បុរសពិតស្ថិតក្នុងក្រសែភ្នែកនារី

,

ជា​មនុស្ស​ប្រុស​ម្នាក់ អ្នក​ប្រាកដ​ជាធ្លាប់​បាន​លឺ​មនុស្ស​ស្រី​ជាច្រើន​និយាយ​ប្រាប់​អ្នក​ថា ពួកគេ​ត្រូវ​ការ​មនុស្ស​ប្រុស​ដែល​ពិត​ប្រាកដ​ម្នាក់។ ស្ដាប់​ទៅ​ពិត​ជា​​ល្អ​ស្ដាប់​ណាស់​តើ​ពិត​មែន​ទេ ក៏​ប៉ុន្តែ​​តើ​ចំណុច​អ្វី​ខ្លះ​ទៅ​ដែល​មនុស្ស​ស្រី​ចង់​បញ្ជាក់​ប្រាប់​​មនុស្ស​ប្រុស​យើង​តាម​រយៈ​ពាក្យ​សំដី​មួយ​ឃ្លា​នេះ ហើយ​អ្វី​ដែល​បញ្ជាក់​ថា​អ្នក​គឺ​ជា​មនុស្ស​ប្រុស​ពិត​ប្រាកដ​ម្នាក់?

រូបតំណាង

មនុស្ស​ប្រុស​ជា​ច្រើន​នៅ​លើ​លោក​នេះ ប្រាកដ​ជា​មាន​ចំងល់​ស្រដៀង​គ្នា​​ចំពោះ​ពាក្យ​ដែល​ថា "បុរស​ពិត​ប្រាកដ" ឬ "ភាព​ជា​បុរស​ពេញ​លក្ខណៈ"។ មនុស្ស​ប្រុស​ភាគ​ច្រើន​យល់​ថា​​ខ្លួន​ឯង​គឺ​ជា​បុរស​ពិត​ ហើយ​តែង​ប្រាប់​ខ្លួន​ឯង​ថា​ពួក​គេ​យល់​ច្បាស់​ពី​ចំណុច​ដែល​ត្រូវ​ធ្វើ​ដើម្បី​ក្លាយ​ជា​បុរស​​ពេញ​លក្ខណៈ​ម្នាក់ ក៏​ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ចំងល់​ហើយ​ប្រាកដ​ជា​មិន​បាន​ដឹង​ទេថា សំរាប់​មនុស្ស​ស្រី​ពាក្យថា​ភាព​ជា​បុរស​តាម​ពិត​​គឺ​​ចង់​សំដៅ​លើ​ចំណុច​ផ្សេងទៅ​វិញ​ទេ។ ហើយ​ប្រសិន​បើ​អ្នក​បាន​ដឹង​ពី​ចំណុច​ដែល​មនុស្ស​ស្រី​ចង់​បាន​​ នោះ​អ្នក​ប្រាកដ​ជា​យល់​ស្រប​ជាមួយ​នឹង​ពួក​នាង​ជាមិន​ខាន។ អញ្ចឹង​អ្នក​ប្រាកដ​ជា​ចង់​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ទើប​មនុស្ស​ស្រី​ចាត់​ទុក​អ្នក​ជា​បុរស​​ពេញ​លក្ខណៈ​ម្នាក់? សំនួរ​នេះ​រៀង​ពិបាក​ក្នុង​ការ​ឆ្លើយ​បន្តិច​ពីព្រោះ ភាព​ជា​បុរស​ពេញ​លក្ខណៈ​សំរាប់​មនុស្ស​ស្រី​ម្នាក់ៗ គឺ​សុទ្ធតែ​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​ ហើយ​​បែង​ចែក​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​​ពួក​នាង​រៀង​ៗ​ខ្លួន។

ហើយ​បើ​និយាយ​ពី​ចិត្ត​របស់​មនុស្ស​ស្រី​វិញ​ទៀត​សោត អ្វីៗ​​ដែល​ពួកនាង​និយាយ​គឺ​មិន​ប្រាកដ​ថា​ជា​អ្វី​ដែល​ពួក​នាង​ចង់​បាន​នោះ​ទេ។ ជាឧទាហរណ៍ ស្ដ្រី​គ្រប់​រូប​តែ​តែ​​និយាយ​ថា​ពួកនាង​ត្រូវ​ការ​បុរសដែល​ចិត្តល្អ ហើយ​ស្លូត​បូត​ម្នាក់ ក៏​ប៉ុន្តែ​បើ​បុរស​ម្នាក់​នោះ​ស្លូត​រហូត​ដល់​ពួក​នាង​អាច​បញ្ជា​​អោយ​ធ្វើ​អ្វី ក៏​គេ​ព្រម​ធ្វើ​​ដែរ​នោះ នោះ​មនុស្ស​ស្រី​ប្រាកដ​ជា​ឆាប់​ជិន​ណាយ​ និង​អស់​អារម្មណ៍​ពី​បុរស​ម្នាក់​នោះ​ភ្លាមៗ​ដែរ។

