ដំបូន្មានចំពោះការ​ទទួល​ទាន​អាហារ​ ទាំង៣​ពេល ដែលជះឥទ្ធិពលដល់សុខភាពអ្នកខ្លាំង

,

​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា ការ​ទទួល​ទាន​អាហារ​បាន​គ្រប់​គ្រាន់​ទាំង​បី​ពេល​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ហើយ​ការ​ដែល​យើង​ត្រូវ​ដឹង​ពី​ពេល​វេលា​ដែល​ល្អ​បំផុត​ ក្នុង​ការ​ទទួល​ទាន​អាហារ​ទាំង​នោះ​ គឺ​រឹត​តែ​មាន​សារៈ​សំខាន់​ថែម​ទៀត។

រូបតំណាង

បើ​ដូច្នេះ​ថ្ងៃ​នេះយើង មាន​គន្លឹះ​ខ្លី​មួយ​ដើម្បី​មក​បង្ហាញ​ប្រិយ​មិត្ត​ទាំង​អស់ អោយ​មក​ដឹង​ពី​ពេល​វេលា ដែល​ល្អ​បំផុត​ក្នុង​ការ​ទទួល​ទាន​អាហារ​ទាំង​ ៣​ពេល​ផងដែរ៖

១) អាហារ​ពេល​ព្រឹក

អាហារ​ពេល​ព្រឹក​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​សំរាប់​រាង​កាយ និង​ សុខភាព​របស់​លោក​អ្នក។ ទោះ​បី​ជា​អ្នក​ស្ថិត​ក្នុង​តំណាក់​កាល​តម​អាហារ ឬ​មួយ​ចង់​សម្រក​ទម្ងន់​ក្ដី​ លោក​អ្នក​ចាំ​បាច់​ត្រូវ​តែ​បរិភោគ​អាហារ​ពេល​ព្រឹក (បញ្ជាក់៖ ការ​សម្រក​ទម្ងន់​ដែល​ត្រឹម​ត្រូវ​គឺ​មិន​មែន​ ជា​ការ​តម​អាហារ​ពេល​ព្រឹក​នោះ​ទេ)។

  • ពេល​វេលា​ល្អ​បំផុត៖ ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៨​ ព្រឹក។ ពេល​វេលា​ដែល​សាកសម​និង​ល្អ​បំផុត ក្នុង​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​នោះ​គឺ ចន្លោះ​ពី​ម៉ោង​ ៧ ដល់​ម៉ោង​ ៨​ព្រឹក ហើយ​ប្រសិន​បើ​អ្នក​អាច​បរិភោគ​នៅ​រយៈ​ពេល​ ៣០នាទី ក្រោយ​ពី​អ្នក​ក្រោក​ពី​គេង​នោះ គឺ​វា​រឹត​តែ​ប្រសើរ​សំរាប់​សុខ​ភាព​របស់​អ្នក​ ខ្លាំង​មែន​ទែន។
  • ពេលវេលាដែល​មិន​ល្អ៖ ក្រោយ​ម៉ោង​ ១០​ ព្រឹក។ ប្រសិន​បើ​អ្នក​ខក​ខាន​មិន​បាន​បរិភោគ​អាហារ​ពេល​ព្រឹក មុន​ម៉ោង​ ១០ព្រឹក​ អ្នក​គួរ​តែ​រង​ចាំ​ដល់​អាហារ​ថ្ងៃ​ត្រង់​តែ​ម្ដង​ ពី​ព្រោះ​ការ​បរិភោគ​ក្នុង​រយៈ​ពេល​នេះ គឺ​ពិត​ជា​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព និង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ទៅ​វិញ​ទេ។

២) អាហារ​ពេល​ថ្ងៃ​ត្រង់

អាហារ​ថ្ងៃ​ត្រង់​ ក៏​ជា​អាហារ​ដែល​មាន​សារៈ​សំខាន់​សំរាប់​មនុស្ស​គ្រប់​ៗ​គ្នា​ផង​ដែរ។ អ្នក​ទាំង​អស់​គ្នា​ត្រូវ​ដឹង​ថា ​អ្នក​ដាច់​ខាត​ត្រូវ​តែ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ ​ប្រសិន​ជា​អ្នក​មិន​បាន​ទទួល​ទាន​អាហារ​ពេល​ព្រឹក។

