ការទទួលបានអាហារូបករណ៍ទៅសិក្សានៅឯបរទេស គឺជាគោលដៅនៅក្នុងជីវិតរបស់សិស្សានុសិស្ស និងនិស្សិតភាគច្រើន។ ហើយគោលដៅនេះយើងអាចទទួលវាបាន ប្រសិនបើយើងធ្វើការបញ្ចេញសកម្មភាព និងដាក់កិច្ចខិតខំប្រឹងប្រែងចំពោះវាដោយអស់ពីចិត្ត។ ជាការពិតគឺមានការផ្ដល់ជូននូវឱកាសអាហារូបករណ៍ជាច្រើន ទៅកាន់ប្រទេសនានានៅជុំវិញពិភពលោក សម្រាប់ផ្ដល់ជូនដល់សិស្សនិស្សិតអន្តរជាតិ ជាពិសេសគឺនិស្សិតកម្ពុជា។ ចំពោះអត្ថបទនេះ គឺជាការដកស្រង់ចេញពីគេហទំព័រ ASEAN Scholarships Opportunities ដែលនឹងធ្វើការបង្ហាញជូនដល់សិស្សនិស្សិតទាំងអស់ ពីគន្លឹះក្នុងការដាក់ពាក្យទទួលយកអាហារូបករណ៍ដែលពួកគេចង់បាន។ សូមតាមដានជាមួយនឹង ចំណេះ ដូចខាងក្រោម៖
១) រៀបចំគម្រោងច្បាស់លាស់
សិស្សនិស្សិតដែលចង់ដាក់ពាក្យទទួលយកអាហារូបករណ៍ណាមួយនោះ គឺត្រូវតែមានគម្រោងនិងកាលវិភាគច្បាស់លាស់ នៅពេលដែលពួកគេចាប់ផ្ដើមរៀបចំឯកសារនានា ដែលជាតម្រូវការពីកម្មវិធីអាហារូបករណ៍នោះ។ ជាឧទាហារណ៍ អ្នកអាចកំណត់រយៈពេល មួយសប្ដាហ៍ដើម្បីស្វែងរកកម្មវិធីអាហារូបករណ៍ និងមួយសប្ដាហ៍ទៀតសម្រាប់រៀបចំឯកសារផ្សេងៗជាដើម។ល។ ការមានគម្រោង និងផែនការច្បាស់លាស់ ទាមទារអោយអ្នកត្រូវអនុវត្តន៍ទៅតាមការកំណត់នោះ តាមដែលអ្នកអាចធ្វើទៅបាន ដើម្បីអោយដំណើរការក្នុងការដាក់ពាក្យរបស់អ្នកអាចប្រព្រឹត្តទៅបានដោយរលូន។
២) ធ្វើការស្រាវជ្រាវពីអាហារូបករណ៍ដែលអ្នកចង់ដាក់ពាក្យ
ក្រោយពេលដែលសិស្សនិស្សិតបានរកឃើញនូវកម្មវិធីអាហារូបករណ៍ ពីប្រទេសដែលខ្លួនពេញចិត្តហើយនោះ កិច្ចការបន្ទាប់ដែលពួកគេត្រូវធ្វើនោះគឺ ធ្វើការស្រាវជ្រាវពីមុខវិជ្ជា កម្មវិធីសិក្សា ក៏ដូចជាពីសាកលវិទ្យាល័យដែលខ្លួនត្រូវទៅសិក្សានោះ អោយបានលម្អិតតាមដែលអាចធ្វើទៅបាន។ ដើម្បីធ្វើការស្រាវជ្រាវពីកិច្ចការទាំងអស់នោះ សិស្សនិស្សិតគួរតែចូលទៅកាន់គេហទំព័ររបស់កម្មវិធីអាហារូបករណ៍ ឬគេហទំព័ររបស់សាកលវិទ្យាល័យដោយផ្ទាល់ ដើម្បីទទួលបានពត៌មានលម្អិត និងជាពិសេសដើម្បីទទួលបានពត៌មានពីមុខវិជ្ជាដែលផ្ដល់ជូននានា ដែលសាកសមនិងគោលដៅអាជីព និងចំណង់ចំណូលចិត្តរបស់ខ្លួន។
៣) ធ្វើការរៀបចំឯកសារ ដែលចាំបាច់និងជាតម្រូវការនានា
