ចំនុច​ទាក់​ទាញ​របស់​មនុស្សស្រី​ចំពោះ​បុរស និង អាថ៍កំបាំង ១៧​ចំណុច ដែល​ស្ដ្រី​ភាគ​ច្រើន​មើល​រំលង

,

នេះ​គឺ​ជា​សំនួរ​ដែល​​ត្រូវ​បាន​ចោទ​សួរ​ តាំង​ពីបុរាណ​កាល​មក​ម៉្លេះ ដែល​ស្ដ្រី​ជាច្រើន​ស្ទើរ​តែ​ទាំង​អស់​ តែង​តែ​ងឿង​ឆ្ងល់​ថា ចំណុច​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​អោយ​មនុស្ស​ប្រុស​ មាន​ការ​ចាប់អារម្មណ៍មក​លើ​មនុស្ស​ស្រី​ម្នាក់​បាន​។ សូម​កុំ​មាន​ការ​ព្រួយ​បារម្ភពីព្រោះ​  យើងមាន​ចំលើយ​​ដែល​អាច​ឆ្លើយ​​ប្រាប់​ស្ដ្រី​គ្រប់​គ្នា​បាន​។

ផ្តល់សិទ្ធិដោយ៖កញ្ញា វល័ក្ខ

ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ និង​រឿង​រ៉ាវ​របស់​មិត្តភក្ដ​ផ្ទាល់​ចំពោះ​រឿង​ស្នេហា  យើងអាច​បង្ហាញ​ពី​គន្លឺះ​ខ្លះៗ​ប្រាប់​ដល់​សុភាព​នារី​ទាំង​ឡាយ​បាន ថាតើ​ពេល​ដែល​មនុស្ស​ប្រុស​​ចាប់អារម្មណ៍​មនុស្ស​ស្រី​ម្នាក់​ពួកគេ​មើល​លើ​ចំណុច​អ្វី​ខ្លះ ហើយ​ពួក​គេ​សំដែង​កាយ​វិការ​បែប​ណា​ចេញ​មក​ខាង​ក្រៅ?

ប្រហែល​ជា​គំនិត​ និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់ ចំណេះ មិន​អាច​​ដូច​គ្នា​ទាំង​អស់ទៅ​នឹង​បុរស​ផ្សេង​ទៀត​ក៏​ពិត​មែន​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​អាច​ជួយ​ត្រួស​ត្រាយ​ផ្លូវ​ខ្លះៗ​ បង្ហាញ​អោយ​ដល់​សុភាព​នារី​បាន​ដឹង​ផងដែរ។ ពេល​វេលា​បាន​ផ្លាស់​ប្ដូរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​ទំនោរ​និង​គំនិត​របស់​មនុស្ស​​​ប្រុស​ចំពោះ​​មនុស្ស​ស្រី អាច​មាន​ការ​ប្រែប្រួល ក៏​ប៉ុន្តែ​រឿង​ពិត​មួយ​ដែល​យើង​អាច​យក​មក​ធ្វើ​ជា​គោល​ ក្នុង​ការ​វែក​ញែក​ពីបញ្ហា​នេះ​បាន​នោះ​គឺ ការ​សិក្សា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ដ្រ ដែល​អាច​​អនុញ្ញាតិ​អោយ​យើង ស្វែង​រក​ចំលើយ​ពិត​​ប្រាកដ​បាន ពី​ចំណុច​ដែល​​ធ្វើ​អោយ​មនុស្ស​ប្រុស​ ចាប់​អារម្មណ៍​លើ​មនុស្ស​ស្រី​ម្នាក់​បាន។

អញ្ចឹង​តើ​ចំណុច​​អ្វី​ខ្លះ​ដែល​ធ្វើ​អោយ​មនុស្ស​ប្រុស ចាប់​អារម្មណ៍​ទៅ​លើ​មនុស្ស​ស្រី​ម្នាក់​បាន?