បន្ទាប់​ពី​អាន​​ប៉ុន្មាន​ប្រយោគ​ពី​ខាង​លើ​មក​នេះ​ អ្នក​ប្រាកដ​ជា​កាន់​តែ​ងឿង​ឆ្ងល់​ហើយ​តើ​មែនទេ? ហើយ​​អ្នក​កាន់​តែ​ចង់​ដឹង​ថា តើ​​​សំរាប់​មនុស្ស​ស្រី​ពួកគេ​ចង់​បាន​អ្វី និង​ចង់​មាន​ន័យ​​បែប​ណា? ដែល​ពួកនាង​និយាយ​ថា​ចង់​បាន​បុរស​ល្អ​ម្នាក់ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ព្យាយាម​ធ្វើ​ខ្លួន​ជា​បុរស​ល្អ បែរ​ជា​ពួក​នាង​មិន​ត្រូវ​ការ​ទៅ​វិញ ហើយ​នេះ​​ក៏​ប្រហែល​ជា​មូល​ហេតុ​ដែល​បុរស​ភាគ​ច្រើន​ត្រូវ​នៅ​ម្នាក់​ឯង។ ប៉ុន្តែ​សូម​កុំ​មាន​ការ​បារម្ភ ឱកាស​របស់​អ្នក​នឹង​មក​ដល់ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ព្យាយាម​អភិវឌ្ឍន៍​ខ្លួន​ឯង​ ហើយ​និង​មាន​ការ​អត់​ធ្មត់។

អញ្ចឹង​ចំណុច​អ្វី​ខ្លះ​ដែល​មនុស្ស​ស្រី​ចង់​បាន​ ដើម្បី​អាច​ចាត់​ទុក​អ្នក​ថា​ជា​បុរស​ពេញ​លក្ខណៈ​ម្នាក់? មក​​តាម​ដាន​ចំណុច​ទាំង ១០ ខាងក្រោម​ជាមួយ​ចំណេះ ទាំង​អស់គ្នា​​បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជាបុរស​ពេញ​លក្ខណៈ​ ក្នុង​ក្រសែ​ភ្នែក​មនុស្ស​ស្រី៖

ដូច្នេះ​យោង​តាម​គំនិត និង​ពាក្យ​សំដី​ផ្សេង​ពី​ចិត្ត​របស់​មនុស្ស​ស្រី ​ជា​មនុស្ស​ប្រុស​ម្នាក់​អ្នក​ប្រាកដ​ជាយល់​ថា ភាព​ជា​បុរស​ពេញ​លក្ខណៈ​សំរាប់​​មនុស្ស​ស្រី គឺ​ពិត​ជា​មិន​អាច​កំណត់​បាន​នោះ​ទេ​តើ​ពិត​ទេ? យើងសូម​បញ្ជាក់​ថា​អ្វី​ដែល​អ្នក​កំពុង​តែ​គិត​ពេល​នេះ គឺ​ខុស​ហើយ។ ទោះ​បី​ជា​មនុស្ស​ស្រី​និយាយ​ខុស​ពី​ចិត្ត​ ហើយ​មាន​គំនិត​ផ្សេង​គ្នា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​និង​ការ​បញ្ជាក់​ពី​មនុស្ស​ស្រី​ផ្ទាល់ អាច​អោយ​យើង​ទាញ​បាន​ពី​ការ​យល់​ស្រប​ដូច​គ្នា​មួយ​ចំនួន​ពី​ចំណុច​ដែល​មនុស្ស​ស្រី អាច​ចាត់​ទុក​អ្នក​ថា​ជា​បុរស​ពិត​ប្រាកដ​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ​បាន។

