Donald Trump: ចំនុច​ទាំង ១០ ដែល​ជួយ​អ្នក​អោយ​ទទួល​បាន​ជោគជ័យ

,

រូបភាព៖ Donald Trump

លោកអ្នក​ប្រាកដជាបានស្គាល់​ពី​ប្រធានាធិបតី​ទី ៤៥ របស់​សហរដ្ឋអាមេរិច​គឺ លោក Donald Trump ខ្លះហើយតើពិត​មែនទេ? គាត់មិនត្រឹម​តែ​ជាមនុស្ស​ដែល ទទួលបាន​ភាពជោគជ័យក្នុង​ជីវិត​នយោបាយ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែលោកក៏​ជាបុគ្គល​ជោគជ័យ​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​មួយរូបផងដែរ។

ថ្ងៃនេះ ខ្មែរអាន សូម​បង្វែរអារម្មណ៍មិត្ត​អ្នកអាន អោយ​មកយល់ដឹង​ពីយុទ្ធសាស្ដ្រ​ជោគជ័យ​ចំនួន ១០ ចំនុចរបស់​គាត់​ខាងក្រោម​ដូចតទៅ៖

ចំនុចទី ១ - កុំបោះបង់

ទោះជាមានរឿងអ្វីកើតឡើង​ចំពោះអ្នក​ក៏ដោយ ដាច់ខាត​អ្នកមិន​ត្រូវបោះបង់​គោលដៅ​របស់អ្នក​ចោលពាក់​កណ្ដាលទីឡើយ។ ហើយប្រសិន​បើ​អ្នកចង់​បោះបង់ សូមសួរខ្លួនឯងថា​មុននឹងមកដល់ចំនុច​នេះបាន​តើអ្នកបានឆ្លង​កាត់ឧបសគ្គ​អ្វីខ្លះ ហើយបើ​សិនជា​​ត្រូវបោះបង់ចោល​ពិតមែន ហេតុអ្វី​ក៏មិនប្រឹងប្រែង​ធ្វើ​វា​អោយ​បានល្អ​នៅ​ថ្ងៃ​នេះ​អោយអស់​ពីលទ្ធភាព រួចសឹមបោះបង់វា​នៅថ្ងៃក្រោយ​វិញទៅ នោះក៏​វា​មិនយឺតពេលដែរ។

ចំនុចទី ២ - ងប់ងល់នឹងអ្វីដែលអ្នកធ្វើ

ប្រសិន​បើអ្នកស្រលាញ់​អ្វីដែលអ្នកកំពុងធ្វើ អ្នកនឹងគ្មានអារម្មណ៍​ថា​អ្នកកំពុង​តែធ្វើការ​នោះទេ។ ប្រសិនបើអ្នក​គ្មានការ​ងប់ងល់​ជាមួយ​នឹងការងារ អ្នក​នឹងឈប់ធ្វើ​ការងារ​នោះ នៅពេល​ដែលអ្នក​មានអារម្មណ៍ថា​ពិបាក ឬជួប​នឹង​បញ្ហា។

ចំនុចទី ៣ - ផ្ដោតការយកចិត្តទុកដាក់​លើអ្វី​ដែលអ្នក​ធ្វើ

សួរសំណួរ​ខ្លួនឯង​ថាអ្នក​គួរតែ​ធ្វើអ្វីនៅ​ពេលនេះ? សំនួរ​នេះនឹងជួយ​រំញោច​ទៅខួរក្បាល​របស់អ្នក អោយងាក​មកយក​ចិត្តទុក​ដាក់លើកិច្ចការ​ដែលកំពុង​មានសារៈសំខាន់​ឡើងវិញ។ នៅក្នុងសម័យកាល ដែល​អ្វីៗ​នៅជុំវិញខ្លួន​របស់យើង សុទ្ធតែ​ត្រូវ​ការ​ ការយក​ចិត្ត​ទុកដាក់​របស់យើងនេះ វិធីមួយនេះ​ពិតជា​ពិសេស​ដែល​អាចជួយដល់​ស្មារតី របស់យើង​អោយផ្ដោតតែលើ​រឿង​មួយមុខ​ក្នុងពេលតែមួយ។

ចំនុចទី ៤ - រក្សាសន្ទុះ​ការងារ​របស់អ្នក

ត្រូវធ្វើការស្ដាប់​យោបល់​អ្នកដទៃ យកវា​មក Apply ក្នុងការងារ​របស់អ្នក​ដែលអ្នកកំពុងធ្វើ ហើយរក្សាបន្ត​ល្បឿន​ការងាររបស់​អ្នកបន្តទៀត កុំខ្វល់ពីបញ្ហាផ្សេង​ទៀត។ ទោះជាមានអ្វីកើតឡើង​ក៏ដោយ ដាច់ខាត​កុំ​អោយខួរ​ក្បាល​របស់អ្នក មកបញ្ជាអ្នក​អោយ​ បញ្ឈប់ដល់​សន្ទុះ​ការងារ​របស់អ្នក​បានអោយសោះ។

