៤ ចំណុចត្រូវគិត ពេលជួបរឿងត្រូវសម្រេចចិត្ត

,

ក្នុងវិថីជីវិតមនុស្សម្នាក់ៗ តែងជួបរឿងដែលត្រូវសម្រេចចិត្តជារឿយៗ ដែលពួកគេត្រូវជ្រើសរើស។ បើគេជ្រើសរើសត្រូវវានឹងអាចនាំឲ្យជីវិតរបស់ពួកគេ ទទួលបានផ្លែផ្កានិងភាពជោគជ័យក្នុងឆាកជីវិតរបស់គេ។

ខាងក្រោមនេះជាគន្លឹះ ៤ ដែលអាចជួយបំភ្លឺផ្លូវអ្នក ក្នុងការសម្រេចចិត្តបានល្អ៖

១) ​ត្រូវ​ទុក​ចិត្ត​​លើ​ខ្លួនឯងជាមុនសិន

រឿងដំបូងត្រូវធ្វើមុនគេនោះ គឺអ្នកត្រូវតែមានទំនុកចិត្តលើខ្លួនឯងជាមុនសិន នៅក្រោមការវិភាគហេតុផលដ៏ត្រឹមត្រូវមួយ ព្រោះ​ថា​វា​នឹង​ជួយអ្នក​ឲ្យ​មានទទួល​ខុស​ត្រូវ​ខ្ពស់ ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ។ ​​បើ​គ្មាន​ទំនុក​ចិត្ត​​​ទេ ​​នោះ​អ្វី​ដែល​អ្នក​ធ្វើ​នោះមានសង្ឃឹម​តិច​ណាស់ ​ដែលអាចនឹងសម្រេចជោគជ័យបាន។​
២) ជ្រើសរើសយកផ្លូវ​ឆ្លាតវៃមួយ

មនុស្ស​ភាគច្រើនណាស់ដែល​ចូលចិត្ត​ជ្រើស​រើស យក​ជម្រើស​ដែល​អាច​ទៅ​រួចសឹងមួយរយភាគរយ។​ ​​អ្នកគួរជៀសវាង​កុំ​ជ្រើសរើស​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ពេល​តែ​មួយ​​។ ​ប៉ុន្តែអ្នក​គួរ​តែ​ជ្រើស​យកអ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​ឯង​ និង​ ​​អ្វី​ដែល​​មិន​ធ្វើ​ឲ្យ​អ្នក​​មានវិប្បដិសារី​នៅ​ពេលក្រោយ។

៣) ​ត្រូវមាន​គោលដៅ​ច្បាស់លាស់

ពេល​ដែល​អ្នកមាន​គោលដៅ​មួយ​ច្បាស់លាស់ ​វាអាច​ជួយអ្នក​ឲ្យសម្រេចចិត្ត​បាន​ល្អ​ និង​រហ័ស​ហើយត្រឹមត្រូវទៀតផង។ អ្នកត្រូវព្យាយាម​ផ្សារភ្ជាប់​ខ្លួន​​ទៅ​នឹង​ក្តីសុបិន​ និង ​​គោលដៅ​របស់​អ្នក​ជានិច្ច កុំបោះបង់វាឲ្យសោះ។
៤) ​ត្រូវជឿជាក់​លើ​សភាវគតិ​អ្នក

​ទោះបីជាអ្នកទទួលបានការគាំទ្រ គំនិតយោបល់បន្ថែមពីអ្នកដ៏ទៃ​យ៉ាង​ណា​ក៏​ដោយ ហើយទោះបីជាមនុស្សទាំងនោះ ​ជា​មនុស្ស​ដែល​ចង់​ឃើញ​អ្នក​ជោគជ័យ​ ប៉ុន្តែអ្នកត្រូវ​ចង​ចាំ​ថា​មាន​តែ​អ្នក​ខ្លួនឯងប៉ុណ្ណោះ​ ដែល​មាន​សិទ្ធិ​សម្រេច​ចិត្ត​លើ​វិថី​​ជីវិត​​របស់​​ខ្លួន​។ ​​​​អ្នក​អាច​ទទួលស្តាប់​យោបល់​របស់​ពួកគេ​បាន​ ​ប៉ុន្តែ​កុំ​បណ្ដោយ​ឲ្យ​ពួកគេ​មក​សម្រេច​ចិត្ត​ជំនួស​អ្នក​ឲ្យ​សោះ​។
ប្រភព៖ Lifehack