ជាធម្មតាអ្នកណាក៏ដោយតែងតែមានចំណុចមួយចំនួន ដែលខ្លួនគិតថាជាគុណសម្បត្តិ ឬជាតម្រូវការពីមនុស្សម្នាក់ មុននឹងម្នាក់នោះក្លាយទៅជាមនុស្សដែលខ្លួនពេញចិត្តបាន ក៏ប៉ុន្តែប្រសិនបើអ្នកមានភាពក្លាហានបន្តិច ហើយសាកកុំយកចិត្តទុកដាក់ជាមួយនឹង ចំណុចដែលអ្នកចង់បានទាំងនោះ ហើយសាកល្បងបើកបេះដូងទទួលយកនូវ លទ្ធភាពដែលមិនរំពឹងទុកមួយចំនួនវិញ អ្នកប្រហែលជាអាចក្លាយជាមនុស្សដែលមានសំណាងម្នាក់ ដែលអាចស្វែងរកមនុស្សដែលនឹងត្រូវរួមដំណើរជាមួយអ្នកបានពេញមួយជីវិតនេះបាន។
ខាងក្រោមនេះជាសញ្ញាទាំង ១៨ ដែលបញ្ជាក់ថាអ្នកបានជួបជាមួយនឹងមនុស្សម្នាក់នោះហើយ៖
១) អ្នកគ្រាន់តែដឹង ហើយមានអារម្មណ៍ថា អ្នកបានជួបនឹងម្នាក់នោះហើយ
ជួនកាលអារម្មណ៍ និងកំលាំងអាថ៍កំបាំងអ្វីមួយដែលស្ថិតនៅក្នុងខ្លួនអ្នក បានប្រាប់អ្នកថា គឺមនុស្សម្នាក់នេះហើយដែលអ្នកនឹងត្រូវប្រើពេលវេលាដែលនៅសល់ លើលោកនេះជាមួយនឹងគេ។ វាប្រៀបបីដូចជាមានអ្វីមួយដែលមកបណ្ដាលចិត្តរបស់អ្នក អោយលះបង់អ្វីៗគ្រប់បែបយ៉ាង ដែលអ្នកធ្លាប់រំពឹងទុកពីមុន ហើយព្រមចុះចាញ់គ្រប់បែបយ៉ាងដើម្បីគេបាន។
២) អ្នកធ្លាប់ជ្រួសផ្លូវគ្នា ឬជួបគ្នាដោយចៃដន្យ
មនុស្សដែលជាគូជីវិតជាមួយគ្នា មានពេលខ្លះធ្លាប់ជួបគ្នាដោយចៃដន្យ កាលពីពេលមុនៗតែគ្មានភាគីណាម្នាក់ដែលចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលប្រាកដនោះគឺ អ្នកធ្លាប់ស្ថិតនៅទីកន្លែងតែមួយ និងពេលវេលាតែមួយជាមួយនឹងគ្នា។ អ្នកនឹងមិនដែលចាប់អារម្មណ៍នោះទេ រហូតដល់ពេលវេលាដែលសាកសមណាមួយ ដែលនឹងចូលមកដល់។
៣) អារម្មណ៍របស់អ្នកទាំងពីរ គឺដូចគ្នានៅពេលស្ថិតក្នុងពេលវេលាដែលសាកសម
ភាគីទាំងសងខាងត្រូវតែមានការត្រៀមខ្លួនរួចរាល់ មុនពេលពួកគេទទួលនូវអារម្មណ៍ដែលហាក់មានទំនាក់ទំនង ជាមួយនឹងគ្នា។ សំរាប់គូស្នេហាខ្លះវិញ ទោះបីជាពួកគេធ្លាប់ស្ថិតនៅទីកន្លែងតែមួយ ហើយមានចំងាយមិនឆ្ងាយពីគ្នាអស់ពេលជាច្រើនឆ្នាំក្ដី ក៏ពួកគេគ្មានឱកាសបានជួបគ្នាដោយផ្ទាល់ដែរ រហូតទាល់តែមានពេលវេលាដែលសាកសមណាមួយ។ ហើយនៅពេលនោះដែរ អ្នកត្រូវតែរៀបចំខ្លួនដើម្បីជួបជាមួយនឹង មនុស្សម្នាក់នោះ។ ហើយជួនកាលពេលខ្លះ មុននឹងអ្នកបានជួបនឹងមនុស្សម្នាក់នោះ អ្នកប្រហែលជាត្រូវទទួលនូវបទពិសោធន៍ឈឺចាប់ ឬទំនាក់ទំនងមិនល្អកាលពីអតីត ដែលតម្រូវអោយអ្នកបោះបង់ និងកែប្រែនូវលក្ខ័ណ្ឌ មិនសមស្របមួយចំនួន។ អ្នកចាំបាច់ត្រូវដឹងថា គ្មាននរណាអាចដឹងទុកមុនថា ពេលណាទើបខ្លួនបានជួបនឹងដៃគូជីវិតពិតនោះទេ ក៏ប៉ុន្តែពេលវេលាដែលសាកសមនោះគឺពិតជាមាន នៅក្នុងជីវិតមនុស្សម្នាក់ៗ អ្វីដែលអ្នកអាចធ្វើបាន គឺត្រៀមខ្លួនអោយបានល្អដើម្បីជួបនឹងគេ នោះហើយគឺជារឿងដែលប្រសើរបំផុត។
៤) ពេលនៅជាមួយនឹងមនុស្សម្នាក់នោះ អ្នកទទួលបាននូវអារម្មណ៍សន្តិភាពបំផុត
ការស្ថិតនៅស្ងៀមស្ងាត់ជាមួយនឹងគ្នា គឺជារឿងដែលធ្វើអោយអ្នកមានក្ដីសុខបំផុត វាហាក់បីដូចជាការស្ថិតនៅក្រោមភួយដ៏កក់ក្ដៅ នាយប់ដ៏សែនត្រជាក់ដូច្នោះដែរ។ ទោះបីជាអ្នកអានសៀវភៅ នៅក្នុងបន្ទប់តែមួយ ឬ បើកបរនៅក្នុងរថយន្តតែមួយជាមួយនឹងគ្នា អ្នកទាំងពីរគឺពិតជាទទួលបាននូវអារម្មណ៍កក់ក្ដៅ និងសន្តិភាព។
៥) អ្នកហាក់ស្ដាប់លឺពីគំនិតរបស់ភាគីម្ខាងទៀត
រវាងមនុស្សដែលជាដៃគូពិតជាមួយនឹងគ្នា វាហាក់ដូចជាមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ នៅក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ ដែលភាគីម្ខាងអាចមានអារម្មណ៍ដឹងជាមុន និងហាក់ស្ដាប់លឺពីអ្វី ដែលភាគីម្ខាងទៀតកំពុងតែគិត ទោះបីជាវាមិនត្រូវបាននិយាយចេញមកខាងក្រៅក៏ដោយ។
៦) អ្នកមានអារម្មណ៍ឈឺចាប់ នៅពេលមនុស្សម្នាក់នោះឈឺចាប់
អ្នកយល់ពីចិត្តគ្នាទៅវិញទៅមក ហើយយល់ពីអារម្មណ៍របស់គ្នាច្បាស់ ដោយគ្រាន់តែអ្នកបានឃើញពីទឹកមុខរបស់ភាគីម្ខាងទៀតភ្លាម អ្នកអាចយល់និងដឹងបានភ្លាមថា មានរឿងអ្វីខ្លះដែលកើតឡើងចំពោះគាត់ក្នុងថ្ងៃនេះ ដោយមិនចាំបាច់សួរ។ អ្នកយល់ពីអារម្មណ៍ស្ទើរតែគ្រប់យ៉ាងរបស់ដៃគូ ទាំងទុក្ខសោក ការព្រួយបារម្ភ ហើយនឹងក្ដីកង្វល់ ហើយអ្នកចូលរួមត្រេកអរ ជាមួយសុភមង្គល និងភាពរីករាយរបស់ដៃគូបានដូចគ្នា។
៧) អ្នកដឹងពីចំណុចខ្សោយគ្នា ហើយនឹងដឹងពីផលប្រយោជន៍នៃចំណុចខ្វះខាតទាំងអស់នោះ