សុភាព​នារី​ទាំង​ឡាយ តើ​អ្នកទាំង​អស់​គ្នា​​ជឿ​ឬ​ក៏​អត់​ថា ចំណុច​ដែល​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​ចំពោះ​ស្ដ្រី គឺ​មិន​មែន​ជារឿង​វេទមន្ដ ឬ​សិល្បសាស្ដ្រ​អ្វី​នោះទេ ហើយ​មនុស្ស​ស្រី​ដែល​បុរស​ចាប់​អារម្មណ៍ មិន​ចាំ​បាច់​ទាល់​តែ​ស្អាត ដូច​តារា​ម៉ូដែល​ពិភពលោក ឬ​ស្អាត​ដូច​ជា​តារាភាពយន្ដ​កូរ៉េ​​អី​នោះ​ដែរ។ ការ​ដែល​យល់​ថា​អ្នក​ចាំ​បាច់​ត្រូវ​តែ​ស្អាត​ គ្មាន​ទាស់​ទើប​ធ្វើ​អោយ​បុរស​ចាប់​អារម្មណ៍​នោះ គឺ​ជា​ការ​យល់​ខុស​ហើយ។ ប៉ុន្តែ​សូម​ដឹង​​ថា ជួន​កាល​វា​គឺ​ជា​ចំណុច​តូច​តាច​ ដែល​មនុស្ស​ស្រី​ភាគ​ច្រើន​មើល​រំលង។ ហើយ​​ប្រសិន​បើ​អ្នក​​មាន​ចម្ងល់​ថា​ ចំណុច​តូច​តាច​​​ដែល​ធ្វើ​អោយ​បុរស​ម្នាក់​ចាប់​អារម្មណ៍​មក​លើ​អ្នក​បាន​មាន​អ្វី​ខ្លះ​នោះ តោះ​មក​អាន ១៨​ចំណុច ជាមួយ​ ខ្មែរអាន ខាង​ក្រោម​ដើម្បី​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា។

១) ជា​មនុស្ស​ស្រី​ដែល​​​ធ្វើ​អ្វី​ៗ​ជា​ខ្លួន​ឯង

សុភាព​នារី​ទាំង​ឡាយ​ត្រូវ​តែ​ដឹង​អោយ​ច្បាស់​ពី​ចំណុច​ទីមួយ​នេះ​ថា ប្រសិន​បើ​បុរស​ណា​ម្នាក់​ពេញចិត្ត ឬ​យល់​ថា​អ្នក​គួរ​អោយ​ទាក់​ទាញ​ នោះ​មូល​ហេតុ​ព្រោះ​តែ​រូបគេ​ ពេញចិត្ត​​រូប​អ្នក​ជា​​ខ្លួន​របស់​អ្នក។ ប្រាកដ​ណាស់ថា​ សម្លៀក​បំពាក់ ឬ​ការ​តុប​តែង​ខ្លួន​របស់​អ្នកអាច​ជា​កត្តា​​គួប​ផ្សំ​ ក្នុង​ការ​ដែល​ធ្វើ​អោយ​មនុស្ស​ប្រុស​ម្នាក់​ចាប់​អារម្មណ៍​លើ​អ្នក ក៏​ប៉ុន្តែ​សំរាប់​មនុស្ស​ប្រុស​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​​នោះ​គឺ ពាក្យ​សំដី​ដែល​អ្នក​និយាយ​ចេញ​ពី​បបូរ​មាត់​របស់​អ្នក។ បើ​អ្នក​ចង់​អោយ​បុរស​ណា​ម្នាក់​ចាប់​អារម្មណ៍ សូម​កុំ​ព្យាយាម​ធ្វើ​ខ្លួន​ជា​មនុស្ស​ផ្សេង ចូរ​ធ្វើ​អ្វីៗ និង​និយាយ​ស្ដី​​អ្វីដែល​អ្នក​តែង​តែ​និយាយ​ជាមួយ​មិត្ត​ភក្ដ និង​អ្នក​ដទៃ ​ហើយ​ការ​ធ្វើ​ជា​ខ្លួន​ឯង អ្នក​ក៏​​មិន​ទទួល​អារម្មណ៍​នឿយ​ហត់​នូវ​រាល់​ពេល​ជួប​ជា​មួយ​នឹង​រូប​គេដែរ មិន​អញ្ចឹង?