  • ពេល​វេលា​ល្អ​បំផុត៖ ចន្លោះ​ម៉ោង ១២:៣០​នាទី ដល់​ម៉ោង ២​ថ្ងៃ។ ពេល​វេលា​ដែល​ល្អ​បំផុត​សំរាប់​អ្នក​ទទួល​ទាន​ អាហារ​ពេល​ថ្ងៃ​ត្រង់​នោះ​គឺ ចន្លោះ​ពី​ម៉ោង ១២:៣០​នាទី ដល់​ម៉ោង​ ២​ថ្ងៃ ហើយ​ចំណុច​មួយ​ទៀត​ដែល​អ្នក​ត្រូវ​ដឹង​នោះគឺ អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់ ក្នុង​រយៈ​ពេល​ ៤ម៉ោង ក្រោយ​ពី​អ្នក​បរិភោគ​អាហារ​ពេល​ព្រឹក​រួច។
  • ពេល​វេលា​ដែល​មិន​ល្អ​៖ ក្រោយ​ម៉ោង​ ៤ រសៀល។ ដើម្បី​សុខភាព​ល្អ​ប្រសើរ​អ្នក​ពុំ​គួរ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ក្រោយ​ម៉ោង​ ៤​រសៀល​នោះ​ទេ ប្រសិន​បើ​អ្នក​ភ្លេច អ្នក​គួរ​តែ​រង​ចាំ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​តែ​ម្ដង។

៣) អាហារ​ពេល​ល្ងាច

សំរាប់​អាហារ​ពេល​ល្ងាច អ្នក​គួរ​តែ​ទទួល​ទាន​ក្នុង​កម្រិត​កំណត់​ណា​មួយ ហើយ​ពុំ​គួរ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ឬ​ក្នុង​កម្រិត​មួយ​ដែល​ច្រើន​នោះ​ទេ ពី​ព្រោះ​ពេល​រសៀល​ជា​ពេល​ដែល ប្រព័ន្ធ​រំ​លាយ​អាហារ​របស់​អ្នក​ត្រូវ​ការ​សម្រាក​។

  • ពេលវេលា​ល្អ​បំផុត៖ ចន្លោះ​ម៉ោង ៦ល្ងាច ដល់​ម៉ោង ៩​យប់។ ពេល​វេលា​ដែល​ល្អ​បំផុត​សំរាប់​អ្នក​ក្នុង​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នោះ​គឺ ចាប់​ពី​ម៉ោង ៦​ ដល់​ម៉ោង ៩​យប់។ ហើយ​សូម​ចង​ចាំ​ថា អ្នក​គួរ​តែ​បរិភោគ​វា​អោយ​បី​ម៉ោង​មុន​ពេល​អ្នក​ចូល​គេង ដើម្បី​ទុក​ពេល​វេលា​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ធ្វើ​ការ​រំលាយ​វា​ជា​មុន​សិន បើ​មិន​ដូច្នោះ​ទេ​ អ្នក​អាច​មាន​អការៈ​ឈឺ​ពោះ ឬ​មិន​អាច​គេង​លក់​បាន​នោះ​ទេ។
  • ពេល​វេលា​ដែល​មិន​ល្អ៖ ក្រោយ​ម៉ោង​ ១០​យប់​ អ្នក​មិន​គួរ​បរិភោគ​អាហារ​ពេល​ល្ងាច​នោះ​ទេ វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព និង​ ប្រព័​ន្ធ​រំលាយ​អាហារ​របស់​អ្នក​ជា​ខ្លាំង ហើយ​លើស​ពី​នេះ​វា​ក៏​អាច​ធ្វើ​អោយ​រំខាន​ដល់​ការ​ទទួល​ទាន​ដំណេក​របស់​លោក​អ្នក​ផង​ដែរ៕

ផ្តល់សិទ្ធិ៖ ចំណេះ

យល់ដឹង