ចំពោះមនុស្សស្រីទាំងឡាយ តើអ្នកមានដែលធ្លាប់ឆ្ងល់ទេថា នៅពេលដែលមនុស្សប្រុសម្នាក់សម្លឹងមកអ្នក តើគាត់ចាត់ទុកអ្នកថាជាមនុស្សស្រីគួរអោយស្រលាញ់ ឬជាមនុស្សស្រីស៊ិចស៊ីទៅ? ហើយតើមានចំណុចអ្វីខ្លះដែលជាភាពខុសប្លែកគ្នា? ថ្ងៃនេះ ខ្មែរអាន សូមបកស្រាយចំងល់ទាំងអស់នេះជាមួយនឹងអត្ថបទខាងក្រោម ដែលដកស្រង់ចេញពីមាត់មនុស្សប្រុសដោយផ្ទាល់។
មិនថាយោងទៅលើរូបរាង សកម្មភាព បុគ្គលិកលក្ខណៈ ឬមួយក៏ជាការនិយាយស្ដីនោះទេ មនុស្សប្រុសមានទំនោរក្នុងការបែងចែកមនុស្សស្រីជាពីរប្រភេទទីមួយគឺ គួរអោយស្រលាញ់ ឬទីពីរ ស៊ិចស៊ី។ ប៉ុន្តែចង់សួរថាតើឃ្លាទាំងពីរនេះមានន័យបែបណា? តើការដែលថាមនុស្សស្រីម្នាក់ជាមនុស្សគួរអោយស្រលាញ់ គឺសំដៅទៅលើរូបរាង ឬមួយក៏កាយវិការរបស់នាង? ប្រសិនបើបុរសដែលអ្នកលួចស្រលាញ់និយាយប្រាប់អ្នកថាអ្នកគួរអោយស្រលាញ់ តើនេះមានន័យថាគេគ្រាន់តែចាត់ទុកអ្នកជាក្មេងស្រីម្នាក់ ឬត្រឹមជាមិត្តភក្ដិម្នាក់ទេ?
ចុះបើសិនជាមនុស្សប្រុសនិយាយប្រាប់អ្នកថាអ្នកជាមនុស្សស្រី ដែលស៊ិចស៊ី តើនេះមានន័យថាអ្នកជាមនុស្សស្រីចិត្តងាយ ហើយគ្រាន់តែជាគោលដៅសំរាប់ពួកគេចង់ទាក់ទងតែប៉ុណ្ណោះទេ? ទាំងអស់នេះសុទ្ធតែជាសំណួរដែលពិបាកក្នុងការស្វែងរកចំលើយ។ តោះបើអញ្ចឹងកុំអោយខាតពេលយូរ មកអានពាក្យសំដីដែលចេញពីមាត់មនុស្សប្រុសដែលយើងបានដកស្រង់ខាងក្រោមនេះ ដើម្បីស្វែងរកចំលើយទាំងអស់គ្នា ថាតើពាក្យគួរអោយស្រលាញ់ និង ស៊ិចស៊ីនេះ មានអត្ថន័យបែបណាចំពោះមនុស្សប្រុស៖
តើអ្នកមានធ្លាប់ឆ្ងល់ទេប្រយោគដែលមនុស្សប្រុសតែងនិយាយប្រាប់មិត្តភក្ដពួកគេថា រូបគេមានមិត្តស្រីដែលគួរអោយស្រលាញ់ម្នាក់? អនុញ្ញាតិអោយ ខ្មែរអាន ស្រាយចំងល់ទាំងនេះ! មនុស្សស្រីដែលគួរអោយស្រលាញ់ អត្ថន័យសំរាប់មនុស្សប្រុស គឺជាមនុស្សស្រីដែលក្លាយមកពីមិត្តទៅជាសង្សារ។ នាងគឺជាមនុស្សស្រីដែលបុរសយល់ថា ស្និទ្ធស្នាលជាមួយដូចជាមិត្តភក្ដ ចូលចិត្តធ្វើរឿងគួរអោយក្នាញ់ ចូលចិត្តធ្វើអ្វីដែលបុរសជាសង្សារចូលចិត្តធ្វើ អាចចូលចំណោមចុះជាមួយនឹងមិត្តភក្ដប្រុសៗរបស់គេ ហើយនឹងគ្មានភាពភ័យខ្លាចក្នុងការធ្វើរឿងគួរអោយស្រលាញ់ផ្សេងដែលគូរសង្សារដទៃចូលចិត្តធ្វើ ឧទាហរណ៍ដូចជាការធ្វើនំ Cookies អោយមិត្តប្រុសញ៉ាំជាដើម។
ខាងក្រោមនេះជាចំណុចដែលបុរសៗ ចាត់ទុកអ្នកថាជាមនុស្សស្រីដែលគួរអោយស្រលាញ់ម្នាក់៖
១) នាងចូលចិត្តលេងសើច
ចំនុចដែលបែងចែកមនុស្សស្រីម្នាក់ថាជាមនុស្សស្រីស៊ិចស៊ី ឬគួរអោយស្រលាញ់នោះគឺ អត្តចរិតក្នុងការលេងសើចរបស់នាង។ មនុស្សស្រីម្នាក់ដែលចូលចិត្តលេងសើចច្រើនគឺពិតជាទាក់ទាញ និង គួរអោយស្រលាញ់។ មនុស្សស្រីបែបនេះគឺជាមនុស្សស្រីដែលអាចធ្វើរឿងនឹកស្មានមិនដល់ និងគួរអោយអស់សំណើចជាច្រើនដែលអាចធ្វើអោយគូសង្សាររបស់នាងសើចសប្បាយ និងហួសចិត្តដោយមិនដឹងខ្លួន។ ពួកនាងជាមនុស្សស្រីដែលអាចប្រលែងគ្នាលេងចាក់ក្រលេក ជាមួយនឹងអ្នក មិនខ្លាចក្នុងការលេងបាល់ទាត់ជាមួយនឹងអ្នក ហើយចូលចិត្តធ្វើអ្វីផ្សេងៗទៀតជាមួយនឹងអ្នក សូម្បីតែការលេង វីដេអូហ្គេម។
២) នាងចូលចិត្តធ្វើខ្លួនជាមនុស្សស្រីម្នាក់
មួយម៉ាត់នេះហាក់ដូចជាចំលែកបន្តិច ប៉ុន្តែគឺចង់មានន័យថាមនុស្សស្រីម្នាក់គឺពិតជាគួរអោយស្រលាញ់នៅពេល ដែលនាងបញ្ចេញកាយវិការក្រមិចក្រមើម និងភាពជាមនុស្សស្រីរបស់នាង។ ពួកនាងគឺពិតជាគួរអោយស្រលាញ់នៅពេលដែលពួកគេ ចូលចិត្តប្រើរបស់របរដែលមាន ពណ៌ផ្កាឈូក ឬចូលចិត្តលេងជាមួយនឹងតុក្កតាខ្លាឃ្មុំ។ល។
៣) នាងមានចរិតស្លូតត្រង់
មនុស្សស្រីដែលគួរអោយស្រលាញ់គឺនៅពេលពួកនាងបង្ហាញថានាងជាមនុស្សស្លូតត្រង់ ហើយមិនសូវដឹងពីរឿងទំនាក់ទំនងរវាងមនុស្សប្រុសនិងមនុស្សស្រី (និងរឿងស៊ីជម្រៅផ្សេងទៀត...)។
៤) នាងចូលចិត្តប្រើសម្លេងស្រទន់