២) ជា​មនុស្ស​ស្រី​គិត​វិជ្ជមាន (មើល​ពិភព​លោក​ក្នុង​ផ្លូវ​ល្អ)

សាក​គិត​ខ្លួន​ឯង​បន្តិច​ទៅ​មើល ​ឧទាហរណ៍​ថា​អ្នក​​និយាយគ្នា​​ជាមួយ​នឹង​មនុស្ស​ប្រុស​ម្នាក់ ដែល​គិត​តែ​និយាយ​ពីរឿង​អវិជ្ជមាន និង​មាន​គំនិត​អត្មា​និយម តើ​អ្នក​មាន​អារម្មណ៍​បែប​ណា? អ្នក​ពិត​ជា​មិន​ចង់​និយាយ​ជាមួយ​នឹង​មនុស្ស​ម្នាក់​នោះ​​ទេ តើ​ពិតមែន​ដែរ​ទេ? បើ​អ្នក​គិត​បែប​នេះ​មែន អ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ប្រុស​ក៏​មាន​គំនិត​មិន​ខុស​ពី​អ្នក​ប៉ុន្មាន​ដែរ។ មនុស្ស​ប្រុស​ណា​ក៏​ដោយ​តែង​តែ​ចង់​នៅ​ក្បែរ​មនុស្ស​ស្រី​ដែល​មាន​អារម្មណ៍​ស្រស់​ស្រាយ ចូល​ចិត្ត​និយាយ​ពីរឿង​វិជ្ជមាន និង​ជា​មនុស្ស​ស្រី​ដែល​មាន​គំនិត​ឆ្ពោះ​ទៅ​មុខ តែ​មិន​មែន​ជា​មនុស្ស​ស្រី​ដែល​អត្មា​និយម ហើយ​ចូល​ចិត្ត​មើល​ពិភព​លោក​ក្នុង​ផ្លូវ​អវិជ្ជមាន​នោះ​ទេ។

៣) ជា​មនុស្ស​ស្រី​ដែល​ធម្មតា (មិន​សូវ​ចេះ​ Drama)

មនុស្ស​ស្រី​ភាគ​ច្រើន​គឺ​ពិត​ជា​ចូល​ចិត្ត​ Drama ខ្លាំងណាស់ រឿង​តូច​តាច​សោះ​ចូល​ចិត្ត​បង្ក​អោយ​ទៅ​ជា​រឿង​ធំដំ ហើយ​ចូល​ចិត្ត​អោយ​មនុស្ស​ប្រុស​លួង​លោម។ សំរាប់​មនុស្ស​ប្រុស​បើ​សិន​ជា​បែប​នេះ​យូរៗ​ម្ដង​គឺ​មិន​អី​ទេ ពួកគេ​នឹង​យល់​ថា​អ្នក​រឹត​តែ​គួរ​អោយ​ទាក់​ទាញ និង​គួរ​អោយ​ស្រលាញ់ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ Drama គ្រប់​ពេលគ្រប់​ទី​កន្លែង​នោះ អ្នក​ប្រាកដ​ជា​រុញ​ច្រាន​មនុស្ស​ប្រុស​ដែល​អ្នក​ចាប់​អារម្មណ៍ អោយ​ចាក​ចេញ​ពី​អ្នក​ជាក់​ជា​មិន​ខាន។ សូម​សុភាព​នារី​ទាំងអស់​ត្រូវ​ដឹង​ថា មនុស្ស​ប្រុស​ស្ទើរ​តែ​ ១០០% យល់​ថា​ជីវិត​ពិត​គឺ​ខុស​ពី​ខ្សែ​ភាព​យន្ដ ដែល​បញ្ចាំង​នៅ​លើ​កញ្ជក់​ទូរទស្សន៍ ដូច្នេះ​ហើយ​បើ​អ្នក​ព្យាយាម សំដែង ឬ​ទាមទារ​ទៅ​តាម​​ Drama ខ្លាំង​ពេក​គ្មាន​មនុស្ស​ប្រុស​ណា អាច​ទ្រាំ​ទ្រ​នឹង​អ្នក​រួច​ទេ។

៤) ជា​មនុស្ស​ស្រី​ដែល​អាច​ចូល​​ចុះ​ជាមួយ​នឹង​មនុស្ស​ប្រុស​​បាន

មនុស្ស​ប្រុស​ណា​ក៏​ដោយ​តែង​តែ​ចង់​​អោយ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ ចូល​ចំណោម​ចុះ​ជាមួយ​នឹង​មិត្តភក្ដ​របស់​ខ្លួន ហើយ​​រាប់​អាន​មិត្តភក្ដ​ពួកគេ​ដូច​ជា​មិត្តភក្ដ​ខ្លួន​ឯង។ សំរាប់​មនុស្ស​ប្រុស​គ្មាន​រឿង​អ្វី​ដែល​អាក្រក់​ជាង​ការ​ដែល​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ ធ្វើ​ការ​វាយ​តម្លៃ​ពី​អ្វី​ដែល​ខ្លួន​និង​មិត្តភក្ដ​របស់​ខ្លួន​ធ្វើ​នោះ​ទេ។ ដូច្នេះ​បើ​អ្នក​ចង់​​ធ្វើ​ជាមនុស្ស​ស្រី​ដែល​បុរស​​ម្នាក់​ចាប់​អារម្មណ៍ ត្រូវ​រៀន​ចូល​អោយ​ចុះ​ចំណោម​ជាមួយ​នឹង​មិត្តភក្ដ​ប្រុស​ៗ​របស់​គេ។