១) ជា​មនុស្ស​ប្រុស​ដែល​មាន​ការ​យល់​ដឹង​​​ច្បាស់​ពី​ខ្លួន​ឯង

នេះ​ប្រហែល​ជា​បុគ្គលិក​លក្ខណៈ​ដែល​មាន​​សារៈ​សំខាន់​បំផុត​ដែល​បុរស​ម្នាក់​ត្រូវ​តែ​មាន នោះ​គឺ​ការ​ដឹង​ច្បាស់​ពី​ខ្លួន​ឯង។ មនុស្ស​ណា​ក៏​ដោយ​តែង​តែ​មាន​គុណ​វិបត្ត និង​ថ្ងៃ​ដែល​មិន​ល្អ ប៉ុន្តែ​បើ​សិន​ជា​បុរស​ម្នាក់​អាច​មាន​លទ្ធភាព​ស្វែង​យល់​ដឹង​ពី​​សកម្មភាព​របស់​ពួកគេ ហើយ​មិន​ធ្វើ​អោយថ្ងៃ​ដែល​មិន​ល្អ​នោះ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ របស់​គេ​ជាមួយ​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន​នោះ នេះ​គឺ​ជា​​គុណសម្បត្តិ​​ដ៏​ធំ​មួយ​ដែល​មនុស្ស​ប្រុស​ពិត​ប្រាកដ​ត្រូវ​តែ​មាន។

មនុស្ស​ប្រុស​ដែល​មិន​ល្អ ឬ​មនុស្ស​ប្រុស​ដែល​មនុស្ស​ស្រី​ស្អប់​បំផុត​នោះ​គឺ​តែង​តែ​សម្ដែង​គ្រប់​សកម្មភាព​​និង​​ប្រើ​ពាក្យ​សំដី​ ទ្រគោះ​បោះ​បោក​ហើយ​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ មនុស្ស​ជុំវិញ​ខ្លួន​ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​មិន​ល្អ។ អ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ប្រុស​ដែល​ពេញ​លក្ខណៈ​នៅ​ក្នុង​ចិត្ត​មនុស្ស​ស្រី​គ្រប់​គ្នា​នោះ​គឺ ជា​មនុស្ស​ប្រុស​ដែល​ចេះ​ធ្វើ​ការ​ស្វែង​យល់​ពី​អារម្មណ៍​របស់​មនុស្ស​ជុំ​វិញ​ខ្លួន​ពួកគេ ហើយ​ពាក្យ​សាមញ្ញ​ដែល​​ចំណេះ​អាច​ប្រាប់​បាន​នោះគឺ​ ការ​ធ្វើ​ខ្លួន​ជា​មនុស្ស​​ប្រុស​ពេញ​វ័យ​ម្នាក់ ព្រោះ​អ្នក​មិន​មែន​ជា​កូន​ក្មេង​ទេ។

២)​ ជា​មនុស្ស​ប្រុស​ដែល​សកម្ម

បុរស​ពិត​ប្រាកដ​មិន​មែន​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​ ដែល​អង្គុយ​តែ​លើ​កៅអី​​ឬ​សាឡុង​​មើល​ទូរទស្សន៍​ជា​រៀង​រាល់​ថ្ងៃ ហើយ​រង​ចាំ​អោយ​ភរិយា​ឬ​មិត្ត​ស្រី​របស់​ពួកគេ បម្រើ​ពួក​គេ​គ្រប់​រឿង​នោះ​ទេ។ ប៉ុន្តែ​មនុស្ស​ប្រុស​ពិត​ប្រាកដ​ក្នុង​ចិត្ត​មនុស្ស​ស្រី គឺ​ជា​មនុស្ស​ប្រុស​ដែល​សកម្ម ចេះ​ជួយ​​គ្នា។ គាត់​​ចាំ​បាច់​ត្រូវ​តែ​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​គោលដៅ​ច្បាស់​លាស់​ក្នុង​ជីវិត គាត់​សប្បាយ​រីករាយ​ជាមួយ​អ្វី​ដែល​គាត់​ធ្វើ ហើយ​មាន​មហិច្ឆតា​ដើម្បី​សំរេច​គោល​ដៅ​របស់​គាត់។

នេះ​មិន​មែន​មាន​ន័យ​ថា ​បុរស​ពិត​មិន​អាច​សំរាក​លំហែ ហើយ​ជួប​ជុំ​មិត្តភក្ដសប្បាយ​បាន​នោះ​ទេ ក៏​ប៉ុន្តែ​បុរស​ពិត​គឺ​ជា​មនុស្ស​ដែល​មិន​ចំណាយ​ពេល​ឥត​ប្រយោជន៍​ច្រើន​ពេក ហើយ​មិន​ប្រឹង​ប្រែង​ធ្វើការ បែរ​ជា​អោយ​អ្នក​ដទៃ​ធ្វើ​គ្រប់​អ្វី​ៗ​អោយ​គ្រប់​រឿង​ទៅ​វិញ។ បុរស​ពិត​​ដឹង​ច្បាស់​ពី​អ្វី​ដែល​គាត់​ចង់​បាន ហើយ​ហ៊ាន​បញ្ចេញ​សកម្មភាព​ ដើម្បី​សំរេច​កិច្ចការ​ទាំង​នោះ​ដោយ​ខ្លួន​ឯង។

