទៀត​ឡើយ។

៧) នៅ​ក្នុង​ទំនាក់​ទំនង ឬ​ធ្វើ​កិច្ចការ​ណា​ក៏​ដោយ bad boy គឺ​ដើរ​តួ​ជា​អ្នក​សម្រេច

ពួក​គេ​មិន​ចូល​ចិត្ត​អោយ​មិត្ត​ស្រី ឬ​មិត្ត​ភក្ដ​ណា​ម្នាក់​របស់​ខ្លួន ធ្វើ​ជា​អ្នក​កំណត់​នូវ​ពេល​វេលា និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​បាន​នោះ​ទេ។ សម្រាប់​ដំណើរ​ជីវិត​របស់​ពួក​គេ យឺត​ ឬ​លឿន គឺ​អាស្រ័យ​ទៅ​លើ​ខ្លួន​របស់​គេ​ផ្ទាល់​គឺ​ជា​អ្នក​កំណត់។ ត្រូវ​ចង​ចាំ​ថា បើ​អ្នក​ចង់​ក្លាយ​ទៅ​ជា bad boy មួយ​រូប អ្នក​ត្រូវ​តែ​ជា​អ្នក​ធ្វើ​ការ​សម្រេច​នូវ​ដំណើរ​ជីវិត​របស់​ខ្លួន​តែ​ម្នាក់​គត់ ដែល​ជា​ល្បឿន​សាក​សម​នឹង​ខ្លួន​អ្នក ហើយ​មិន​មែន​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ណា​ម្នាក់​ឡើយ។ ការ​អនុញ្ញាតិ​អោយ​អ្នក​ដទៃ​សម្រេច​នូវ​ជីវិត​របស់​ខ្លួន ឬ​និយាយ​អោយ​ស្រួល​ស្ដាប់​គឺ​ចូល​ចិត្ត​អោយ​អ្នក​ដទៃ​ដឹក​ច្រមុះ​នោះ គឺ​សម្រាប់​តែ​មនុស្ស​ប្រុស​សុភាព​ប៉ុណ្ណោះ ដែល​ផ្ទុយ​គ្នា​ស្រលះ​ពី​មនុស្ស​ប្រុស bad boy។

៨) Bad boy មិន​ចូល​ចិត្ត​សម្រប​តាម​អ្នក​ណា​ជ្រុល​ពេក​ទេ

មូល​ហេតុ​មួយ​ទៀត​ ដែល​មនុស្ស​ស្រី​ភាគ​ច្រើន ចាប់​អារម្មណ៍​នឹង​មនុស្ស​ប្រុស​ប្រភេទ bad boy នោះ​គឺ​ព្រោះ​តែ​ពួក​គេ មិន​ចូល​ចិត្ត​សម្រប​តាម​អ្នក​ដទៃ ហើយ​លេច​ធ្លោ​ក្នុង​ចំណោម​មនុស្ស​ទូ​ទៅ។ ពួក​គេ​មិន​ចូល​ចិត្ត​ធ្វើ​អ្វី ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​ដទៃ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វី ដែល​ពួក​គេ​ចង់ ហើយ​គិត​ថា​ល្អ​សម្រាប់​ខ្លួន​របស់​គេ​ផ្ទាល់។ ទោះ​អ្នក​ដទៃ​គិត​បែប​ណា​ក៏​ពួក​គេ​មិន​ចាប់​អារម្មណ៍។

៩) ពួក​គេ​មិន​ចូល​ចិត្ត​ជ្រើស​រើស​មនុស្ស​ស្រី​ដែល​សម្បូរ​បញ្ហា​នោះ​ទេ

មនុស្ស​ប្រុស​ដែល​សុភាព​ចូល​ចិត្ត​ជ្រើស​រើស​មនុស្ស​ស្រី​ដែល​សម្បូរ​បញ្ហា​ច្រើន ប៉ុន្តែ​មិន​ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ សម្រាប់​មនុស្ស​ប្រុស​ bad boy ពួក​គេ​ផ្ដល់​តម្លៃ​ដល់​ពេល​វេលា​របស់​ខ្លួន ហើយ​មិន​ចូល​ចិត្ត​កែ​ប្រែ​នរណា​ម្នាក់​នោះ​ទេ ដូច្នេះ​ពួក​គេ​នឹង​ជ្រើស​រើស​មនុស្ស​ដែល​ មាន​ទំនោរ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ជា​ជាង​ទុក​អោយ​ពួក​គេ​ជា​អ្នក​ជួយ​ផ្លាស់​ប្ដូរ​។