៥) ជា​មនុស្ស​ស្រី​ដែល​ស្មោះ​ត្រង់

នេះ​ជា​ចំណុច​សំខាន់​បំផុត​ អ្នក​ត្រូវ​ដឹង​ថាមនុស្ស​ប្រុសគឺ​មាន​អារម្មណ៍​ទាក់​ទាញ​ខ្លាំង​បំផុត ជាមួយ​នឹង​មនុស្ស​ស្រី​ដែល​ពួក​គេ​យល់​ថា ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្មោះ​ត្រង់ ជា​ពិសេស​នោះ​គឺ​ភាព​ស្មោះ​ត្រង់​ចំពោះ​ស្នេហា​និង​ដៃ​គូ។ ប្រសិន​បើ​បុរស​ចង់​ប្រាកដ​ប្រជា​​ ជាមួយ​នឹង​នារី​ណា​ម្នាក់​អ្វី​ដែល​ពួក​គេ​ចង់​ស្វែង​យល់​មុន​គេ​ពី​មនុស្សស្រី​ម្នាក់​នោះ​គឺ ភាព​ស្មោះ​ត្រង់​របស់​នាង។

៦) ស្នាម​ញញឹម

មនុស្ស​ប្រុស​គ្រប់​រូប​ប្រាកដ​ជា​យល់​ស្រប​ដូច​គ្នា គឺ​ពួកគេ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំងទៅ​លើ​មនុស្ស​ស្រី​ នៅ​ពេល​ដែល​ពួក​នាង​ញញឹម។ មនុស្ស​ប្រុស​យល់​ថា​នៅ​ពេល​ដែល​​មនុស្ស​ស្រី​ម្នាក់​​ឧស្សាហ៍​ញញឺម​គឺ​បង្ហាញ​ពី​គំនិតវិជ្ជមាន​របស់​នាង ហើយ​ការ​ដែល​មនុស្ស​ស្រី​​ញញឹមក៏​បាន​ផ្ដល់​នូវ​អារម្មណ៍​ស្រស់​ស្រាយ​មួយ​ប្រភេទ ដែល​បង្ក​ជា​ការ​ទាក់​ទាញ​ដល់​មនុស្ស​ប្រុស។ ចំណេះ​ សូម​ធ្វើ​ការ​បញ្ជាក់​បន្ថែម​ត្រង់​ចំណុច​នេះ​​ថា ពេល​ដែល​មនុស្ស​ស្រី​ញញឹម ទោះ​ជា​​នាង​​ចង់​អោយ​មនុស្ស​ប្រុស​ម្នាក់​ធ្វើ​អ្វី​ក៏​ប្រុស​ម្នាក់​នោះ​អាច​​ធ្វើ​ទៅ​រួច​ដែរ ប៉ុន្តែ​ ​ យើងក៏​សូម​ផ្ដាំ​ថា កុំ​ធ្វើ​រឿង​នេះ​ទៅ​លើ​រឿង​អ្វី​ដែល​មិន​ល្អ​អោយ​សោះ ប្រយ័ត្ន​ស្មុគស្មាញ​ខ្លួនឯង​ពេល​ក្រោយ​ណា​​បាទ។