៣) ​ជា​មនុស្ស​ប្រុស​ដែល​យល់​ច្បាស់​ថា​ទំនាក់​ទំនង​រវាង​មនុស្ស​ពីរ​នាក់ គឺ​ ជា​ការ​ធ្វើ​ជា​ដៃ​គូ​ដោយ​ស្មើ​ភាព​គ្នា

មនុស្ស​ប្រុស​ជា​ច្រើន​យល់​​ខុស​ថា ​​នៅ​ក្នុង​ទំនាក់​ទំនង ពួកគេ​គួរ​តែ​ជាអ្នក​គ្រប់គ្រង និង មាន​សិទ្ធ​​សំរេច​កិច្ច​ការ​ផ្សេងៗ (ទុក​ខ្លួន​ឯង​ជា​ធំ)។ ទំនាក់​ទំនង​គឺ​ជា​ការ​ធ្វើ​ជា​ដៃគូ​រវាង​មនុស្ស​ពីរនាក់ ​អ្នក​ទាំង​ពីរ​គឺ​មាន​ទាំង​ចំណុច​ល្អ​និង​ចំណុច​មិន​ល្អ​ដូច​ៗ​គ្នា ជា​អ្នក​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចូលរួម​សំរេច​ចិត្ត និង​បញ្ចេញ​សកម្មភាព​ដើម្បី​សំរេច​គោល​ដៅ​​ជាមួយ​នឹង​គ្នា។

មនុស្ស​ប្រុស​ល្អ​គឺ​ជា​មនុស្ស​ប្រុស​ដែល​ចេះ​សំរាល​ការ​ងារ​របស់​ភរិយា ឬ​ដៃ​គូ​។ ជា​ឧទាហរណ៍ ​​ពួក​គេ​អាច​ជួយ​ដើរ​ផ្សារ​ទិញ​ម្ហូប​អាហារ​ ​ជួយគ្រប់​គ្រង​កិច្ច​ការ​ក្នុង​ផ្ទះ និង​មើល​ថែ​កូនៗ​ជំនួស​ភរិយា​បាន​ជាដើម។ មនុស្ស​ប្រុស​ពិត​ប្រាកដ​ម្នាក់​ធ្វើ​រឿង​ទាំង​អស់​នេះ​ដើម្បី​ជា​ប្រយោជន៍​រួម ដែល​ជា​ការ​សហការ​គ្នា​រវាង​ដៃគូ​នៅ​ក្នុង​ទំនាក់​ទំនង។

៤) ជាមនុស្ស​ប្រុស​ដែល​ប្រើពាក្សសម្ដី ជាជាង​ការ​ប្រើ​កំលាំង​បាយ

ចំណុច​នេះ​គឺ​ដូច​ទៅ​នឹង​សុភាសិត​មួយឃ្លា​ដែល​គេ​និយាយ​ថា "កូន​ប្រុស​ពិត​ប្រាកដ​គឺ​គេ​ប្រើ​សម្ដី"។ ចំណេះ​ដឹង​ច្បាស់​ថា មនុស្សប្រុស​​​​យល់​ថា​ ដើម្បី​​​បង្ហាញ​ភាព​ជា​បុរស​របស់​ខ្លួន​គឺ​ទាល់​តែ​ធ្វើ​ខ្លួន​ខ្លាំង​ ដោយ​មិន​អនុញ្ញាតិ​អោយ​នរណា​ម្នាក់មើល​ងាយ​ខ្លួន​បាន​នោះ​ទេ។ ចំណុច​នេះ​គឺ​ពិត​ជាត្រឹម​ត្រូវ​ហើយ ដែល​យើង​មិន​ត្រូវ​អនុញ្ញាតិ​អោយ​នរណា​ម្នាក់​មើលងាយ ឬដើរ​ជាន់​ក្បាល​យើង​បាន ក៏​ប៉ុន្តែ​មនុស្ស​ប្រុស​ខ្លះ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​ប្រើ​កំលាំង​បាយ​ទៅ​វិញ ដែល​វា​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។

