និទានអប់រំផ្លូវចិត្ត សម្រាប់ប្តីប្រពន្ធ និងអ្នកមានគូរ

,

មានប្តីប្រពន្ធមួយគូ ស្រឡាញ់គ្នាផ្អែមល្ហែម មិនដែលឈ្លោះគ្នាទេ។ នារីជាប្រពន្ធគោរពស្រឡាញ់ប្តីយ៉ាងខ្លាំង នាងតែងតែនិយាយពាក្យល្អៗហើយស្តាប់បង្គាប់គ្រប់យ៉ាង មិនដែលហ៊ានខឹង ឬក៏អន់ចិត្តនឹងប្តីទេ តែងតែអត់អោនឲ្យជានិច្ច។ នាងស្រឡាញ់ប្តីស្មើនឹងកែវភ្នែក បាត់មុខប្តីមិនបានទេ តែងតែចង់ទៅតាមប្តីគ្រប់ទីកន្លែង មិនមែនដោយសារខ្លាចប្តីមានស្រីទេ តែដោយសារតែក្តីស្រឡាញ់ ហើយចង់នៅក្បែរ បម្រើប្រណិប័តន៍ប្តី…។

មានល្ងាចមួយពួកគេទាំងពីរបានទៅក្រៅ ដើរលេងជាមួយគ្នាដូចធម្មតា តែនារីជាប្រពន្ធបានធ្វើឲ្យប្តីអន់ចិត្ត នឹងរឿងបន្តិចបន្តួច បុរសនោះក៏នាំប្រពន្ធមកផ្ទះវិញទាំងអារម្មណ៍មិនល្អ… ពេលមកដល់ផ្ទះនារីនោះក៏ឈរចាំប្តី ដើម្បីឡើងលើផ្ទះជាមួយគ្នា តែចាំយ៉ាងយូរមិនឃើញប្តីមក ក៏ក្រលេករកមើលប្តី ក៏ស្រាប់តែឃើញប្តី ជិះចេញទៅក្រៅដោយមិនប្រាប់មួយម៉ាត់ ដោយមិនដឹងធ្វើយ៉ាងម៉េច នាងក៏មិនទាន់ចូលផ្ទះទេ ហើយក៏ដើរតាមរកប្តីនៅជិតៗនឹង ព្រោះគិតថាមិនទាន់ទៅណាឆ្ងាយ តែរកមិនឃើញក៏ដើរបណ្តើរយំបណ្តើរ ត្រឡប់មកផ្ទះវិញអង្គុយចាំប្តីទាំងចិត្តអន្ទះសារ។ នាងដឹងកំហុសរបស់ខ្លួនក៏ព្យាយាម Call ទៅតែ Call មិនចូលសោះ … នាងចាំអស់រយៈពេល ២ ទៅ​ ៣ម៉ោងហើយនៅតែមិនអាចទាក់ទងទៅប្តីបាន នារីនោះក៏បានស្រែកយំយ៉ាងខ្លាំងផ្អើលអស់អ្នកជិតខាង មកលួងយ៉ាងណាក៏មិនបាត់ដែរ ចេះតែយំហើយប្រាប់អោយគេហៅប្តីឲ្យមកវិញ…។ ការពិតទៅនារីម្នាក់នោះ មានជម្ងឺបេះដូងតាំងពីក្មេង ឆាប់ទទួលអារម្មណ៍ភ័យ និងតក់ស្លុតជាខ្លាំង.. ដោយហេតុតែស្រែកយំខ្លាំងពេក ហើយយំយូរពេក ជម្ងឺបេះដូងរបស់នាងក៏រើឡើងជាខ្លាំង នាងត្រូវការថ្នាំដើម្បីទប់ទល់នឹងវា ប៉ុន្តែគ្មានអ្នកណាដឹងទេថានាងទុកថ្នាំនៅកន្លែងណា ទោះជាឈឺចាប់នឹងជម្ងឺយ៉ាងណាក៏មិនខ្វល់ នៅតែរកទូរស័ព្ទផ្ញើរសារទៅប្តីឲ្យឆាប់ត្រឡប់ ព្រោះពេលនេះនាងចង់ជួបប្តីខ្លាំងណាស់ បុរសជាប្តីបានឃើញសាររបស់នាងដែរតែមិនចាប់អារម្មណ៍ ព្រោះគិតថានាងផ្ញើរមកធម្មតាក៏មិនបានឆ្លើយតបឬត្រលប់ទៅផ្ទះវិញទេព្រោះមិនទាន់បាត់ខឹង។ ដោយមិនអាចទ្រាំនឹងភាពឈឺចាប់បាននារីនោះក៏សន្លប់បាត់ស្មារតី អ្នកជិតខាងក៏បានបញ្ជូននាងទៅមន្ទីរពេទ្យ និងព្យាយាមទាក់ទងទៅប្តីរបស់នាង….. តែក៏មិនអាចទាក់ទងទៅប្តីរបស់នាងបាន……លុះព្រឹកឡើងទើបបុរសនោះដឹងថា ប្រពន្ធរបស់ខ្លួនចូលមន្ទីរពេទ្យ ក៏ប្រញាប់ទៅមើល ពេលទៅដល់ពេទ្យ ពេទ្យប្រាប់ថាបេះដូងរបស់នាងលែងដើរតាំងពីយប់ម្លេះព្រោះតែបញ្ជូនមកយឺតពេល បុរសជាប្តីក៏ទន់ជង្គង់ដួលហើយស្រក់ទឹកភ្នែក ព្រោះតែស្តាយក្រោយដែលដើរចោលប្រពន្ធ បើសិនជាពេលនោះបាននៅជិតប្រពន្ធ ម្លេះក៏ប្រពន្ធគេមិនស្លាប់បែបនេះដែរ គ្រូពេទ្យប្រាប់ថាមុននឹងដាច់ដង្ហើម នាងស្រែកដង្ហោយរកតែឈ្មោះប្តី និងប្រាប់ថាចង់ជួបប្តី ចេះតែទន្ទេញឲ្យគេហៅប្តីឲ្យមករកនាង។

នេះហើយក៏ព្រោះតែអារម្មណ៍ឆេវឆាវមួយពេល ធ្វើឲ្យគេបាត់បង់ប្រពន្ធជាទីស្រឡាញ់ និងស្លូតត្រង់ម្នាក់…៕

ប្រភព៖ Facebook