ឯកសារដែលជាតម្រូវការពីកម្មវិធីអាហារូបករណ៍ ទៅបរទេសនានា ជាធម្មតាមានដូចជា៖
ក្នុងករណីដែលបេក្ខជន គ្មានសញ្ញាប័ត្របញ្ជាក់ជំនាញភាសាអង់គ្លេស (IELTS, TOEFL) សូមចងចាំថាការប្រលងយកសញ្ញាប័ត្រទាំងនេះ អាចនឹងត្រូវការរយៈពេលយ៉ាងហោចណាស់មួយខែមុននឹងលទ្ធផលត្រូវទទួលបាន។ ដូច្នេះបេក្ខជនទាមទារអោយមានការត្រៀមលក្ខណៈ ដើម្បីប្រលងយកសញ្ញាប័ត្រមួយនេះអោយបានលឿនតាមដែលអាចធ្វើទៅបាន។
៤) បំពេញពត៌មាន និងបំពេញបែបបទពាក្យស្នើសុំ
ចំពោះការសរសេរលិខិតអម (Motication Letter) បេក្ខជនគួរតែព្យាយាមឆ្លើយនូវសំណួរដែលចោទសួរនីមួយៗដោយយកចិត្តទុកដាក់ និងអោយបានច្បាស់លាស់ ដើម្បីបង្ហាញប្រាប់ដល់គណៈគ្រប់គ្រង និងអ្នកជ្រើសរើសថា អ្នកពិតជាចង់បានអាហារូបករណ៍នេះ និងលើកឡើងពីកត្តាជម្រុញទឹកចិត្តផ្សេងៗ តាមរយៈសំណេររបស់អ្នក។ នៅពេលដែលអ្នកបំពេញពាក្យបែបបទស្នើសុំអាហារូបករណ៍ បេក្ខជនគួរតែអាននូវសំណួរ ក៏ដូចជាការណែនាំផ្សេងៗអោយបានច្បាស់លាស់ ពីព្រោះបើមិនដូច្នោះទេ អ្នកអាចយល់ខុសចំពោះអ្វីដែលម្ចាស់កម្មវិធីចង់ធ្វើការចោទសួរ។ ក្រោយពីការបំពេញបែបបទរួចរាល់ ចាំបាច់អ្នកត្រូវតែធ្វើការអាននូវសំណួរ និងចំលើយរបស់អ្នកអោយបានពីរទៅបីដងឡើងវិញម្ដងទៀត ជៀសវាងការសរសេរខុសអក្ខរាវិរុទ្ធ ឬកំហុសឆ្គងនានា។ អ្នកគួរតែទុកពេលអោយខ្លួនឯង ពីរទៅបីថ្ងៃដើម្បីត្រួតពិនិត្យរាល់ឯកសារក៏ដូចជាពាក្យស្នើសុំរបស់អ្នក ដើម្បីកុំអោយមានបញ្ហា។ ចំណុចមួយផ្សេងទៀត អ្នកក៏អាចស្នើអោយមិត្តភក្ដ ឬសាស្ដ្រាចារ្យរបស់អ្នក ធ្វើជាអ្នកត្រួតពិនិត្យ ពាក្យស្នើសុំនោះបានផងដេរ ហើយរងចាំស្ដាប់មតិកែលម្អពីពួកគេ ដែលទាំងអស់នេះពិតជាអាចជួយអ្នក ដើម្បីកែប្រែកំហុសផ្សេង ក៏ដូចជាកាន់តែធ្វើអោយពាក្យសុំ របស់អ្នកកាន់តែមានសក្ដានុពល។
ចំណុចសំខាន់ចុងក្រោយដែលបេក្ខជនត្រូវដឹងនោះគឺ ត្រូវតែប្រាកដថាពាក្យស្នើសុំរបស់អ្នក នឹងទៅដល់ដៃរបស់អ្នកទទួលអោយបានមុនកាលបរិច្ឆេទផុតកំណត់។ ចំណុចផ្សេងមួយទៀតនោះគឺ កម្មវិធីអាហារូបករណ៍ខ្លះ គឺតម្រូវអោយបេក្ខជនធ្វើការដាក់ពាក្យតាមរយៈអ៊ីធើណេត និង តាម online ហើយអ្នកគួរតែដាក់ពាក្យអោយបានមុនពីរបីថ្ងៃ មុនពេលផុតកំណត់ ជៀសវាងបញ្ហាដែលកើតឡើងនៅលើប្រព័ន្ធ online ទាំងនោះ៕
ផ្តល់សិទ្ធិដោយ៖ ចំណេះ