មនុស្សប្រុសជាច្រើនសុទ្ធតែយល់ស្របដូចគ្នាថា មនុស្សស្រីម្នាក់គួរអោយស្រលាញ់នៅពេលដែលពួកនាងនិយាយ ដោយប្រើសម្លេងដ៏ស្រទន់ពីធម្មជាតិរបស់ពួកនាង។ ឧទាហរណ៍ដូចជាសម្លេងដែលពួកនាងចូលចិត្តប្រើនៅពេលពួកនាងនិយាយទៅកាន់កូនក្មេង ឬ សត្វចិញ្ចឹម។ ប៉ុន្តែជាការកត់សម្គាល់ បើសិនជានាងនិយាយបែបនេះច្រើនពេក វាក៏អាចគួរអោយធុញទ្រាន់ដែរ។
៥) នាងចូលចិត្តភាពស្និទ្ធស្នាល ប៉ុន្តែមិនស៊ីជម្រៅ
មូលហេតុដែលមនុស្សប្រុសធម្មតា ភាគច្រើនគ្មានទំនោរចង់ទាក់ទង ជាមួយនឹងនារីៗដែលស៊ិចស៊ីខ្លាំងនោះ ពីព្រោះពួកនាងមើលទៅ ទាក់ទាញខ្លាំងពេក (ហើយបង្កើតទៅជាចំណង់ស៊ីជម្រៅផ្សេង) លើសពីនេះនារីដែលស៊ិចស៊ីខ្លាំងគឺពិតជាត្រូវចំនាយ កម្លាំងកាយចិត្តខ្លាំងបន្តិចហើយបើសិនជាចង់ ទាក់ទងជាមួយនឹងពួកនាង ពីព្រោះអ្នកត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលព្រោះច្បាស់ណាស់ថាប្រាកដជាមានប្រុសផ្សេងទៀត ជាច្រើននាក់ក៏ចាប់អារម្មណ៍ជាមួយនឹងនាងដូចគ្នាដែរ។ ខុសពីនារីស៊ិចស៊ី នារីដែលគួរអោយស្រលាញ់គឺ មានអត្តចរិករួសរាយអស្ចារ្យម្យ៉ាង ដែលផ្ដល់ទំនុកចិត្តអោយអ្នកនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយនឹងពួកនាង។ បុរសជាច្រើនប្រាកដជាយល់ស្របនឹងចំណុចនេះ។
៦) នាងចូលចិត្តសើចពេលស្ដាប់អ្វីដែលកំប្លែង
នៅពេលដែលមនុស្សស្រីម្នាក់ចូលចិត្តសើច ហើយចេះលេងសើចជាមួយនឹងអ្នកនោះពួកនាង គឺពិតជាគួរអោយស្រលាញ់ខ្លាំងមែនទែន។ នេះគឺជាអ្វីៗដែលបុរសភាគច្រើនចង់បានពីគូសង្សាររបស់ពួកគេ។ ការសើចតិចៗរបស់នាងគឺពិតជាគួរអោយក្នាញ់ ហើយគឺជាអ្វីដែលមនុស្សប្រុសចូលចិត្តខ្លាំងបំផុត។
៧) នាងគឺជាមនុស្សស្រីមិនសូវចេះនិយាយស្ដី ហើយទុយមុយ