នេះគឺជាការពិតដែលថា ចំណុចខ្សោយរបស់មនុស្សយើង គឺពិតជាមានផលប្រយោជន៍។ បុគ្គលិកលក្ខណៈណាក៏ដោយ គឺតែងតែមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមានរបស់វា។ ហើយវាគឺពិតជាកាតព្វកិច្ចរបស់ភាគីទាំងសងខាង ដែលត្រូវតែសម្លឹងមើលពីចំណុចល្អរបស់បុគ្គលិកលក្ខណៈទាំងអស់នោះ ទោះបីជាពេលខ្លះវាហាក់មិនល្អសំរាប់អ្នកដទៃក៏ដោយ។ ជាធម្មតាចំណុចខ្សោយណាក៏ដោយ គឺតែងតែមានផលប្រយោជន៍ ជាឧទាហរណ៍មនុស្សដែលរឹងរូស គឺជាមនុស្សដែលពូកែនៅក្នុងការសំរេចចិត្ត ហើយមនុស្សដែលពូកែទុកដាក់ជ្រុល គឺជាមនុស្សដែលតែងតែមានប្រាក់សម្រាប់តម្រូវការ ទៅតាមកាលកំណត់។
៨) អ្នកទាំងពីរមានគោលដៅនៅក្នុងជីវិតដូចគ្នា
អ្នកទាំងពីរគឺមានលក្ខណៈ និងជំនឿដូចគ្នាទាក់ទងនឹង តម្លៃនៃភាពជាមនុស្ស សីលធម៌ ហើយនឹងគោលដៅនៅក្នុងជីវិត។ អ្នកទាំងពីរអាចមានវិធីផ្សេងគ្នា នៅក្នុងការសំរេចគោលដៅទាំងនោះ ក៏ប៉ុន្តែចុងក្រោយអ្នកត្រូវការលទ្ធផលដែលដូចគ្នា។
៩) អ្នកមិនមានការភ័យខ្លាច នៅក្នុងការសន្ទនាពីបញ្ហាជាមួយនឹងគ្នា
ការពិភាក្សាពីបញ្ហានានា គឺអាចជារឿងដែលពិបាក។ ការបង្ហាញពីការព្រួយបារម្ភ ឬការប៉ុនប៉ងធ្វើនូវការសម្រេចចិត្តណាមួយ គឺសុទ្ធតែមិនមែនជារឿងដែលងាយស្រួល។ ប៉ុន្តែសម្រាប់ដៃគូជីវិត ពួកគេដឹងយ៉ាងច្បាស់ថា ប្រសិនបើពួកគេចូលរួមនៅក្នុងការ ពិភាក្សាជាមួយនឹងគ្នា ពួកគេប្រាកដជាអាចស្វែងរកដំណោះស្រាយដែល សមរម្យមួយសំរាប់បញ្ហាទាំងអស់នោះបាន។
១០) អ្នកគ្មានអារម្មណ៍ទទួលនូវការគម្រាមកំហែងណាមួយចំពោះទំនាក់ទំនង នៅពេលភាគីម្ខាងទៀតត្រូវការពេលវេលាផ្ទាល់ខ្លួន
ទោះបីជាដៃគូរបស់អ្នកមានសំណូមពរ ឬចង់ទៅណាមកណាជាមួយនឹងមិត្តភក្ដរបស់គេ គឺអ្នកមិនទទួលនូវអារម្មណ៍ខ្វាយខ្វល់ ឬភ័យខ្លាចពួកគេមិនស្មោះត្រង់ជាមួយនឹងខ្លួននោះទេ អ្នកទុកចិត្ត ហើយនឹងគោរពចំពោះតម្រូវការនៃពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ ពីព្រោះអ្នកបានដឹងថាក្រោយពីពួកគេចំណាយពេលជាមួយមិត្តភក្ដរួច ពេលវេលាបន្ទាប់ដែលអ្នកទាំងពីរស្ថិតនៅជាមួយគ្នា គឺកាន់តែមានភាពផ្អែមល្ហែមនិងវិសេសវិសាល។
១១) អ្នកគ្មានអារម្មណ៍ប្រច័ណ្ឌ