ចំណេះ​ អាច​យល់​​បាន​ដែល​ថា​ពេល​ខ្លះ​​មនុស្ស​ប្រុស​យើង​គឺ​ស្ថិត​ក្នុង​កាលៈទេសៈ ដែល​ត្រូវ​តែ​ប្រើកំលាំង​តបត ដើម្បី​ធ្វើ​ការ​ការពារ​ខ្លួន ប៉ុន្តែ​បើសិន​ជា​យើង​​ជា​មនុស្ស​ប្រុស​ដែល​ឈ្លាសវៃ យើង​អាច​ប្រើ​ប្រាស់​ពាក្យ​សំដី​ដើម្បី​ដោះ​ខ្លួន​ចេញ​ពី​គ្រប់​ស្ថានការណ៍​ដោយ​មិន​ចាំ​បាច់​ប្រើ​កំលាំង​បាយ។ ហើយ​នេះ​គឺ​ជា​ចំណុច​ដែល​ស្ដ្រី​អោយ​តម្លៃ​អ្នកថា​ជា​មនុស្ស​ប្រុស​ពិត​ប្រាកដ​ម្នាក់ ​ជា​មនុស្ស​ដែល​មាន​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​ដោយ​មិន​ប្រើ​កំលាំង​ភ្លាមៗ ប៉ុន្តែប្រើ​វិធី​ផ្សេងដើម្បី​ស្វែងរក​ផ្លូវ​ចេញ​ពី​បញ្ហា។

៥) ជា​មនុស្ស​ប្រុស​ដែល​យល់​ពី​តម្លៃ​ខ្លួន​ឯង

មនុស្ស​ប្រុស​ពិត​ប្រាកដ​គឺ​ជា​មនុស្ស​ដែល​ចេះ​ស្រលាញ់ខ្លួន​ឯង។ ចំនុច​នេះ​ ចំណេះ មិន​មែន​ចង់​មាន​ន័យ​ផ្សេង​នោះ​ទេ​ ការ​ដែល​ថា​ស្រលាញ់​ខ្លួន​ឯង​នោះ​គឺ ការ​ចេះថែទាំ​សុខ​ភាព​របស់​ខ្លួន ដោយ​មិន​ធ្វើ​ខ្លួន​អោយ​ទ្រុឌ​ទ្រោម​ទៅ​តាម​បញ្ហា​ប្រចាំ​ថ្ងៃ។ ហើយ​ការ​ថែទាំ​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង​នេះ​ មិន​មែន​មាន​ន័យ​ថា​អ្នក ដូច​ជា​មនុស្ស​ស្រី​នោះ​ទេ។ ការ​ញ៉ាំ​អាហារ​ដែល​​ជួយ​ដល់​សុខភាព ការ​ធ្វើ​លំហាត់​ប្រាណ ហើយ​និង​ការ​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់ គឺ​អ្នក​ប្រាកដ​ជា​មិន​ដូច​មនុស្ស​ស្រី​នោះទេ មនុស្ស​ប្រុស​ក៏​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន​ដែរ​។ ជា​ឧទាហរណ៍​ ប្រសិន​បើ​មាន​មិត្តភក្ដ​របស់​អ្នក​បង្អាប់​អ្នក​ថា ការ​ហាត់​ប្រាណ​ដើម្បី​យក​សាច់ដុំ​ធំៗ​ នឹង​ធ្វើ​អោយ​អ្នកមើល​ទៅ ​ដូច​ជា​ភេទ​ទី​បី​ហើយ​មិន​ដូច​បុរស​ពិត​នោះទេ សួរ​ទៅ​ពួកគេ​ថា​ពួកគេ​ដឹងយ៉ាង​ម៉េច​បាន ហើយ​សួរ​ពួកគេ​ទៀត​ថា ទាល់​តែ​ដើរ​លេង​ផឹក​ស៊ី ហើយ​ដុះ​ក្បាល​ពោះខ្លាំង​ដូច​ជា​ពួកគេមែនទេ​ ទើប​ធ្វើ​អោយ​ពួកគេ​ក្លាយ​ជា​បុរស​ពិត​បាន?

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ប្រុស​ពិត​ប្រាកដ​ម្នាក់ អ្នក​ប្រាកដ​ជា​យល់​ច្បាស់​ពី​សារៈ​សំខាន់​ក្នុង​ការ​​ថែ​ទាំ​​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង ពីព្រោះ​​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្មាន​នរណា​ម្នាក់​មក​ចាំ​គិតគូរ​ ឬ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​អ្នក​បាន​រហូត​ទេ សូម្បី​តែ​ឪពុក​ម្ដាយ​របស់​អ្នក។ អ្នក​គឺ​ជា​ម្ចាស់​លើ​ខ្លួន​ឯង​​ដូច្នេះ​គួរ​តែ វិនិយោគ​ពេល​វេលា និង​កំលាំង​កាយ​ចិត្ត​ដើម្បី​ខ្លួន​របស់​អ្នក​ផ្ទាល់​ទើប​ជា​ការ​​ប្រសើរ។

៦) ជា​មនុស្ស​ប្រុស​ដែល​ឯករាជ្យ

មនុស្ស​ម្នាក់​ៗ​ត្រូវ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ឪពុក​ម្ដាយ​របស់​ពួក​គេ​រហូត​ដល់​ពួកគេ​ពេញ​វ័យ ហើយ​​បន្ទាប់​ពី​​នោះ​គឺ​ជា​ពេល​វេលា​ដែល​ពួក​យើង​ត្រូវ​រស់​នៅ​ដោយ​​ឯករាជ្យ​និង​ពឹង​ផ្អែក​លើ​​សមត្ថភាព​របស់​ខ្លួន​ឯង ហើយ​នេះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ប្រុស​ពិត​ប្រាកដ​ត្រូវ​មាន។

មនុស្ស​​ប្រុស​ខ្លះនៅ​តែ​បន្ត​រស់​នៅ​ក្នុង​បន្ទុក​គ្រួសារ​ ហើយ​គ្មាន​សមត្ថភាព​ក្នុង​ការ​ទ្រទ្រង់​ជីវិត​បាន​ដោយ​ខ្លួន​ឯង នោះ​មិន​មែន​ជា​មនុស្ស​ប្រុស​ទេ ពួកគេ​គឺ​នៅ​ត្រឹម​ជាក្មេង​ប្រុស​ម្នាក់​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ចិត្ត​មនុស្ស​ស្រី។ មនុស្ស​ប្រុស​ពិត​ប្រាកដ​​និង​ពេញ​លក្ខណៈ​ម្នាក់ គឺ​តែង​តែ​មាន​បំណង​មាន​លទ្ធភាព​អាច​ទ្រទ្រង់​​និង​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​អោយ​ឪពុកម្ដាយ ឬ​អាណា​ព្យា​បាល​ត្រូវ​ព្រួយបារម្ភ​តទៅ​ទៀត​នោះ​ទេ។

៧) ជា​មនុស្ស​ប្រុស​ដែល​គោរព​ពាក្យ​សំដី

ក្នុង​ចិត្ត​មនុស្ស​ស្រី​មនុស្ស​ប្រុស​ពិត​ប្រាកដ​ម្នាក់​គឺ​ជា​មនុស្ស​​ដែល​ហ៊ាន​ធ្វើ​តាម​សំដី និង​ការ​សន្យា​​ដែល​ពួក​គេ​បាន​និយាយ​ចេញ​ពី​មាត់ ហើយ​អាច​ផ្ដល់​អារម្មណ៍​កក់​ក្ដៅ​ដល់​ពួកនាង​ដែល​ធ្វើ​អោយពួក​នាង​អាច​ទុក​ចិត្ត​បាន។ ជា​ឧទាហរណ៍​ ប្រសិន​បើ​មនុស្ស​ប្រុស​​ម្នាក់​និយាយ​ថាគេ​នឹង​​ទូរស័ព្ទ​ទៅ​រក​ មនុស្ស​ស្រី​ម្នាក់​ណា​នោះ គឺ​ពួកគេ​ប្រាកដ​ជា​តេ​ទៅ​នាង ហើយ​បើ​សិន​ជា​គេ​និយាយ​ថា​គេ​នឹង​ជួយ​ធ្វើ​អ្វី​នរណា​ម្នាក់​នោះ​គេ​នឹង​ជួយ នេះ​ហើយ​ជា​មនុស្ស​ប្រុស​ពិត​ប្រាកដ​ដែល​មនុស្ស​ស្រី​គ្រប់​រូប​ត្រូវ​ការ។

ការ​និយាយឬ​សន្យា​ចោល​ដោយ​មិន​បាន​ធ្វើ​តាម​​ គឺ​ជា​អាកប្បកិរិយា​របស់​មនុស្ស​មិន​ទាន់​ពេញ​វ័យ​តែ​ប៉ុណ្ណោះ ហើយ​មនុស្ស​ស្រី​ពិត​ជា​មិន​ចូល​ចិត្ត​ចំណុច​មួយ​នេះ​ទេ។ ប្រសិន​បើ​អ្នក​ចង់​​មាន​ភាព​ជា​មនុស្ស​ប្រុស​ពិត​ប្រាកដ​ និង​មាន​ទំនួល​ខុស​ត្រូវ​​ម្នាក់​នោះ ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​បាន​និយាយ​ចេញ​ពី​មាត់​។