១០) មិន​ស្រលាញ់​មនុស្ស​ស្រី​ណា​ម្នាក់​ខ្លាំង​អស់​ពី​ពោះ​ពេក

ប្រសិន​បើ​អ្នក​ស្រលាញ់​មនុស្ស​ស្រី​ណា​ម្នាក់ នោះ​គឺ​ល្អ​ហើយ តែ​អ្នក​មិន​គួរ​ស្រលាញ់​ហើយ​អោយ​តម្លៃ​ដល់​នាង​ខ្លាំង​ហួស​ហេតុ ហើយ​ភ្លេច​គិត​ពី​តម្លៃ​របស់​ខ្លួន​នោះ​ទេ។ នេះ​ជា​កំហុស​ដែល​មនុស្ស​ប្រុស​សុភាព​ភាគ​ច្រើន ចូល​ចិត្ត​ធ្វើ នៅ​ពេល​ពួក​គេ​ស្រលាញ់​មនុស្ស​ស្រី​ណា​ម្នាក់​ហើយ ពួក​គេ​ធ្វើ​តាម​អ្វី​ដែល​នាង​សំណូម​ពរ​គ្រប់​រឿង ទាំង​ដែល​ពេល​ខ្លះ​ខ្លួន​មិន​សូវ​ចូល​ចិត្ត។ ត្រូវ​ចាំ​ថា អ្នក​នៅ​តែ​អាច​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់​ខ្លាំង​ដដែល ប៉ុន្តែ​សូម​កុំ​ធ្វើ​អោយ​បាត់​បង់​នូវ​ការ​គោរព និង​តម្លៃ​របស់​ខ្លួន​ឯង​អោយ​សោះ។

១១) ពួក​គេ​ធ្វើ​ជា​អ្នក​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង

នេះ​គឺ​ជា​ភាព​ខុស​ប្លែក​គ្នា រវាង​បុរស​សុភាព​ ហើយ​និង bad boy។ មនុស្ស​ប្រុស​ប្រភេទ​នេះ​ ទោះ​បី​ធ្វើ​រឿង​អ្វី ឬ​សម្រេច​ចិត្ត​ក្នុង​កិច្ចការ​ណា​មួយ​ក៏​ដោយ ពួក​គេ​គឺ​គិត​ពី​ផល​ប្រយោជន៍ និង​សេចក្ដី​សុខ​របស់​ខ្លួន​ជា​សំខាន់។ ពួក​គេ​មិន​សម្រេច​ចិត្ត​ទៅ​តាម យោបល់​របស់​មិត្ត​ភក្ដ​នោះ​ទេ ហើយ​បើ​ទោះ​ជា​ពេល​ខ្លះ​ពួក​គេ​សួរ​យោបល់​មិត្ត​ភក្ដ​ក៏​ពិត​មែន ប៉ុន្តែ​ចុង​ក្រោយ​ពួក​គេ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​តាម​ឆន្ទៈ​របស់​ខ្លួន។

១២) ពួក​គេ​ហ៊ាន​និយាយ​បដិសេធ

ជា​ធម្មតា​សម្រាប់​មនុស្ស​ប្រុស​សុភាព ពួក​គេ​ហាក់​មាន​ការ​ពិបាក​ក្នុង​ការ​បដិសេធ​អ្នក​ដទៃ ជា​ពិសេស​មនុស្ស​ផ្ទុយ​ភេទ បើ​ទោះ​បី​ជា​ពួក​គេ​ដឹង​ថា​វា​ជា​រឿង​ដែល​មិន​ល្អ​ សម្រាប់​ខ្លួន​ឯង​ក៏​ដោយ។ នេះ​គឺ​ដោយ​សារ​តែ​ពួក​គេ​យល់​ថា​ ខ្លួន​អាច​បាត់​បង់​ឱកាស​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​មនុស្ស​ស្រី​ណា​ម្នាក់​ ប្រសិន​បើ​ពួក​គេ​បដិសេធ​សំណើរ​របស់​នាង។ ដែល​ចំណុច​នេះ​គឺ​ផ្ទុយ​ស្រលះ​ពី​មនុស្ស​ប្រុស bad boy តែ​ម្ដង ពួក​គេ​មិន​សូវ​ខ្វល់​ខ្វាយ​ច្រើន​នោះ​ទេ ពួក​គេ​ដឹង​ច្បាស់​ថា ពេល​ណា​ខ្លះ​ដែល​គួរ​តែ​បដិសេធ ហើយ​ដោយ​សារ​មូល​ហេតុ​អ្វី​ទើប​ត្រូវ​បដិសេធ។