៧) ជា​មនុស្ស​ស្រី​ដែល​ហ៊ាន​​ក្រោក​ឈរ​ដើម្បី​គំនិត​ខ្លួនឯង

តើ​សុភាព​នារី​ទាំង​អស់​ជឿ​ឬ​មិន​ជឿ ចំពោះ​ចំនុច​នេះ​ដែល​​​ថា​​​មនុស្ស​ប្រុស​ចាប់​អារម្មណ៍ លើ​មនុស្ស​ស្រី​បែប​នេះ? ប៉ុន្តែ​វា​គឺ​ជា​ការ​ពិត មនុស្ស​ប្រុស​ភាគច្រើន​គឺ​ពេញ​ចិត្ត​ចំពោះ​មនុស្ស​ស្រី​ទាំង​ឡាយ​ណា ដែល​ហ៊ាន​ក្រោកឈរ​ដើម្បី​ការ​ពារ​គំនិត និង​ការ​យល់​ឃើញ​របស់​ខ្លួន។ ​ហើយ​នៅ​លើ​លោក​នេះ​គ្មាន​មនុស្ស​ណា​ម្នាក់ ជា​មនុស្ស​ប្រុស ​ឬ​ជា​មនុស្ស​ស្រី​ក៏ដោយ ពិត​ជា​មិន​ចង់​នៅ​ជាមួយ​មនុស្ស​ដែល​គេ​ងាយ​ធ្វើ​បាប​នោះ​ទេ បើ​មាន​គឺ​មាន​តែ​ក្នុង​ខ្សែ​ភាពយន្ដ​ប៉ុណ្ណោះ។ នេះ​មិន​មែន​បាន​ន័យ​ថា​អ្នក​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​​ស្រី​រឹងរូស​ម្នាក់ ដែល​គ្មាន​អ្នក​ណា​អាចនិយាយអោយ​ស្ដាប់​បាន​ទេ ប៉ុន្តែ​គឺ​ជា​មនុស្ស​ស្រី​ដែល​ស្គាល់​ច្បាស់​ពី​ព្រំដែន​ដើម្បី​ការ​ពារ​គំនិត​របស់​ខ្លួន។

៨) ជា​មនុស្ស​ស្រី​ដែល មាន​ភាព​ជា​ស្ដ្រី

មនុស្ស​ភាគ​ច្រើន​តែង​តែ​យល់​ខុស​ថា ការ​បង្ហាញ​ភាព​ជា​មនុស្ស​ស្រី​គឺ​ជា​ការ​បង្ហាញ​ភាព​ទន់​ជ្រាយ។ មនុស្ស​ស្រី​ម្នាក់​​​ណា​ក៏​ដោយ​ គឺ​សុទ្ធ​តែ​មាន​ចំណុច​នេះ​ទាំង​អស់​គ្នា ហើយ​បើ​និយាយ​តាម​ត្រង់​ទៅ​មនុស្ស​ទូ​ទៅ​គឺ​ពិត​ជា​អាច​ដាក់​អារម្មណ៍​ទទួល​យក​ មនុស្ស​ស្រី​ដែល​ហ៊ាន​បង្ហាញ​ភាព​ជា​មនុស្ស​ស្រី​ម្នាក់​បាន ដែល​នាង​ហ៊ាន​បង្ហាញ​វា​ចេញ​មក​​ដោយ​ភាព​ជឿជាក់​ និង​គ្មាន​ការ​ខ្មាស់​អៀន។

ប្រសិន​បើ​អ្នក​ចង់​ពាក់​ស្បែក​ជើង​កែង​ចោទ អ្នក​ត្រូវ​តែ​ពាក់ ប្រសិន​បើ​អ្នក​ចង់​ស្លៀក​ខោអាវ​ហែល​ទឹក អ្នក​ត្រូវ​តេ​ស្លៀក ហើយ​បើ​សិន​ជា​អ្នក​ចង់​លាប​ក្រែម​ពណ៌​ស៊ី​ជំពូរ​ អ្នក​ត្រូវ​តែ​លាប។ មនុស្ស​ប្រុស​គឺ​មាន​ការ​ទាក់​ទាញ​ចំពោះ​មនុស្ស​ស្រី​ដែល​មាន​ភាព​ជឿជាក់​ចំពោះ​ខ្លួនឯង។