៨) ​ជា​មនុស្ស​ប្រុស​ដែល​​ផ្ដោត​អារម្មណ៍ និង​ប្រឹង​ប្រែង​ចំពោះ​អ្វី​ដែល​គាត់​ចង់​បាន

បើ​សិន​ជា​យើង​សង្កេត​មើល​ក្មេង​ប្រុស​ដែល​មិន​ទាន់​ពេញ​វ័យ​ម្នាក់ យើង​ប្រាកដ​ជា​អាច​មើល​ឃើញ​ថា ពួកគេគឺ​ចូល​ចិត្ត​របស់​គ្រប់​ប្រភេទ ម្ដង​ចង់​បាន​នេះ​ ម្ដង​ចង់​បាន​នោះ ហើយ​ចូល​ចិត្ត​រត់​លេង​គ្រប់​ទីកន្លែង។ រឿង​នេះ​បើចំពោះ​ក្មេង​ប្រុស​គឺ​មិន​អី​ទេ ពីព្រោះ​វា​គឺ​ជា​ធម្មជាតិ តែ​បើសិន​ជា​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ប្រុសម្នាក់​ ការ​ធ្វើ​បែប​នេះ​គឺ​ពិត​ជា​មិន​ល្អ។

មនុស្ស​ប្រុស​ពិត​ប្រាកដ​មួយ​រូប ស្គាល់​ច្បាស់​ពី​អ្វី​ដែល​រូប​គេ​ចង់​បាន​នៅ​ក្នុង​ជីវិត​ហើយ​ពួកគេ​ដឹង​ច្បាស់​ថា​គេ​មិន​គួរ​ចំណាយ​ពេល​វេលា​ខ្ជះខ្ជាយ​ចោល ដោយ​ធ្វើ​រឿង​ឥត​ប្រយោជន៍​ច្រើន​​ពេក​​នោះ​ទេ។ បុរស​ពិត​ប្រាកដ​​ដឹង​ច្បាស់​ពី​ដំណើរ​ការ​ដែល​គាត់​ត្រូវ​ធ្វើ ដើម្បី​ទៅ​ដល់​គោលដៅ​របស់​គាត់​។ ប្រសិន​បើ​អ្នក​​​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើឪពុក​ម្ដាយ​របស់​អ្នក​នៅ​ឡើយ អ្នក​គឺ​ត្រឹម​ជា​មនុស្ស​វ័យ​ជំទង់​ម្នាក់​តែប៉ុណ្ណោះ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​អ្នក​មិនត្រូវ​បង្ខំនោះ​ទេ ព្រោះនៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​​ចេះ​គិត​ឬ​ចាស់​ទុំ អ្នក​ប្រាកដ​ជា​ចង់​បាន​ការ​ផ្លាស់​ប្ដូរ​មិន​ខាន។

៩) ជា​មនុស្ស​ប្រុស​ដែល​មាន​​ជំនឿ​ចិត្ត​ចំពោះ​ខ្លួន​ឯង

ភាព​ជា​មនុស្ស​ប្រុស​ពិត​ប្រាកដ​ម្នាក់គឺ​មិន​ស្មុគស្មាញ​ ដូច​មនុស្ស​ភាគ​ច្រើន​គិត​នោះ​ទេ។ ​ប៉ុន្តែ​វា​គឺ​ជា​​ការ​ចេះ​ស្រលាញ់​ ផ្ដល់​តម្លៃ​ និង​ទទួល​ស្គាល់​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន។ ប្រសិន​បើ​អ្នក​យល់​នឹង​មាន​ជំនឿ​ចិត្ត​ចំពោះ​ខ្លួន​ឯង នោះ​បាន​ន័យ​ថា​ពេល​នេះ​អ្នក​គឺ​ជា​មនុស្ស​ប្រុស​ពិត​ប្រាកដ​ម្នាក់​ហើយ។