ចំណុចនេះក៏មិនអាចមានការបញ្ជាក់ច្បាស់លាស់នោះទេ ក៏ប៉ុន្តែបើក្រលេកមើលទៅលើ Profile របស់មនុស្សស្រីប្រភេទនេះវិញគឺពិតជាមានអ្នកយល់ថាពួកនាងគឺគួរអោយស្រលាញ់។ ម៉្យាងមនុស្សស្រីដែលអឹមអៀន មិនសូវចេះនិយាយស្ដីត្រូវបានបុរសយល់ថា ជាមនុស្សស្រីគួរអោយស្រលាញ់ ជាជាងមនុស្សស្រីស៊ិចស៊ី។ ពាក្យមួយឃ្លាបន្ទាប់ទៀតនេះអាចថារៀងឆោតបន្តិច ប៉ុន្តែសំរាប់បុរសខ្លះ ការពាក់វ៉ែនតា គ្មានការផាត់មុខ ការស្លៀកសំលៀកបំពាក់ប្លែកៗ ការចូលចិត្តលេងហ្គេម ទាំងអស់នេះសុទ្ធតែជាភាពគួរអោយស្រលាញ់ម្យ៉ាងរបស់មនុស្សស្រី។
បើសិនជាអាចជ្រើសរើស ថាតើមនុស្សស្រីម្នាក់ចង់បានភាពគួរអោយស្រលាញ់ ឬក៏ភាពស៊ិចស៊ីនោះ ពួកនាងប្រាកដជាឆ្លើយស្របគ្នាទាំងអស់គ្នាថា ចង់បានភាពស៊ិចស៊ីច្រើនជាងមិនខាន! ដូច្នេះរវាងភាពស៊ិចស៊ី និងភាពគួរអោយស្រលាញ់ ចំណុចអ្វីខ្លះដែលធ្វើអោយមនុស្សស្រីម្នាក់មើលទៅស៊ិចស៊ី? ខាងក្រោមនេះជាចំលើយរបស់មនុស្សប្រុសបានប្រាប់ពី ៧ចំណុចដែលពួកគេចាត់ទុកថាមនុស្សស្រីម្នាក់គឺពិតជាស៊ិចស៊ី។ តោះអញ្ចឹងមកអានជាមួយ ខ្មែរអាន ខាងក្រោមទាំងអស់គ្នា៖
១) នាងមានភាពជឿជាក់ និង មានទំនុកចិត្ត
មនុស្សស្រីម្នាក់ដែលមានទំនុកចិត្តចំពោះខ្លួនឯង គឺមើលទៅពិតជាមានភាពស៊ិចស៊ីខ្លាំងបំផុត។ មនុស្សស្រីដែលដឹងថាខ្លួនឯងត្រូវការអ្វីពិតប្រាកដនោះគឺពិតជាស៊ិចស៊ី ហើយមានភាពទាក់ទាញចំពោះមនុស្សប្រុសស្ទើរតែទាំងអស់។ ចំនុចពិសេសមួយទៀតនោះគឺ មនុស្សស្រីដែលមានទំនុកចិត្តក្នុងជិវិត ក៏មានទំនុកចិត្តចំពោះរឿងលើគ្រែដូចគ្នា ហើយចំនុចនេះបុរសគ្រប់គ្នាប្រាកដជាយល់ស្រប។
២) នាងមានដងខ្លួនស៊ិចស៊ី (រូបរាងអក្សរ S)
មិនចាំបាច់អធិប្បាយច្រើនចំពោះចំណុចនេះនោះទេ ពីព្រោះបុរសគ្រប់រូបស្ទើរតែ ១០០ភាគរយ ប្រាកដជាយល់ស្របដូចគ្នាថា មនុស្សស្រីដែលមានដងខ្លួនអក្សរ S គឺពិតជាមានភាពទាក់ទាញ និង ស៊ិចស៊ីខ្លាំងបំផុត។
៣) នាងមានភាពវៃឆ្លាត
ការមានប្រាជ្ញាឬភាពវៃឆ្លាត ក៏ជាភាពស៊ិចស៊ីមួយដែរដែលមនុស្សស្រីអាចមាន។ បុរសមួយចំនួនចូលចិត្តមនុស្សស្រីដែលអានសៀវភៅ ចេះដឹងជ្រៅជ្រះទៅលើបញ្ហាអ្វីមួយ និងអាចបង្រៀនអ្នកផ្សេងដោយការយកចិត្តទុកដាក់។ ភាពឈ្លាសវៃទោះបីទាក់ទងនឹងបញ្ហាអ្វីក៏ដោយ នឹងបង្កើនភាពទាក់ទាញនឹងចំណាប់អារម្មណ៍ពីមនុស្សប្រុស ហើយមើលទៅគឺពិតជាស៊ិចស៊ី។
