ដំនើរជីវិត Mark Zuckerberg និងប្រវត្តិនៃការបង្កើតទ្បើងបណ្តាញសង្គមយក្ស Facebook

,

Mark Zuckerberg

លោក Mark Zuckerberg គឺជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃបណ្តាញសង្គមយក្សហ្វេសប៊ុកនិងជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោកម្នាក់ផងដែរ។

ប្រវត្តិសង្ខេប

Mark Zuckerberg កើតនៅថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 1984 នៅ White Plains ញូវយ៉ក។ លោក Mark Zuckerberg បានបង្កើតបណ្តាញសង្គមយក្សហ្វេសប៊ុកដំបូងទ្បើងចេញពីបន្ទប់ស្នាក់នៅក្នុងមហាវិទ្យាល័យរបស់គាត់។ លោកបានចាកចេញពីសាកលវិទ្យាល័យ Harvard នៅឆ្នាំទី2 ហើយងាកមកផ្តោតលើការកសាងតំបន់បណ្ដាញមួយនេះ។ ក្នុងរយៈពេលយ៉ាងខ្លីចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះបានកើនឡើងដល់ជាង 250 លាននាក់ដែលធ្វើឱ្យលោក Mark Zuckerberg ក្លាយជាមហាសេដ្ឋី។ កំណើតរបស់ហ្វេសប៊ុក ក៏បានបង្ហាញមុខមាត់របស់ខ្លួននាពេលថ្មីៗនេះនៅក្នុងភាពយន្តមានចំណងជើងថា “The Social Network” ផងដែរ។

ជីវិតដើម

លោក Mark Elliot Zuckerberg បានកើតនៅថ្ងៃទី 14 ខែឧសភាឆ្នាំ 1984 នៅ White Plains ញូវយ៉ក នៅក្នុងគ្រួសារដែលរុងរឿងគួរសមមួយនិងមានការអប់រំល្អនៅក្នុងភូមិ Dobbs Ferry។ ឪពុកឈ្មោះ Edward Zuckerber ជាពេទ្យធ្មេញនិងបានបើកគ្លីនិកធ្មេញដែលភ្ជាប់ទៅនឹងផ្ទះរបស់គ្រួសារគាត់តែម្តង។ ម្តាយឈ្មោះ Karen ជាពេទ្យវិកលចរិតមុនកំណើតនៃកូ​នទាំងបួននាក់របស់គាត់មាន Mark, Randi, Donna និង Arielle។

លោក Zuckerberg មានចំណាប់អារម្មណ៍លើវិស័យកំព្យូទ័រនេះតាំងនៅវ័យក្មេងម្ល៉េះ នៅពេលដែលគាត់មានអាយុប្រហែល 12 ឆ្នាំ គាត់បានប្រើ Atari BASIC ដើម្បីបង្កើតកម្មវិធីផ្ញើសារដែលគាត់បានដាក់ឈ្មោះថា "Zucknet"។ ឪពុករបស់គាត់បានប្រើកម្មវិធីនេះនៅក្នុងការិយាល័យពេទ្យធ្មេញរបស់គាត់ ដូច្នេះអ្នកទទួលភ្ញៀវអាចប្រាប់លោកអំពីអ្នកជំងឺថ្មីដោយមិនបាច់ស្រែកហៅទៅក្នុងបន្ទប់។ Zucknet ក៏ត្រូវបានប្រើប្រាស់សម្រាប់ជាមធ្យោបាយទំនាក់ទំនងក្នុងក្រុមគ្រួសារគាត់នៅផ្ទះផងដែរ។ គាត់ក៏បានបង្កើតហ្គេមកុំព្យូទ័រជាច្រើនជាមួយនឹងមិត្តភក្តិរបស់គាត់ដែលគ្រាន់តែសម្រាប់ភាពសប្បាយរីករាយប៉ុននោះ។ គាត់បានថ្លែងថា “ខ្ញុំមានមិត្តភក្តិមួយក្រុមដែលជាសិល្បករ។ ពួកគេគ្រាន់តែគូររូបផ្សេងៗហើយខ្ញុំនឹងកសាងការប្រកួតប្រជែងមួយចេញពីវា។”

ដើម្បីរក្សាជាមួយនឹងការចាប់អារម្មណ៍របស់ Mark លើផ្នែកកុំព្យូទ័រនេះ ឪពុកម្តាយរបស់គាត់បានជួលគ្រូកុំព្យូទ័រផ្ទាល់ខ្លួនម្នាក់ឈ្មោះ David Newman មកបង្រៀន Mark ដល់ផ្ទះក្នុងមួយសប្តាហ៍ម្តង។

ខណៈពេលដែល Mark រៀននៅវិទ្យាល័យ គាត់បានបង្កើតកម្មវិធីតន្ត្រីឈ្មោះ Pandora ដែលគាត់បានហៅវាថា “តំណភ្ជាប់កោសិកាសរសៃប្រសាទ”។ ក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុន AOL និង Microsoft បានចាប់អារម្មណ៍ក្នុងការទិញកម្មវិធីនេះនិងការជួលក្មេងជំទង់ដែលមិនទាន់បញ្ចប់ការសិក្សាម្នាក់នេះទៅធ្វើការឲ្យនៅក្រុមហ៊ុនពួកគេ។ ប៉ុន្តែលោកបានបដិសេធការផ្តល់ជូនពិសេសនេះទាំងអស់។