៩) ជា​មនុស្ស​ស្រី​ដែល​មាន​សម្លេង​ស្រាល​ស្រទន់

ជា​រឿង​ពិត​និង​គួរ​អោយ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ មនុស្ស​ប្រុស​មាន​ការ​ទាក់​ទាញ​ចំពោះ​មនុស្ស​ស្រី ដែល​មាន​សំលេង​ស្រាល​ខ្ពស់ (ក្នុង​នាម​ជា​មនុស្ស​ប្រុស​ម្នាក់យើង សូម​យល់​ស្រប ១០០%)។ ពីព្រោះ​ចំណុច​នេះ​​សំរាប់​មនុស្ស​ប្រុស​គឺ​បង្ហាញ​ថាមនុស្សស្រី​បែប​នោះ​គឺ គួរ​អោយ​​​ចង់​ថ្នាក់​ថ្នម មាន​ភាព​ជា​មនុស្ស​ស្រី និង​ពោរពេញ​ទៅ​ដោយភាពយុវវ័យ។ ក៏​ប៉ុន្តែ​នេះ​ក៏​មិន​មាន​ន័យ​ថា​មនុស្ស​ស្រី​ដែល​មាន​សំលេង​ធ្ងន់​ គឺ​មនុស្ស​ប្រុស​មិន​ចាប់​អារម្មណ៍​នោះទេ សូម​សុភាព​នារី​ទាំង​អស់​ត្រូវ​យល់​ថា មនុស្ស​ប្រុស​គឺ​ខុស​គ្នា ហើយ​ការ​ចូល​ចិត្ត​របស់​ពួកគេ​ក៏​ខុស​គ្នា​ដែរ។

១០) ជា​មនុស្ស​ស្រី​ដែល​ចេះ​ប្រាស្រ័យ​​ទាក់​ទង​ជា​មួយ​អ្នក​ដទៃ

ត្រូវ​ចាំ​ថា​គ្មាន​មនុស្ស​ប្រុស​​ណា​ម្នាក់​អាច​ដឹង​ពី​ចិត្ត​របស់​អ្នក​នាង​បាន​នោះ​ទេ។ ខ្មែរអាន​ អាច​ដឹង​បាន​ថា សុភាព​នារី​ទាំង​អស់ ចង់​អោយ​ជិវិត​របស់​ខ្លួន​ប្រៀប​បី​ដូច​ជា​ខ្សែ​ភាព​យន្ដ​យ៉ាង​អញ្ចឹង ដែល​តួ​ប្រុស​​តែង​តែ​ដឹង​ពីចិត្ត​របស់​តួ​ស្រី​បាន​គ្រប់​ពេល​នោះ។ ប៉ុន្តែ​សូម​សុភាព​នារី​ទាំង​អស់​ត្រូវ​ដឹង​ថា​ជីវិត​ពិត​គឺ​មិន​អាច​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ខ្សែ​ភាពយន្ដ​បាន​ទេ ដូច្នេះប្រសិន​បើ​អ្នក​ចង់​បាន​អ្វី​នោះ​ សូម​ប្រាប់​ទៅ​បុរស​ៗ​ដើម្បី​អោយ​ពួក​គាត់​បាន​ដឹង​ផង។ ហើយ​បើ​សិន​ជា​សុភាព​នារី​អាច​ធ្វើ​បែប​នេះ​បាន បុរស​ម្នាក់​នោះ​ប្រាកដ​ជា​កាន់​តែ​យល់​ថា​ អ្នក​គឺ​ជា​មនុស្ស​ស្រី​ដែល​រឹតតែ​ទាក់​ទាញ។

១១) ជា​មនុស្ស​ស្រី​ឯករាជ្យ និង​មាន​ម្ចាស់​ការ​លើ​ជីវិត​​ខ្លួន​ឯង

ប្រសិន​បើ​អ្នក​ចង់​ដឹង​ពី​ចំណុច​សំខាន់​អ្វី ដែលបុរស​យល់​ថា​មនុស្ស​ស្រី​ម្នាក់​ទាក់​ទាញ​បំផុត​គឺ​អ្វី​នោះ យើង​អាច​ប្រាប់​បាន​ថា​គឺ​ជា​ចំណុច​មួយ​នេះ​ឯង។ សំរាប់​បុរស ​មនុស្ស​ស្រី​ដែល​មាន​ម្ចាស់​ការ​លើ​ជីវិត​របស់​ខ្លួន គឺ​ពិត​ជា​មាន​ភាព​ស៊ិចស៊ី ហើយ​ទាក់​ទាញ​បំផុត។