៤) នាងមានសមត្ថភាពអាចពឹងពាក់ខ្លួនឯងបាន
មនុស្សប្រុសខ្លះយល់ថាមនុស្សស្រីដែលស៊ិចស៊ី គួរតែជាមនុស្សស្រីដែលឯករាជ្យ ហើយមានសមត្ថភាពអាចពឹងពាក់ខ្លួនឯងបាន។ នេះគឺជាភាពទាក់ទាញម៉្យាងដែលពួកនាងមាន ដោយអាចសំរេចគោលបំណងនិងការងាររបស់ពួកនាងបានដោយ សមត្ថភាពខ្លួនឯង ចំណុចនេះគឺពិតជាស៊ិចស៊ី។
៥) នាងមានចិញ្ចើមកោងស៊ិចស៊ី និងកែវភ្នែកដែលទាក់ទាញ
មនុស្សស្រីមួយចំនួនគ្រាន់តែបុរសៗសម្លឹងមុខរបស់នាង ពួកគេអាចនិយាយភ្លាមថាមនុស្សស្រីម្នាក់នោះគឺពិតជាទាក់ទាញ និងស៊ិចស៊ី។ នេះក៏ដោយសារតែនារីខ្លះ ពួកនាងមានចិញ្ចើមដែលកោងស្អាត បូករួមជាមួយនឹងកែវភ្នែកដែលពោរពេញទៅដោយភាពទាក់ទាញ និងភាពជឿជាក់។ មនុស្សភាគច្រើននិយាយថាមនុស្សប្រុសចូលចិត្តសម្លឹងមើលរាងកាយមនុស្សស្រីមុននឹង ពួកគេវាយតម្លៃថាពួកនាងស៊ិចស៊ី ឬអត់ ក៏ប៉ុន្តែតាមពិតគឺមិនមែនសុទ្ធតែបែបនេះទាំងស្រុងនោះទេ មនុស្សប្រុសខ្លះនឹងសម្លឹងមើលមុខរបស់នារីដែលពួកគេចាប់អារម្មណ៍មុនគេបង្អស់។
៦) នាងមានសក់ដ៏សែនទាក់ទាញ
តើអ្នកមានដែលទស្សនា ការផ្សព្វផ្សាយពាណិជ្ជកម្មដែលបង្ហាញពី តួស្រីទើបតែងើបពីគេង ហើយរលាស់សក់របស់នាងដែរឬទេ? នេះគឺជារូបភាពក្នុងក្ដីស្រមៃរបស់បុរសគ្រប់រូប នៅពេលពួកគេក្រោកពីគេងហើយសម្លឹងមើលទៅដៃគូរបស់ពួកគេ។
៧) នាងមានក្ដីស្រមៃ និង ងប់ងល់ជាមួយអ្វីដែលនាងធ្វើ
មនុស្សប្រុសខ្លះមិនសូវជាមើលពីរូបសម្រស់ ឬ អោយតម្លៃទៅលើទ្រព្យសម្បត្តិរបស់មនុស្សស្រីម្នាក់ទេ ប៉ុន្តែពួកគេយល់ថា មនុស្សស្រីដែលមានក្ដីស្រមៃ និង ងប់ងល់ជាមួយនឹងអ្វីដែលពួកនាងធ្វើ គឺពិតជាមានភាពស៊ិចស៊ីដែលគួរអោយទាក់ទាញម៉្យាង។ ឧទាហរណ៍មានដូចជា ងប់ងល់ជាមួយនឹងសកម្មភាពណាមួយ ងប់ងល់ជាមួយនឹងតន្ត្រី និងក្ដីស្រលាញ់។ល។
ប្រភព៖ ចំណេះ