ភាព​ជា​មនុស្ស​ប្រុស​ដែល​អ្នក​បាន​ដឹង​តាម​រយៈ ខ្សែ​ភាព​យន្ត​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង កម្មវិធី​​កម្សាន្ដ​ផ្សេងៗ គឺ​បង្រៀន​អ្នក​ថា មនុស្ស​ប្រុស​ពិតប្រាកដ​ចាំបាច់​ ត្រូវ​តែ​មាន​ពុកមាត់ ពុក​ចង្ការ ហើយ​នឹង​បើក​ឡាន​ដែល​មាន​តម្លៃ​ថ្លៃៗ​ជាដើម ក៏​ប៉ុន្តែ​ចំណេះ​ហ៊ាន​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា ទាំង​អស់​នោះ​មិន​មែន​ជា​ការ​ពិត​ទាំង​ស្រុង​​នោះ​ទេ។ អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ​ ការ​ចេះ​ស្គាល់​ខ្លួនឯង និង​យល់​ពី​តម្លៃ​ខ្លួន​ឯង​ទៅ​វិញ​ទេ​ដែល​ជាភាព​ទាក់​ទាញ​របស់​មនុស្ស​ប្រុស​ពិត​ប្រាកដ​ នៅ​ក្នុង​ចិត្ត​ស្ដ្រី​គ្រប់​រូប។

១០) ជា​មនុស្ស​ប្រុស​ដែល​​ដឹង​ពី​ភាព​ខុស​គ្នា​របស់​បុរស​ល្អ​ និង​​​ បុរស​ដែល​គួរ​អោយ​ស្អប់

បុរស​ខ្លះ​គឺ​អាច​និយាយ​បាន​ថា​​មាន​ភាព​ជា​បុរស​ផង ហើយ​ពេល​ខ្លះ​ធ្វើ​ខ្លួន​ដូច​ជា​បុរស​ដែល​គួរ​អោយ​ស្អប់​ទៅវិញ។ ព្រោះ​ពួក​គេ​យល់​ថាមនុស្ស​ស្រី​ភាគ​ច្រើន​​គឺ​ចូល​ចិត្ត​បុរស​ដែល​មាន​លក្ខណៈ​ជា "Bad boys"។ ប៉ុន្តែ​តាម​ពិត​ទៅ​​នេះ​គឺ គ្រាន់​តែ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ស្ដ្រី​មួយ​ភាគ​តូច​តែ​ប៉ុណ្ណោះ ហើយ​ស្ដ្រី​ភាគ​ច្រើន​​ប្រាកដ​ជា​និយាយ​ថាទេ ជាមួយ​នឹង​បុរស​​ដែល​មាន​ចរិក​អាក្រក់បែប​នេះ។ បុរស​ពិត​ត្រូវ​ដឹង​ពី​ព្រំដែន ក្នុង​ការ​លេង​សើច។

ដូច្នេះ​ការ​ដែល​យល់​ថាមនុស្ស​ស្រី​ចូល​ចិត្ត Bad boys ហើយ​អ្នក​ព្យាយាម​ធ្វើ​ខ្លួន​តាម​នោះ មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ឡើយ ផ្ទុយ​ទៅ​វិញ​វា​នឹង​កាន់​តែ​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួន​ឯង។ ម៉្យាង​ការ​ដែល​យើង​ព្យាយាម​ធ្វើ​អ្វី​ដែល​មិន​មែន​ជា​ខ្លួន​ឯង​នោះ វាគឺ​ពិត​ជា​ពិបាក​និង​តាន​តឹង​ក្នុង​ខ្លួន​ទៅ​វិញ​ទេ។

បន្ទាប់​ពី​អាន​អត្ថបទ​នេះ​ហើយ តើ​អ្នក​នៅ​តែ​មាន​ចំងល់​ពី​ភាព​ជា​មនុស្ស​ប្រុស​ដែល​មនុស្ស​ស្រី​ត្រូវ​ការ​ទៀត​ឬ​ទេ? ឥលូវ​នេះ​បើ​អ្នក​បាន​ដឹង​ច្បាស់​ពី​គ្រឹះ​ដែល​ធ្វើ​អោយ​ អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​ប្រុស​ពិត​ប្រាកដ​ម្នាក់​ហើយ សូម​កុំ​អនុញ្ញាតិ​អោយសង្គម​ខាងក្រៅ ឬ​ចំណុច​អវិជ្ជមាន​ផ្សេងៗ ដែល​អ្នក​បាន​ឃើញ​ក្នុង​​ខ្សែ​ភាព​យន្ដ​ និង​បទ​ចំរៀង​នានា មក​​កែ​ប្រែ​អ្នក​អោយ​ទៅ​ជា​មនុស្ស​​​ប្រុស​ដែល​គួរ​អោយ​ស្អប់ ដោយ​សារ​តែ​អ្នក​យល់​ខុស​ពី​អ្វី​ទៅ​ដែល​ហៅ​ថា "បុរស​ពេញ​លក្ខណៈ​ម្នាក់" បាន​អោយ​សោះ​៕

ប្រភព៖ ចំណេះ

ទស្សនៈជីវិត