១២) ជាមនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ពណ៌​ក្រហម

នេះ​គឺ​ជា​ពណ៌​ដែល​ធ្វើ​អោយ​មនុស្ស​គ្រប់​គ្នា​ មិន​ថាប្រុស​ឬ​ក៏​ស្រី​ត្រូវ​តែ​ចាប់​អារម្មណ៍។ ហើយ​បើ​សិន​ជា​អ្នក​ជា​មនុស្ស​ស្រី​ដែល​ចូល​ចិត្តប្រើ​របស់​របរ​ពណ៌​ក្រហម ឬចូល​ចិត្ត​ស្លៀក​សំលៀក​បំពាក់​ពណ៌​ក្រហម​នោះ សូម​កត់​សម្គាល់​មើល​ដោយ​ខ្លួន​ឯង​ចុះ ថា​មនុស្សប្រុស​មួយ​ណា​ក៏​លួច​​សំលឹង​អ្នក​ដែរ។ ពីព្រោះ​ពណ៌​ក្រហម​គឺ​ជា​ពណ៌​ដែល​បង្ហាញ​ពី​ភាព ស៊ិចស៊ី និង​ថាមពល។

១៣) ជា​មនុស្ស​ស្រី​ដែល​ចេះ​លើក​សរសើរ​អ្នក​ដទៃ

ចំណុច​នេះ​មិន​មែន​ចង់​មាន​ន័យ​ថា សុភាព​នារី​ទាំង​ឡាយ​ត្រូវ​តែ​លើក​សរសើរ គ្រប់​ចំណុច​ដែល​បុរស​ម្នាក់​ធ្វើ​ឬ​និយាយស្ដី​ចេញ​មក​ទាំង​អស់​​នោះ​ទេ។ ក៏​ប៉ុន្តែ​មនុស្ស​ប្រុស​ភាគ​ច្រើន​ពិត​ជា​ស្រលាញ់​និង​ចូល​ចិត្ត មនុស្ស​ស្រី​ទាំង​ឡាយ​ណា​ដែល​យូរ​ៗ​​ម្ដង​តែង​តែ​និយាយ​ល្អ និង​លើក​សរសើរ​ពី​ខ្លួន។

១៤) ជា​មនុស្ស​ស្រី​ដែល​មាន​ភាព​ជឿជាក់​​ និង​ទំនុក​ចិត្ត

សំរាប់​បុរស​មនុស្ស​ស្រី​ដែល​មាន​ទំនុក​ចិត្ត គឺ​ពិត​ជា​ស៊ិចស៊ី​ខ្លាំង​បំផុត ដែល​សឹង​តែ​រក​ពាក្យ​មក​និយាយ​​អោយ​ត្រូវ​មិន​បាន។ ​ប្រសិន​បើ​អ្នក​ដើរ​នៅ​ក្នុង​កម្មវិធី​ណា​មួយ ដោយ​ងើយ​ក្បាល​ត្រង់​ទៅ​មុខ​ដោយ​ភាព​ជឿជាក់​នោះ អ្នក​ប្រាកដ​ជា​​សង្កេត​ឃើញ​ថា​មនុស្ស​ប្រុស​ទាំង​អស់​នឹង​តាម​សម្លឹង​រូប​អ្នក។ តើ​មូល​ហេតុ​អ្វី? ពីព្រោះអ្នក​បង្ហាញ​ពី​អារម្មណ៍​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង ហើយ​បង្ហាញ​ថា​អ្នក​មិន​ចាំ​បាច់​ត្រូវ​ការ​មនុស្សប្រុស ហើយ​​សំរាប់​បុរស​វិញ ពួកគេ​នឹង​ធ្វើ​គ្រប់​បែប​យ៉ាងដើម្បី​តាម​ចាប់​យក​អ្វី​ដែល​ពួកគេ​​មាន​អារម្មណ៍​​ថា​មិន​អាច​យក​បាន​។

១៥) ជា​មនុស្ស​ស្រី​ដែល​មាន​ដង​ខ្លួន​ស៊ិចស៊ី (រូបរាង​អក្សរ​ S)

មនុស្ស​ប្រុស​ណា​ក៏​ដោយ​ប្រាកដ​ជា​យល់​ស្រប​ដូច​គ្នា​ថា ពួកគេ​ពិត​ជា​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ចំពោះ​នារី​ដែល​មាន​រូប​រាង​អក្សរ​ S ហើយ​ចំនុច​នេះ​ក៏​មិន​ចាំ​បាច់​និយាយវែង​ឆ្ងាយដែរ ពីព្រោះ​នេះ​គឺ​ជា​ធម្មជាតិ​របស់​មនុស្សប្រុស​ទៅ​ហើយ។​

១៦) ជា​មនុស្ស​ស្រី​ដែល​បង្ហាញ​មន្ដស្នេហ៍​ស៊ិចស៊ី (ក៏​ប៉ុន្តែ​មិន​មែន​ស៊ិចស៊ី​ជ្រុល​ពេក​នោះ​ទេ)