១៣) ពួក​គេ​មាន​មនោសញ្ចេតនា​ជ្រាល​ជ្រៅ

មនុស្ស​ប្រុស​ bad boy មិន​មែន​ជា​មនុស្ស​ដែល​គ្មាន​អារម្មណ៍ ឬ​មនោសញ្ចេត​នា​នោះ​ទេ។ ពួក​គេ​គឺ​នៅ​តែ​ជា​មនុស្ស​ដែល​អាច​ស្រលាញ់​មនុស្ស​ស្រី​ណា​ម្នាក់​យ៉ាង​ជ្រាលជ្រៅ គ្រាន់​តែ​ពួក​គេ​និយាយ​សម្ដី​ត្រង់​ទៅ​ត្រង់​មក​ខ្លាំង ហើយ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ខ្លាំង​ប៉ុណ្ណោះ។ ពិត​មែន​ហើយ ជួន​កាល​ចំណុច​នេះ ហើយ​ធ្វើ​អោយ​ពួក​គេ​មើល​ទៅ​គួរ​អោយ​ស្អប់ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា​ពួក​គេ​គ្មាន​ចិត្ត​នោះ​ទេ គ្រាន់​តែ​ពួក​គេ​ដឹង​ថា មនុស្ស​ប្រភេទ​ណា​ខ្លះ​ដែល​គួរ​តែ​ទទួល​បាន​នូវ​ការ​ស្រលាញ់​នោះ​ប៉ុណ្ណោះ។

១៤) ពួក​គេ​នឹង​មិន​អនុញ្ញាតិ​អោយ​នរណា​ម្នាក់ លេង​សើច​ជាមួយ​នឹង​អារម្មណ៍​របស់​ខ្លួន​នោះ​ទេ

សម្រាប់​មនុស្ស​ប្រុស​ដែល​សុភាព ពេល​ខ្លះ​ពួក​គេ​ដឹង​ច្បាស់​ហើយ​ថា ខ្លួន​ត្រូវ​មនុស្ស​ស្រី​ម្នាក់​លេង​សើច​ជាមួយ ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក្ដី​ពួក​គេ​នៅ​តែ​ធ្វើ​ជា​មនុស្ស​ល្ងង់ សុខ​ចិត្ត​អោយ​គេ​ធ្វើ​បាប​ផ្លូវ​ចិត្ត​បាន​ដដែល។ ត្រូវ​ចាំ​ថា​ ប្រសិន​បើ​អ្នក​ទទួល​អារម្មណ៍​ថា​មនុស្ស​ស្រី​ដែល​ខ្លួន​ចាប់​អារម្មណ៍ គ្មាន​ភាព​ពិត​ប្រាកដ ហើយ​ចង់​លេង​សើច​ជាមួយ​នឹង​ខ្លួន​ហើយ ប្រញាប់​ដក​ខ្លួន​ចេញ​ទៅ។ អ្នក​ប្រហែល​ជា​បាត់​បង់​មនុស្ស​ស្រី​ម្នាក់​ដែល​មិន​សាក​សម​នឹង​អ្នក​ ប៉ុន្តែ​វា​គឺ​ល្អ​ប្រសើរ​ជាជាង​បាត់​បង់​តម្លៃ និង​ការ​គោរព​ចំពោះ​ខ្លួន​ឯង​ដែរ មិន​អញ្ចឹង?

ជា​ចុង​ក្រោយ ការ​ក្លាយ​ជា​មនុស្ស​ប្រុស​អាក្រក់ ឬ​ bad boy មិន​មែន​សំដៅ​លើ​សកម្មភាព​ផ្ដេសផ្ដាស​ផ្សេងៗ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​អត្តចរិត​ដែល​អ្នក​ត្រូវ​ស្រលាញ់​ខ្លួន​ឯង នឹង​ទុក​ខ្លួន​ឯង​ជា​សំខាន់​មុន​នរណា​ទាំង​អស់៕

ផ្តល់សិទ្ធិដោយ៖ ចំណេះ

ស្នេហា