គុណសម្បត្តិអស្ចារ្យ ៩ យ៉ាងសម្រាប់អ្នកនៅ Single

,

លើលោកនេះគ្មាន​អ្នកណាម្នាក់​ចង់​រស់នៅ​ម្នាក់​​ឯង​ឯកា​នោះទេ​ ប៉ុន្តែ​ពេលខ្លះ​ពេលមាន​សង្សារ​បែរជាពិបាក​ជាង​អត់​ទៅ​ទៀតនោះ អ៊ីចឹងសុខចិត្ត​នៅ​ទំនេរវិញល្អជាង។​ ហើយក៏មានមនុស្សមួយចំនួនទៀតសម្រេចចិត្តនៅ Single ដោយសារហេតុផលផ្សេងទៀតដូចជាមិនទាន់ជួបមនុស្សដែលត្រូវចិត្ត មិនទាន់ដល់កាលៈទេសៈត្រូវមានគូរ ចូលចិត្តភាពនៅលីវទៅណាមកណាមានភាពងាយស្រួល ឬចង់សម្រេចបំណងប្រាថ្នាណាមួយសិនជាដើម។

កញ្ញា Ravy Woyo

ប៉ុន្តែមិនខ្វល់ថាមូលហេតុអ្វីនោះទេ អ្នកត្រូវដឹងថាការនៅ Single នេះផ្តល់នូវអត្ថប្រយោជន៍ពិសេសអស្ចារ្យនឹកស្មានមិនដល់។ ខាងក្រោមនេះជាអត្ថប្រយោជន៍អ្នកនៅ Single៖​​

) ​ទៅ​ណា​មក​ណា​បាន​ដោយ​រីករាយ​

កុំ​ទៅ​ច្រណែន​អ្នក​​មាន​គូ​​រ​ ពេល​ខ្លះ​មិន​ប្រាកដ​ថា​គេ​សប្បាយ​ជាង​អ្នក​ទេ​ អ្នក​ដែល​គ្មាន​សង្សារ​អាច​ទៅ​ណា​មក​ណា​បាន​ដោយ​សេរី​​ដោយ​មិន​បាច់​ខ្វល់​អ្វីឡើយ​ សំខាន់​អ្នក​អាច​ទៅ​កន្លែង​ណា​ដែល​អ្នក​ចង់​ទៅ។

២) ​​មានភាពងាយ​ស្រួល​​ក្នុងការទាក់ទង​អ្នក​ផ្សេង​

គ្មាន​សង្សារ​គ្មាន​អី​ត្រូវ​បារម្ភ​ថា​មានអ្នកណា​មក​​ប្រច័ណ្ឌ​អ្នក​នោះ​ទេ​ វា​ងាយ​ស្រួល​ទាំង​ពេល​គេ​មក​ញ៉ែ​អ្នក​ឫអ្នកញ៉ែអ្នកផ្សេងវិញ និង​ពេល​ដែល​​អ្នក​ទៅ​ទាក់ទង​គេ​ដោយ​គ្មាន​ភាព​ភ័យខ្លាច។​

៣) អ្នក​អាច​ស្រឡាញ់​ខ្លួន​ឯង​បាន​ច្រើន​

អ្នក​មាន​ពេល​ច្រើន​សម្រាប់​​គិត​ពី​ខ្លួន​ឯង​ និង​ថែរក្សា​រូបរាង​ឲ្យ​បាន​ស្អាត​ ស្លៀកពាក់​អ្វី​ដែល​អ្នក​ចូលចិត្ត ដោយ​មិន​បាច់​រៀប​ចំ​ខ្លួន​តាម​ការ​ចង់​បាន​របស់​អ្នក​ណា​ម្នាក់​ឡើយ​។

៤) មាន​ពេល​វេលា​គ្រប់​គ្រាន់

ពេល​មាន​សង្សារ​ប្រាកដ​ជា​ត្រូវ​មាន​ពេល​ឲ្យ​គេ​ហើយ​ទោះ​រវល់​យ៉ង​ក៏​ដោយ​ ព្រោះ​ខ្លាច​គេ​អន់​ចិត្ត​ តែ​​ពេល​ដែល​គ្មាន​វិញ​អ្នក​មិន​បាច់​ចំណាយ​ពេល​គិត​រឿង​ហ្នឹង​ទេ​ ហើយ​ថែម​ទាំង​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង​ ការងារ​ គ្រួសារ​ ការ​សិក្សា​ និង​មិត្ត​ភក្តិ​ដោយ​រីករាយ​ទៀត​ផង​។