ជា​មនុស្ស​ប្រុស​ម្នាក់  យើងអាច​បញ្ជាក់​ជូន​សុភាព​នារី​គ្រប់​រូប​ថា ទោះ​ចង់​ឬ​មិនចង់ ភាពស៊ីវិល័យ នឹង​ការ​លេង​ខ្លួន​តាម​បែប​ស៊ិចស៊ី របស់​មនុស្ស​ស្រី​គឺ​ពិត​ជា​ទាក់​ទាញ​ខ្លាំងណាស់។ ក៏​ប៉ុន្តែ​មិន​មែន​ស៊ិចស៊ី​ជ្រុល​ហួស​ហេតុ ហើយ​មិន​អាច​ទប់​ជាប់​នោះ​ទេ ​សំរាប់​បុរស​ម្នាក់​បើ​ដៃ​គូពួកគេ​តែង​ខ្លួន​ស៊ិចស៊ី​ខ្លាំង​ពេក ហើយ​បណ្ដើរ​គ្នា​ទៅ​ខាង​ក្រៅ​នោះ ពួក​គេ​បែរ​ជា​មាន​អារម្មណ៍​ខ្មាស់​អៀន​​អ្នក​ដទៃ​​ទៅ​វិញ​ទេ។

១៧) ជា​មនុស្ស​ស្រី​ដែល​មាន​មុខមាត់​ស្អាត

អាន​ចំណុច​នេះ​ហើយ​ប្រាកដ​ជា​មាន​សុភាព​នារី​មួយ​ចំនួន​ខឹង ហើយ​ពិត​ជា​ចង់​សំលាប់​អ្នក​សរសេរ​អត្ថបទ​នេះ​ហើយ​ តើ​ពិត​មែនដែរទេ? ប៉ុន្តែ​ខ្មែរអាន សូម​ធ្វើ​ការ​តវ៉ា​ថា​ចំណុច​នេះ​គឺ​ជា​ការ​ពិត។ សំរាប់​បុរស​គ្រប់​រូប នៅ​ពេល​ដែល​ពួកគេ​​ចង់​ស្វែង​រក​ដៃគូ ដែល​​ត្រូវ​រស់​នៅ​ជាមួយ​គ្នា​យូរ​អង្វែង ពួកគេ​គឺ​តែង​ចាប់​អារម្មណ៍​និង​គិត​គូរ ពី​មុខមាត់​របស់​ស្ដ្រី​ម្នាក់​នោះ ខ្លាំង​ជាង​រូប​រាង​របស់​នាង​ទៅ​ទៀត។

ឥលូវ​នេះ​​យើង​អាច​សន្និដ្ឋាន​​ដឹង​ហើយ​ថា មូលហេតុ​អ្វី​បាន​​ជាមនុស្ស​ស្រី​ជាច្រើនប្រើប្រាស់​គ្រឿង​សំអាង និង​ ពេល​ខ្លះ​រហូត​ឈាន​ដល់​ការ​វះ​កាត់​កែ​សម្ផស្ស​ទៀត​ផង​នោះ​។

ឥលូវ​នេះ​សុភាព​នារី​ទាំង​អស់ បាន​ដឹង​អស់​ហើយ​ថា ចំណុច​អ្វី​ខ្លះ​ដែល​បុរស​ យល់​ថា​ជាការ​ទាក់​ទាញ​ដែល​មនុស្ស​ស្រី​ម្នាក់​ត្រូវ​មាន។ ហើយ​បើ​​សិន​ជា​សុភាព​នារី​ណា ដែល​អាន​អត្ថបទ​នេះ​ហើយ​យល់​ថា​ ខ្លួនឯង​មាន​ចំណុច​ដែល​ដូច​គ្នា​ច្រើន​ទៅ​នឹង​អ្វី​ដែល យើងបាន​សរសេរ​ខាង​លើ​នេះ សូម​កុំ​​​ធ្វើ​បាប​ចិត្ត​មនុស្ស​ប្រុស​ ដោយ​ដើរ​រាយ​មន្ដ​ស្នេហ៍ គ្រប់​កន្លែង​អី​ណា អាណិត​មនុស្ស​ប្រុស​ខ្លះ​​ផង៕

ប្រភព៖ ចំណេះ

ស្នេហា យល់ដឹង