ទោះជាមានមិត្តរួមការងារដែលស្អាត ឬល្អជាងរូបអ្នកនៅកន្លែងធ្វើការរបស់ដៃគូ ក៏អ្នកគ្មានការព្រួយបារម្ភ ឬទទួលនូវការគម្រាមកំហែងណាមួយ ចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរដែរ ពីព្រោះអ្នកមានអារម្មណ៍សុវត្ថិភាព ហើយដឹងយ៉ាងច្បាស់ថា អ្នកគឺមនុស្សតែម្នាក់គត់នៅក្នុងបេះដូងរបស់ដៃគូ។
១២) អ្នកគោរពនូវភាពខុសប្លែក និង គំនិតរបស់ភាគីម្ខាងទៀត
អ្នកដឹងយ៉ាងច្បាស់ថា អ្នកទាំងពីរគឺមានគំនិតដែលជារបស់ខ្លួនឯងរៀងខ្លួន ហើយជារឿយៗមនុស្សពីរនាក់ ដែលជាដៃគូជីវិតជាមួយនឹងគ្នា គឺមានអត្តចរិត និងគំនិតខុសគ្នា ស្ទើរតែ ១៨០ដឺក្រេ។ មានពេលខ្លះចំណុចនេះក៏ជា បញ្ហាប្រឈមមួយដែរ ហើយពេលខ្លះវាក៏ជាពេលវេលា ដែលអ្នកត្រូវធ្វើការសម្របខ្លួន ដើម្បីអនុញ្ញាតិអោយភាគីម្ខាងទៀត ជាអ្នកបំពេញនូវចំណុចខ្វះខាតរបស់ខ្លួនដូចគ្នាដែរ។ អ្នកគឺនៅតែមានគំនិតដែលជារបស់ខ្លួនឯង ក៏ប៉ុន្តែជំនួសអោយការយល់ស្រប ឬមិនយល់ស្រប អ្នកគឺទទួលបាននូវអារម្មណ៍ដែលគោរពចំពោះគ្នា អ្នកចេះស្ដាប់ ហើយនឹងផ្ដល់តម្លៃដល់ភាពខុសប្លែកគ្នារបស់អ្នកទាំងពីរ។
១៣) អ្នកមិនស្រែកគំហក ប្រើពាក្យអសុរស រឺគម្រាមភាគីម្ខាងទៀតដោយការលែងលះជាដាច់ខាត
ជាការពិតណាស់ដែលថា មានពេលខ្លះអ្នកគឺពិតជាខឹងខ្លាំង ហើយស្ទើរតែទ្រាំមិនបាន។ មនុស្សធម្មតាតែងតែបញ្ចេញកំហឹងដោយ ការធ្វើបាបទៅដល់អ្នកដែលធ្វើអោយខ្លួនខឹង ក៏ប៉ុន្តែសម្រាប់ដៃគូជីវិតវិញ ពួកគេមិនធ្វើអំពើអាក្រក់ ប្រើអំពើហិង្សា ឬធ្វើអោយភាគីម្ខាងទៀតឈឺចាប់ជាដាច់ខាត។
១៤) អ្នកព្រមចុះចាញ់ពីព្រោះអ្នកចង់ឃើញមនុស្សដែលអ្នកស្រលាញ់សប្បាយចិត្ត
ការផ្ដល់អោយ ឬព្រមចុះចាញ់រហូតគឺមិនល្អនោះទេ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ប៉ុន្តែសំរាប់មនុស្សដែលជាដៃគូជីវិតជាមួយនឹងគ្នាវិញ ការព្រមចុះចាញ់ ឬផ្ដល់អោយនូវអ្វីមួយ គឺធ្វើឡើងក្នុងគោលបំណងតែមួយប៉ុណ្ណោះ នោះគឺការធ្វើអោយភាគីម្ខាងទៀតមានអារម្មណ៍សប្បាយរីករាយ។
១៥) ពេលអ្នកខុស អ្នកចេះសុំអភ័យទោស