៥) អ្នក​អាច​គេង​ដោយ​សុខ​ស្រួល​ និង​ស្ងប់ស្ងាត់​

មិន​បាច់​ត្រូវ​គេង​ដោយ​ពិបាក​ចិត្ត​ដែល​ឈ្លោះ​គ្នា​ជាមួយ​សង្សារ មិន​បាច់​ត្រូវ​បារម្ភ​ដែល​ដែល​គេ​ទៅ​ណា​ឆ្ងាយ​ហើយ​មក​វិញ​យប់​ជ្រៅ​ អ្នក​គ្រាន់​តែ​គេង​នៅ​ពេល​ដែល​អ្នក​ងងុយ​ហើយ​បិទ​ភ្នែក​គេង​ដោយ​ស្ងប់​ស្ងាត់​​និង​សុខ​ស្រួល​ទៅ​បាន​ហើយ​ព្រោះ​អ្នក​គ្មាន​មនុស្ស​ដែល​ត្រូវ​គិត​នោះ​ទេ​។

៦) អ្នក​អាច​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន

ពេល​ដែល​គ្មាន​អ្នក​ណា​ជួយ​អ្នក​ប្រាកដ​ជា​ជួយ​ខ្លួន​ឯង​ អ្នក​កាន់​តែ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ អ្នក​កាន់​តែ​រឹងមាំ​និង​ចេះ​តស៊ូ​អត់​ធ្មត់។

៧) មាន​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​ និង​មិត្ត​កាន់​តែ​ល្អ

អ្នក​មាន​ពេល​ច្រើន​សម្រាប់​ពួក​គាត់​ នោះ​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​ពួក​គាត់​ ហើយ​អាច​បង្កើន​ការ​ស្រឡាញ់​ ការ​យកចិត្ត​ទុកដាក់​របស់​ពួក​គាត់​មក​លើ​អ្នក។

៨) ចៀសវាង​ការ​មាន​រឿង​អាក្រក់​កើត​ឡើង

មិន​មាន​ការ​បែក​បាក់​គ្នា​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ មិន​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​មនុស្ស​ដែល​ចង់​បាន​សង្សារ​អ្នក​ដែរ​​ មិន​មាន​ប្រវត្តិ​ធ្លាប់​មាន​សង្សារ​ច្រើន​ ទាំង​នេះ​សុទ្ធ​តែ​ល្អ​សម្រាប់​អ្នក​។

៩) អ្នក​អាច​សន្សំ​លុយ​បាន​ច្រើន​ជាង​មុន​

មិន​មែន​មាន​ន័យ​ថា​យក​លុយ​ទៅ​ស្រឡាញ់​គ្នា​ទេ​ តែ​អ្នក​ប្រាកដ​ជា​ត្រូវ​ចំណាយ​ខ្លះ​ដូចជា​ ការ​មើល​កុន ការ​ដើរលេង​ ការ​ទិញ​កាដូ​​ជាដើម​ ប៉ុន្តែ​បើ​អ្នក​គ្មាន​សង្សារ​វិញ​អ្នក​ពិត​ជា​អាច​កាត់​បន្ថយ​បាន​ខ្លះ​ជា​មិន​ខាន។

ម្នាក់​ឯង​មាន​អី​មិន​ល្អ​ គ្មាន​សង្សារ​មិន​មែន​មាន​ន័យ​ថាអ្នក​ឯកា​នោះ​ទេ ​ព្រោះ​នៅ​មាន​មនុស្ស​ជុំវិញ​ខ្លួន​ជាច្រើន​ទៀត​ដែល​ស្រឡាញ់​យើង​ ហើយ​ក៏​មិន​មែន​ឯកា​រហូត​ឯណា​គ្រាន់​តែ​គូ​ព្រេង​មិន​ទាន់​ដល់៕

ប្រភព៖Lifehack

ស្នេហា