អ្នកទាំងអស់គ្នាប្រហែលជាបានដឹងច្រើនរួចមកហើយអំពីគុណសម្បត្តិ និងផលប៉ះពាល់ទាក់ទងនឹងការគេងនេះ។ ថ្ងៃនេះខ្មែរអានសូមលើកយកចំនុចសំខាន់ៗមួយចំនួនមកចែករំលែក ដែលទាក់ទងទៅនឹងការគេងនេះ ថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យការគេងរបស់អ្នកស្កប់ស្កល់ ហើយភ្ញាក់មកមានអារម្មណ៍ស្រស់ស្រាយ រីករាយក្នុងជីវិតនោះ?
រូបតំណាង
សូមតាមដានទាំងអស់គ្នា ដូចតទៅនេះ៖
១) ញុំាអាហារដែលសម្បូរជាតិកាកសរសៃ
ផ្លាស់ប្ដូរអាហារដែលសម្បូរជាតិខ្លាញ់ ឬ ផ្អែមមកជាអាហារសម្បូរជាតិកាកសរសៃវិញ ដូចជា គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើជាដើម។ នោះអ្នកមិនត្រឹមតែអាចគេងលក់បានលឿន ហើយស្រួលជាងមុននោះទេ វាថែមទាំងជួយឲ្យអ្នកគេងលក់បានយ៉ាងស្កប់ស្កល់ទៀតផង ព្រោះសារជាតិទាំងនេះជាថាមពលជំនួយការគេង ដែលធ្វើឲ្យអ្នកអាចដោះស្រាយបញ្ហាគេងមិនលក់បាន។ តាមការសិក្សាថ្មីមួយ ដែលអ្នកស្រាវជ្រាវក្នុងសកលវិទ្យល័យវេជ្ជសាស្រ្ដមួយ នៅ Columbia បានរកឃើញថា ការញុំាអាហារដែលមានប្រយោជន៍ទាំងនេះតែ១ថ្ងៃ ក៏អាចជួយធ្វើឲ្យការគេងរបស់យើងប្រសើរឡើងបានដែរ។
២) ផ្លាស់ប្ដូរអំពូលភ្លើង
អំពូលភ្លើងខ្លះអាចនឹងមើលទៅល្អសម្រាប់បរិយាកាសក្នុងបន្ទប់គេង ប៉ុនែ្តវាគំរាមគំហែងទៅដល់ការគេងរបស់យើងទៅវិញ។ អំពូលដែលមានពន្លឺពណ៌ខៀវ គឺរំខានទៅដល់ការគេងរបស់ខ្លាំងជាងគេ។ អ្នកគួរតែជំនួសមកវិញនូវអំពូលដែលមានកម្លាំងអគ្គីសនីទាប អាចជាអំពូល LED ពណ៌ក្រហម ដែលមានពន្លឺស្រាលស្រទន់សម្រាប់ដាក់ក្នុងចង្កៀងក្បែរគ្រែរបស់អ្នក។ ជាទូទៅពន្លឺអំពូលភ្លើងក្នុងផ្ទះមានពីរប្រភេទគឺ ពន្លឺពណ៌សប្រើដើម្បីបំភ្លឺពេលកំពុងធ្វើសកម្មភាពនានា ឯពន្លឺពណ៌ទឹកក្រូចវិញសម្រាប់បំភ្លឺមុនឬពេលចូលគេង។
៣) គេងយ៉ាងតិចឲ្យបានគ្រប់ ៨ ម៉ោង
មនុស្សយើងម្នាក់ៗត្រូវការគេងឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលបាននូវសុខភាពល្អ។ អ្នកជំនាញបាននិយាយថា មនុស្សដែលស្ថិតក្នុងវ័យកំពុងលូតលាស់ ត្រូវការគេងចន្លោះ ៧ ទៅ ៩ ម៉ោងក្នុង១យប់ នេះបើយោងតាមអង្គភាពផ្នែកសុខភាពដំណេក។ ការគេងឲ្យគ្រប់ ៨ ម៉ោងក្នុង១យប់ វាពិតជាល្អចំំពោះសុខភាព ប៉ុន្តែក៏មានមនុស្សជាច្រើនដែលជួបប្រទះបញ្ហាដំណេកនេះ។ អ្នកជំនាញសុខភាពនិយាយថា ការគេងត្រឹមតែ ៧ ម៉ោងក៏ល្អដែរ វាអាចទ្រទង់សុខភាពរាងកាយយើងបានល្អ ព្រមទាំងជំនួយដល់ការចងចាំទៀតផង។
៤) ឈប់ឬផ្លាស់ប្តូរសម្លេងនាឡិការោទិ៍
ការដាស់ដោយប្រើសម្លេងរោទិ៍ វាធ្វើឲ្យរំខានការគេងរបស់អ្នក និងជាហេតុធ្វើឲ្យអ្នកមានអារម្មណ៏មិនល្អ ឬអាចភ្ញាក់មកមានអារម្មណ៏ថាធីងធោង។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរពិចារណា ឈប់ប្រើប្រាស់វាដើម្បីដាស់ខ្លួនឯងឲ្យភ្ញាក់ពីគេង ឬក៏ផ្លាស់ប្តូរនូវសម្លេងនាឡិការោទិ៍ ដែលរំខានខ្លាំងដល់អារម្មណ៏ ហើយមកជ្រើសរើសនូវសម្លេងបែបធម្មជាតិ សម្លេងបក្សី ឬ សម្លេងទឹកសមុទ្រជំនួសវិញ ព្រោះសម្លេងទំាងនេះអាចធ្វើឲ្យអារម្មណ៏របស់អ្នកស្រស់ស្រាយ ក្រោយពេលភ្ញាក់ពីគេង។ តាមការស្រាវជ្រាវ សិស្សមួយចំនួនបង្ហាញចេញនូវឥរិយាបទមិនពេញចិត្តជាមួយនឹងសម្លេងរោទិ៍នៃនាឡិកា ព្រោះវាប៉ះពាល់ដល់អារម្មណ៍ពួកគេយ៉ាងខ្លាំង។ ដូចច្នេះហើយ អ្នកជំនាញបានណែរនាំឲ្យសាកល្បងជាមួយនឹងនាឡិកាពិសេស ឬកម្មវិធី Morning Sun សម្រាប់ iPhone និង Glimmer សម្រាប់ Android៕
ប្រភព៖ Success