ជីវិតនៅ Harvard

បន្ទាប់ពីបានបញ្ចប់ការសិក្សាពីតំបន់ Exeter ក្នុងឆ្នាំ 2002 Zuckerberg បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Harvard ។ នៅឆ្នាំទី2 របស់គាត់នៅមហាវិទ្យាល័យគាត់បានបង្កើតកេរ្តិ៍ឈ្មោះនិងក្លាយទៅជាអ្នកអភិវឌ្ឍន៍កម្មវិធីផ្នែកទន់ប្រចាំមហាវិទ្យាល័យ។ វាគឺជាពេលដែលគាត់បានបង្កើតកម្មវិធីមួយដែលហៅថា CourseMatch ដែលបានចូលរួមចំនែកជួយសិស្សនិស្សិតក្នុងការជ្រើសរើសថ្នាក់រៀនរបស់ពួកគេដោយផ្អែកលើការជ្រើសរើសវគ្គសិក្សារបស់អ្នកប្រើប្រាស់ផ្សេងទៀត។ លោកបានបង្កើត Facemash ដែលបានប្រៀបធៀបរូបភាពរបស់និស្សិតពីរនាក់នៅលើបរិវេណសាលានិងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបោះឆ្នោតលើរូបមួយណាដែលគួរឱ្យទាក់ទាញជាងគេ។ កម្មវិធីនេះបានក្លាយជាការពេញនិយមយ៉ាងខ្លាំង ប៉ុន្តែក្រោយមកត្រូវបានបិទដោយរដ្ឋបាលសាលានេះ បន្ទាប់ពីវាត្រូវបានគេចាត់ទុកថាមិនសមរម្យ។

Zuckerberg និងមិត្តភក្តិរបស់លោកបានបង្កើតតំបន់បណ្ដាញដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើតជីវប្រវត្តិផ្ទាល់ខ្លួនរបស់ពួកគេ សរសេរសារផ្សេងៗនៅលើប្រូហ្វាល់ ផុសរូបភាព និងអាចទាក់ទងជាមួយអ្នកប្រើប្រាស់ផ្សេងទៀតបាន។ កម្មវិធីមួយនេះបានក្លាយជាតំបន់បណ្តាញជាលើកដំបូងដែលហៅថាហ្វេសប៊ុក ហើយមានប្រវត្តិចេញពីបន្ទប់ស្នាក់នៅមួយនៅក្នុងសាកលវិទ្យាល័យ Harvard រហូតដល់ខែ មិថុនា ឆ្នាំ 2004 ពេល Mark ចូលរៀនឆ្នាំទី2 Zuckerberg ក៏បានចាកចេញពីមហាវិទ្យាល័យដើម្បីលះបង់ខ្លួនគាត់ផ្ទាល់ទៅនឹងហ្វេសប៊ុកទាំងស្រុងតែម្តង។ ហើយក្រុមហ៊ុន Facebook បានផ្លាស់ទីតាំងទៅកាន់ទីក្រុង Palo Alto រដ្ឋ California។ នៅចុងឆ្នាំ 2004 Facebook មានអ្នកប្រើប្រាស់ប្រមាណ 1 លាននាក់។

សន្ទុះងើបឡើងនៃហ្វេសប៊ុក

នៅក្នុងឆ្នាំ 2005 ក្រុមរបស់ Mark ទទួលបានការជ្រោមជ្រែងនិងធ្វើជាដៃគូរបស់ក្រុមហ៊ុនមូលធនដ៏ធំមួយគឺ Accel។ ពេលនោះ Accel បានបណ្តាក់ទុន 12,7 លាន $ ចូលទៅក្នុងបណ្តាញមួយនេះ ដែលនៅពេលនោះបណ្តាញសង្គមនេះសម្រាប់តែនិស្សិតនៅលីកវ៉ប្រើប្រាស់ប៉ុននោះ។ បន្ទាប់មកក្រុមហ៊ុនរបស់លោកត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់មហាវិទ្យាល័យផ្សេងទៀត ហើយបានរីករាលដាលដល់វិទ្យាល័យនិងសាលារៀនអន្ដរជាតិជាច្រើន និងបានជំរុញឱ្យសមាជិករបស់គេហទំព័រនេះកើនទ្បើងដល់ជាង 5,5 លាននាក់នៅត្រឹមខែ ធ្នូ ឆ្នាំ 2005។ បន្ទាប់មកដោយសារតែភាពល្បីល្បាញ មានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ចង់ផ្សព្វផ្សាយជាមួយបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះ។ Mark Zuckerberg ក៏បានច្រានចោលសំនើរទិញយក Facebook ពីសំណាក់ក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Yahoo! និង MTV ជាដើម។ ផ្ទុយទៅវិញលោកបានផ្តោតលើការពង្រីកតំបន់បណ្តាញ បើកគម្រោងរបស់គាត់ទៅកាន់អ្នកអភិវឌ្ឍន៍នៅខាងក្រៅ និងបន្ថែមនូវលក្ខណៈពិសេសជាច្រើនទៀត។….

[នៅមានបន្តទៀត សូមរង់ចាំអាន]

Mark Zuckerberg សហគ្រិនវ័យក្មេង