ចំនុចទី ៥ - គិតថា​ខ្លួនអ្នក​ជោគជ័យ

ត្រូវរៀនសួរ​សំណួរមួយ​ដល់ខ្លួនឯង នៅពេលអ្នកជួបជាមួយនឹងបញ្ហានោះគឺ "បើសិនជាជួបបញ្ហា​ដូចជាអ្នក តើមនុស្សជោគជ័យ​ដទៃទៀត​គេដោះស្រាយដោយ​វិធីណា?"។ បន្ទាប់ពីអ្នក​សួរខ្លួនឯងហើយ អ្នកត្រូវតែ​ស្វែងរកចំលើយអោយឃើញ ហើយបើសិនជា​អ្នក រកចំលើយឃើញហើយ ដាច់ខាតអ្នក​ត្រូវតែដោះស្រាយបញ្ហា​ទៅតាមចំលើយ​ដែល​អ្នករកឃើញដោយខ្លួនឯងនោះ។

ចំនុចទី ៦ - មានការតស៊ូ និង ប្រឹងប្រែង

ការតស៊ូប្រឹងប្រែង​ដោយ​មិនព្រម​ចុះចាញ់​ អាចបង្កើត​ជារឿងអស្ចារ្យ​ដែលគ្មាននរណា​ អាចដឹងមុន​បាន។ នៅពេលដែលអ្នក​សំលឹង​ឃើញលទ្ធផលនៃគោលដៅ​ណាមួយហើយនោះ ដាច់ខាត​ត្រូវតែពុះពារអោយដល់​ទីបំផុត​ដើម្បីគោលដៅ​មួយនោះ។

ចំនុចទី ៧ - ធ្វើការអោយសកម្មជាងអ្នកដទៃ

ពាក្យមួយឃ្លា​ដែលគេ​តែនិយាយថា "បើសិនជា​អ្នកកាន់តែធ្វើការ អ្នកនឹងកាន់តែមានសំណាង" គឺពិត​ជាមានន័យត្រឹមត្រូវគ្រប់គ្រាន់។ ពីព្រោះមូលហេតុ​ដែល​មនុស្សមួយចំនួន មានសំណាង​នោះគឺមកពីពួកគេបានធ្វើសកម្មភាព ណាមួយពីមុនមក ជា​ឧទាហរណ៍ ប្រសិនបើអ្នកមិនបាន​ទិញសន្លឹកឆ្នោត អ្នកក៏ប្រហែលគ្មានភាគរយសោះនឹង​ឈ្នះឆ្នោតដែរ... (នេះគ្រាន់តែជា ឧទាហរណ៍ អ្នកមិនអាចជោគជ័យបាន ដោយពឹង​តែលើសំណាង​តែមួយមុខនោះទេ អ្វីៗត្រូវពឹង លើសកម្មភាព ការងាររបស់អ្នកផងដែរ)។

ចំនុចទី ៨ - ជឿជាក់លើខ្លួនឯង

ដាច់ខាត​អ្នកត្រូវតែ​ជៀជាក់​លើ​ខ្លួនឯង ព្រោះ​បើសូម្បីតែខ្លួនអ្នក​មិនជឿជាក់លើ​ខ្លួនឯងផង​តើអ្នកអាច​ធ្វើអោយអ្នក​ផ្សេងជឿជាក់លើអ្នក​ យ៉ាងម៉េចបាន។ ត្រូវគិតថា​ខ្លួនអ្នក គឺជាទ័ពស្រួច និង ជាកងទ័ពមួយកងពលធំ។ អ្នកកើតមក​តែម្នាក់ឯង ហើយពេល​ត្រូវស្លាប់ទៅវិញ ក៏ត្រូវស្លាប់តែម្នាក់​ឯងដែរ។ ជោគជ័យស្ថិតនៅលើ​ស្មា​របស់អ្នក អ្នកគឺជាកងទ័ពរបស់​ខ្លួនឯង ត្រូវដឹកនាំ​ទ័ពនេះទៅកាន់សមរភូមិជោគជ័យ។

ចំនុចទី ៩ - ចេះសំលឹងមើល និងចេះឆក់យកឱកាស

ត្រូវរៀនសំលឹងមើលឱកាស និងត្រូវចេះឆក់យកឱកាស ពីព្រោះ​ក្នុង​លោក​នេះ​គ្មានឱកាសណា ដែលអាចមើលឃើញដោយងាយ ហើយមានគេយកមក​អោយដល់មុខ​ផ្ទះ​របស់អ្នកឡើយ អ្នកត្រូវតែរៀនស្វែងយល់​ពីរឿង​ទាំងអស់នេះ ហើយទាញយកវា​មកប្រើប្រាស់។

ចំនុចទី ១០ - ស្វែងរកដំណោះស្រាយ កុំខ្វល់ពីបញ្ហា

នៅពេល​ដែល​អ្នក​ជួប​នឹងបញ្ហា សូមអានចំនុចទី ១ ឡើងវិញ ដាច់ខាតអ្នក​មិនត្រូវ​បោះបងចោលឡើយ។ ត្រូវចងចាំថា​រាល់បញ្ហាទាំងអស់​សុទ្ធតែមានដំណោះស្រាយ រាល់បញ្ហាទាំងអស់​សុទ្ធតែ​មានផ្លូវចេញ អ្នកត្រូវ​ចាំថាគ្រប់​ជ័យជំនះទាំងអស់ សុទ្ធតែ​ត្រូវបាន​ រកឃើញពីបញ្ហា​ទាំងអស់៕

ប្រភព៖ Jomnes

ឃ្លាំងគំនិត