សំរាប់មនុស្សណាក៏ដោយ ការនិយាយពាក្យថា "ខ្ញុំសុំទោស" ឬទទួលស្គាល់ថាខ្លួនបានធ្វើអោយមនុស្សដែលខ្លួនស្រលាញ់ ឈឺចាប់នោះគឺ ពិតជាមិនមានភាពងាយស្រួលនោះឡើយ។ ដៃគូជីវិតដឹងយ៉ាងច្បាស់ថា ពាក្យសំដី ឬកាយវិការរបស់ខ្លួនគឺពិតជាអាចធ្វើអោយភាគីម្ខាងទៀតឈឺចាប់បាន ហើយទោះជាពួកគេមានអារម្មណ៍ថា អ្វីដែលខ្លួននិយាយ ឬធ្វើនោះមានភាពត្រឹមត្រូវក៏ដោយ តែប្រសិនបើវាធ្វើអោយដៃគូរបស់ខ្លួនឈឺចាប់ នោះពួកគេពិតជាអាចនិយាយពាក្យ សុំទោស បានដោយងាយស្រួល ពីព្រោះពួកគេពិតជាមិនចង់ឃើញមនុស្សដែលខ្លួនស្រលាញ់ ត្រូវឈឺចាប់សោះឡើយ។
១៦) បើសិនជាអ្នកអាចកើតម្ដងទៀត អ្នកនឹងជ្រើសរើសរៀបការជាមួយនឹងដៃគូរបស់ខ្លួនដដែល
អ្នកដឹងយ៉ាងច្បាស់ថា មានតែមនុស្សម្នាក់នេះប៉ុណ្ណោះ ហើយគឺត្រឹមម្នាក់នេះប៉ុណ្ណោះ ដែលអ្នកត្រូវការ។ ហើយបើទោះបីជាត្រូវឆ្លងកាត់ពេលវេលាដែលពិបាកបែបណាក្ដី ក៏អ្នកនៅតែជ្រើសរើសយកដៃគូរបស់ខ្លួនដដែលម្ដងទៀត។ អ្នកមានអារម្មណ៍មានមោទនភាព ចំពោះដៃគូរបស់ខ្លួន។
១៧) អ្នកបំពេញអោយគ្នាទៅវិញទៅមក
នៅលើលោកនេះគ្មានមនុស្សណាម្នាក់ ដែលកើតមកហើយល្អគ្រប់ដប់បាននោះទេ ហើយគឺមានតែដៃគូជីវិតរបស់អ្នកតែម្នាក់គត់ ដែលជាមនុស្សដែលអាចបំពេញនូវចំណុចខ្វះខាតទាំងអស់នោះរបស់អ្នកបាន។ ភាគីម្ខាងអាចជាមនុស្សដែលស្ងៀមស្ងាត់ ចំណែកម្នាក់ទៀតជាមនុស្សដែលរួសរាយរាក់ទាក់។ ដៃគូជីវិតជាធម្មតាជាមនុស្សដែលមានអត្តចរិតខុសគ្នាស្ទើរតែ ១៨០ដឺក្រេ ហើយមានភាពទាក់ទាញចំពោះគ្នាត្រង់ចំណុចដែលខ្លួនខ្វះខាតទាំងអស់នោះឯង។
១៨) ស្ថិតនៅក្នុងរង្វង់ដៃរបស់មនុស្សម្នាក់នោះ នឹងធ្វើអោយទុក្ខកង្វល់ ការព្រួយបារម្ភ និងរឿងលំបាកនៅក្នុងចិត្តរបស់អ្នកជ្រះស្រឡះទៅបានដោយងាយស្រួល
គ្មានកន្លែងណាដែលផ្ដល់ភាពកក់ក្ដៅជាងគេ ក្រៅពីរង្វង់ដៃរបស់មនុស្សសំខាន់របស់អ្នកឡើយ បន្ទាប់ពីអ្នកត្រូវឆ្លងកាត់នូវបញ្ហានានានៅក្នុងជីវិត និងការងាររបស់អ្នកពេញមួយថ្ងៃកន្លងមកហើយនោះទេ។ ទោះជានៅកន្លែងការងាររបស់អ្នក គឺពោរពេញទៅដោយបញ្ហា ឬរឿងរ៉ាវធំយ៉ាងណាក្ដី ខណៈពេលដែលអ្នកនៅជិតមនុស្សសំខាន់ វាហាក់ដូចជាបានធូរស្រាល។ ហើយវាហាក់ដូចជាបានផ្ដល់នូវអារម្មណ៍ដ៏កក់ក្ដៅទៅដល់បេះដូងរបស់អ្នក នឹងអារម្មណ៍សន្តិភាពសំរាប់ផ្លូវចិត្តរបស់អ្នកផងដែរ ដោយមិនចាំបាច់និយាយអ្វីសូម្បីមួយម៉ាត់។
ប្រភព៖ ចំណេះ